ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូគយនិងរដ្ឋាករកម្ពុជា ដោយអមដំណើរដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយករងគយនិងរដ្ឋាករកម្ពុជា និងលោក ជា សំណាង អនុប្រធានការិយាល័យបច្ចេកទេសគយ ទៅចូលរួមសន្និសីទអគ្គនាយកគយលើកទី១៥ នៃអង្គការគយពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែល បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នៅទីក្រុងកេន  ប្រទេស អូស្ត្រាលី ក្រោមអធិបតីភាពរបស់ លោក Scott Morrison រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍និងការពារ ព្រំដែនអូស្ត្រាលី។

សន្និសីទនេះមានការចូលរួមពីសំណាក់គណៈប្រតិភូគយជាប្រទេសសមាជិកចំនួន២៤ប្រទេសហើយការ ពិភាក្សាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំនេះបានផ្តោតទៅលើបញ្ហាគន្លឹះមួយចំនួនរួមមានគំនិតផ្តួចផ្តើមថ្មីៗស្តីពីកំណែទម្រង់ និងទំនើបកម្មគយ ក្រមសីលធម៌គយនិងការប្រឆាំអំពើពុករលួយជាពិសេសការពិភាក្សា ពីតួនាទីរបស់ស្ថាប័នគយក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មដែលបានព្រមព្រៀងគ្នានៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី៩របស់អង្គការពាណិជ្្ជកម្មពិភពលោក នៅក្រុងបាលី កាលខែធ្នូ ឆ្នាំ២០១៣កន្លងទៅនេះ ។ លោក Kunio Mikuriya អគ្គលេខាធិការ អង្គការគយ ពិភពលោកបានលើកឡើង ពីកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ចកម្ម ពិភពលោក(WTO ATF) ដែលនឹងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយរដ្ឋបាលគយពីព្រេាះផ្នែកទីមួយ នៃកិច្ចព្រមព្រៀងនេះលំអិតពីកាតព្វកិច្ចរបស់ ស្ថាប័នគយ និងផ្នែកទីពីរលំអិតពីការអនុវត្តកិច្ចព្រមព្រៀង នេះ។ អង្គការគយពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោកនឹងសហការគ្នាក្នុងការអនុវត្ត កិច្ចព្រមព្រៀងនេះ ដែលនឹងតម្រូវប្រើប្រាស់ជំនាញនិងឧបករណ៍គយដែលមានស្រាប់ជាច្រើន ។ លោកបានបន្តថានៅថ្នាក់ជាតិ កិច្ចសហការរវាងក្រសួងពាណិជ្ចកម្ម ព្រមទាំងក្រសួងផ្សេងៗទៀតជាមួយ ស្ថាប័នគយជាកត្កាសំខាន់ដើម្បីធានាបានជ័យជំនះនៃការអនុវត្តកិច្ចព្រមព្រៀងនេះ។

ក្នុងរបៀបវារៈនៃគំនិតផ្តួចផ្តើមកំណែទម្រង់ និងទំនើបកម្មគយ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានឡើងធ្វើ សន្ទរកថាអន្តរាគមន៍មួយដោយបង្ហាញពីភាពជោគជ័យរបស់កម្ពុជាក្នុងកិច្ចសម្រួលពាណិជ្ជកម្ម។ក្នុងកម្មវិធីកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជាឆ្នាំ២០០៩-២០១៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកសាងសមិទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួនដូចជាទំនើបកម្មច្បាប់និងបទប្បញ្ញត្តិ គយនានា ការកើនឡើងនូវចំណូលប្រមូលដោយគយ ការអនុវត្តតម្លៃចម្លងការរបស់ WTO  សវនកម្ម ក្រោយពេលបញ្ចេញទំនិញពីគយ កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ ការដាក់ឲ្យ ប្រើប្រាស់ឯកសាររដ្ឋបាលតែមួយជំនួសប្រតិវេទន៍គយទម្រង់ចាស់ ការធ្វើស្វ័យប្រវត្តិកម្មទិន្នន័យគយ តាមរយៈការដាក់ឲ្យអនុវត្តប្រព័ន្ធអាស៊ីគូដា ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើតយន្តការ ភាពជាដៃគូរគយវិស័យឯកជនជាដើម ។ លោក Michael Pezzullo អគ្គនាយកគយអូស្ត្រាលី និង លោក Kunio Mikuriya អគ្គលេខាធិកាអង្គការគយពិភពលោកបានស្ញើចសរសើរពីផ្លែផ្កានេះ ហើយបានកត់ សំគាល់នៅក្នុងរបាយការណ៍សន្និសីទពីភាពប្រសើរឡើងនូវសន្ទស្សន៍លទ្ធផលដឹកជញ្ជួនទំនិញ (LPI-Logistic Performance Index) របស់កម្ពុជាដែលបានធ្លាក់ចុះពីលេខរៀង១២៩ មកលេខរៀង៨៣ ក្នុងរយះពេល៤ឆ្នាំ។  ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានគូសបញ្ជាក់ថាកត្កាសំខាន់បំផុតដែលនៅពីក្រោយ ភាពជោគជ័យនេះ គឺកត្តាមនុស្ស ភាពជោគជ័យនេះមិនមែនកើតឡើងដោយមានមេដឹកនាំពូកែនោះទេ តែដោយសារតែមានមន្ត្រីនិងបុគ្គលិកពូកែ ។

លើសពីនេះ រដ្ឋបាលគយកម្ពុជាក៏កំពុងត្រៀមចូលជាភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិ ស្តីពីសាមញ្ញកម្ម និងស្តង់ដារកម្មនីតិវិធីគយ ឬអនុសញ្ញាក្យូតូកែសម្រួល ដែលជាធាតុសំខាន់មួយសម្រាប់អនុវត្ត កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ហើយនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីកំណែទម្រង់ និងទំនើបកម្មគយកម្ពុជា និងធ្វើឲ្យបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើងថែមទៀតនៅពេលអនាគត ។

ទាញយកឯកសារ(PDF)

ព័ត៌មានបន្ថែមសូមទំនាក់ទំនង cheasamnang@customs.gov.kh

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត