នារសៀលថ្ងៃអង្គារ  ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៣:០០នាទី នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា មាន​រៀបចំកិច្ចប្រជុំលើកទី៣ របស់​​ក្រុ​មអនុវត្តគម្រោង​បញ្ជរ​​តែមួយជាតិ​ ក្រោម​​​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់របស់ឯក​ឧត្តម​​​​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គ​នាយក​​​នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាអនុប្រធានអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​​ដឹកនាំ​គម្រោង​បញ្ជរ​តែ​មួយជាតិ និងជា​ប្រធាន​​ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដោយមាន​​ការអញ្ជើញ​ចូលរួម​ពី​អនុប្រធាន និង​សមាជិកនៃ​ក្រុមអនុវត្ត​គម្រោង​បញ្ជរ​តែមួយជាតិ ​ដែល​ជា​មន្រ្តី​តំណាង​ក្រសួង-ស្ថាប័ន​ជំនាញពាក់ព័ន្ធ​រួម​មាន​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​​​កម្ពុជា, ក្រសួង ពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង​ឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍, ធនាគារ​ជាតិ​នៃកម្ពុជា, កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​​សីហនុ,​ កំពង់​ផែ​ស្វយ័តភ្នំពេញ, ​អ្នកជំនាញ​​នៃ​ក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្ត​គម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំង ថ្នាក់ដឹកនាំ និង​មន្រ្តី​​គយនិងរដ្ឋាករ សរុប​ប្រមាណ​​ចំនួន ៦០នាក់។​

គោលបំណង​សំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានវឌ្ឍនភាពនិងបញ្ហាប្រឈម​នៃការអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​​ជំហានដំបូង។ ទន្ទឹមនេះ កិច្ចប្រជុំក៏បានពិនិត្យទិដ្ឋភាពច្បាប់ និងរៀបចំ​បទប្បញ្ញត្តិ​ដើម្បី​គាំទ្រ​ការដាក់ឱ្យ​អនុវត្តប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិជាផ្លូវការផងដែរ។

ឯកឧត្តម​បណ្ឌិត​ប្រតិភូរាជរដ្ឋាភិបាល ​បានវាយតម្លៃខ្ពស់អំពីលទ្ធផល​ការងារ​ដែលសម្រេចបាន ដោយ​គិតមក​ដល់​ពេលនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា និងក្រសួង-ស្ថាប័នចំនួន ៤ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួង​សុខាភិបាល, ក្រសួង​ឧស្សាហកម្មនិងសិប្បកម្ម បានចូលរួម​អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ជំហានដំបូងតាមប្រកាសលេខ ៥៧៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមិនទាន់បានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិជំហានដំបូង នៅឡើយ។

ជាកិច្ច​បញ្ចប់ ឯកឧត្តម​បណ្ឌិត​ប្រតិភូរាជរដ្ឋាភិបាល ក៏បាន​ថ្លែង​​អំណរគុណ​ដល់​តំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ដែល​​បាន​​សហការនិងគាំទ្រ​ជា​វិជ្ជមា​ន​​​​​នាពេលកន្លងមក និង​​បានកំណត់ទិសដៅអនុវត្តបន្តដូចខាងក្រោម៖

– ជំរុញក្រសួង-ស្ថាប័នដែលបានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិជំហានដំបូង បន្តអនុវត្ត​ឱ្យបានពេញលេញ ជាពិសេសជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យចូលរួមអនុវត្ត​ប្រព័ន្ធបញ្ជរ​តែមួយ​ជាតិ​ជំហាន​ដំបូង​ឱ្យបានទាន់ពេលវេលា

– ជំរុញក្រុមហ៊ុនជាប់កិច្ចសន្យា vCargo Cloud Pte Ltd ធ្វើសហការឲ្យបានជិតស្និទ្ធ ជាមួយក្រុមការងារ IT នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បន្តដោះស្រាយបញ្ហា និងបញ្ចប់ការអភិវឌ្ឍនិងការអនុវត្តមុខងារ ដែលនៅសេសសល់

– ក្រុមផ្តល់ប្រឹក្សាផ្នែកច្បាប់និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ ពិនិត្យទិដ្ឋភាពច្បាប់និងរៀបចំ​បទប្បញ្ញត្តិ​ដើម្បីគាំទ្រការដាក់ឱ្យអនុវត្តគម្រោងបញ្ជរតែមួយជាតិជាផ្លូវការ

– លេខាធិការដ្ឋានគម្រោងបញ្ជរតែមួយជាតិ រៀបចំរបាយការណ៍អំពីវឌ្ឍនភាពនៃការអភិវឌ្ឍ​និងអនុវត្ត​គម្រោង​បញ្ជរតែមួយជាតិដំណាក់កាលទី២ ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ។

កិច្ចប្រជុំនេះ​ បាន​​បញ្ចប់​នៅ​វេលាម៉ោង​ ១៧:៣០ ល្ងាច ​ នា​ថ្ងៃ​ខែឆ្នាំ​ដដែល ប្រកប​ដោយ​បរិយាកាស​​​​​រីករាយ និង​ទទួល​​បាន​​លទ្ធផល​ប្រកប​​ដោយ​​ផ្លែផ្កា​គួរ​​ឱ្យ​កត់​​​សម្គាល់​។

DSC02306

DSC02275

DSC02053

DSC02045

DSC02047

DSC02248

DSC02063

DSC02113

DSC02140

DSC02144

DSC02146

DSC02159

DSC02181

DSC02207

DSC02221

DSC02255

DSC02289

DSC02318

DSC02340

DSC02341

DSC02366

DSC02368

DSC02371

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត