យន្ត​ការ​ភាព​ជា​ដៃ​គូ​គយ​-​ផ្នែក​ឯកជនត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រកាស​លេខ ៩០៦ សហវ.​ប្រក​ ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០០៩ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាម​រយៈ​ការ​សម្រេច​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​របស់​ផ្នែក​ឯក​ជន​ក្នុងការ​ជម្រុញ​នូវ​អនុលោម​​ភាព​ច្បាប់ និង​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ យន្ត​ការ​នេះ​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១០  ក្នុងគោល បំណងលើកកម្ពស់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​ល្អ ប្រកបដោយ​សមធម៌​សម្រាប់​ផ្នែក​ឯកជន​បន្ថែម​ទៀត។

ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរយន្តការនេះ ដោយឈរលើស្មារតីភាពជាដៃគូស្នើភាពគ្នារវាងគយ និងផ្នែកឯកជន  ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្រេចចេញប្រកាសលេខ ៣២០ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលសមាសភាពនិងកិច្ចដំណើរការភាព ជាដៃគូគយ-ផ្នែកឯកជន ដោយកែសម្រួល​ឲ្យមានសហប្រធានជាតំណាង អគរ និង​ផ្នែកឯកជន​ក្នុងសមសភាពថ្នាក់ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេស​ទាំងបី​ ។ ក្រុមការងារបច្ចេកទេសទាំងបីមាន ៖

១. ក្រុម​ការងារ​គយ-​ឧស្សាហកម្ម​បម្រើ​ការ​នាំ​ចេញ​វិស័យ​កាត់​ដេរ

២. ក្រុម​ការងារ​គយ-​ឧស្សាហកម្ម​បម្រើ​ការ​នាំ​ចេញ​វិស័យ​​មិនមែន​កាត់​ដេរ

៣. ក្រុម​ការងារ​គយ-​ធុរកិច្ច​បម្រើ​​ទីផ្សារ​ក្នុង​ស្រុក​

យន្តការ​ភាព​ជា​ដៃ​គូ​គយ-​ផ្នែក​ឯកជន​គឺ​ជា​​យន្ត​ការ​សម្រប​សម្រួល​ឲ្យ​​មាន​កិច្ច​សហការ​ និងការយោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​រដ្ឋបាល​គយនិង​ផ្នែក​ឯកជន​ពាក់​ព័ន្ធដើម្បីដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងគយឲ្យ​អស់​លទ្ធភាព​ជា​មុ​ន​ មុន​នឹង​ឈាន​ទៅ​ដោះ​ស្រា​យ​​កម្រិត​អន្តរក្រសួង ឬ​ដាក់​ជូន​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។  នេះ​គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធានា​នូវ​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​គោល​នយោបាយ​នៃ​កិច្ច​សម្រួល ​​ពាណិជ្ជ​កម្ម​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា។

ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តយន្តការភាពជាដៃគូគយនិងផ្នែកឯកជនប្រកបដោយប្រសិទ្ធភាព តម្រូវ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ដើម្បីរួមគ្នាដោះស្រា​យ ​នូវរាល់បាតុភាពអសកម្ម ដែលនាំឲ្យកំណើនសេដ្ឋកិច្ចជាតិ​មិនស្របតាមគោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជា។

នាពេលកន្លងមក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្រារព្វកិច្ចប្រជុំយន្តការភាពជាដៃគូគយនិងផ្នែកឯកជនចំនួន ៥ លើក ដែលឯកសារកិច្ចប្រជុំមានដូចខាងក្រោម៖

  • កម្រងឯកសារនិងកំណត់ហេតុកិច្ចប្រជុំលើកទី១ និង ទី២ (សូមទាញយក)
  • កម្រងឯកសារនិងកំណត់ហេតុកិច្ចប្រជុំលើកទី៣ (សូមទាញយក)
  • កម្រងឯកសារនិងកំណត់ហេតុកិច្ចប្រជុំលើកទី៤ (សូមទាញយក)
  • កម្រងឯកសារនិងកំណត់ហេតុកិច្ចប្រជុំលើកទី៥ (សូមទាញយក)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទនងអង្គភាពទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា