នាថ្ងៃព្រហស្បតិ៍ ០៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីស្ថានភាពនៃការដឹកជញ្ជូនទំនិញនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, លោកឧញ៉ា លោក-លោកស្រី តំណាង​មាគមដឹកជញ្ជូនទំនិញ (CAMTA), សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA), និងប្រតិបត្តិករ​ផែស្ងួតមួយចំនួននៅកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណងរិះរកវិធានថ្មីៗបន្ថែមទៀត សំដៅកាត់បន្ថយថ្លៃភស្តុភារកម្ម (Logistic Cost) រាប់បញ្ចូលទាំងថ្លៃដឹកជញ្ជូនទំនិញនៅកម្ពុជា ដើម្បីចូលរួមជំរុញការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្មរបស់​រាជរដ្ឋាភិបាល និងគោលបំណងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

កិច្ចប្រជុំពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលជាផ្លែផ្កា និងមានការចូលរួមផ្តល់នូវធាតុចូលសំខាន់ៗពីវិស័យឯកជនផ្នែកដឹកជញ្ជូនទំនិញ, ភ្នាក់ងារបញ្ជូនទំនិញ និងប្រតិបត្តិករផែស្ងួតពាក់ព័ន្ធ លើបញ្ហាប្រឈម និងកង្វល់ដែលវិស័យនេះកំពុងជួបប្រទះ និងត្រូវដោះស្រាយ។

យោងតាមលទ្ធផលល្អប្រសើរដែលទទួលបានក្នុងកិច្ចពិភាក្សានេះ  ឯកឧត្ដមបណ្ឌិត គុណ ញឹម បានស្នើដល់សមាគមដឹកជញ្ជូនទំនិញ (CAMTA), សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA), ប្រតិបត្តិករផែស្ងួតទាំងអស់ចូលរួមបន្តសហការជាមួយនឹងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការខិតខំរិះរកវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមកាត់បន្ថយនូវចំណាយលើសេវាដឹកជញ្ជូនទំនិញនៅកម្ពុជា ក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលជាសកលនៃជំងឺ Covid-19 និងការព្យួរដោយផ្នែកនៃប្រព័ន្ធអនុគ្រោះ EBA។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត