ផ្លូវសមុទ្រ/ផ្លូវទន្លេ

ការនាំចូលទំនិញតាមផ្លូវសមុទ្រ/ផ្លូវទន្លេត្រូវអនុវត្តតាមនីតិវិធីមួយចំនួន ដូចជាការធ្វើបែបបទនាវាចូល ការងារឃ្លាំង និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • អនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកំណត់និងការគ្រប់គ្រង ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
  • ប្រកាសលេខ ៥៧២ សហវ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ ស្តីពីការ​ រាយការណ៍អំពីទំនិញនាពេលចូលក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជា
  • លិខិតលេខ ០១បប ចុះថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០០២ ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក.ការធ្វើបែបបទនាវាចូល

នីតិវិធីនៃការធ្វើបែបបទនាវាចូល ដូចខាងក្រោម៖

១.​ ពេលនាវាមកដល់ចំនុចសូន្យ ភ្នាក់ងារនាវាចរ ត្រូវជូនដំណឹងដល់មន្ត្រីគយទទួលបន្ទុកធ្វើបែបបទ នាវាជាមុន។

២.​ ពេលនាវាចូលចតនៅកំពង់ផែហើយ មន្ត្រីគយទទួលបន្ទុកធ្វើបែបបទនាវា និងសមត្ថកិច្ចពាក់ព័ន្ធ រួមមាន​កំពង់ផែស្វយ័ត នគរបាលអន្តោប្រវេសន៍ ចត្តាឡីស័ក្ត ភ្នាក់ងារនាវាចរ និងតំណាងក្រុមហ៊ុន ដឹកជញ្ជូន ឡើងធ្វើបែបបទលើនាវា។

៣.​ ឯកសារដែលនាវាបតីត្រូវបង្ហាញជូនសមត្ថកិច្ចពាក់ព័ន្ធដែលឡើងធ្វើបែបបទលើនាវារួមមាន៖

  • របាយការណ៏នាវា
  • និវេទន៍ប័ណ្ណទំនិញ
  • និវេទន៍ប័ណ្ណសំភារៈប្រើប្រាស់របស់នាវិក
  • បញ្ជីឈ្មោះនាវិក
  • បញ្ជីផ្ទេរទំនិញ
  • បញ្ជីឈ្មោះអ្នកដំណើរ
  • អញ្ញត្តិប័ណ្ណ
  • កិច្ចសន្យាជួលនាវា
  • វិញ្ញាបនបត្រចុះបញ្ជីនាវានិងឯកសារដទៃទៀតតាមការតម្រូវរបស់រដ្ឋបាលគយ ដើម្បីអនុវត្តវិធានការ​គយ។

៤. នៅពេលមន្ត្រីគយពិនិត្យរួច គ្មានភាពមិនប្រក្រតីទេ មន្ត្រីគយបញ្ចប់ការធ្វើបែបបទ ដោយ​ការ​ចុះថ្ងៃខែឆ្នាំចុះហត្ថលេខា និងបោះត្រាលើនិវេទន៍ប័ណ្ណ រួចបញ្ជូនទៅផ្នែកទទួលនិងគ្រប់គ្រង​និវេទន៍ប័ណ្ណ​ទំនិញ។

ខ.ការងារឃ្លាំង

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងទំនិញ គ្មានការទាមទារ
  • ប្រកាសលេខ ១០៦ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីសន្និធិគយបណ្តោះអាសន្ន

នីតិវិធីការងារឃ្លាំង៖

១. ទំនិញរាយនិងទំនិញមិនផ្ទុកនៅក្នុងកុងតឺន័រ (ផ្ទេរចូលឃ្លាំង)

  • មន្ត្រីគយទទួលបន្ទុកឃ្លាំងទទួលបានពាក្យសុំផ្ទេរទំនិញចូលឃ្លាំងមួយច្បាប់ ដើម្បីកត់ត្រាក្នុងបញ្ជី តាម​ដាន​ទំនិញ​​រាយរបស់ខ្លួន។
  • ពេលជើងសាគយបញ្ចប់ប្រតិវេទន៍គយនិងមកទទួលយកទំនិញ មន្រ្តីគយទទួលបន្ទុកឃ្លាំង កាត់ស្តុកទំនិញនោះ​ចេញ​ពី​ក្នុងបញ្ជីតាមដានរបស់ខ្លួន និងចេញប័ណ្ណបញ្ចេញទំនិញ ពីឃ្លាំងចំនួនពីរ ​(២)ច្បាប់។ មួយច្បាប់រក្សាទុកសម្រាប់​មន្រ្តី​គយ​​ទទួលបន្ទុកឃ្លាំង និងមួយច្បាប់ទៀតឲ្យជើងសាគយ សម្រាប់ទៅយកទំនិញពីឃ្លាំង។

២. ទំនិញពេញកុងតឺន័រ៖

  • ក្រោយពេលធ្វើបែបបទនាវារួច មន្ត្រីគយទទួលបន្ទុកទីលានទទួលបាននូវនិវេទន៍ប័ណ្ណ ចំនួនមួយ ​(០១)ច្បាប់ ដើម្បីកត់ត្រាក្នុងបញ្ជីតាមដានកុងតឺន័រ។
  • ពេលជើងសាបញ្ចប់ប្រតិវេទន៍គយនិងមកទទួលយកកុងតឺន័រទំនិញ មន្ត្រីគយទទួលបន្ទុកទីលាន ​កាត់ស្តុកកុងតឺន័រ​​ទំនិញនោះ​ចេញពី​ក្នុងបញ្ជីតាមដានរបស់ខ្លួន និងចេញលិខិតអនុញ្ញតដឹកជញ្ជូនទំនិញនាំចូល ក្នុងករណី ដែលទំនិញផ្ទុកច្រើនជាងមួយកុងតឺន័រ ដោយមានការបញ្ជាក់ពីកាលបរិច្ឆេទ លេខរថយន្ត​ គម្យដ្ឋាន និងរយៈពេលដល់គម្យដ្ឋាន។

      ៣.រយៈពេលរក្សាទុកទំនិញក្នុងសន្និធិគយបណ្តោះអាសន្ន

  • មានរយៈពេលសែសិបប្រាំ (៤៥) ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជិកាទំនិញមកដល់
  • ផុតរយៈពេលនេះ ទំនិញត្រូវដាក់ក្នុងនិក្ខិត្តភ័ណ្ឌគយ ហើយម្ចាស់ទំនិញត្រូវបង់កម្រៃ ០.១% លើតម្លៃគិតពន្ធគយក្នុងមួយថ្ងៃ
  • ប្រសិនបើទំនិញត្រូវបានរក្សាទុកលើសពីរយៈពេលបី (៣)ខែគិតចាប់ពីថ្ងៃកត់ត្រាចូលក្នុងបញ្ជី នៃសន្និធិគយបណ្តោះអាសន្នទំនិញទាំងនោះត្រូវបានចាត់ទុកថាជាទំនិញគ្មានការទាមទារ។

គ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ

រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលនាំចូលទំនិញតាមកំពង់ផែអន្តរជាតិផ្លូវសមុទ្រ/ផ្លូវទន្លេនីមួយៗ ត្រូវបំពេញ ប្រតិវេទន៍គយនាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងដាក់ជូនមន្ត្រីគយមានសមត្ថកិច្ច នៅការិយាល័យបំពេញបែបបទបញ្ចេញទំនិញ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ

ឃ.ការងារស្កែន

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • លិខិតលេខ ៤៣៧ គ.រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ស្តីពីការចាប់ផ្តើម ដាក់អោយដំណើរការជាផ្លូវការនូវស្ថានីយ៍ត្រួតពិនិត្យកុងតែនឺរតាមប្រព័ន្ធ TC-SCAN
  • លិខិតលេខ ៨២៣ គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីសេចក្តីណែនាំបន្ថែម និងការកែសម្រួលប្រភេទទំនិញដែលត្រូវឆ្លងស្ថានីយ៍ត្រួតពិនិត្យតាមប្រព័ន្ធ TC-SCAN
  • លិខិតលេខ ១៣៥៨ អ.គ.រ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការសម្រួល ពាណិជ្ជកម្មបន្ថែមទៀតដល់វិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេស
  • ប្រកាសលេខ ៣១៦ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលកម្រៃត្រួតពិនិត្យទំនិញតាមប្រព័ន្ធម៉ាស៊ីនស្កែន
  • លិខិតលេខ ៧៩០ អ.គ.រ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តិកម្មលើកទឹកចិត្តជូនធុរជនដែលជាសមាជិកក្រុមធុរជនល្អបំផុត
  • លិខិតលេខ ១៤៨៩ អ.គ.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីនីតិវិធីនៃការអនុវត្តយន្តការឃ្លាំមើលអនុលោមភាពសមាជិកក្រុមធុរជនល្អបំផុត
  • លិខិតលេខ ១៨៦៧ អ.គ.រ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីគយតាមបណ្តាផែស្ងួត

កុងតឺន័រដែលត្រូវឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម៖

១.ចំពោះទំនិញដែលត្រូវបំពេញបែបបទនៅមាត់ច្រកចូល 

រាល់ទំនិញនាំចូលតាមកុងតឺន័រទាំងអស់ត្រូវស្កែន លើកលែងតែ៖

  • ទំនិញនាំចូលសម្រាប់អង្គទូត ឬ អង្គការមានអភ័យឯកសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅ​រដ្ឋាភិបាល​នានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល
  • ទំនិញជាអំណោយមនុស្សធម៌ ជាជំនួយ​​ ការនាំចូលតាមរយៈឥណទានកម្ចីរបស់រដ្ឋ ព្រមទាំង​ទំនិញ​ នាំចូលរបស់អង្គភាពរដ្ឋ
  • ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ
  • ទំនិញនាំចូលដោយក្រុមធុរៈជនល្អបំផុត តាមគោលការណ៍នៃការគ្រប់គ្រងហានីភ័យគយ
  • កុងតឺន័រទទេ។

២.ចំពោះទំនិញដែលត្រូវដឹកជញ្ជូនក្រោមរបបឆ្លងកាត់ជាតិ

  • ប្រតិបត្តិករផែស្ងួតទាំងអស់ អាចជ្រើសរើសម៉ាស៊ីនស្កែននៅមាត់ច្រកចូលតាមសមុទ្រ/ទន្លេ ឬ នៅ​ការិយាល័យ​គយនិងរដ្ឋាករផែស្ងួតណាមួយដែលមានម៉ាស៊ីនស្កែន
  • ទំនិញឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេសត្រូវបានលើកលែងការស្កែន។

៣.កម្រៃត្រួតពិនិត្យទំនិញឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម

  • តម្លៃសាមសិបពីរ (៣២) ដុល្លារអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំចាប់ពីសែសិប (៤០) ហ្វីតឡើង
  • តម្លៃម្ភៃ (២០) ដុល្លាអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំក្រោមសែសិប (៤០) ហ្វីត។

កំណត់សម្គាល់៖ ទំនិញនាំចូលតាមកុងតឺន័រដែលជាកម្មវត្ថុនៃការលើកលែងស្កែន និងកម្រៃត្រួតពិនិត្យ ទំនិញឆ្លងកាត់ម៉ាស៊ីនស្កែននេះ អាចនឹងមានការកែសម្រួល ប្រសិនបើមានការតម្រូវណាមួយពី អគរ។

ផ្លូវអាកាស

ការនាំចូលទំនិញតាមផ្លូវអាកាសត្រូវអនុវត្តតាមនីតិវិធីមួយចំនួន ដូចជានីតិវិធីនិងការធ្វើបែបបទយន្តហោះ ការងារឃ្លាំង និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៍គយ
  • ប្រកាសលេខ ១០៦ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីសន្និធិគយបណ្តោះអាសន្ន
  • ប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងទំនិញគ្មានការទាមទារ

ក.នីតិវិធីនិងការធ្វើបែបបទយន្តហោះ

  • យន្តហោះចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជូនដំណឹងដល់អាជ្ញាធរនៃរដ្ឋលេ​ខាធិការដ្ឋានអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា​
  • ពេលហោះហើរក្នុងដែនអាកាសកម្ពុជា មិនអនុញ្ញាតឲ្យទម្លាក់ទំនិញខុសពីតម្រាយផ្លូវ​ឡើយ​ លើកលែងតែករណីដែលបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលត្រូវរាយ​ការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចគយដែលនៅជិតបំផុតនៅនឹងកន្លែងចុះចត
  • ការលើកដាក់ទំនិញឥវ៉ាន់អ្នកដំណើរចុះឡើងពីយន្តហោះត្រូវមានការអនុញ្ញាតនិងការ​ត្រួតពិនិត្យពីមន្រ្តីគយ
  • នៅពេលមន្រ្តីគយធ្វើការត្រួតពិនិត្យឆែកឆេរយន្តហោះ អាកាសយានិក ឬ អ្នកតំណាងត្រូវ​បង្កលក្ខណៈងាយស្រួលក្នុងពេលបំពេញភារកិច្ច
  • ក្នុងករណីយន្តហោះដែលមានគ្រោះថ្នាក់ ឬ មានការចៀសវាងគ្រោះថ្នាក់ រួចមានការចុះ​ចតនៅចំណតអាកាសយានដ្ឋានណាមួយដែលគ្មានមន្រ្តីគយ ក្នុងករណីនេះ​អាកាសយាន​និក ឬ អ្នកតំ​ណាង ត្រូវរាយការណ៍ ឲ្យរដ្ឋអំណាចមូលដ្ឋានទីនោះធ្វើការត្រួតពិនិត្យជំនួស​មន្រ្តី​គយ។

ខ.ការងារឃ្លាំង

ទំនិញនាំចូលតាមផ្លូវអាកាសទាំងអស់​ ត្រូវរក្សារ​ក្នុងសន្និធិគយបណ្តោះអាសន្ន​ក្រោមការគ្រប់គ្រងក្រោមការគ្រប់គ្រងរបស់គយ ត្រូវរង់ចាំ​បំពេញបែបបទបញ្ចេញទំនិញពីគយ​ មុននឹងអនុញ្ញាត​ដាក់ឲ្យប្រើប្រាស់បានក្នុង​​ប្រទេស​ ឬ ដាក់ក្រោមរបបគយមួយផ្សេងទៀតបាន។

  • មានរយៈពេលសាមសិបប្រាំ (៣០) ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជិកាទំនិញមកដល់
  • ផុតរយៈពេលនេះ ទំនិញត្រូវដាក់ក្នុងនិក្ខិត្តភ័ណ្ឌគយ ម្ចាស់ទំនិញត្រូវបង់កម្រៃ ០.១% លើតម្លៃ​គិត​ពន្ធ​គយ ក្នុងមួយថ្ងៃ
  • ប្រសិនបើទំនិញត្រូវបានរក្សាទុកលើសពីរយៈពេលបី (៣)ខែគិតចាប់ពីថ្ងៃកត់ត្រាចូលក្នុងបញ្ជី នៃសន្និធិគយបណ្តោះអាសន្ន ទំនិញទាំងនោះត្រូវបានចាត់ទុកថាជាទំនិញគ្មានការទាមទារ។

គ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ

រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលដែលនាំចូលទំនិញតាមអាកាសយានដ្ឋានអន្តរជាតិនីមួយៗ ត្រូវបំពេញ ប្រតិវេទន៍គយនាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងប្រគល់ជូនមន្ត្រីគយមានសមត្ថកិច្ចគយនៅមាត់ច្រកអាកាសយានដ្ឋានអន្តរជាតិនីមួយៗ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ

ផ្លូវគោក

ការនាំចូលទំនិញតាមផ្លូវគោកត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • លិខិតលេខ ១៧៣៥ សហវ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៦ ស្តីពីបែបបទនៃការគ្រប់គ្រងទំនិញនាំចូលតាមផ្លូវគោកដោយប្រើប្រាស់កំពង់ផែសមុទ្រអន្តរជាតិនៃប្រទេសជាប់ព្រំដែនកម្ពុជា តាមរបបឆ្លងកាត់ (Customs Transit) ប្រទេសទាំងនោះ ដោយផ្តុកក្នុងកុងតឺន័រ
  • ប្រកាស ៥៧២ ចុះថ្ងៃទី១៩ សីហា ២០១០ ស្តីពីការរាយការណ៍អំពីទំនិញ នាពេលចូលក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជា។

ក.ទម្រង់ការគយមុនពេលប្រកាសទំនិញ

នៅពេលដែលទំនិញមកដល់មាត់ច្រកព្រំដែនគោក នៃព្រះរាជាណាចក្រកម្ពុជា មា្ចស់ទំនិញ ឬ តំណាង ត្រូវធ្វើការរាយការណ៍មករដ្ឋបាលគយ។

ខ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ

រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលដែលនាំចូលទំនិញតាមមាត់ច្រកព្រំដែនគោកនីមួយៗ ត្រូវបំពេញប្រតិវេទន៍គយ នាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងប្រគល់ជូនមន្ត្រីគយមានសមត្ថកិច្ចគយនៅមាត់តាមមាត់ច្រក ព្រំដែនគោកនីមួយៗដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ

គ.ការងារស្កែន

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ប្រកាសលេខ ៣១៦ សហវ. ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលកម្រៃត្រួតពិនិត្យទំនិញតាមប្រព័ន្ធម៉ាសីនស្កេន
  • លិខិតលេខ ៧៩០ អគរ ចុះ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តកម្មលើកទឹកចិត្ត ធុរជនក្រុមហ៊ុនដែលជាសមាជិកក្រុមធុរជនល្អបំផុត។
  • លិខិតលេខ ១៨៦៨ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការពង្រឹងប្រសិទ្ធភាព នៃការប្រើប្រាស់ម៉ាស៊ីនស្កែននូវការិយាល័យគយ និង រដ្ឋាករបាវិត

១.ចំពោះទំនិញដែលត្រូវបំពេញបែបបទនៅមាត់ច្រកចូល៖

  • រាល់ទំនិញនាំចូលតាមកុងតឺន័រទាំងអស់ត្រូវស្កែន លើកលែងតែ៖
  • ទំនិញនាំចូលសម្រាប់អង្គទូត ឬ អង្គការមានអភ័យឯកសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅ​រដ្ឋាភិបាល​នានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល
  • ទំនិញជាអំណោយមនុស្សធម៌ ជាជំនួយ​​ ការនាំចូលតាមរយៈឥណទានកម្ចីរបស់រដ្ឋ ព្រមទាំង​ទំនិញ​ នាំចូល​របស់អង្គភាពរដ្ឋ
  • ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ
  • ទំនិញនាំចូលដោយក្រុមធុរៈជនល្អបំផុត តាមគោលការណ៍នៃការគ្រប់គ្រងហានីភ័យគយ
  • កុងតឺន័រទទេ។

២.ចំពោះទំនិញដែលត្រូវដឹកជញ្ជូនក្រោមរបបឆ្លងកាត់ជាតិ៖

  • ប្រតិបត្តិករផែស្ងួតទាំងអស់ អាចជ្រើសរើសម៉ាស៊ីនស្កែននៅមាត់ច្រកចូលតាមសមុទ្រ/ទន្លេ ឬនៅ​ការិយាល័យ​គយនិងរដ្ឋាករផែស្ងួតណាមួយដែលមានម៉ាស៊ីនស្កែន
  • ទំនិញឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេសត្រូវបានលើកលែងការស្កែន។

៣.កម្រៃត្រួតពិនិត្យទំនិញឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម៖

  • តម្លៃ ៣២ (សាមសិបពីរ) ដុល្លារអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំចាប់ពី ៤០ ហ្វីតឡើង
  • តម្លៃ ២០ (ម្ភៃ) ដុល្លាអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំក្រោម ៤០ ហ្វីត។

កំណត់សម្គាល់៖

  • ទំនិញនាំចូលតាមកុងតឺន័រដែលជាកម្មវត្ថុនៃការលើកលែងស្កែន និងកម្រៃត្រួតពិនិត្យទំនិញ ឆ្លងកាត់ម៉ាស៊ីនស្កែននេះ អាចនឹងមានការកែសម្រួល ប្រសិនបើមានការតម្រូវណាមួយពី អគរ។
  • ទំនិញនាំចូលតាមផ្លូវគោកដោយប្រើប្រាស់កំពង់ផែសមុទ្រអន្តរជាតិនៃប្រទេសជាប់ព្រំដែនកម្ពុជា តាមរបបឆ្លងកាត់ (Customs Transit) ត្រូវអនុវត្តដូចខាងក្រោម​ (លិខិតលេខ​១៧៣៥សហវ)៖
  • តម្រូវឲ្យទំនិញនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រើប្រាស់របបគយឆ្លងកាត់ (Customs Transit) ប្រទេសជាប់ព្រំដែនកម្ពុជាតាមផ្លូវគោកទាំងអស់ ត្រូវផ្ទុកក្នុងកុងតឺន័រ ដោយភ្ជាប់ ជាមួយនូវអញ្ញត្តប័ណ្ណ (Bill of lading) ផ្លូវសមុទ្រផងដែរ និងមិនអនុញ្ញាតឲ្យរើបំបែកទំនិញចេញ ពីកុងតឺន័រជារូបភាពតូចៗ មុនបញ្ចប់បែបបទគយនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ
  • ចំពោះទំនិញដូចរៀបរាប់ និងមានកំណត់ដូចចែងខាងលើនេះហើយនៅតែបន្តនាំចូលតាម  រូបភាពបំបែករាយក្រៅកុងតឺន័រនោះ ត្រូវមានការអនុញ្ញាតជាមុនពីអគរ ដើម្បីពិនិត្យសម្រេច តាមករណីជាក់ស្តែងនីមួយៗ។