ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គុណ ញឹមប្រតិភូរាជ​រដ្ឋាភិបាល​​​​ទទួល​​បន្ទុក​ជាអគ្គនាយកនៃអគ្គ​​​​​​​​​​​​​​​​​​​​​​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បាន​ដឹកនាំគណៈប្រតិភូ​គយ​ចូលរួម​​វេទិកាស្តីពី “ The 10th Pan-Beibu Gult Economic Cooperation និង the 2nd China-Indochina Peninsula Economic Corridor Development” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅទីក្រុងណាននីន ប្រទេសចិន ដោយមានការចូលរួមពីមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងរដ្ឋាភិបាលនៃប្រទេសចិន ប្រទេសសមាជិកអាស៊ាន អាជ្ញាធរកំពង់ផែ សួនឧស្សាហកម្ម ភស្តុភារកម្ម សមាគមន៍ធរុកិច្ច អង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ ស្ថានទូត អ្នកជំនាញការ អ្នកកាសែត សរុបចំនួន ប្រមាណ៥០០នាក់។

វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីរំលឹកពីវឌ្ឍនភាពដែលសម្រចបាននៃវេទិកាលើកទី៩កន្លងមក និង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឈូងសមុទ្រ Pan-Beibu ព្រមទាំងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ នៃការអភិវឌ្ឍនិងភាពរីកចម្រើនតែមួយ។ នៅក្នុងវេទិកានេះ មានរៀបចំអនុវេទិកាចំនួនបីទន្ទឹមគ្នា រួមមាន៖ ១)សន្និសីទបណ្តាញការងារកិច្ចសហប្រតិបត្តិការទីក្រុងកំពង់ផែរវាងប្រទេសចិន និងអាស៊ាន​ ២)វេទិកាផ្លូវសេដ្ឋកិច្ច នៃ​ប្រទេសចិន និងអាស៊ាន និង៣) កិច្ចប្រជុំកំពូលក្រុមប្រឹក្សាឈូងសមុទ្រ Pan-Beibu។

នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨  ឯកឧត្តមបណ្ឌិត គុណ ញឹម ត្រូវបានផ្តល់កិត្តិយសដោយ រដ្ឋាភិបាលតំបន់ស្វយ័តក្វាំងស៊ី  ជាភ្ញៀវកិត្តិយសតំណាងឱ្យប្រទេសសមាជិកអាស៊ាន ថ្លែងសុន្ទរកថា​ និងជួប សម្តែងការគួរសមជាមួយ ឯកឧត្តម Lu Xinshe លេខាធិការ​បក្សនៃរដ្ឋាភិបាលតំបន់ស្វយ័តក្វាំងស៊ី និង​ឯកឧត្តម Chen Wu អភិបាលនៃតំបន់ស្វយ័តក្វាំងស៊ី។ ឯកឧត្តម​ប្រតិភូបានថ្លែងអំណរគុណចំពោះប្រទេសចិន និង រដ្ឋាភិបាលតំបន់ស្វយ័តក្វាំងស៊ី​ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ដែលជាផ្នែកមួយនៃ​ក្របខណ្ឌ​សហប្រតិបត្តិការ​ក្រោមគំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយផ្លូវមួយ (OBOR) និងគម្រោងផែនការ​មេ​ស្តីពីការតភ្ជាប់​របស់អាស៊ាន។ វេទិកានេះ​បាន​បង្កើតនូវយន្តការសហប្រតិបត្តិការ​និងផ្លាស់ប្តូរមតិយោបល់ រវាងប្រទេសចិន​និងអាស៊ានដើម្បីទទួលបាន​អត្ថប្រយោជន៍​រួមគ្នា និងសហប្រតិបត្តិការឈ្នះ-ឈ្នះ។

នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមប្រតិភូ​ក៏ត្រូវបានផ្តល់កិត្តិយសដោយរដ្ឋាភិបាលតំបន់ស្វយ័ត ក្វាំងស៊ី   អញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើក “ China-Indochina Economic Corridor Sub-Forum”។ នៅក្នុង សុន្ទរកថាបើក ឯកឧត្តមប្រតិភូបានរំលេចឡើងថា ប្រទេសចិននិងអាស៊ានបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ច សហប្រតិបត្តិការថ្នាក់តំបន់ និងគំនិតផ្តួចផ្តើមជាច្រើន ដូចជា៖ ផ្លូវសូត្រសេដ្ឋកិច្ចនិងផ្លូវសូត្រសមុទ្រ កិច្ចព្រមព្រៀង ឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ ​(GMS-CBTA) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គ-ឡានឆាង កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ASEAN-China FTA) កិច្ចពិគ្រោះយោបល់រវាងរដ្ឋបាលគយនៃអាស៊ាន និងរដ្ឋបាល គយចិនជាដើម។ បន្ថែមលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមទាំងអស់នេះ ក៏ដូចជាបង្កើន លទ្ធភាពក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសចិននិងអាស៊ាន ឯកឧត្តមប្រតិភូក៏បានបញ្ជាក់ថា រដ្ឋបាល គយនៃប្រទេសសមាជិកអាស៊ាន និងប្រទេសចិនត្រូវបន្តកិច្ចសម្របសម្រួលនិងសហប្រតិបត្តិការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាឱ្យមានលំហូរពាណិជ្ជកម្ម វិនិយោគ និងភ្ញៀវទេសចរណ៍ ដោយរលូនរវាងប្រទេសចិននិងអាស៊ាន។ ដោយវេទិកាបានពិភាក្សា និងផ្តោតលើការអភិវឌ្ឍ និងការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងរូបវន្ត ឯកឧត្តមប្រតិភូ បានស្នើវេទិកាពិចារណាលើការអភិវឌ្ឍផែ្នកទន់ដែលជាផ្នែកមួយសំខាន់ និងមិនអាចខ្វះបាន​ដើម្បី​ចូលរួម​បង្កើន ល្បឿន និងជំរុញប្រសិទ្ធភាព​កិច្ចសហ​ប្រតិ​បត្តិ​ការ​ក្នុងតំបន់ China-Indochina Economic Corridor Development នេះ រួមមាន៖ (១)ការតភ្ជាប់រវាងស្ថាប័ន និងស្ថាប័ននៃប្រទេសពាក់ព័ន្ធដូចជា រដ្ឋបាលគយ អន្តោប្រវេសន៍ អនាម័យនិងភូតគាមអនាម័យជាដើម (២)សាមញ្ញកម្មនិងសុខដុមនីយកម្មច្បាប់ និងបទប្បញ្ញត្តិ​ពាក់ព័ន្ធនានា ក្នុងការជួយសម្រួល និងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគ ពលកម្ម ទេសចរណ៍ និងមូលធន  (៣)កាត់បន្ថយ ជាអតិបរមានូវរបាំងមិនមែនពន្ធគយមិនចាំបាច់នានា ខណៈពេលដែលរបាំងពន្ធគយ​ត្រូវលុបបំបាត់​ស្ទើរតែ​ទាំង ស្រុងទៅហើយនៅក្នុងតំបន់នេះ​។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូក៏បានលើកឡើងពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃប្រទេស កម្ពុជា ដូចជាស្ថេរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច សង្គម ដោយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយមាន សុខសន្តិភាព និងជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងតំបន់និងពិភពលោក។ កម្ពុជាតែងតែចូលរួមយ៉ាង សកម្មគ្រប់កិច្ចសហប្រតិបត្តិការទាំងអស់ ដើម្បីការអភិវឌ្ឍនិងវឌ្ឍនភាពនៅក្នុងតំបន់និងពិភពលោក។ កម្ពុជាក៏ ដូចជាសមាជិកអាស៊ានដទៃទៀត គាំទ្រគំនិតផ្តួចផ្តើម ផ្លូវសូត្រសេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រ កិច្ចសហប្រតិបត្តិការ ឈូងសមុទ្រ Pan-Beibu និងការអភិវឌ្ឍផ្លូវសេដ្ឋកិច្ចនៃប្រទេសចិននិងអាស៊ាន។

ជាសរុបវេទិកានេះ បានបង្កើតនូវកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ដ៏មានសារៈសំខាន់មួយ ដែលមាន សក្តានុពល ទទួលបាននូវអត្ថប្រយោជន៍រួមគ្នា និងទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធ ក្រោមក្របខណ្ឌកិច្ច សហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ាន។IMG_9174IMG_9172 IMG_9173 photo_2018-05-26_17-25-28 photo_2018-05-26_17-25-33 photo_2018-05-26_17-25-38

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត