គណៈ​ប្រតិភូ​អគ្គនាយកដ្ឋានគយ​​​និងរដ្ឋាករកម្ពុជា (អគរ) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋានគយ​​​និង​​​រដ្ឋាករកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីវៀងចន្ទន៏ ប្រទេសឡាវ ដោយមានការ​ចូលរួម​ពីគណៈប្រតិភូ​គយ​នៃ​ប្រទេសអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំនេះបានប្រារព្ធបើកក្រោមអធីបតីភាពរបស់​​លោកជំទាវ Thipphakone Chanthavongsa អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ​ និងដឹកនាំប្រជុំដោយលោក Bounpaseuth Sikounlabout អគ្គនាយកស្តីទីនៃរដ្ឋបាលគយ​​ឡាវ។​ ក្នុងសុន្ទរកថាបើក លោកជំទាវ Thipphakone Chanthavongsa បានកត់សម្គាល់ថា​ ការបង្កើតសហគមន៏សេដ្ឋកិច្ចអាស៊ានកាលពីឆ្នាំ២០១៨ បានប្រែក្លាយប្រទេសសមាជិកអាស៊ានទាំងអស់ជាទីផ្សារនិងមណ្ឌលផលិតកម្មតែមួយ ដែលបានជម្រុញពាណិជ្ជកម្មក្នុងតំបន់ និងកាត់បន្ថយហនិភ័យពីតំបន់ខាងក្រៅ​ ហើយកិច្ចប្រជុំនេះ គឺជាវេទិការមួយសម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនានា ក្រោមការទទួលខុសត្រូវរ​បស់រដ្ឋបាលគយអាស៊ាន ក្នុងគោលបំណង បង្កើនតម្លាភាព និងភាពអាចទាយទុកជាមុនបាននៃការអនុវត្តនីតិវិធីគយ និងសំដៅបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយតម្លៃ​ធុរកិច្ចក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨នេះ បានសម្រេចលើការងារសំខាន់ៗមួយចំនួនដូចជា៖​១)កត់សម្គាល់ការចូលជាធរមានពិធីសារទី៧ និងជម្រុញដល់ប្រទេសសមាជិកអាស៊ានពន្លឿនការផ្តល់សច្ចាប័នលើពិធីសារទី២ នៃក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ ២) បង្កើតអនុក្រុមការងារសិក្សាពីការកសាងកិច្ចព្រមព្រៀងអាស៊ានស្តីពីការទទួលស្គាល់កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាតទៅវិញទៅមក​ ៣) លើកទឹកចិត្តដល់រដ្ឋបាលគយប្រទេសអាស៊ានទាំងអស់ឲ្យបន្តសហការជាមួយស្ថាប័ននិងភាគីពាក់ព័ន្ធក្នុងការកសាងតារាងពន្ធគយអាស៊ាន ២០២២, ៤)ស្វាគមន៏ចំពោះវឌ្ឍភាពល្អនៃការជម្រុញការអនុវត្តច្បាប់ដោយរដ្ឋបាលគយប្រទេសអាស៊ាននិងបានគួសបញ្ជាក់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ៥) ឯកភាពឲ្យក្រុមការងារគយអាស៊ានចាប់ផ្តើមរៀបចំកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនគយឆ្នាំ ២០២១-២០២៥, ៦)ស្វាគមន៏ចំពោះវឌ្ឍនភាពការកសាងប្រព័ន្ធបញ្ជរតែមួយអាស៊ាន និងបានជម្រុញគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ឲ្យអនុវត្តការផ្លាស់ប្តូរវិញ្ញបនបត្រប្រភពទំនិញក្នុងទម្រង់អេឡិកត្រូនិកឲ្យបានសម្រេចត្រឹមដំណាច់ឆ្នាំ ២០១៩ ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងអំពីក្រុមការងារគយអាស៊ាន ដែលត្រូវយកចិត្តទុកដាក់បន្ថែម និងលើកជាសកម្មភាពការងារ ដើម្បីឆ្លើយតបនឹងលើបញ្ហាប្រឈមថ្មីៗ ដូចជាការកើនឡើងអំពើរត់ពន្ធគ្រឿងញៀននិងសត្វព្រៃខុសច្បាប់ ការរត់ពន្ធកាកសំណល់ផ្លាស្ទិកពីបណ្តាប្រទេសអភីវឌ្ឍន៏មកក្នុងអាស៊ាន និងការគម្រាមកំហែងភេរវកម្មថ្មីៗនៅក្នុងតំបន់ជាដើម ។ ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលគយជប៉ុន ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណប្រទេសជប៉ុនដែលបានផ្ថល់ជំនួយបច្ចេកទេសលើការកសាងសមត្ថភាពមន្ត្រីគយទាំងក្នុងក្របខណ្ឌអាស៊ាន និងទ្វេភាគី ព្រមទាំងបានស្នើដល់រដ្ឋបាលគយនៃប្រទេសជប៉ុនឲ្យបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែមទៀតរដល់រដ្ឋបាលគយនៃប្រទេសសមាជិកអាស៊ាន ។

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨ ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយ​គណៈប្រតិភូ​រដ្ឋបាល​​គយអូស្រ្តាលី, ចិន, ជប៉ុន កូរ៉េ និងអង្គការគយពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ពាក់ព័ន្ធ​នឺង​ការងារគយ​និង​បាន​ពិគ្រោះ​យោបល់​​​​ជាមួយតំណាងវិស័យឯកជនសំខាន់ៗចំនួនពីររួមមាន ១)ក្រុមប្រឹក្សា​ធុរកិច្ច​​​អាស៊ាន-អឺរ៉ុប និង២) ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហការរវាងរដ្ឋបាលគយនិងវិស័យឯកជន ដើម្បី​លើក​កម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម។

ឆ្លៀតឱកាសក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៨នេះ គណៈប្រតិភូ អគរ បាន​ប្រជុំ​​ទ្វេភាគីជាមួយអង្គការ​គយ​ពិភពលោកដឹកនាំដោយលោកអគ្គលេខាធិការរង  Ricardo TREVINO ដើម្បី​​បន្ត​ពង្រឹង​​កិច្ច​សហប្រតិបត្តិ​​ការគយរវាង​ អគរ និងអង្គការគយពិភពលោក, និង ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប ដើម្បីធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពថ្មីៗនៃវិធានការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលសំដៅគាំទ្រ និងលើកស្ទួយវិស័យឯកជន ព្រមទាំងជម្រាបជួនវិស័យឯកជនអំពីលទ្ធផលនៃការអនុវត្កម្មវិធីកែទម្រង់និងទំនើបកម្មគយផងដែរ ។

1 2 3 photo_2019-06-14_11-38-34 5

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត