ការឆ្លងកាត់គយគឺជានីតិវិធីគយដែលអនុញ្ញាតឲ្យដឹកទំនិញពីការិយាល័យគយមួយទៅការិយាល័យគយមួយទៀតក្រោមការត្រួតពិនិត្យរបស់គយដោយព្យួរពន្ធនិងអាករនាំចូល។ ការឆ្លងកាត់មានពីរ​ (២)ប្រភេទគឺ៖  ការឆ្លងកាត់ជាតិ និងការឆ្លងកាត់អន្តរជាតិ។

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ៖

  • ប្រកាសលេខ ៥០៨ សហវ.ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការឆ្លងកាត់គយ
  • សេចក្តីណែនាំលេខ ៧៩០ គរ ចុះថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ២០០៨ ស្តីពីនីតិវិធីនៃការឆ្លងកាត់គយ
  • ប្រកាសលេខ ៩០៧ សហវ.ប្រក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ស្តីពីការកំណត់កម្រៃឆ្លងកាត់លើមុខទំនិញមួយចំនួនដែលស្ថិតក្រោមនីតិវិធីឆ្លងកាត់គយ
  • សេចក្តីណែនាំលេខ ១០៩០ អគរ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៨ ស្តីពីការអនុវត្តនីតិវិធីនៃការឆ្លងកាត់គយ

ការឆ្លងកាត់ជាតិ

ការឆ្លងកាត់ជាតិមានន័យថាជាការដឹកជញ្ជូនទំនិញពី ក)ការិយាល័យគយមាត់ច្រកចូលឆ្ពោះទៅកាន់ ការិយាល័យគយមួយទៀត  ខ)ការិយាល័យគយមួយឬ ទីកន្លែងបញ្ចេញទំនិញពីគយដែលមាន ការអនុញ្ញាតទៅការិយាល័យគយមួយនាមាត់ច្រកចេញ និងគ)ការិយាល័យគយមួយឬ ទីកន្លែងបញ្ចេញ ទំនិញពីគយដែលមានការអនុញ្ញាតទៅការិយាល័យគយមួយទៀតឬ ទីកន្លែងបញ្ចេញទំនិញពីគយ ដែលមានការអនុញ្ញាតផ្សេងទៀតនៅក្នុងដែនគយ។

ការអនុវត្តនីតិវិធីឆ្លងកាត់ជាតិ​​ដូច​ខាង​ក្រោម៖

ក.ទំនិញនាំចូលឆ្លងកាត់ទៅផែស្ងួត

  • ប្រតិបតិ្តករត្រូវទទួលការអនុញ្ញាតជាមុនពី អគរ ​ ដើម្បីអនុវត្ត​នីតិវិធី​នៃ​ការ​ឆ្លងកាត់គយ
  • ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
  • មន្ត្រីគយទទួលបន្ទុកគ្រប់គ្រង​និវេទន៍ប័ណ្ណ​ទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
  • កុងតឺន័រអាចត្រូវស្កែននៅការិយាល័យចេញដំណើរឬ ការិយាល័យគយណាមួយនៅភ្នំពេញ
  • ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រានិងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួនដូចជាតម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ
  • ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់
  • មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅផែស្ងួត។

ខ.ទំនិញនាំចូលឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេស

  • ប្រតិបតិ្តករត្រូវធ្វើលិខិតស្នើសុំទៅការិយាល័យចេញដំណើរដើម្បីដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិមកតំបន់សេដ្ឋកិច្ចពិសេស។ លិខិតស្នើសុំនេះត្រូវមានការបញ្ជាក់ពីតំណាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេស
  • ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
  • មន្ត្រីគយទទួលបន្ទុកគ្រប់គ្រង​និវេទន៍ប័ណ្ណ​ទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
  • ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រានិងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួនដូចជាតម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ
  • ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់
  • មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅតំបន់សេដ្ឋកិច្ចពិសេស។

គ.ទំនិញនាំចេញឆ្លងកាត់ទៅមាត់ច្រកចេញ

  • មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រកចេញ ត្រួតពិនិត្យ​ប្រក្រតីភាព​នៃសៀលគយលើ មធ្យោបាយដឹកជញ្ជូន ឬ កុងតឺន័រឆ្លងកាត់ ដោយផ្ទៀងផ្ទាត់ជាមួយ​ឯកសារ​ឆ្លងកាត់។ ក្នុងករណីយល់ថា ពុំមានភាពមិនប្រក្រតី មន្រ្តីគយកាត់សៀលគយចេញ មុននឹងអនុញ្ញាតឲ្យ​ដឹកជញ្ជូន​ចេញ
  • មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រក បោះត្រា​ ’បានកាត់សៀលគយរួច” និងចុះហត្ថលេខា ​លើកំណត់ហេតុរួមស្តីពីការ​ត្រួតពិនិត្យទំនិញ​វាយនភ័ណ្ឌ​នាំចេញ ដែលមាន ចុះហត្ថលេខារវាងមន្ត្រីគយនិង​រដ្ឋាករនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្ត្រី​កាំកុងត្រូល នៃការិយាល័យកាំកុងត្រូលផែស្ងួត។

ការឆ្លងកាត់អន្តរជាតិ

ការឆ្លងកាត់អន្តរជាតិគឺជាការដឹកជញ្ជូនទំនិញពីការិយាល័យគយមាត់ច្រកចូល ចូលទៅក្នុងដែនគយ ឆ្ពោះទៅកាន់ការិយាល័យគយមាត់ច្រកចេញ ចេញទៅក្រៅដែនគយ។ ប្រតិបត្តិករត្រូវទទួលការអនុញ្ញាត ពីអគរ ដើម្បីអនុវត្តនីតិវិធីឆ្លងកាត់អន្តរជាតិ និងត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖

ក.នៅមាត់ច្រកចូល

  • ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
  • មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចត្រូវបំពេញក្នុងផ្នែក A និង C នៃប្រតិវេទន៍គយ។ ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រានិងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌ មួយចំនួន ដូចជាតម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ

ខ.នៅមាត់ច្រកចេញ

  • ប្រតិបត្តិករនីតិវិធីនៃការឆ្លងកាត់គយ ឬ តំណាងរបស់ខ្លួន បង្ហាញប្រតិវេទន៍គយបំព្រួញ ជូនដល់មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ច
  • មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនាមាត់ច្រកចេញ ត្រួតពិនិត្យនូវប្រក្រតីភាពនៃត្រា ឬ សៀល​គយលើមធ្យោបាយដឹកជញ្ជូន​ ឬ កុងតឺន័រឆ្លងកាត់។ ក្នុងករណីយល់ថាពុំមានភាពមិនប្រក្រតី មន្ត្រីគយនិង រដ្ឋាករ បញ្ជាក់នៅក្នុងផ្នែក D នៃប្រតិវេទន៍គយ រួចកាត់ត្រា ឬ សៀលគយចេញមុនអនុញ្ញាតឲ្យដឹកជញ្ជូនឆ្លងកាត់ប្រទេសទីបី។​