គោលបំណង

គោលបំណងនៃច្បាប់ស្តីពីគយគឺ៖

 • ផ្តល់សិទ្ធិគ្រប់គ្រង ត្រួតពិនិត្យ ប្រមូលពន្ធ និងកម្រៃផ្សេងៗលើទំនិញនាំចេញ ឬនាំចូល
 • ផ្តល់សិទ្ធិដាក់បទប្បញ្ញត្តិលើការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនឆ្លងកាត់នៃទំនិញនាំចេញ ឬនាំចូល
 • ជំរុញការបង្ការ និងបង្រ្កាបអំពើល្មើស និងអំពើរត់ពន្ធ
 • ចូលរួមអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់រាជរដ្ឋាភិបាល    នៃព្រះរាជាណាចក្រកម្ពុជា
 • ជំរុញនូវការអនុវត្តតាមស្តង់ដាអន្តរជាតិ និងការអនុវត្តល្អប្រសើរដែលពាក់ព័ន្ធទៅនឹងការ ត្រួតពិនិត្យគយនិងការសម្រួលពាណិជ្ជកម្ម។

ទីចាត់ការគយនិងរដ្ឋាករ ជាស្ថាប័នទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការអនុវត្តតាមបញ្ញត្តិនៃច្បាប់នេះ។ ស្ថាប័ននេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (មាត្រា១)

ដែនគយនិងវង់អំណាចគយ

ដែនគយមាន ដែនដី ដែនទឹក ដែនអាកាស និងកោះនានានៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលមានសិទ្ធិបង្កើតតំបន់រួចពន្ធនានា ដែលមិនស្ថិតនៅក្រោមការអនុវត្តទាំងស្រុង ឬភាគខ្លះ នូវនីតិវិធីគយ។

ច្បាប់នេះត្រូវអនុវត្ត៖

 • ដូចគ្នានៅក្នុងដែនគយទាំងមូល
 • ស្មើភាពគ្នាដោយឥតយោគយល់ចំពោះបុគ្គលណាឡើយ
 • ដោយពុំមានផ្តល់នូវអភ័យឯកសិទ្ធិ ឬរួចផុតពីការអនុវត្តនៃច្បាប់នេះចំពោះទំនិញនាំចេញ និងនាំចូលដោយក្នុងនាមរដ្ឋ (មាត្រា ៣)

ទំនិញនាំចេញ ឬនាំចូលទាំងអស់ គឺជាកម្មវត្ថុនៃការអនុវត្តតាមបញ្ញត្តិនៃច្បាប់នេះ។ ទំនិញទាំងឡាយ ដែលចូល មកក្នុង ឬចេញពីដែនគយ ត្រូវជាប់ពន្ធនាំចូល ឬនាំចេញ និងអាករ ដូចចែងក្នុងតារាងពន្ធគយ។ បែបបទស្តីពីការរៀបចំ និងការអនុវត្តតារាងពន្ធគយត្រូវចែងលំអិតក្នុងអនុក្រឹត្យ (មាត្រា ៥)។

វង់អំណាចគយមានមណ្ឌលសមុទ្រនិងមណ្ឌលដីគោក៖

ក.មណ្ឌលសមុទ្រមានព្រំដែនពីឆ្នេរទៅក្រៅចម្ងាយម្ភៃ (២០) គីឡូម៉ែត្រ។

ខ.មណ្ឌលដីគោកលាតសន្ធឹងៈ

 • ពីឆ្នេរសមុទ្រចូលមកក្នុងចម្ងាយម្ភៃ (២០) គីឡូម៉ែត្រ ព្រមទាំងដីចម្ងាយម្ភៃ (២០) គីឡូម៉ែត្រ ពីមាត់ទន្លេ មាត់ស្ទឹង មាត់ព្រែកដែលហូរចាក់ទៅសមុទ្រ មកទល់នឹងការិយាល័យគយនៅដើមគេ បង្អស់គិតពីសមុទ្រមក និងរង្វង់ម្ភៃ (២០) គីឡូម៉ែត្រ ជុំវិញការិយាល័យគយនេះ។
 • តាមព្រំដែនដីគោកមកខាងក្នុងចម្ងាយម្ភៃ (២០) គីឡូម៉ែត្រ។
 • ដើម្បីឲ្យងាយស្រួលដល់ការបង្រ្កាបបទល្មើស រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចចេញប្រកាស៖

គ.ពង្រីកជម្រៅមណ្ឌលដីគោករហូតដល់ហុកសិប​ (៦០) គីឡូម៉ែត្រសម្រាប់ទីកន្លែង និងរយៈពេលកំណត់ មួយ។

ឃ.កំណត់វង់អំណាចគយរហូតដល់បី (៣) គីឡូម៉ែត្រ ជុំវិញការិយាល័យគយដែលមិនស្ថិតក្នុងវង់អំណាច ដូចមានចែងខាងលើ។

វិធានការការពារផលិតករក្នុងស្រុក

រាជរដ្ឋាភិបាលអាចកំណត់បានដោយអនុក្រឹត្យចាត់វិធានការចាំបាច់នានា រាប់បញ្ចូលទាំងការដំឡើង អត្រាពន្ធ ដើម្បីការពារផលិតករកម្ពុជា នៅពេលដែលផលិតករក្នុងស្រុកត្រូវទទួលរងគ្រោះដោយកំណើន នៃការនាំចូល ឬ ដោយឧបត្ថម្ភធនដែលបានផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ចំពោះការនាំចូល ផលិតផលរបស់ខ្លួនមកកម្ពុជា ឬ​ដោយការលក់បង្ខូចថ្លៃទំនិញនៅលើទីផ្សារកម្ពុជា (មាត្រា ៧)។

ការជាប់អាយ័ត ឬកម្រិតកំណត់

រាជរដ្ឋាភិបាលអាចកំណត់បានដោយអនុក្រឹត្យនូវមុខទំនិញមួយចំនួនឲ្យជាប់អាយ័ត ឬកម្រិតកំណត់ក្រោម ល័ក្ខខ័ណ្ឌលើការនាំចេញ និងនាំចូលក្នុងគោលបំណងណាមួយដូចតទៅ (មាត្រា ៨)៖

 • សន្តិសុខជាតិ
 • សណ្តាប់ធ្នាប់សាធារណៈ និងតាមស្តង់ដានៃសុភាវធម៌ និងសីលធម៌
 • ការការពារសុខភាព និងជីវិតមនុស្ស សត្វ ឬ រុក្ខជាតិ
 • ការការពារបេតិកភណ្ឌជាតិ ដែលមានតម្លៃខាងសិល្បៈ ប្រវត្តិសាស្រ្ត ឬ បុរាណវត្ថុវិទ្យា
 • ការអភិរក្សធនធានធម្មជាតិ
 • ការតម្រូវតាមបញ្ញត្តិនានានៃច្បាប់ណាមួយជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
 • ការបំពេញកាតព្វកិច្ចក្រោមធម្មនុញ្ញសហប្រជាជាតិ

ដើម្បីប្រយុទ្ធប្រឆាំងអំពើល្មើសនិងអំពើរត់ពន្ធ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចចេញប្រកាស កំណត់នូវមុខទំនិញមានវេទយិតភាព ឬទំនិញដែលជាប់ពន្ធខ្ពស់ជាទំនិញកំណត់ពិសេស សម្រាប់គោល បំណងនៃច្បាប់នេះ ហើយអាចកំណត់បន្ថែមលើការត្រួតពិនិត្យ និងការដាក់កម្រិតបានលើការដឹកជញ្ជូន ចរាចរ សន្និធិ និងការកាន់កាប់រក្សាទំនិញ