កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មុនពេលចាប់ផ្ដើមនៃសន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសហប្រតបត្តិការគយ នៅការិយាល័យលេខាធិការដ្ឋាននៃអង្គការគយពិភពលោកនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូគយ ជួបប្រជុំទ្វេភាគីជាមួយគណៈប្រតិភូគយជប៉ុនដែលដឹកនាំដោយឯកឧត្តមអគ្គនាយក Iizuka Atsuhi ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ជាពិសេសដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការអនុវត្តនីតិវិធីផ្ទេរ និងទទួលនាវាល្បាតគយចំនួនពីរគ្រឿង ស្របតាមខ្លឹមសារលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរគឺឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម តារ៉ូ កូណូ កាលពីថ្ងៃទី០៨ ខែ មេសាឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ។

អនុស្សរណៈនៃការអនុវត្ត (Memorandom of Implementation) នេះ សំដៅការអនុវត្តនីតិវិធីលម្អិតក្នុងការរៀបចំប្រគល់និងទទួលនាវាល្បាតចំនួនពីរគ្រឿង រួមមានការបំពាក់នូវប្រព័ន្ធនិងឧបករណ៍ចាំបាច់, ការលាបព៌ណនិងដាក់ស្លាកសញ្ញាគយកម្ពុជា, ការបណ្តុះបណ្តាលបច្ចេកទេសបញ្ជា និងថែទាំនាវាដល់មន្រ្តីនៃការិយាល័យនាវាចរគយ, ការដឹកជញ្ជូន និងការប្រគល់-ទទួលនាវាល្បាតគយទាំងពីរគ្រឿង ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានឲ្យដឹងថា នាវាល្បាតគយទាំងពីរគ្រឿងនេះនឹងដើរតួនាទីយ៉ាងសំខាន់ដល់ការពង្រឹងសមត្ថភាពការិយាល័យនាវាចរគយក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធនៅភូមិសាស្ត្រសមុទ្ទនិងតំបន់ឆ្នេរ ហើយការបង្ក្រាបអំពើរត់ពន្ធនេះនឹងផ្ដល់លទ្ធភាពឲ្យគយកម្ពុជាប្រមូលពន្ធ និងអាករចូលថវិកាជាតិកាន់តែល្អប្រសើរផង និងម្យ៉ាងទៀតក៏បង្កបរិយាកាសឲ្យការប្រកួតប្រជែងពាណិជ្ជកម្មលើទីផ្សារកម្ពុជាមានសមភាពផង។ អគរ បានបង្ហើបឲ្យដឹងដែរថា យោងតាមនីតិវិធីអនុវត្តដែលបានចុះហត្ថលេខានេះ នាវាល្បាតគយទាំងពីរគ្រឿងនោះ អាចនឹងដឹកជញ្ជូនមកដល់កម្ពុជានៅចុងខែតុលា ឆ្នាំ២០១៨ នេះ។

ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលគយជប៉ុន និងរដ្ឋាភិបាលជប៉ុនដែលបាននិងបន្តផ្ដល់ចំនួយបច្ចេកទេសជាបន្តបន្ទាប់ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រនិងកម្មវិធីការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា ។

1

2

3

4

5

6

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត