ចំណាត់ថ្នាក់តាមតារាង ដើមកំណើត និងតម្លៃគិតពន្ធគយនៃទំនិញនាំចូលដែលបានបញ្ជាក់​នៅក្នុង ប្រតិវេទន៍គយ ត្រូវបានប្រកាសស្របទៅតាមវិធានដូចខាងក្រោមនេះ (មាត្រា ១៨)៖

  • បុគ្គល អ្នកនាំចូល ឬ ភ្នាក់ងាររបស់ខ្លួនដែលបំពេញប្រតិវេទន៍គយនៃទំនិញនាំចូលត្រូវតែប្រកាស អំពីចំណាត់ថ្នាក់តាមតារាងពន្ធ និងដើមកំណើតនៃទំនិញទាំងនោះដើម្បីធ្វើការគណនាពន្ធ និងអាករ។ រដ្ឋបាលគយត្រូវធ្វើការផ្ទៀងផ្ទាត់ចំណាត់ថ្នាក់តាមតារាង និងដើមកំណើត នៃទំនិញនាំចូល។
  • បុគ្គល អ្នកនាំចូល ឬ ភ្នាក់ងាររបស់ខ្លួនត្រូវទទួលខុសត្រូវក្នុងការប្រកាសឲ្យបានត្រឹមត្រូវ នូវតម្លៃគិតពន្ធគយ ដើម្បីបង់ប្រាក់ពន្ធ និងអាករ និងត្រូវលាតត្រដាងរាល់ព័ត៌មានទាំងអស់ វិក្កយបត្រ និងឯកសារផ្សេងទៀត ដើម្បីឲ្យរដ្ឋបាលគយអាចផ្ទៀងផ្ទាត់ និងធ្វើការកំណត់ឲ្យ បានត្រឹមត្រូវនូវតម្លៃគិតពន្ធគយនៃទំនិញនាំចូល។
  • ក្នុងរយៈពេលបី (៣) ឆ្នាំគិតចាប់ពីថ្ងៃចុះបញ្ចិកាប្រតិវេទន៍គយ បន្ទាប់ពីការធ្វើសវនកម្ម ការស៊ើបអង្កេត អធិការកិច្ច ឬការត្រួតពិនិត្យឡើងវិញនូវទំនិញនាំចូលរដ្ឋបាលគយអាចកំណត់ ឡើងវិញនូវចំណាត់ថ្នាក់តាមតារាង ឬ ដើមកំណើត ដែលបានប្រកាសដោយចេញនូវប្រវេសន៍។
  • នៅពេលដែលការធ្វើសវនកម្ម ការស៊ើបអង្កេត អធិការកិច្ច ឬ ការត្រួតពិនិត្យឡើងវិញ ត្រូវបានធ្វើឡើងនៅក្រោមមាត្រានេះ បានរកឃើញនូវសកម្មភាពខុសឆ្គងណាមួយនោះ ប្រវេសន៍ ត្រូវបានចេញចំពោះតែទំនិញដែលស្ថិតនៅក្រោមការស៊ើបអង្កេត ក្នុងរយៈពេលមិនលើសពីដប់ (១០) ឆ្នាំគិតពីថ្ងៃចុះបញ្ជិកាប្រតិវេទន៍គយ។
  • ពន្ធ និងអាករបន្ថែម កម្រៃផ្សេងទៀត និងការពិន័យទាំងអស់ ដែលជាប់ពីការចេញប្រវេសន៍នេះ ត្រូវតែបង់ជូនរដ្ឋបាលគយ។
  • រាល់ការបង្វិលសងវិញណាមួយនូវពន្ធ អាករ កម្រៃ និងការពិន័យដែលបានបង់លើស ដោយបុគ្គលអ្នកនាំចូល ឬ ភ្នាក់ងាររបស់ខ្លួនដែលកើតឡើងពីការចេញប្រវេសន៍ត្រូវតែបង្វិល សងវិញដោយរដ្ឋបាលគយ។

សម្រាប់គោលបំណងនៃការនាំចេញ និងនាំចូលទំនិញទាំងឡាយត្រូវបានធ្វើចំណាត់ថ្នាក់ ហើយពន្ធ និងអាករត្រូវបានគណនាស្របតាមតារាងពន្ធគយ វៀរលែងតែត្រូវបានលើកលែងដោយច្បាប់នេះ ឬ ច្បាប់ផ្សេងទៀតជាធរមាននៃព្រះរាជាណាចក្រកម្ពុជា (មាត្រា ១៩)។

សម្រាប់ការនាំចូល ការប្រមូលពន្ធ និងអាករនានា ត្រូវអនុវត្តស្របតាមដើមកំណើតនៃទំនិញ។​ ដើមកំណើតនៃផលិតផលធម្មជាតិនានាគឺជាប្រទេសដែលផលិតផលនោះត្រូវបានប្រមូល ឬ ទាញពីដី។ ទំនិញឧស្សាហផលដែលបានផលិតនៅក្នុងប្រទេសតែមួយ ដោយពុំមានការដាក់បញ្ចូលវត្ថុធាតុដើម ពីប្រទេសដទៃ គឺមានដើមកំណើតពីប្រទេសដែលឧស្សាហផលនោះត្រូវបានផលិត។ ប្រទេសនាំចេញគឺជាប្រទេសដែលទំនិញត្រូវបានគេបញ្ជូនដោយត្រង់សំដៅមកដែនគយ (មាត្រា ២០)។

តម្លៃគិតពន្ធគយលើទំនិញនាំចូល ត្រូវបានកំណត់ទៅតាមវិធានដូចខាងក្រោមនេះ (មាត្រា ២១) ៖

ក.   តម្លៃគិតពន្ធគយលើទំនិញនាំចូល គឺជាតម្លៃចម្លងការ មានន័យថាថ្លៃដែលបានទូទាត់ ឬ នឹងត្រូវទូទាត់ពិតប្រាកដ លើទំនិញដែលបានលក់សម្រាប់នាំចេញមកព្រះរាជាណាចក្រកម្ពុជា ស្របតាម បញ្ញត្តិនៃប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងវាក្យខណ្ឌ ជ នៃមាត្រា នេះ។

ខ.   ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិ នៃវាក្យខណ្ឌ ក នៃមាត្រានេះ តម្លៃគិតពន្ធគយគឺជាតម្លៃចម្លងការនៃទំនិញដូចគ្នា។

គ.   ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិ នៃវាក្យខណ្ឌ ក និងវាក្យខណ្ឌ ខ នៃមាត្រានេះ តម្លៃគិតពន្ធគយគឺជាតម្លៃចម្លងការនៃទំនិញប្រហាក់ប្រហែលគ្នា។

ឃ. ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យខណ្ឌខ និងវាក្យខណ្ឌ គ នៃមាត្រានេះ តម្លៃគិតពន្ធគយត្រូវផ្អែកលើវិធីសាស្រ្តអនុមាន។

ង.   ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យខណ្ឌ ខ វាក្យខណ្ឌ គ និងវាក្យខណ្ឌ ឃ នៃមាត្រានេះ តម្លៃគិតពន្ធគយត្រូវផ្អែកលើវិធីសាស្រ្តគណនា។

ច.   លំដាប់នៃការអនុវត្តនៃវាក្យខណ្ឌ ឃ និងវាក្យខណ្ឌ ង នៃមាត្រានេះអាចត្រូវត្រឡប់ចុះឡើងបានតាម សំណើរបស់អ្នកនាំចូល។

ឆ.    ប្រសិនបើតម្លៃគិតពន្ធគយនៃទំនិញនាំចូលពុំអាចត្រូវបានកំណត់ក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក វាក្យខណ្ឌខ វាក្យខណ្ឌ គ វាក្យខណ្ឌ ឃ និងវាក្យខណ្ឌ ង នៃមាត្រានេះ តម្លៃគិតពន្ធគយត្រូវផ្អែកលើ មូលដ្ឋានទិន្នន័យដែលមានស្រាប់ក្នុងដែនគយក្រោមល័ក្ខខ័ណ្ឌច្បាស់លាស់។

ជ.   រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬ រដ្ឋមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ត្រូវចេញប្រកាសកំណត់ នូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយ។

តម្លៃគិតពន្ធគយនៃទំនិញនាំចេញ គឺជាតម្លៃទំនិញនៅចំនុចនាំចេញ។ តម្លៃគិតពន្ធគយនេះនឹងត្រូវកំណត់ ដោយបូកថ្លៃដឹកជញ្ជូនទំនិញរួមទាំងរាល់ចំណាយទាំងឡាយ ដែលត្រូវបង់សម្រាប់ប្រតិបត្តិការ នាំចេញ រហូតដល់ព្រំដែន លើកលែងអាករនាំចេញ អាករក្នុងប្រទេស និងបន្ទុកប្រហាក់ប្រហែលដែលអ្នកនាំចេញ បានបង់និងមានបង្កាន់ដៃ (មាត្រា ២២)។