ការនាំចូល

ទំនិញនាំចូលទាំងអស់ត្រូវបានរាយការណ៍នៅការិយាល័យគយ ឬ ទីកន្លែងផ្សេងទៀតទៅតាមការកំណត់ របស់នាយកទីចាត់ការគយនិងរដ្ឋាករ។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវចេញប្រកាសកំណត់ ពេលវេលា របៀបរបបតម្រូវការឯកសារ កាលៈទេសៈ និងការលើកលែងនានាពាក់ព័ន្ធនឹងការរាយការណ៍ ពីទំនិញនាំចូល (មាត្រា ១០)។

គ្មានជនណាម្នាក់អាចរើទំនិញចេញពីមធ្យោបាយដឹកជញ្ជូនពេលមកដល់កម្ពុជាបានទេ មុនពេលដែល ទំនិញទាំងនេះត្រូវបានរាយការណ៍ដល់គយស្របតាមច្បាប់នេះ លើកលែងតែក្នុងករណីដែលសុវត្ថិភាព មធ្យោបាយដឹកជញ្ជូនទំនិញ ជននានាលើមធ្យោបាយដឹកជញ្ជូន ឬ តតិយជនផ្សេងទៀតត្រូវបានគំរាម កំហែងក្នុងល័ក្ខខ័ណ្ឌមានអាសន្ន ដូចចែងក្នុងប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មាត្រា ១២)។

រដ្ឋបាលគយអាចអនុញ្ញាតឲ្យទំនិញដូចមានចែងក្នុងមាត្រា ១០ នៃច្បាប់នេះយកចេញពីកន្លែងបំពេញ បែបបទបញ្ចេញទំនិញពីគយមុនពេលបង់ពន្ធ អាករ និងកម្រៃនានាបន្ទាប់ពីបានបំពេញទម្រង់ការគយរួច និងនៅក្រោមការត្រួតពិនិត្យគយក្នុងគោលបំណង៖

  • ធ្វើសន្និធិគយបណ្តោះអាសន្ន
  • ធ្វើសន្និធិគយមានដែនកំណត់
  • ដឹកជញ្ជូនបន្តក្នុងរង្វង់ ឬតាមដែនគយ ឆ្ពោះទៅគម្យដ្ឋានតាមតម្រាយផ្លូវស្របច្បាប់ និងក្នុងរយៈពេលកំណត់ដោយគយរួមមាន ការឆ្លងកាត់ ការផ្ទេរមធ្យោបាយដឹកជញ្ជូន ឬ ការដឹកជញ្ជូនឆ្ពោះទៅកាន់ មកពី ឬ រវាងការិយាល័យ និងភណ្ឌាគារគយនានា (មាត្រា ១៣)។

ទំនិញនាំចូលទាំងឡាយ អាចទទួលបានការអនុញ្ញាតដោយរដ្ឋបាលគយឲ្យយកចេញតាមរបប ប្រវេសន៍កាលិក ប្រសិនបើក្នុងពេលនាំចូលអាចត្រូវបានបង្ហាញថាទំនិញទាំងនោះនឹងត្រូវនាំចេញទៅវិញ។ ទំនិញនាំចូលបណ្តោះអាសន្ន ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យគយ រហូតដល់ពេលដែលល័ក្ខខ័ណ្ឌផ្សេងៗ តាមរបបប្រវេសន៍កាលិកត្រូវបានបំពេញរួច (មាត្រា ១៥)។

ការនាំចេញ

ទំនិញគ្រប់ប្រភេទដែលនាំចេញត្រូវរាយការណ៍នៅការិយាល័យគយនិងរដ្ឋាករ ឬ ទីកន្លែងណាមួយតាម ការកំណត់របស់នាយកទីចាត់ការគយនិងរដ្ឋាករ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចចេញប្រកាសកំណត់ពេលវេលា របៀបរបប តម្រូវការឯកសារ កាលៈទេសៈ និងការលើកលែងមួយចំនួនពាក់ព័ន្ធនឹងការរាយការណ៍ ចរាចរ សន្និធិនិងការដឹកជញ្ជូន ទំនិញទាំងឡាយដែលត្រូវនាំចេញ (មាត្រា ១៦)។