ផ្លូវសមុទ្រ/ផ្លូវទន្លេ
ការនាំចូលទំនិញតាមផ្លូវសមុទ្រ/ផ្លូវទន្លេត្រូវអនុវត្តតាមនីតិវិធីមួយចំនួន ដូចជាការធ្វើបែបបទនាវាចូល ការងារឃ្លាំង និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- អនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកំណត់និងការគ្រប់គ្រង ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
- ប្រកាសលេខ ៥៧២ សហវ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ ស្តីពីការ រាយការណ៍អំពីទំនិញនាពេលចូលក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជា
- លិខិតលេខ ០១បប ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០០២ ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក.ការធ្វើបែបបទនាវាចូល
នីតិវិធីនៃការធ្វើបែបបទនាវាចូល ដូចខាងក្រោម៖
១. ពេលនាវាមកដល់ចំនុចសូន្យ ភ្នាក់ងារនាវាចរ ត្រូវជូនដំណឹងដល់មន្ត្រីគយទទួលបន្ទុកធ្វើបែបបទ នាវាជាមុន។
២. ពេលនាវាចូលចតនៅកំពង់ផែហើយ មន្ត្រីគយទទួលបន្ទុកធ្វើបែបបទនាវា និងសមត្ថកិច្ចពាក់ព័ន្ធ រួមមានកំពង់ផែស្វយ័ត នគរបាលអន្តោប្រវេសន៍ ចត្តាឡីស័ក្ត ភ្នាក់ងារនាវាចរ និងតំណាងក្រុមហ៊ុន ដឹកជញ្ជូន ឡើងធ្វើបែបបទលើនាវា។
៣. ឯកសារដែលនាវាបតីត្រូវបង្ហាញជូនសមត្ថកិច្ចពាក់ព័ន្ធដែលឡើងធ្វើបែបបទលើនាវារួមមាន៖
- របាយការណ៏នាវា
- និវេទន៍ប័ណ្ណទំនិញ
- និវេទន៍ប័ណ្ណសំភារៈប្រើប្រាស់របស់នាវិក
- បញ្ជីឈ្មោះនាវិក
- បញ្ជីផ្ទេរទំនិញ
- បញ្ជីឈ្មោះអ្នកដំណើរ
- អញ្ញត្តិប័ណ្ណ
- កិច្ចសន្យាជួលនាវា
- វិញ្ញាបនបត្រចុះបញ្ជីនាវានិងឯកសារដទៃទៀតតាមការតម្រូវរបស់រដ្ឋបាលគយ ដើម្បីអនុវត្តវិធានការគយ។
៤. នៅពេលមន្ត្រីគយពិនិត្យរួច គ្មានភាពមិនប្រក្រតីទេ មន្ត្រីគយបញ្ចប់ការធ្វើបែបបទ ដោយការចុះថ្ងៃខែឆ្នាំចុះហត្ថលេខា និងបោះត្រាលើនិវេទន៍ប័ណ្ណ រួចបញ្ជូនទៅផ្នែកទទួលនិងគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ។
ខ.ការងារឃ្លាំង
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងទំនិញ គ្មានការទាមទារ
- ប្រកាសលេខ ១០៦ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីសន្និធិគយបណ្តោះអាសន្ន
នីតិវិធីការងារឃ្លាំង៖
១. ទំនិញរាយនិងទំនិញមិនផ្ទុកនៅក្នុងកុងតឺន័រ (ផ្ទេរចូលឃ្លាំង)៖
- មន្ត្រីគយទទួលបន្ទុកឃ្លាំងទទួលបានពាក្យសុំផ្ទេរទំនិញចូលឃ្លាំងមួយច្បាប់ ដើម្បីកត់ត្រាក្នុងបញ្ជី តាមដានទំនិញរាយរបស់ខ្លួន។
- ពេលជើងសាគយបញ្ចប់ប្រតិវេទន៍គយនិងមកទទួលយកទំនិញ មន្រ្តីគយទទួលបន្ទុកឃ្លាំង កាត់ស្តុកទំនិញនោះចេញពីក្នុងបញ្ជីតាមដានរបស់ខ្លួន និងចេញប័ណ្ណបញ្ចេញទំនិញ ពីឃ្លាំងចំនួនពីរ (២)ច្បាប់។ មួយច្បាប់រក្សាទុកសម្រាប់មន្រ្តីគយទទួលបន្ទុកឃ្លាំង និងមួយច្បាប់ទៀតឲ្យជើងសាគយ សម្រាប់ទៅយកទំនិញពីឃ្លាំង។
២. ទំនិញពេញកុងតឺន័រ៖
- ក្រោយពេលធ្វើបែបបទនាវារួច មន្ត្រីគយទទួលបន្ទុកទីលានទទួលបាននូវនិវេទន៍ប័ណ្ណ ចំនួនមួយ (០១)ច្បាប់ ដើម្បីកត់ត្រាក្នុងបញ្ជីតាមដានកុងតឺន័រ។
- ពេលជើងសាបញ្ចប់ប្រតិវេទន៍គយនិងមកទទួលយកកុងតឺន័រទំនិញ មន្ត្រីគយទទួលបន្ទុកទីលាន កាត់ស្តុកកុងតឺន័រទំនិញនោះចេញពីក្នុងបញ្ជីតាមដានរបស់ខ្លួន និងចេញលិខិតអនុញ្ញតដឹកជញ្ជូនទំនិញនាំចូល ក្នុងករណី ដែលទំនិញផ្ទុកច្រើនជាងមួយកុងតឺន័រ ដោយមានការបញ្ជាក់ពីកាលបរិច្ឆេទ លេខរថយន្ត គម្យដ្ឋាន និងរយៈពេលដល់គម្យដ្ឋាន។
៣.រយៈពេលរក្សាទុកទំនិញក្នុងសន្និធិគយបណ្តោះអាសន្ន
- មានរយៈពេលសែសិបប្រាំ (៤៥) ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជិកាទំនិញមកដល់
- ផុតរយៈពេលនេះ ទំនិញត្រូវដាក់ក្នុងនិក្ខិត្តភ័ណ្ឌគយ ហើយម្ចាស់ទំនិញត្រូវបង់កម្រៃ ០.១% លើតម្លៃគិតពន្ធគយក្នុងមួយថ្ងៃ
- ប្រសិនបើទំនិញត្រូវបានរក្សាទុកលើសពីរយៈពេលបី (៣)ខែគិតចាប់ពីថ្ងៃកត់ត្រាចូលក្នុងបញ្ជី នៃសន្និធិគយបណ្តោះអាសន្នទំនិញទាំងនោះត្រូវបានចាត់ទុកថាជាទំនិញគ្មានការទាមទារ។
គ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ
រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលនាំចូលទំនិញតាមកំពង់ផែអន្តរជាតិផ្លូវសមុទ្រ/ផ្លូវទន្លេនីមួយៗ ត្រូវបំពេញ ប្រតិវេទន៍គយនាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងដាក់ជូនមន្ត្រីគយមានសមត្ថកិច្ច នៅការិយាល័យបំពេញបែបបទបញ្ចេញទំនិញ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ ។
ឃ.ការងារស្កែន
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- លិខិតលេខ ៤៣៧ គ.រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ស្តីពីការចាប់ផ្តើម ដាក់អោយដំណើរការជាផ្លូវការនូវស្ថានីយ៍ត្រួតពិនិត្យកុងតែនឺរតាមប្រព័ន្ធ TC-SCAN
- លិខិតលេខ ៨២៣ គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីសេចក្តីណែនាំបន្ថែម និងការកែសម្រួលប្រភេទទំនិញដែលត្រូវឆ្លងស្ថានីយ៍ត្រួតពិនិត្យតាមប្រព័ន្ធ TC-SCAN
- លិខិតលេខ ១៣៥៨ អ.គ.រ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការសម្រួល ពាណិជ្ជកម្មបន្ថែមទៀតដល់វិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេស
- ប្រកាសលេខ ៣១៦ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលកម្រៃត្រួតពិនិត្យទំនិញតាមប្រព័ន្ធម៉ាស៊ីនស្កែន
- លិខិតលេខ ៧៩០ អ.គ.រ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តិកម្មលើកទឹកចិត្តជូនធុរជនដែលជាសមាជិកក្រុមធុរជនល្អបំផុត
- លិខិតលេខ ១៤៨៩ អ.គ.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីនីតិវិធីនៃការអនុវត្តយន្តការឃ្លាំមើលអនុលោមភាពសមាជិកក្រុមធុរជនល្អបំផុត
- លិខិតលេខ ១៨៦៧ អ.គ.រ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីគយតាមបណ្តាផែស្ងួត
កុងតឺន័រដែលត្រូវឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម៖
១.ចំពោះទំនិញដែលត្រូវបំពេញបែបបទនៅមាត់ច្រកចូល
រាល់ទំនិញនាំចូលតាមកុងតឺន័រទាំងអស់ត្រូវស្កែន លើកលែងតែ៖
- ទំនិញនាំចូលសម្រាប់អង្គទូត ឬ អង្គការមានអភ័យឯកសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល
- ទំនិញជាអំណោយមនុស្សធម៌ ជាជំនួយ ការនាំចូលតាមរយៈឥណទានកម្ចីរបស់រដ្ឋ ព្រមទាំងទំនិញ នាំចូលរបស់អង្គភាពរដ្ឋ
- ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ
- ទំនិញនាំចូលដោយក្រុមធុរៈជនល្អបំផុត តាមគោលការណ៍នៃការគ្រប់គ្រងហានីភ័យគយ
- កុងតឺន័រទទេ។
២.ចំពោះទំនិញដែលត្រូវដឹកជញ្ជូនក្រោមរបបឆ្លងកាត់ជាតិ
- ប្រតិបត្តិករផែស្ងួតទាំងអស់ អាចជ្រើសរើសម៉ាស៊ីនស្កែននៅមាត់ច្រកចូលតាមសមុទ្រ/ទន្លេ ឬ នៅការិយាល័យគយនិងរដ្ឋាករផែស្ងួតណាមួយដែលមានម៉ាស៊ីនស្កែន
- ទំនិញឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេសត្រូវបានលើកលែងការស្កែន។
៣.កម្រៃត្រួតពិនិត្យទំនិញឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម
- តម្លៃសាមសិបពីរ (៣២) ដុល្លារអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំចាប់ពីសែសិប (៤០) ហ្វីតឡើង
- តម្លៃម្ភៃ (២០) ដុល្លាអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំក្រោមសែសិប (៤០) ហ្វីត។
កំណត់សម្គាល់៖ ទំនិញនាំចូលតាមកុងតឺន័រដែលជាកម្មវត្ថុនៃការលើកលែងស្កែន និងកម្រៃត្រួតពិនិត្យ ទំនិញឆ្លងកាត់ម៉ាស៊ីនស្កែននេះ អាចនឹងមានការកែសម្រួល ប្រសិនបើមានការតម្រូវណាមួយពី អគរ។
ផ្លូវអាកាស
ការនាំចូលទំនិញតាមផ្លូវអាកាសត្រូវអនុវត្តតាមនីតិវិធីមួយចំនួន ដូចជានីតិវិធីនិងការធ្វើបែបបទយន្តហោះ ការងារឃ្លាំង និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៍គយ
- ប្រកាសលេខ ១០៦ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីសន្និធិគយបណ្តោះអាសន្ន
- ប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងទំនិញគ្មានការទាមទារ
ក.នីតិវិធីនិងការធ្វើបែបបទយន្តហោះ
- យន្តហោះចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជូនដំណឹងដល់អាជ្ញាធរនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- ពេលហោះហើរក្នុងដែនអាកាសកម្ពុជា មិនអនុញ្ញាតឲ្យទម្លាក់ទំនិញខុសពីតម្រាយផ្លូវឡើយ លើកលែងតែករណីដែលបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចគយដែលនៅជិតបំផុតនៅនឹងកន្លែងចុះចត
- ការលើកដាក់ទំនិញឥវ៉ាន់អ្នកដំណើរចុះឡើងពីយន្តហោះត្រូវមានការអនុញ្ញាតនិងការត្រួតពិនិត្យពីមន្រ្តីគយ
- នៅពេលមន្រ្តីគយធ្វើការត្រួតពិនិត្យឆែកឆេរយន្តហោះ អាកាសយានិក ឬ អ្នកតំណាងត្រូវបង្កលក្ខណៈងាយស្រួលក្នុងពេលបំពេញភារកិច្ច
- ក្នុងករណីយន្តហោះដែលមានគ្រោះថ្នាក់ ឬ មានការចៀសវាងគ្រោះថ្នាក់ រួចមានការចុះចតនៅចំណតអាកាសយានដ្ឋានណាមួយដែលគ្មានមន្រ្តីគយ ក្នុងករណីនេះអាកាសយាននិក ឬ អ្នកតំណាង ត្រូវរាយការណ៍ ឲ្យរដ្ឋអំណាចមូលដ្ឋានទីនោះធ្វើការត្រួតពិនិត្យជំនួសមន្រ្តីគយ។
ខ.ការងារឃ្លាំង
ទំនិញនាំចូលតាមផ្លូវអាកាសទាំងអស់ ត្រូវរក្សារក្នុងសន្និធិគយបណ្តោះអាសន្នក្រោមការគ្រប់គ្រងក្រោមការគ្រប់គ្រងរបស់គយ ត្រូវរង់ចាំបំពេញបែបបទបញ្ចេញទំនិញពីគយ មុននឹងអនុញ្ញាតដាក់ឲ្យប្រើប្រាស់បានក្នុងប្រទេស ឬ ដាក់ក្រោមរបបគយមួយផ្សេងទៀតបាន។
- មានរយៈពេលសាមសិបប្រាំ (៣០) ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជិកាទំនិញមកដល់
- ផុតរយៈពេលនេះ ទំនិញត្រូវដាក់ក្នុងនិក្ខិត្តភ័ណ្ឌគយ ម្ចាស់ទំនិញត្រូវបង់កម្រៃ ០.១% លើតម្លៃគិតពន្ធគយ ក្នុងមួយថ្ងៃ
- ប្រសិនបើទំនិញត្រូវបានរក្សាទុកលើសពីរយៈពេលបី (៣)ខែគិតចាប់ពីថ្ងៃកត់ត្រាចូលក្នុងបញ្ជី នៃសន្និធិគយបណ្តោះអាសន្ន ទំនិញទាំងនោះត្រូវបានចាត់ទុកថាជាទំនិញគ្មានការទាមទារ។
គ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ
រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលដែលនាំចូលទំនិញតាមអាកាសយានដ្ឋានអន្តរជាតិនីមួយៗ ត្រូវបំពេញ ប្រតិវេទន៍គយនាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងប្រគល់ជូនមន្ត្រីគយមានសមត្ថកិច្ចគយនៅមាត់ច្រកអាកាសយានដ្ឋានអន្តរជាតិនីមួយៗ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ។
ផ្លូវគោក
ការនាំចូលទំនិញតាមផ្លូវគោកត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- លិខិតលេខ ១៧៣៥ សហវ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៦ ស្តីពីបែបបទនៃការគ្រប់គ្រងទំនិញនាំចូលតាមផ្លូវគោកដោយប្រើប្រាស់កំពង់ផែសមុទ្រអន្តរជាតិនៃប្រទេសជាប់ព្រំដែនកម្ពុជា តាមរបបឆ្លងកាត់ (Customs Transit) ប្រទេសទាំងនោះ ដោយផ្តុកក្នុងកុងតឺន័រ
- ប្រកាស ៥៧២ ចុះថ្ងៃទី១៩ សីហា ២០១០ ស្តីពីការរាយការណ៍អំពីទំនិញ នាពេលចូលក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជា។
ក.ទម្រង់ការគយមុនពេលប្រកាសទំនិញ
នៅពេលដែលទំនិញមកដល់មាត់ច្រកព្រំដែនគោក នៃព្រះរាជាណាចក្រកម្ពុជា មា្ចស់ទំនិញ ឬ តំណាង ត្រូវធ្វើការរាយការណ៍មករដ្ឋបាលគយ។
ខ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ
រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលដែលនាំចូលទំនិញតាមមាត់ច្រកព្រំដែនគោកនីមួយៗ ត្រូវបំពេញប្រតិវេទន៍គយ នាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងប្រគល់ជូនមន្ត្រីគយមានសមត្ថកិច្ចគយនៅមាត់តាមមាត់ច្រក ព្រំដែនគោកនីមួយៗដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ។
គ.ការងារស្កែន
ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ប្រកាសលេខ ៣១៦ សហវ. ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលកម្រៃត្រួតពិនិត្យទំនិញតាមប្រព័ន្ធម៉ាសីនស្កេន
- លិខិតលេខ ៧៩០ អគរ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តកម្មលើកទឹកចិត្ត ធុរជនក្រុមហ៊ុនដែលជាសមាជិកក្រុមធុរជនល្អបំផុត។
- លិខិតលេខ ១៨៦៨ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការពង្រឹងប្រសិទ្ធភាព នៃការប្រើប្រាស់ម៉ាស៊ីនស្កែននូវការិយាល័យគយ និង រដ្ឋាករបាវិត
១.ចំពោះទំនិញដែលត្រូវបំពេញបែបបទនៅមាត់ច្រកចូល៖
- រាល់ទំនិញនាំចូលតាមកុងតឺន័រទាំងអស់ត្រូវស្កែន លើកលែងតែ៖
- ទំនិញនាំចូលសម្រាប់អង្គទូត ឬ អង្គការមានអភ័យឯកសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល
- ទំនិញជាអំណោយមនុស្សធម៌ ជាជំនួយ ការនាំចូលតាមរយៈឥណទានកម្ចីរបស់រដ្ឋ ព្រមទាំងទំនិញ នាំចូលរបស់អង្គភាពរដ្ឋ
- ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ
- ទំនិញនាំចូលដោយក្រុមធុរៈជនល្អបំផុត តាមគោលការណ៍នៃការគ្រប់គ្រងហានីភ័យគយ
- កុងតឺន័រទទេ។
២.ចំពោះទំនិញដែលត្រូវដឹកជញ្ជូនក្រោមរបបឆ្លងកាត់ជាតិ៖
- ប្រតិបត្តិករផែស្ងួតទាំងអស់ អាចជ្រើសរើសម៉ាស៊ីនស្កែននៅមាត់ច្រកចូលតាមសមុទ្រ/ទន្លេ ឬនៅការិយាល័យគយនិងរដ្ឋាករផែស្ងួតណាមួយដែលមានម៉ាស៊ីនស្កែន
- ទំនិញឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេសត្រូវបានលើកលែងការស្កែន។
៣.កម្រៃត្រួតពិនិត្យទំនិញឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម៖
- តម្លៃ ៣២ (សាមសិបពីរ) ដុល្លារអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំចាប់ពី ៤០ ហ្វីតឡើង
- តម្លៃ ២០ (ម្ភៃ) ដុល្លាអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំក្រោម ៤០ ហ្វីត។
កំណត់សម្គាល់៖
- ទំនិញនាំចូលតាមកុងតឺន័រដែលជាកម្មវត្ថុនៃការលើកលែងស្កែន និងកម្រៃត្រួតពិនិត្យទំនិញ ឆ្លងកាត់ម៉ាស៊ីនស្កែននេះ អាចនឹងមានការកែសម្រួល ប្រសិនបើមានការតម្រូវណាមួយពី អគរ។
- ទំនិញនាំចូលតាមផ្លូវគោកដោយប្រើប្រាស់កំពង់ផែសមុទ្រអន្តរជាតិនៃប្រទេសជាប់ព្រំដែនកម្ពុជា តាមរបបឆ្លងកាត់ (Customs Transit) ត្រូវអនុវត្តដូចខាងក្រោម (លិខិតលេខ១៧៣៥សហវ)៖
- តម្រូវឲ្យទំនិញនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រើប្រាស់របបគយឆ្លងកាត់ (Customs Transit) ប្រទេសជាប់ព្រំដែនកម្ពុជាតាមផ្លូវគោកទាំងអស់ ត្រូវផ្ទុកក្នុងកុងតឺន័រ ដោយភ្ជាប់ ជាមួយនូវអញ្ញត្តប័ណ្ណ (Bill of lading) ផ្លូវសមុទ្រផងដែរ និងមិនអនុញ្ញាតឲ្យរើបំបែកទំនិញចេញ ពីកុងតឺន័រជារូបភាពតូចៗ មុនបញ្ចប់បែបបទគយនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ
- ចំពោះទំនិញដូចរៀបរាប់ និងមានកំណត់ដូចចែងខាងលើនេះហើយនៅតែបន្តនាំចូលតាម រូបភាពបំបែករាយក្រៅកុងតឺន័រនោះ ត្រូវមានការអនុញ្ញាតជាមុនពីអគរ ដើម្បីពិនិត្យសម្រេច តាមករណីជាក់ស្តែងនីមួយៗ។