គណៈ​ប្រតិភូ​គយ​នៃ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានទៅ​ចូលរួម​ប្រជុំទ្វេភាគី​ជាមួយ​រដ្ឋបាល​គយថៃ ដែលបាន​ប្រព្រឹត្ត ទៅ​ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុង​ហួហីននៃ​ព្រះរាជាណាចក្រថៃ ក្នុងគោល​បំណង​បន្តពង្រឹង​កិច្ច​សហប្រតិបត្តិការ  និងជួយគ្នា​ទៅវិញទៅមក​ក្នុងកិច្ចការគយ។ កិច្ចប្រជុំនេះ​ក៏បានពិនិត្យ និង ពិភាក្សា​ចំណុច​ផ្សេងៗ​ពាក់ព័ន្ធ នឹងការងារ​គយ ដែលមាន​ចែងក្នុងសេចក្តី​ថ្លែងការណ៍​រួមនៃកិច្ចប្រជុំគណៈ រដ្ឋមន្រ្តីចម្រុះ​កម្ពុជា-ថៃលើកទី២ ក្រោម​ប្រធានបទ  “ភាពជាដៃគូ​ដើម្បី​សន្តិភាព​និង​វិបុលភាព”  ដែលបាន​ប្រព្រឹត្ត​ទៅនៅ​ទីក្រុងបាងកក ពីថ្ងៃទី​១៨-១៩ ខែធ្នូ ឆ្នាំ២០១៥ ផងដែរ ។

11988557_989314764455257_4688260277377549826_n

អង្គប្រជុំ​បានឯកភាព​លើចំណុច​សំខាន់ៗ នៃកិច្ច​សហប្រតិបត្តការ​រវាង​រដ្ឋបាលគយនៃប្រទេស​ទាំងពីរ ដូចខាង​ក្រោម៖

  • បង្កើត​ចំណុច​ទំនាក់ទំនង​សម្រាប់​ផ្លាស់​ប្តូរ​ព៍តមាន​រវាង​រដ្ឋបាលគយ​ទាំងពីរ
  • ចាត់តាំងមន្រ្តីគយឲ្យចូលរួមក្នុងក្រុមការងារជាតិ ឬក្រុមការងារចម្រុះក្នុងការរៀបចំអនុវត្ត ច្រកអន្តរជាតិថ្មី ស្ទឹងបត់-ណងអៀន  ជាពិសេសគឺការបង្កើតនិងអនុវត្ត   “ការត្រួតពិនិត្យ បញ្ជរតែមួយ”  និង   “ទីលានត្រួតពិនិត្យ” (Single Stop Inspection and Common Control Area) ស្របតាម កិច្ចព្រមព្រៀងមហាអនុតំបន់មេគង្គ
  • ត្រៀមរៀបចំធនធានមនុស្សនិងនីតិវិធីគ្រប់គ្រងទំនិញនិងអ្នកដំណើរឆ្លងកាត់ព្រំដែនដោយរថភ្លើង (ឆ្លើយតបទៅនឹងគម្រោងតភ្ជាប់ផ្លូវដែក ភ្នំពេញ-បាងកក នៅ​ ចុងឆ្នាំ២០១៦ នេះ) ។  ភាគីគយថៃ បានឯកភាពចែករំលែកបទពិសោធន៍ការគ្រប់គ្រងទំនិញនិងអ្នកដំណើរឆ្លងកាត់ព្រំដែនរវាងថៃនិងម៉ាឡេស៊ី
  • ជំរុញកិច្ចសហការលើការងារបង្កើតនិងពង្រីក   “កម្មវិធីលើកទឹកចិត្តពាណិជ្ជករល្អបំផុត”    និង     “ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត” (Best Traders Incentives Program and Authorized     Economic Operators)   ក្នុងការផ្តល់ប្រព្រឹត្តិកម្មពិសេសសម្រួលដល់ការ ធ្វើអាជីវកម្ម និង   ពាណិជ្ជកម្ម
  • ពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់និងបង្រ្កាបអំពើរត់ពន្ធ ជាពិសេសការគ្រប់គ្រងទំនិញឆ្លងកាត់ (ទំនិញនាំចូលមកកម្ពុជាដោយប្រើប្រាស់របបគយឆ្លងកាត់ប្រទេសថៃ)
  • ចំពោះវិស័យកសិកម្ម  ភាគីទាំងពីរបានយល់ព្រមឳ្យមានកិច្ចប្រជុំពិភាក្សាបន្ថែមទៀតរវាងរដ្ឋបាល គយ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងពីរ ។ ទន្ទឹមនេះភាគីថៃក៏បាន ឯកភាពលើសំណើរបស់ភាគីកម្ពុជាក្នុងការសម្រួលការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសទីបី    ដែលឆ្លងកាត់ទឹកដីថៃ
  • បានឯកភាពកំណត់កិច្ចប្រជុំឲ្យបានទៀងទាត់ទាំងកម្រឹត អគ្គនាយកដ្ឋាន  ក៏ដូចជាកម្រឹតអង្គភាព   គយ ខេត្ត/តំបន់នៅតាមព្រំដែននៃប្រទេសទាំងពីរ ។

ក្នុងន័យបន្តពង្រឹង និងពង្រីកកិច្ចប្រជុំឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត ភាគីទាំងពីរ បានឯកភាពរៀបចំសេចក្តីព្រាង  “អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តការទ្វេភាគី     និងជួយគ្នាទៅវិញ ទៅមក ក្នុងកិច្ចការគយ”    ហើយគ្រោងនឹងចុះហត្ថលេខានៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានដែលនឹង ប្រព្រឹត្តទៅ   ពីថ្ងៃទី២៥-២៧   ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ ។ គួរបញ្ជាក់ដែរថា យោងតាមលំដាប់ អក្ខរក្រម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន នៅឆ្នាំ២០១៦នេះ ។

ទាញយកឯកសារ(PDF)

6709_989314761121924_582664937433297034_n

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត