នាថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ១៦:០០ រសៀល ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដែល ដឹកនាំដោយលោក SANUI Kazumasa អ្នកជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងគោលបំណងពិភាក្សានិងស្វែងយល់ ពីស្ថានភាពបច្ចុប្បន្ន និងគោលនយោបាយរបស់ អគរ លើវិស័យដឹកជញ្ជូនទំនិញ (ឡូជីស្ទិក)។

ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូបានជម្រាបជូនអង្គប្រជុំ អំពីផែនការសកម្មភាព និងគម្រោងពេលវេលា នៃការបំពេញបេសកកម្មរបស់ខ្លួនដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ទី២៨ ខែមេសា ឆ្នាំ២០១៧ ដោយ បានជួបជាមួយក្រសួង/ស្ថាប័នជំនាញពាក់ព័ន្ធ និងប្រមូលព័ត៌មានទិន្នន័យ ជាធាតុចូលក្នុងការរៀបចំ ជាផែនការមេដឹកជញ្ជូនទំនិញ (Logistics Masterplan) សំដៅធ្វើឲ្យប្រសើឡើងនូវវិស័យដឹកជញ្ជូនទំនិញ នៅកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត គុណ ញឹម បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមាន របស់គណៈប្រតិភូ ដែលបានមកពេញបេសកកម្មនេះ។ ឯកឧត្តមក៏បានជម្រាបផងដែរថា ការងាររដ្ឋបាល គយ គឺជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូនទំនិញ ទាំងមូល ជាពិសេសពាក់ព័ន្ធការបញ្ចេញទំនិញពីគយ។ ដើម្បីកែលម្អការដឹកជញ្ជូនទំនិញ គឺត្រូវមានការចូលរួមពីគ្រប់ក្រសួង/ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ ផងដែរ។ ទន្ទឹមនេះ ឯកឧត្តមក៏បានបន្តជម្រាបជូនអង្គប្រជុំ ស្តីពីកំណែទម្រង់និងទំនើបកម្មក្នុងរដ្ឋបាលគយ រួមមាន ការកសាងច្បាប់និងបទប្បញ្ញត្តិដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការគយ ការអភិវឌ្ឍន៍ជាបន្តបន្ទាប់នូវ ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងកិច្ចសហការជាមួយវិស័យឯកជនដើម្បីកែលម្អនីតិវិធីគយនិងផ្តល់កិច្ចសម្រួល ពាណិជ្ជកម្មតាមរយៈយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ជាដើម ដែលជាលទ្ធផលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការធ្វើឲ្យសន្ទសន៍លទ្ធផលដឹកជញ្ជូនទំនិញ (Logistics Performance Index-LPI) របស់កម្ពុជាមានភាពប្រសើរឡើងពីលេខរៀងទី១២៩ នៅឆ្នាំ២០១០ មកលេខរៀងទី៧៣ នៅឆ្នាំ២០១៦ តាមរយៈការសិក្សារបស់ធនាគារពិភពលោក។ ទន្ទឹមនេះ អគរ ក៏បាននិងកំពុងអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរ តែមួយជាតិដោយមានការចូលរួមពីស្ថាប័នជំនាញពាក់ព័ន្ធ ដែលនៅពេលប្រព័ន្ធនេះលេចចេញជារូបរាង នឹងអាចជួយការដឹកជញ្ជូនទំនិញមានភាពល្អប្រសើរឡើងបន្ថែមទៀត។

ជំនួបពិភាក្សានេះនេះត្រូវបានបញ្ចប់នៅម៉ោង ១៧:០០ នាថ្ងៃដដែលក្រោមបរិយាកាសរីករាយប្រកបដោយ កិច្ចសហប្រតិបត្តិការល្អនិងស្និទ្ធស្នាល។

18192282_1343197612400302_3641514953838773856_o18238459_1343197615733635_7048029430365531234_o18155929_1343197619066968_2440809689190017092_o

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត