ការឆ្លងកាត់គយគឺជានីតិវិធីគយដែលអនុញ្ញាតឲ្យដឹកទំនិញពីការិយាល័យគយមួយទៅការិយាល័យគយមួយទៀតក្រោមការត្រួតពិនិត្យរបស់គយដោយព្យួរពន្ធនិងអាករនាំចូល។ ការឆ្លងកាត់មានពីរ (២)ប្រភេទគឺ៖ ការឆ្លងកាត់ជាតិ និងការឆ្លងកាត់អន្តរជាតិ។
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ៖
- ប្រកាសលេខ ៥០៨ សហវ.ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការឆ្លងកាត់គយ
- សេចក្តីណែនាំលេខ ៧៩០ គរ ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០០៨ ស្តីពីនីតិវិធីនៃការឆ្លងកាត់គយ
- ប្រកាសលេខ ៩០៧ សហវ.ប្រក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ស្តីពីការកំណត់កម្រៃឆ្លងកាត់លើមុខទំនិញមួយចំនួនដែលស្ថិតក្រោមនីតិវិធីឆ្លងកាត់គយ
- សេចក្តីណែនាំលេខ ១០៩០ អគរ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៨ ស្តីពីការអនុវត្តនីតិវិធីនៃការឆ្លងកាត់គយ
ការឆ្លងកាត់ជាតិ
ការឆ្លងកាត់ជាតិមានន័យថាជាការដឹកជញ្ជូនទំនិញពី ក)ការិយាល័យគយមាត់ច្រកចូលឆ្ពោះទៅកាន់ ការិយាល័យគយមួយទៀត ខ)ការិយាល័យគយមួយឬ ទីកន្លែងបញ្ចេញទំនិញពីគយដែលមាន ការអនុញ្ញាតទៅការិយាល័យគយមួយនាមាត់ច្រកចេញ និងគ)ការិយាល័យគយមួយឬ ទីកន្លែងបញ្ចេញ ទំនិញពីគយដែលមានការអនុញ្ញាតទៅការិយាល័យគយមួយទៀតឬ ទីកន្លែងបញ្ចេញទំនិញពីគយ ដែលមានការអនុញ្ញាតផ្សេងទៀតនៅក្នុងដែនគយ។
ការអនុវត្តនីតិវិធីឆ្លងកាត់ជាតិដូចខាងក្រោម៖
ក.ទំនិញនាំចូលឆ្លងកាត់ទៅផែស្ងួត
- ប្រតិបតិ្តករត្រូវទទួលការអនុញ្ញាតជាមុនពី អគរ ដើម្បីអនុវត្តនីតិវិធីនៃការឆ្លងកាត់គយ
- ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
- មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
- កុងតឺន័រអាចត្រូវស្កែននៅការិយាល័យចេញដំណើរឬ ការិយាល័យគយណាមួយនៅភ្នំពេញ
- ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រានិងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួនដូចជាតម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ
- ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់
- មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅផែស្ងួត។
ខ.ទំនិញនាំចូលឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេស
- ប្រតិបតិ្តករត្រូវធ្វើលិខិតស្នើសុំទៅការិយាល័យចេញដំណើរដើម្បីដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិមកតំបន់សេដ្ឋកិច្ចពិសេស។ លិខិតស្នើសុំនេះត្រូវមានការបញ្ជាក់ពីតំណាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេស
- ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
- មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
- ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រានិងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួនដូចជាតម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ
- ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់
- មន្រ្តីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅតំបន់សេដ្ឋកិច្ចពិសេស។
គ.ទំនិញនាំចេញឆ្លងកាត់ទៅមាត់ច្រកចេញ
- មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រកចេញ ត្រួតពិនិត្យប្រក្រតីភាពនៃសៀលគយលើ មធ្យោបាយដឹកជញ្ជូន ឬ កុងតឺន័រឆ្លងកាត់ ដោយផ្ទៀងផ្ទាត់ជាមួយឯកសារឆ្លងកាត់។ ក្នុងករណីយល់ថា ពុំមានភាពមិនប្រក្រតី មន្រ្តីគយកាត់សៀលគយចេញ មុននឹងអនុញ្ញាតឲ្យដឹកជញ្ជូនចេញ
- មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រក បោះត្រា ’បានកាត់សៀលគយរួច” និងចុះហត្ថលេខា លើកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ ដែលមាន ចុះហត្ថលេខារវាងមន្ត្រីគយនិងរដ្ឋាករនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្ត្រីកាំកុងត្រូល នៃការិយាល័យកាំកុងត្រូលផែស្ងួត។
ការឆ្លងកាត់អន្តរជាតិ
ការឆ្លងកាត់អន្តរជាតិគឺជាការដឹកជញ្ជូនទំនិញពីការិយាល័យគយមាត់ច្រកចូល ចូលទៅក្នុងដែនគយ ឆ្ពោះទៅកាន់ការិយាល័យគយមាត់ច្រកចេញ ចេញទៅក្រៅដែនគយ។ ប្រតិបត្តិករត្រូវទទួលការអនុញ្ញាត ពីអគរ ដើម្បីអនុវត្តនីតិវិធីឆ្លងកាត់អន្តរជាតិ និងត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖
ក.នៅមាត់ច្រកចូល
- ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
- មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចត្រូវបំពេញក្នុងផ្នែក A និង C នៃប្រតិវេទន៍គយ។ ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ចត្រូវបោះត្រានិងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌ មួយចំនួន ដូចជាតម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ
ខ.នៅមាត់ច្រកចេញ
- ប្រតិបត្តិករនីតិវិធីនៃការឆ្លងកាត់គយ ឬ តំណាងរបស់ខ្លួន បង្ហាញប្រតិវេទន៍គយបំព្រួញ ជូនដល់មន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ច
- មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនាមាត់ច្រកចេញ ត្រួតពិនិត្យនូវប្រក្រតីភាពនៃត្រា ឬ សៀលគយលើមធ្យោបាយដឹកជញ្ជូន ឬ កុងតឺន័រឆ្លងកាត់។ ក្នុងករណីយល់ថាពុំមានភាពមិនប្រក្រតី មន្ត្រីគយនិង រដ្ឋាករ បញ្ជាក់នៅក្នុងផ្នែក D នៃប្រតិវេទន៍គយ រួចកាត់ត្រា ឬ សៀលគយចេញមុនអនុញ្ញាតឲ្យដឹកជញ្ជូនឆ្លងកាត់ប្រទេសទីបី។