នាព្រឹកថ្ងៃចន្ទ ៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា   អគ្គនាយកដ្ឋានពន្ធដារនិង  អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័​យប្រ​វត្តិកម្មទិន្នន័យរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋា​​ន​​គយនិងរដ្ឋាករកម្ពុជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ​ ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារចម្រុះ និងក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានទាំំងពីរ សរុបប្រមាណ ៥០ នាក់។

អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើងតាមប្រកាសលេខ ៥៦៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីសហការនិងសម្របសម្រួលក្នុងការផ្តល់ជូនគ្នាទៅវិញទៅមកនូវព័ត៌មាន និងទិន្នន័យ ដែលអាចបម្រើឱ្យការសិក្សា វិភាគ លើកវិធានការពង្រឹងការគ្រប់គ្រងនិងបង្កើនការប្រមូលចំណូលពន្ធដារ និងចំណូលពន្ធគយ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ក៏ដូចជាចូលរួមពង្រឹងការអនុវត្ត   បទបញ្ជារាជរដ្ឋាភិបាលស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និង  បង្ក្រាបអំពើគេចវេសពន្ធនានា។

ការដាក់ឱ្យដំណើរការនូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋា​​ន​​គយនិងរដ្ឋាករកម្ពុជា នាពេលនេះ បានបង្ហាញពីវឌ្ឍនភាពថ្មីនៃការចាប់យកនូវ​សក្តានុពល ​និ​ង​កាលា​នុវត្តនៃបច្ចេកវិទ្យា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័នឱ្យកាន់តែល្អប្រសើរបន្ថែមរវាង​អគ្គ​នាយ​កដ្ឋានទាំងពីរ លើការចែករំលែកទិន្នន័យតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដោយធ្វើទំនើបកម្មភាពទាន់សម័យ ទាន់សភាពការណ៍នៃកំណើនសេដ្ឋកិច្ច និងកាន់តែច្បាស់លាស់ នៃព័ត៌មាន ទិន្នន័យ ស្របតាមកម្មវិធីកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល២០១៩- ២០២៣ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ក៏ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញរដ្ឋាភិបាលអេឡិកត្រូនិក (e-Government) និងបដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសជាការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពផងដែរ ទៅនឹងការសម្រួលផ្នែកធុរកិច្ច (ease of doing business) ផង លើកតម្កើងឱ្យមានភាពស្មើគ្នានៃការវិនិយោ​គ​ផង ព្រមទាំងឆ្លើយតបទៅនឹងផលប៉ះពាល់​ពីជំងឺផ្លូវដង្ហើមបណ្តាលមកពីមេរោគ កូវីដ-១៩​ ដែល​តម្រូវឱ្យរក្សាគម្លាតសង្គម ​និង​កាត់​បន្ថយ​ការជួបជុំគ្នា។

ក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម បានអភិវឌ្ឍ និងរៀបចំលក្ខណៈបច្ចេកទេសរួចរាល់ជាស្ថាពរ ដោយបានដាក់ឱ្យដំណើរការសាកល្បង (Soft Launching) នូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យរវាងអគ្គនាយកដ្ឋានទាំងពីរ កាលពីថ្ងៃទី២៥  ខែវិច្ឆិកា ឆ្នាំ២០២០។មុខងារ សន្ធានកម្មនេះ នឹងអនុញ្ញាតឱ្យអគ្គនាយ​ក​ដ្ឋា​នទាំងពីរ អាចទាញយកទិន្នន័យចេញពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋាន​ពន្ធដារ ឬអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានស្របតាមតម្រូវការភ្លាមៗ ប្រកបដោយតម្លាភាព និងសុ​វ​ត្ថិ​ភា​ពខ្ពស់។ ទិន្នន័យដែលត្រូវចែករំលែកតាមមុខងារសន្ធានកម្មប្រព័ន្ធ ស្វ័យប្រវត្តិកម្ម និងតាមការស្នើសុំ រួមមាន៖

  • ព័ត៌មាននៃការចុះបញ្ជីសហគ្រាស
  • ព័ត៌មាននៃការប្រកាសសារពើពន្ធ
  • ព័ត៌មាននៃការប្រកាសប្រតិវេទន៍ទំនិញនាំចេញ-នាំចូល
  • ទិន្នានុប្បវត្តិទិញ-លក់ និង
  • ព័ត៌មានចាំបាច់មួយចំនួនទៀត

មុខងារសន្ធានកម្មប្រព័ន្ធស្វ័​យប្រ​វត្តិកម្មទិន្នន័យរវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋា​​ន​​

គយនិងរដ្ឋាករកម្ពុជា នឹងដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះតទៅ។

អង្គពិធីនេះ បានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។
backdrop-v6

5X5A2319 (2) 5X5A2323 5X5A2338 (2)

5X5A2368 (2)

5X5A2428 (2)

5X5A2440 (2) 5X5A2474 5X5A2514 (2) 5X5A2526 (2)

 

5X5A2489 5X5A2558 (2)

5X5A2353 (2)

5X5A2354

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត