នៅថ្ងៃពុធ ៧ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរសៀលម៉ោង ០៣:០០ នាទី ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូផ្នែកស៊ើបអង្កេតនៃការិយាល័យអនុវត្តច្បាប់គយនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក ដឹកនាំដោយលោក Russell J. Bash ជាអនុព័ន្ធប្រចាំប្រទេសកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិការលើការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃនិងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀត។

ឯកឧត្តមប្រតិភូបានថ្លែងស្វាគមន៍លោក Russell J. Bash ដែលត្រូវបានតែងតាំងជាអនុព័ន្ធប្រចាំប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់ការិយាល័យអនុវត្តច្បាប់គយនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិកដែលបានផ្តល់កិច្ចសហការល្អលើការងារប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃនិងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀតនាពេលកន្លងមក។ ជាលទ្ធផល ករណីជួញដូរភ្លុកដំរីត្រូវបានបង្រ្កាបនៅកំពង់ផែក្រុងព្រះសីហនុ និងផែស្ងួត ជាដើម។ ទន្ទឹមនេះ ឯកឧត្តមប្រតិភូក៏បានលើកឡើងពីការងារដែល អគរ បាននិងកំពុងអនុវត្តក្នុងការទប់ស្កាត់និងបង្ក្រាបការរត់ពន្ធសត្វព្រៃ ជាពិសេសកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយមន្រ្តីអនុវត្តច្បាប់ពីបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិកក្រោមក្របខណ្ឌកម្មវិធីត្រួតពិនិត្យកុងតឺន័រ​ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ និងចែករំលែកព័ត៌មានសម្ងាត់ សំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ លើការងារប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ។

លោក Russell J. Bashក៏បានថ្លែងអំណរគុណឯកឧត្ដមបណ្ឌិតគុណ ញឹម ដែលបានផ្តល់ការគាំទ្រនិងកិច្ចសហការល្អជាមួយការិយាល័យអនុវត្តច្បាប់គយនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិកលើការងារប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃនិងបទឧក្រិដ្ឋឆ្លងដែន នាពេលកន្លងមកផងដែរ។ ទន្ទឺមនេះ លោក Russell J. Bashក៏បានលើកឡើងពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរលើការងារផ្លាស់ប្តូរព័ត៌មានសម្ងាត់ការជួញដូរគ្រឿងញៀន សត្វព្រៃ និងបទឧក្រិដ្ឋឆ្លងដែននានា និងការផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីគយនិងរដ្ឋាករកម្ពុជាពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ។

ជាកិច្ចឆ្លើយតប ឯកឧត្តមប្រតិភូក៏បានគាំទ្រ និងបានថ្លែងអំណរគុណដល់ការិយាល័យអនុវត្តច្បាប់គយនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលបាននិងកំពុងជួយដល់រដ្ឋបាលគយកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សលើការងារប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ។

photo_2018-11-15_09-07-27

20181115_090928

20181115_090950

 

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត