នាព្រឹកថ្ងៃពុធ ១៥រោច ខែ​បុស្ស ឆ្នាំ​ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នៅបន្ទប់ប្រជុំអគ្គនាយកគយដ្ឋាននិងរដ្ឋាករគយកម្ពុជាជាន់ទី១៨ ​មាន​ប្រារព្ធ​កិច្ចសន្ទនាលើកទី៤ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា (អគរ) និងសមាគម​ធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) ក្នុង​គោល​បំណងបន្តពិនិត្យ​​​​ដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួន​របស់​វិស័យ​​ឯកជន​ពាក់ព័ន្ធនឹងការ​អនុវត្តនីតិវិធីគយ និងការបំពេញបែបបទគយ។ កិច្ចសន្ទនានេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ​នាយក​នៃ​​​​​ អគរ និង​មានការ​ចូលរួម​ដោយ​តំណាង JBAC ស្ថានទូត​ជប៉ុ​នប្រចាំនៅកម្ពុជា​​​ ទីភ្នាក់ងារសហប្រតិបត្តិ​ការ​អន្តរជាតិជប៉ុន (JICA) ស្ថាប័ន​ធុរកិច្ចជប៉ុន​នៅក្រៅប្រទេស (JETRO) និងមន្ត្រីគយ​និង​រដ្ឋាករ​មួយចំនួន​ផងដែរ​​។

ថ្លែងក្នុងពិធីបើកកិច្ច​សន្ទនា លោក KANDA Yogo ប្រធាន JBAC បានថ្លែងអំណរគុណដល់ អគរ ដែលបានរៀបចំកិច្ចសន្ទនានេះឡើង ដោយអនុវត្តវិធានការអនាម័យ និងរក្សាគម្លាត ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ និងបានធ្វើការកត់សម្គាល់ពី​វិធានការកែលម្អនានាដែល អគរ បានដាក់ចេញ។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងថារដ្ឋបាលគយកម្ពុជា ​ស្រដៀង​គ្នា​នឹង​រដ្ឋបាល​គយ​នៃ​ប្រទេស​នានា​លើពិភពលោកដែរ បាននិងកំពុង​អនុវត្ត​នូវ​តួនាទីនិង​ភារកិច្ច​គន្លឹះ​របស់​​ខ្លួនចំនួន ៣ រួមមាន (១)ការងារប្រមូលចំណូលពន្ធអាករគយ (២)ការបង្ការ​និង​បង្រ្កាប​បទល្មើស​គយ និង (៣)ការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជា​អន្តរជាតិ និង​តាម​បទប្បញ្ញត្តិ​ជាតិ​ជាធរមាន។ អគរ តែង តែខិតខំ​រក្សា​ឲ្យបាន​នូវ​តុល្យភាព​គ្នា​រវាង​ការ​អនុវត្ត​ច្បាប់ ជាមួយ​នឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ  ធុរជន​អាចទទួលបាន​នូវភាពងាយ​ស្រួល​​ក្នុង​ប្រតិបត្តិការធុរកិច្ចរបស់​ខ្លួន ទន្ទឹម​គ្នាដែល​រដ្ឋបាល​គយ​អាចគ្រប់គ្រង បាន​នូវ​អនុលោមភាព​របស់​ធុរជន​ផងដែរ។

នាឱកាស​នេះ ​អង្គប្រជុំបាន​លើកឡើងអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២។ បច្ចុប្បន្ន ​ក្រសួងស្ថាប័នដែលបានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរួមមាន ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វិទ្យាស្ថានជាតិស្តង់ដារ) និងក្រសួងសុខាភិបាល ។ ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំទាន់បានចូលរួមអនុវត្តនៅឡើយ។​ ទន្ទឹមនេះ អង្គប្រជុំក៏បាន​លើកឡើងអំពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធវិធានការកំណែទម្រង់ និងការធ្វើសាមញ្ញកម្មនីតិវិធីគយសំខាន់ៗមួយចំនួនដែល អគរ បានដាក់ចេញ ស្រប​តាមកម្មវិធីកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ការសិក្សារយៈពេលបញ្ចេញទំនិញពីគយ, សេចក្តីណែនាំអនុវត្តវិធានការគ្រប់គ្រងការនាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខ ជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន, ការកែសម្រួលនីតិវិធីគយ,ការកាត់បន្ថយ​តម្រូវការឯក​សារភ្ជាប់​សម្រាប់​បំពេញ​បែប​បទ​គយ, ការលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់, ការធ្វើបច្ចុប្បន្នភាពកម្មវិធីកាត់បន្ថយពន្ធគយក្នុងក្របខណ្ឌពាណិជ្ជកម្មសេរី FTA និងការផ្សព្វផ្សាយលិខិតបទដ្ឋាន នានាពាក់ព័ន្ធនឹងការងារគយលើគេហទំព័រ, ការកែលម្អមុខងារ E-Payment ។ អគរ បាននិងកំពុងធ្វើការជាមួយអ្នកជំនាញរបស់ UNCTAD ក្រោមគម្រោងជំនួយរបស់ ARISE Plus  ក្នុងការធ្វើវិសិដ្ឋកម្មប្រព័ន្ធអាស៊ីគូដា ទៅជំនាន់ចុងក្រោយ ដើម្បីអាចពង្រីកមុខងារបន្ថែមទៀត ក្នុងនោះ មានមុខងារដែលអាចទទួលយកឯកសារទម្រង់អេឡិចត្រូនិកបាន និងធ្វើការជាមួយ អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីរៀបចំគម្រោង Business Process Reengineering ព្រមទាំងសិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។

បន្ទាប់មក កិច្ចសន្ទនាបានពិនិត្យពិភាក្សាលើសំណូមពរ និងបញ្ហាដែលបានលើក​ឡើង​​ដោយ JBAC ​ពាក់​ព័ន្ធ​នឹង​ការអនុវត្តមុខងារស្នើសុំលិខិតអនុញ្ញាតគយតាមប្រព័ន្ធបញ្ជរតែមួយជាតិ, លិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់, កាត់បន្ថយឯកសារភ្ជាប់ក្នុងទម្រង់ក្រដាស, ការកាត់បន្ថយអត្រាពន្ធគយ និងអាករពិសេសលើមុខទំនិញប្រេងរំអិល,ការកកស្ទះនៅមាត់ច្រកព្រំដែនបាវិត មាត់ច្រកព្រំដែនប៉ោយប៉ែត  មាត់ច្រកព្រំដែនព្រៃវល្លិ, ការអនុវត្តនីតិវិធីពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស,ការអនុវត្តគោលការណ៍មកមុន ពិនិត្យមុន “First come, first serve”, និង ការរក្សាទុកឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មានផ្សេងទៀត ជាដើម។ កិច្ចសន្ទនានេះ បានដោះស្រាយបញ្ហានិងសំណូមពរស្ទើរទាំងស្រុង។

ជាមួយគ្នានេះ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅប្រទេសកម្ពុជា (JICA)​ ក៏បាន​ជម្រាបអង្គប្រជុំ​ពីគម្រោងជំនួយសំខាន់ៗ​របស់​ខ្លួននាពេលបច្ចុប្បន្ន រួមមាន ១. ការសិក្សា​ដើម្បីកាត់​បន្ថយ​ការកកស្ទះចរាចរ​ទំនិញ​និង​អ្នកដំណើរនៅកំណាត់​ផ្លូវជាតិលេខ ១ តំបន់មាត់ច្រកបាវិត-ម៉ុកបៃ ២.ការបកប្រែបទប្បញ្ញត្តិគយជាភាសាអង់គ្លេស ដើម្បីដាក់ផ្សព្វផ្សាយក្នុងគេហទំព័រគយ និង​ ៣. ការ​អនុវត្តសាកល្បង​ប្រព័ន្ធ​កាមេរ៉ាត្រួតពិនិត្យគយ​នៅតាមកំពង់ផែ និង​ច្រកទ្វារព្រំដែនសំខាន់ៗ។

អគរ​ និងតំណាង JICA, JBAC, JETRO ក៏បានប្តេជ្ញាចិត្តថា នឹង​បន្តពង្រឹង​កិច្ច​សហការ​ជាមួយ​គ្នា​ឱ្យកាន់តែ​ជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម ​កែលម្អបរិយាកាសធុរកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជា​​ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែរឹងមាំ។

photo_2021-01-13_19-24-00 photo_2021-01-13_19-24-02 photo_2021-01-13_19-23-57 photo_2021-01-13_19-24-25 photo_2021-01-13_19-24-05 photo_2021-01-13_19-24-10 photo_2021-01-13_19-24-13 photo_2021-01-13_19-24-18

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត