នាព្រឹកថ្ងៃទី០១ ខែកញ្ញា ២០១៦ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា (អគរ) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគមន៍អឺរ៉ុបដែលដឹកនាំដោយលោក Daniel GONZALEZ-LEVASSOR ជាអនុព័ន្ធទទួលបន្ទុកពាណិជ្ជកម្ម និងអភិវឌ្ឍន៍វិស័យឯកជន ក្នុង​គោល​បំណង​ពិនិត្យ​វឌ្ឍនភាពនៃការអនុវត្តអភិក្រមគ្របដណ្តប់វិស័យពាណិជ្ជកម្មកម្ពុជា (Cambodia Trade SWAp​) ដោយ​ផ្តោត​​សំខាន់​​លើវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) និង​គម្រោងបញ្ជរ​តែ​មួយ​ជាតិ​​សម្រាប់​​ជាមូល​ដ្ឋាន​ពិនិត្យពិចារណាកំណត់​អាទិភាពក្នុងការផ្តល់ គម្រោងជំនួយបន្ថែមទៀតក្រោយពីកម្មវិធីគាំទ្រ​ការ​អភិវឌ្ឍន៍​​ពាណិជ្ជ​​​កម្ម​ត្រូវបានបញ្ចប់នៅចុងខែសីហា ឆ្នាំ​២០​១៦។​IMG_5027

លោក Daniel GONZALEZ-LEVASSOR បានជម្រាបជូនថា សហគមន៍អឺរ៉ុបមានគម្រោងផ្តល់មូលនីធិ​សម្រាប់​ក្រប​ខណ្ឌ​តំបន់អាស៊ាន សំដៅសម្រេចឲ្យបាននូវកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជាពិសេសកិច្ចសម្រួលពាណិជ្ជ​កម្ម ក្នុងនោះ​កម្ពុជាក៏អាចនឹងទទួល​បានផល​ប្រយោ​ជន៍​ពីគម្រោងជំនួយនេះ ផងដែរ តាមរយៈក្របខណ្ឌតំបន់និង​ក្រប​ខណ្ឌ​​ទ្វេភាគី ដែលមានលំនាំដូចគម្រោង ARISE (ប្រព័ន្ធឆ្លងកាត់គយ) COMPASS (ស្ថិតិពាណិជ្ជកម្ម) ។ល។ ទន្ទឹមនេះលោកក៏បានគាំទ្រ និងលើកទឹកចិត្ត ឲ្យ អគរ ជាអ្នកផ្តួចផ្តើម ដោយលើកសំណើសុំគម្រោងពាក់ព័ន្ធនឹងការងារ​គយ​ដែល​​ជាអាទិភាព។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធអាស៊ីគូដា ដែល​គិត​មក​ដល់ពេលនេះ បានដាក់ឲ្យ​អនុវត្ត​នៅ​ ការិយាល័យគយនិងរដ្ឋាករទាំងអស់ សរុបចំនួន ៦៥ កន្លែង​ដែល​គ្រប​ដណ្តប់​ប្រមាណ​ជា ៩៩.៩៩% នៃទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុប។ ជាមួយគ្នានេះដែរ មុខងារសំខាន់​ៗនៃប្រព័ន្ធអាស៊ីគូដា រួមមាន មុខ​​ងារ​ប្រព័ន្ធ​​​​និវេទ​ន៍​​​​​ប័ណ្ណ ​​មុខងារ​​​ភណ្ឌា​​គារ​​គយ​មាន​​ដែន​កំណត់ មុខងារបំពេញទិន្នន័យប្រតិវេទន៍គយតាម ប្រព័ន្ធអ៊ីនធើណែត មុខងារប្រតិវេទន៍គយសង្ខេប មុខងារ​គ្រប់​គ្រង​លិខិត​អនុញ្ញាតដឹកជញ្ជូនទំនិញទូទៅ និងមុខទំនិញ ផលិតផលតេលសិលាក៏ត្រូវបាន​ដាក់​ឲ្យអនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ តាម​មធ្យោ​បាយអេឡិកត្រូនិក។ ទន្ទឹមនេះប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​វិញ្ញាបនបត្រដើម​កំណើត​ទំនិញ​របស់​ក្រសួង​ពាណិជ្ជកម្ម​​ក៏ត្រូវបានដាក់ឲ្យដំណើរការផងដែរ។ ការតភ្ជាប់​ប្រព័ន្ធ​​ទាំង​ពីរ​​នេះ ជាមូលដ្ឋានរឹងមាំសម្រាប់ដំណាក់កាល​តំបូង​នៃការអភិវឌ្ឍ​ប្រព័ន្ធបញ្ជរ​តែមួយជាតិ សំដៅ​តភ្ជាប់​ទៅ​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​អាស៊ាន​។ ឯកឧត្តម​អគ្គ​នា​យក​បានស្នើគណៈប្រតិភូសហគមន៍អឺរ៉ុប ពិនិត្យ​លទ្ធភាព​គាំទ្រ​ជាអាទិភាព​លើ​ការងារអភិវឌ្ឍនិងអនុវត្តប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ ។​IMG_5019

ជាកិច្ចឆ្លើយតប លោក Daniel GONZALEZ-LEVASSOR ​ក៏បានស្នើសុំជួប​ប្រជុំជាមួយ​មន្រ្តី​ជំនាញ​នៃអគរ​ ដើម្បី​សិក្សា​ស្វែង​​យល់​លម្អិតបន្ថែមទៀតអំពីវឌ្ឍនភាពនៃការអនុវត្តនៃប្រព័ន្ធអាស៊ីគូដា ប្រព័ន្ធបញ្ជរ តែមួយជាតិ កិច្ចព្រម​ព្រៀង​​​​សម្រួល​​ពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធឆ្លងកាត់ គយអាស៊ាន ដើម្បី​ជាមូល​ដ្ឋាន​ក្នុង​ការ​ពិចារ​ណា​​​ផ្តល់​​ការ​គាំទ្រ​បន្តទៀត។

កិច្ចប្រជុំ បាន​បញ្ចប់​នៅវេលាម៉ោង ១១:០០ នាទី ថ្ងៃដដែលក្រោម​បរិយាកាស​ការងារ និងស្និទ្ធស្នាល ។

IMG_5026

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត