ផ្លូវសមុទ្រ/ផ្លូវទន្លេ
នីតិវិធីនៃការនាំចេញទំនិញដោយបំពេញបែបបទនៅមាត់ច្រកផ្លូវសមុទ្រ/ផ្លូវទន្លេ ៖
- អ្នកនាំចេញ ឬ តំណាងត្រូវធ្វើលិខិតស្នើសុំនាំចេញទំនិញទៅប្រធានអង្គភាពគយនិងរដ្ឋាករ មាត់ច្រកដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ
- ប្រធានអង្គភាពគយនិងរដ្ឋាករមាត់ច្រក ពិនិត្យលើពាក្យស្នើសុំនិងឯកសារភ្ជាប់ ព្រមទាំងចុះ ហត្ថលេខាអនុញ្ញាតឲ្យនាំចេញតាមសំណើ ប្រសិនបើពុំមានភាពមិនប្រក្រតី
- ក្រោយពេលទទួលបានការអនុញ្ញាតឲ្យនាំចេញ អ្នកនាំចេញ ឬ តំណាងត្រូវបំពេញនីតិវិធី នៃការបំពេញប្រតិវេទន៍គយ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ ។
ការងារស្កែន
រាល់ទំនិញនាំចេញតាមកុងតឺន័រទាំងអស់ត្រូវស្កែន លើកលែងតែ៖
- ទំនិញនាំចេញដែលជាផលិតផលសម្រេចរបស់វិនិយោគិនវិស័យកាត់ដេរ ដែលបានបំពេញ បែបបទនៅសាខាគយនិងរដ្ឋាករនាំចេញ
- ទំនិញនាំចេញ ដែលត្រូវបានត្រួតពិនិត្យរួបវ័ន្តដោយមន្ត្រីគយនៃអង្គភាពគយនិងរដ្ឋាករមាត់ច្រករួច នាពេល ផ្ទុកចូលកុងតឺន័រ
- ទំនិញនាំចូលសម្រាប់អង្គទូត ឬ អង្គការមានអភ័យឯកសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល
- ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ
- កុងតឺន័រទទេ។
ផ្លូវអាកាស
ទំនិញនាំចេញទាំងអស់ ត្រូវរាយការណ៍នៅការិយាល័យគយ ឬ ទីកន្លែងផ្សេងទៀត ទៅតាមការកំណត់ របស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជា។ ទំនិញទាំងនោះ នឹងត្រូវរក្សាទុកបណ្តោះអាសន្ននៅទីកន្លែងដែល គ្រប់គ្រងដោយរដ្ឋបាលគយ (សន្និធិគយបណ្តោះអាសន្ន) រង់ចាំបំពេញបែបបទបញ្ចេញទំនិញពីគយ មុន នឹងអនុញ្ញាតយកទំនិញចេញ។
នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ
អ្នកនាំចេញទំនិញទាំងអស់ត្រូវភ្ជាប់ឯកសារពាក់ព័ន្ធដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ ។
ផ្លូវគោក
នីតិវិធីនៃការនាំចេញទំនិញដោយបំពេញបែបបទនៅមាត់ច្រកផ្លូវគោក ៖
- អ្នកនាំចេញ ឬ តំណាងត្រូវធ្វើលិខិតស្នើសុំនាំចេញទំនិញទៅប្រធានអង្គភាពគយនិងរដ្ឋាករ មាត់ច្រកដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ
- ប្រធានអង្គភាពគយនិងរដ្ឋាករមាត់ច្រក ពិនិត្យលើពាក្យស្នើសុំនិងឯកសារភ្ជាប់ ព្រមទាំងចុះ ហត្ថលេខាអនុញ្ញាតឲ្យនាំចេញតាមសំណើ ប្រសិនបើពុំមានភាពមិនប្រក្រតី
ក្រោយពេលទទួលបានការអនុញ្ញាតឲ្យនាំចេញ អ្នកនាំចេញ ឬ តំណាងត្រូវបំពេញនីតិវិធីនៃការបំពេញ ប្រតិវេទន៍គយ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ ។