ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

 • ប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិ និងនីតិវិធីប្រតិវេទន៍គយ (​ ទាញយក )
 • សេចក្តីណែនាំលេខ ១៣០៨ អគរ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីនីតិវិធីលំអិត និងភារកិច្ច ទទួលខុសត្រូវក្នុងដំណើរការប្រតិវេទន៍គយ

នីតិវិធីប្រតិវេទន៍គយតាមប្រព័ន្ធស្វ័យប្រវត្ថិកម្មទិន្នន័យគយ

ការដាក់ប្រតិវេទន៍គយ (ឯកសាររដ្ឋបាលតែមួយ Single Administrative Document-SAD)តាមប្រព័ន្ធស័្វយប្រវត្តិកម្មទិន្នន័យគយ  (Automated System for Customs Data -ASYCUDA) មានដំណើរការ​តាមគំនូសបំព្រួញដូចខាងក្រោម៖

 

ការដាក់ឲ្យដំណើរការប្រព័ន្ធ ASYCUDA​ ផ្តល់លទ្ធភាពឲ្យដាក់ប្រតិវេទន៍គយ និងឯកសារពាក់ព័ន្ធផ្សេង ទៀត​តាមមធ្យោបាយអេឡិចត្រូនិក។

នីតិវិធីទូទៅដែលអ្នកនាំចូល នាំចេញ និងអ្នកតំណាង ត្រូវអនុវត្តតាមសម្រាប់ការដាក់ប្រតិវេទន៍គយតាម   មធ្យោបាយអេឡិចត្រូនិក តាមនីតិវិធីដូចខាងក្រោម៖។

១.ការរៀបចំ និងការបោះពុម្ពប្រតិវេទន៍គយ

ជើងសាគយ ឬ ប្រតិវេទករត្រូវបំពេញប្រតិវេទន៍គយដោយផ្ទាល់ទៅក្នុងប្រព័ន្ធ ASYCUDA។ ប្រព័ន្ធនេះ នឹងឆែកពិនិត្យប្រតិវេទន៍ ផ្ទៀងផ្ទាត់ទៅនឹងឯកសារយោងដែលមាននៅក្នុងប្រព័ន្ធ និងដំណើរការត្រួតពិនិត្យ មួយចំនួន។ ប្រព័ន្ធនឹងអនុញ្ញាតឲ្យចុះបញ្ជិការួច អាចទុកជាមោឃៈបានបន្ទាប់ពីមានការអនុញ្ញាតពី អគរ ។ មានតែប្រតិវេទន៍ដែលចុះបញ្ជីការួចប៉ុណ្ណោះ ត្រូវបានចាត់ទុកជាឯកសារគតិយុត្ត។

បន្ទាប់ពីចុះបញ្ជិការួច ជើងសា ឬ ប្រតិវេទករត្រូវបោះពុម្ព និងចុះហត្ថលេខាលើប្រតិវេទន៍ចុះបញ្ជីការួច ចំនួន ២ ច្បាប់ ដាក់ជូនមន្រ្តីគយមានសមត្ថកិច្ច ដោយភ្ជាប់ជាមួយនូវឯកសារយោងទាំងអស់ដែលតម្រូវ។

ប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិ ជូនជាព័ត៌មានដល់ជើងសាគយ ឬ ប្រតិវេទករពីស្ថានភាពនៃដំណើរការ​​ ប្រតិវេទន៍។

២.ការដាក់ប្រតិវេទន៍គយ

មន្រ្តីគយនៅផ្នែកទទួលឯកសារ ឆែកពិនិត្យមើលប្រតិវេទន៍គយចុះបញ្ជិការួចទម្រង់ជាក្រដាស និងឯកសារយោងនានា ជាមួយទិន្នន័យក្នុងប្រព័ន្ធ ដើម្បីឲ្យប្រាកដថា ប្រតិវេទន៍គយត្រូវបានបំពេញ ត្រឹមត្រូវ បានបោះពុម្ពច្បាស់និងអាចអានបាន មានចុះហត្ថលេខាដោយជើងសាគយ ឬ ប្រតិវេទករ និងមានឯកសារភ្ជាប់ចាំបាច់នានាត្រូវដាក់ជាមួយនឹងប្រតិវេទន៍គយ។

មន្រ្តីគយអាចបដិសេធប្រតិវេទន៍ណាមួយដែលមិនស្របតាមតម្រូវការ នៃកថាខ័ណ្ឌទី១ខាងលើ។

៣.ច្រកដំណើរការប្រតិវេទន៍គយ

នៅពេលប្រតិវេទន៍គយត្រូវបានឆែកពិនិត្យគ្រប់គ្រាន់និងត្រឹមត្រូវ មន្រ្តីគយបញ្ជាប្រព័ន្ធឲ្យវាយតំលៃ ប្រតិវេទន៍គយ។ ដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យគ្រប់គ្រងហានិភ័យ ប្រព័ន្ធនឹងកំណត់ច្រកដំណើរការ​ ប្រតិវេទន៍គយដូចខាងក្រោម៖

 • ច្រកក្រហមៈ ប្រតិវេទន៍គយនឹងត្រូវបានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយឯកសារ ហើយទំនិញ នឹងត្រូវធ្វើអធិការកិច្ចជារូបវ័ន្ត មុនពេលធ្វើការប្តូរច្រកប្រតិវេទន៍គយទៅ ច្រកបៃតង និងវាយតំលៃ ដោយមន្រ្តីគយ។
 • ច្រកលឿងៈ ប្រតិវេទន៍គយនឹងត្រូវបានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយឯកសារ មុនពេលធ្វើការ ប្តូរ​ច្រកប្រតិវេទន៍គយទៅ ច្រកបៃតង និងវាយតំលៃដោយមន្រ្តីគយ។
 • ច្រកបៃតងៈ ប្រតិវេទន៍គយត្រូវបានវាយតំលៃដោយស្វ័យប្រវត្តិ ហើយចេញឯកសារបញ្ចេញ ទំនិញ។​ប្រតិវេទន៍គយទម្រង់ជាក្រដាស អាចជាកម្មវត្ថុនៃការធ្វើសវនកម្មក្រោយពេលបញ្ចេញ ទំនិញ។
 • ច្រកខៀវៈ ប្រតិវេទន៍គយត្រូវផ្តល់ប្រព្រឹត្តកម្មដូចគ្នាទៅនឹងច្រកបៃតង ជាកម្មវត្ថុនៃការធ្វើសវនកម្ម ក្រោយពេលបញ្ចេញទំនិញ ជាមួយហេតុផលជាក់លាក់។

ក្នុងករណីដែលប្រតិវេទន៍ត្រូវបានជ្រើសរើសឲ្យដំណើរការតាមច្រកក្រហម និងលឿងមន្រ្តីគយផ្ទៀងផ្ទាត់ លក្ខណៈវិនិច្ឆ័យជ្រើសរើសដែលបណ្តាលឲ្យប្រតិវេទន៍គយត្រូវបានជ្រើសរើសដាក់បញ្ចូលក្នុងច្រកនេះ។ ប្រព័ន្ធនឹងបង្ហាញពីតម្រូវការពិសេសដែលត្រូវឆែកពិនិត្យ ដូចជាការតម្រូវឲ្យមានអាជ្ញាប័ណ្ណនាំចូល ឲ្យដក​ គំរូទំនិញ ប្រវត្តិនៃការគេចពន្ធ។ល។

៤.កន្លែងសាកសួរ

ប្រតិវេទន៍គយដែលត្រូវបានរកឃើញកំហុសឆ្គង ឬ ភាពមិនប្រក្រតីនានា នាពេលត្រួតពិនិត្យឯកសារ ឬពេលត្រួតពិនិត្យទំនិញជារូបវ័ន្ត ត្រូវបញ្ជូនទៅកន្លែងសាកសួរ។​ ជើងសាគយ ឬ ប្រតិវេទករ នឹងត្រូវ ជូនដំណឹងថាប្រតិវេទន៍គយបានបញ្ជូនទៅ “កន្លែងសាកសួរ” និងហេតុផលដែលនាំឲ្យមានការបញ្ជូនករណី នេះទៅ “កន្លែងសាកសួរ”។

នៅពេលទទួលបានការជូនដំណឹង ជើងសាគយ ឬ ប្រតិវេទករ ត្រូវបង្ហាញខ្លួននៅ “កន្លែងសាកសួរ”។ ការកែតម្រូវណាមួយលើប្រតិវេទន៍គយ នឹងត្រូវពិភាក្សារវាងមន្រ្តីគយផ្នែកសាកសួរ និងជើងសាគយ ឬ ប្រតិវេទករ។ ប្រសិនបើមិនមានការព្រមព្រៀង មន្រ្តីគយត្រូវរៀបចំរបាយការណ៍ ឬ កំណត់ហេតុបញ្ជូន ទៅទីចាត់ការគយ ដើម្បីមានវិធានការបន្ត។

នៅពេលដែលសកម្មភាពខាងលើត្រូវបានបំពេញរួចនិងមានការព្រមព្រៀង មន្រ្តីគយត្រូវចុះហត្ថលេខា លើប្រតិវេទន៍ដែលកែតម្រូវរួច ហើយធ្វើបច្ចុប្បន្នភាពនូវឯកសារលទ្ធផលនៃការត្រួតពិនិត្យ តាមលទ្ធផល នៃដំណោះស្រាយនៅកន្លែងសាកសួរ ឬ តាមសេចក្តីសម្រេចរបស់ អគរ  រួចប្តូរច្រកប្រតិវេទន៍ ទៅច្រកបៃតង។

៥.ការស្កែនកុងតឺន័រ

ការស្កែនកុងតឺន័រ ត្រូវបានធ្វើឡើងដាច់ដោយឡែកពីដំណើរការប្រតិវេនទ៍។

ប្រព័ន្ធ និងមានការប្រើប្រាស់នៅការិយាល័យស្កែន ដែលអាចជួយមន្រ្តីផ្នែកស្កែន ធ្វើការប្រៀបធៀបទំនិញ ដែលបានប្រកាសលើប្រតិវេទន៍គយ ជាមួយនឹងអ្វីដែលបានឃើញនៅលើរូបភាពស្កែន ឬ ព័ត៌មានស្កែន។

ភាពមិនប្រក្រតីណាមួយបានរកឃើញ ត្រូវកត់ត្រាបញ្ចូលទៅក្នុងទម្រង់លទ្ធផលត្រួតពិនិត្យដោយគយ។

៦.ការជូនដំណឹងវាយតំលៃ

នៅពេលដែលប្រតិវេទន៍គយត្រូវបានវាយតម្លៃដោយប្រព័ន្ធ ការជូនដំណឹងវាយតម្លៃត្រូវបានបង្ហាញ ដែលមានរៀបរាប់ពីចំនួនប្រាក់ពន្ធគយនិងអាករត្រូវបង់។ ការជូនដំណឹងនេះ ត្រូវបានប្រើប្រាស់ ជាឯកសារយោងដើម្បីបង់ពន្ធ អាករ និងកម្រៃនានា។

៧.គណនេយ្យ

ពន្ធ អាករ និងកម្រៃនានា ត្រូវបង់ស្របតាមបទប្បញ្ញត្តិជាធរមាន។ ប្រសិនបើត្រូវបង់នៅធនាគារជាតិ នៃកម្ពុជា ឬ នៅស្ថាប័នហិរញ្ញវត្ថុដែលមានការអនុញ្ញាតផ្សេងទៀត សក្ខីប័ត្ររបស់ស្ថាប័នទាំងនេះត្រូវជូន ដល់មន្រ្តីគយមានសមត្ថកិច្ច ហើយប្រព័ន្ធនឹងចេញនូវបង្កាន់ដៃគយ។

៨.ការអនុញ្ញាតឲ្យយកទំនិញចេញពីគយ

ក្រោយពីបង់ពន្ធ អាករ បន្ទុក និងកម្រៃនានា មន្រ្តីគយមានសមត្ថកិច្ច ចេញប័ណ្ណអនុញ្ញាតឲ្យយកទំនិញ ចេញ។ ប័ណ្ណនេះមានចែងលំអិតព័ត៌មានពីពន្ធ អាករ និងកម្រៃនានាដែលពាក់ព័ន្ធ ទៅនឹងប្រតិវេទន៍គយ ហើយត្រូវបានប្រើប្រាស់ដើម្បីអនុញ្ញាតឲ្យយកទំនិញចេញពីគយ។

៩.សវនកម្មក្រោយពេលបញ្ចេញទំនិញ

ប្រតិវេទន៍គយដែលត្រូវបានជ្រើសរើសតាមច្រកខៀវ និងច្រកបៃតង ត្រូវធ្វើសវនកម្មជាសំខាន់ លើមូលដ្ឋានក្រោយពេលបញ្ចេញទំនិញពីគយ។

បុគ្គលដែលមាននីតិសម្បទា

 • នីតិបុគ្គល ឬ​ ក្រុមហ៊ុនដែលមានវិញ្ញាប័នប័ត្រចុះបញ្ជីអាករលើតម្លៃបន្ថែម
 • ម្ចាស់ទំនិញ ឬ​ តំណាង
 • ជើងសាគយដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ
 • បុគ្គលរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិស្របច្បាប់

 ឯកសារចាំបាច់ក្នុងការបំពេញប្រតិវេទន៍គយ

ឯកសារត្រូវភ្ជាប់ជាមួយប្រតិវេទន៍គយ រួមមាន៖

 • វិក្កយបត្រ និងបញ្ជីវេចខ្ចប់
 • ឯកសារដឹកជញ្ជូន

ក្នុងករណីតម្រូវចាំបាច់

 • និវេទន៍ប័ណ្ណ
 • អាជ្ញាប័ណ្ណ
 • លិខិតអនុញ្ញាត
 • វិញ្ញាបនបត្រដើមកំណើតទំនិញ
 • វិញ្ញាបនបត្រធានារ៉ាប់រង និង
 • ឯកសារពាក់ព័ន្ធផ្សេងទៀត

ភារកិច្ចនិងការទទួលខុសត្រូវរបស់ជើងសាគយ ឬ ប្រតិវេទករ

 • បញ្ចូលទិន្នន័យប្រតិវេទន៍គយរួមទាំងប័ណ្ណកំណត់តម្លៃរហូតដល់ចុះបញ្ជិកា
 • នៅពេលការបញ្ចូលទិន្នន័យបានបញ្ចប់ ឆែកពិនិត្យជាមូលដ្ឋានក្នុងកំព្យូទ័រ (ផ្ទៀងផ្ទាត់) និងចុះបញ្ចិកាប្រតិវេទន៍ (ផ្តល់សុពលភាព) ប្រសិនបើមិនមានកំហុសឬ ក្រោយពេល​កំហុសទាំងអស់ត្រូវបាន          កែសម្រួលរួច។ នៅពេលចុះបញ្ជិកា ប្រព័ន្ធកំព្យូទ័រនឹងផ្តល់ដោយ ស្វ័យប្រវត្តិនូវលេខចុះបញ្ជិកា​ និង   កាល​បរិច្ឆេទ
 • បោះពុម្ពប្រតិវេទន៍គយចុះបញ្ជិការួចពីប្រព័ន្ធកំព្យូទ័រ រួមទាំងប័ណ្ណកំណត់តម្លៃ (តែករណីចាំបាច់ប៉ុណ្ណោះ) ទម្រង់ជាក្រដាស ទំហំ A4 ចំនួនពីរ (២) ច្បាប់ (ប្រតិវេទន៍គយបោះពុម្ពបានតែក្រោយពេលចុះបញ្ចិការួច)
 • យកប្រតិវេទន៍គយដែលចុះបញ្ជិកាបានបោះពុម្ភ​ភ្ជាប់ជាមួយនូវឯកសារយោងចាំបាច់នានាទៅដាក់ ជូនមន្រ្តីគយផ្នែកទទួលការដាក់ឯកសារ (ដាក់ក្នុងថាសដែលបានកំណត់ទុកសម្រាប់ដាក់ឯកសារ) និង ចុះហត្ថលេខាលើប្រតិវេទន៍គយនោះ នៅចំពោះមុខមន្រ្តីគយផ្នែកទទួលការដាក់ឯកសារ
 • ប្រសិនបើមន្រ្តីគយទួលការដាក់ឯកសារមិនទទួលយកប្រតិវេទន៍គយ ត្រូវទំនាក់ទំនង ទៅផ្នែកសាកសួរព័ត៌មាន
 • ប្រសិនបើមានផ្នែកគ្រប់គ្រងនិវេទន៍ប័ណ្ណ យកច្បាប់ចម្លងប្រតិវេទន៍គយសម្រាប់ជើងសាគយ ឬប្រតិវេទករ ទៅដាក់ជូនមន្រ្តីគយផ្នែកនិវេទន៍ប័ណ្ណ ដើម្បីធ្វើការកាត់ស្តុកប្រតិវេទន៍ចេញ ពីនិវេទន៍ប័ណ្ណ
 • ប្រសិនបើមានផ្នែកគ្រប់គ្រងស្កែន និងបើមានការចាំបាច់ត្រូវស្កែន យកច្បាប់ចម្លងប្រតិវេទន៍គយ សម្រាប់ជើងសារ ឬ ប្រតិវេទករ ទៅកាន់កន្លែងស្កែន ដើម្បីស្កែនកុងតឺន័រ
 • ប្រសិនបើប្រតិវេទន៍គយតម្រូវឲ្យមានការត្រួតពិនិត្យជារូបវ័ន្តទំនិញ ត្រូវទំនាក់ទំនងទៅ ប្រធានត្រួតពិនិត្យដើម្បីចាត់ចែងធ្វើការត្រួតពិនិត្យទំនិញជារូបវ័ន្ត​
 • ប្រសិនបើប្រតិវេទន៍គយត្រូវបានសាកសួរដោយមន្រ្តីគយទៅកាន់ផ្នែកសាកសួរព័ត៌មានសម្រាប់ ការសាកសួរ ព័ត៌មានចាំបាច់
 • ប្រសិនបើការបង់ប្រាក់ធ្វើឡើងតាមរយៈធនាគារទទួលយកសក្ខីប័ត្របង់ប្រាក់ពីធនាគារមកប្រគល់ឲ្យផ្នែកគណនេយ្យគយ ដើម្បីបញ្ជាក់ការបង់ប្រាក់ទៅក្នុង​ប្រព័ន្ធកុំព្យូទ័រ
 • ប្រសិនបើការបង់ប្រាក់ដោយផ្ទាល់ដល់គយយកសាច់ប្រាក់ឬ មូលប្បទានប័ត្រមកប្រគល់ឲ្យ ផ្នែកគណនេយ្យគយ  ដើម្បីបញ្ជាក់ការបង់ប្រាក់ទៅក្នុងប្រព័ន្ធកុំព្យូទ័រ
 • ក្រោយពីការបង់ប្រាក់ពន្ធនិងអាករឬ ក៏ចំពោះទំនិញដែលបានប្រកាសដោយប្រើប្រាស់គណនី បង់ប្រាក់ជាមុន​ ទទួលយកបង្កាន់ដៃពីបេឡាករគយ និងបន្ទាប់មកទទួលយកបង្កាន់ដៃ ពន្ធយានយន្ត (ប្រសិនបើមាន)និងប័ណ្ណបញ្ចេញទំនិញពីប្រធានគណនេយ្យ​
 • យកប័ណ្ណដឹកជញ្ជូន ពីមន្រ្តីគយដែលប្រចាំការឃ្លាំង ឬទីលាន និងបន្តបញ្ចេញទំនិញពីឃ្លាំង ឬទីលាន និងនៅច្រកទ្វាចេញ
 • ប្រសិនបើមានការសម្រេចនិងអនុញ្ញាតឲ្យធ្វើការបង្វិលសងវិញទាំងស្រុងឬ ភាគខ្លះនូវពន្ធនិងអាករ ដែលបានបង់រួចស្របតាមបទបញ្ញត្តិច្បាប់ជាធរមាន យកឯកសារចាំបាច់នានា រួមមាន សេចក្តីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ច ប្រតិវេទន៍គយ បង្កាន់ដៃពន្ធ អញ្ញត្តិប័ណ្ណ។ល។ មកប្រគល់ឲ្យផ្នែកគណនេយ្យនិងបេឡាគយ ដើម្បីបញ្ជាក់ការបង្វិលសងវិញនូវពន្ធនិងអាករ ដែលបានបង់ទៅក្នុងប្រព័ន្ធកំព្យូទ័រ។