សន្និធិគយបណ្តោះអាសន្ន គឺសំដៅលើសន្និធិទំនិញ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យគយ នៅកន្លែង ដែលទទួលការអនុញ្ញាត ដើម្បីរង់ចាំការបំពេញបែបបទបញ្ចេញទំនិញពីគយ។ អាជ្ញាប័ណ្ណសម្រាប់ ប្រតិបត្តិការ ទីកន្លែងសន្និធិគយបណ្តោះអាសន្ន ត្រូវសម្រេចដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មាត្រា ៤៣)។

ភណ្ឌាគារគយមានដែនកំណត់គឺជាទីកន្លែងដែលទំនិញត្រូវបានដាក់ សម្រាប់រយៈពេលជាក់លាក់មួយ ស្ថិតនៅក្រោមការត្រួតពិនិត្យគយ ដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់។ ការដាក់ទំនិញក្នុងភណ្ឌា គារគយមានដែនកំណត់ ត្រូវបានព្យួរការបង់ពន្ធ អាករ និងការដាក់កម្រិតកំណត់ដែលទំនិញទាំងនោះ ត្រូវជាប់។ ភណ្ឌាគារគយមានដែនកំណត់មានបីប្រភេទ៖

ក. ភណ្ឌាគារសាធារណៈ ដែលទទួលការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចធ្វើ ប្រតិបត្តិការ ដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬ ដោយបុគ្គលណាមួយបាន។ ភណ្ឌាគារនេះត្រូវបាន ប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលទាំងឡាយដែលមានសិទ្ធិធ្វើសន្និធិទំនិញ។

ខ. ភណ្ឌាគារឯកជន ត្រូវបានផ្តល់ការអនុញ្ញាតដោយនាយកទីចាត់ការគយនិងរដ្ឋាករ ត្រូវបានប្រើប្រាស់ ដោយឡែក ដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីការប្រើប្រាស់ដោយឡែក រាប់បញ្ចូល ទាំងប្រតិបត្តិករអគារលក់ទំនិញរួចពន្ធ។

គ. ភណ្ឌាគារពិសេស គឺជាភណ្ឌាគារដែលទទួលបានសិទ្ធិពីនាយកទីចាត់ការគយនិងរដ្ឋាករ សម្រាប់ថែរក្សាប្រភេទទំនិញគ្រោះថ្នាក់ប៉ះពាល់ដល់គុណភាពទំនិញដ៏ទៃទៀត ឬ អាចត្រូវការទីកន្លែង ពិសេសសម្រាប់រក្សាទំនិញទាំងនោះ។

អាជ្ញាប័ណ្ណសម្រាប់ភណ្ឌាគារគយមានដែនកំណត់ ត្រូវកំណត់នូវល័ក្ខខ័ណ្ឌសម្រាប់ម្ចាស់កម្មសិទ្ធិ និងប្រតិបត្តិកររាប់បញ្ចូលទាំងទីតាំង សំណង់ គម្រោងអគារ នីតិវិធីសម្រាប់ចាត់ចែង និងគ្រប់គ្រង (មាត្រា ៤៤)។

ទំនិញអាចរក្សាទុកក្នុងភណ្ឌាគារគយមានដែនកំណត់ រហូតដល់រយៈពេលពីរ (២) ឆ្នាំគិតពីថ្ងៃចុះបញ្ជិកា (មាត្រា ៤៦)។

ស្ថិតក្នុងកាលៈទេសៈជាក់ស្តែង រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចអនុញ្ញាតឲ្យបង្កើតភណ្ឌាគារ ផលិតកម្មមានដែនកំណត់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គយក្នុងគោលបំណងកែច្នៃ និងផលិតទំនិញ។ ផលិតផលដែលដាក់ចូលក្នុងភណ្ឌាគារផលិតកម្មមានដែនកំណត់ត្រូវព្យួរពន្ធ និងអាករនាំចូល (មាត្រា ៤៩)។​

ប្រតិបត្តិការកែច្នៃ ឬ ចំរាញ់តេលសិលាឆៅ ឬ បីទីមខនិជ ដើម្បីទទួលបានផលិតផលតេលសិលា ត្រូវដាក់ ឲ្យស្ថិតនៅក្រោមរបបភណ្ឌាគារផលិតកម្មមានដែនកំណត់បាន (មាត្រា ៥០)។