នាព្រឹកថ្ងៃទី២៤ ខែសីហា ២០១៦ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា (អគរ) បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីការិយាល័យស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​​អាស៊ាន​បូក​៣ ដឹកនាំដោយលោកស្រី Ng Chuin Hwei ដើម្បីពិគ្រោះយោបល់លើ​ដំណើរ​​វិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ានបូកបី។​ កិច្ចប្រជុំ​ខាងលើ​បានពិភាក្សា​លើ​ប្រធានបទសំខាន់ៗ មួយចំនួនរួមមាន៖ (១)​លទ្ធផល​​ចំណូល​ដែល​ប្រមូលបានដោយ ​អគ្គនាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជា (២)ស្ថានភាព​ទូទៅនៃ​ការនាំចេញ​​/នាំចូល (៣)ការ​ប្រគួត​ប្រជែង​របស់កម្ពុជាក្នុងតំបន់ និង(៤)វិស័យ សំខាន់ៗរបស់កម្ពុជា។IMG_4970

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានជម្រាបពីលទ្ធផលចំណូល ក្នុងឆមាសទី១ ឆ្នាំ ​២០១៦ ដែលសម្រេច​បានជាង ៨៨៣ លានដុល្លារអាមេរិក មានកំណើនប្រមាណ ១៩,៤% បើធៀប​នឹងឆមាសទី១ ឆ្នាំ​ ២០១៥ ដែលជាលទ្ធផលនៃការ​អនុវត្តវិធានការគន្លឹះមួយចំនួនដូចជា ការកែលម្អការងារអភិបាលកិច្ច ការងារបច្ចេកទេសគយ ការអនុវត្តវិធានការ​ជម្រុញ​ការអនុវត្តច្បាប់ (ទប់ស្កាត់និងបង្ក្រាប អំពើរត់គេចពន្ធ) និងកិច្ចសម្រួលពាណិជ្ជកម្ម។ ទន្ទឹមនេះ ឯកឧត្តម​ក៏បាន​លើក​ឡើងពីការបាត់បង់ចំណូលគយ ពី​ការអនុវត្ត​កិច្ចព្រមព្រៀ​ង​ពាណិជ្ជកម្ម​​​សេរី​នានា ដែល​ក្នុង​រយៈពេល៦ខែ ដើមឆ្នាំ​២០១៦នេះមានប្រមាណជាង ៧០ លានដុល្លាអាមេរិក និង​រំពឹងថា​បាត់បង់​ដល់ ១៥០​លាន​ដុល្លារ​អាមេរិកក្នុងឆ្នាំ២០១៦។ ដោយហេតុនេះ អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បានចាត់វិធាន​ការ​ប៉ះប៉ូវ​នានា​​តាមរយៈ ការដំឡើង​អាករពិសេស​លើផលិតផល​មួយចំនួន។

នៅចុងបញ្ចប់ ឯកឧត្តមអគ្គនាយក អគរ បានកត់សំគាល់លើដំណើរការផលិតកម្ម និងការនាំចេញ របស់កម្ពុជា ដែល បាន​វិវត្ត​ពីផលិតផលគុណភាពទាប ទៅគុណភាពមធ្យមនិងខ្ពស់ និងពីផលិតផលប្រើ បច្ចេកវិទ្យាទាប ទៅរក បច្ចេកវិទ្យា​​​ទំនើប ​ដោយមានការចូលរួមពីក្រុមហ៊ុនវិនិយោគបរទេស ដែល​ជាកត្តា ចូលរួមក្នុង​ ពិពិធកម្ម​នៃ​ការនាំចេញ​របស់​កម្ពុជា។ ជាកិច្ចឆ្លើយតប ក្រុម​ការងារនៃការិយាល័យស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ានបូក៣ បានថ្លែង​អំណរគុណ ដល់ឯកឧត្តមបណ្ឌិត គុណ ញឹម ដែលអនុញ្ញាតឲ្យមាន កិច្ចប្រជុំ​ថ្ងែនេះ ព្រមទាំង​កិច្ចសហការ​ដែល អគរ បានផ្តល់​ដល់ការិយាល័យស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ានបូកបី កន្លងមក។IMG_4976

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត