ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ព្រះរាជក្រមលេខ នស/រកម/​០៧០២​/០១២ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០២ ស្តីពីវិស័យប្រៃសណីយ៍
  • ប្រកាសលេខ​ ១៨៣បទប្រក ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៩៧ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីការដាក់អោយប្រើប្រាស់បទដ្ឋានប្រៃសណីយ៍
  • លិខិតលេខ ៩១២គ.រ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៦ របស់ទីចាត់ការគយនិងរដ្ឋាករ ស្តីពីការកំណត់ ជាបណ្តោះអាសន្ន នូវបរិមាណសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ ដែលអាចយកតាមខ្លួនបាន​ ដោយមិនជាប់ពន្ធនិងអាករផ្សេងៗ
  • ប្រកាសលេខ ​១៤៤៧សហវប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៏គយ
  • ប្រកាសលេខ ​១០៦សហវប្រក ចុះថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី សន្និធិគយបណ្តោះអាសន្ន
  • ប្រកាសលេខ​ ៥៦៩សហវប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការត្រួតពិនិត្យទំនិញនាំចេញ ទំនិញនាំចូល និងមធ្យោបាយដឹកជញ្ចូន។
  • សារាចរណែនាំលេខ ០០៤សហវ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីនីតិវិធីគយលើទំនិញតម្លៃទាប
  • លិខិតលេខ ៧៧៣អគរ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកំណត់បរិមាណទំនិញ ឬសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ដែលអាចយកតាមខ្លួនបាន​ ដោយលើកលែងពន្ធនិងអាករផ្សេងៗ របស់អ្នកដំណើរ អ្នកបម្រើការតាមមធ្យោបាយដឹកជញ្ជូន និងជនទាំងឡាយដែលឆ្លងកាត់ព្រំដែន

សន្និធិគយបណ្តោះអាសន្ន

រាល់ទំនិញនាំចេញ  នាំចូលទោះជាជាប់ពន្ធនិងអាករ​ ឬត្រូវបានលើកលែងពន្ធ និងអាករក្តី ទំនិញទាំងនេះ ត្រូវតែជាកម្មវត្ថុនៃការប្រកាសគយ (មាត្រា១០ នៃច្បាប់ស្តីពីគយ)។ ទំនិញនាំចូលដោយសេវាកម្ម បញ្ញើប្រៃសណីយ៍ត្រូវបានថែរក្សាទុកនៅក្នុងសន្និធិគយបណ្តោះអាសន្នក្រោមការគ្រប់គ្រងដោយសមត្ថកិច្ចគយរង់ចាំការបំពេញបែបបទ ក្នុងគោលបំណងដើម្បីជាសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ឬ ក្នុងគោលបំណងផ្សេង ទៀត។

ការបំពេញបែបបទគយ

រាល់ទំនិញនាំចេញ ​ នាំចូលទោះជាជាប់ពន្ធនិងអាករ ​ ឬ ត្រូវបានលើកលែងពន្ធ និងអាករក្តី ទំនិញទាំងនេះ ត្រូវតែជាកម្មវត្ថុនៃការធ្វើប្រតិវេទន៍គយ (មាត្រា២៩ នៃច្បាប់ស្តីពីគយ)។

ការបំពេញបែបបទក្នុងពេលផ្ញើ ម្ចាស់​ឬ តំណាងត្រូវបំពេញបែបបទនៅលើប័ណ្ណផ្ញើ និងលិខិតប្រកាសគយ​តាមគំរូ CP72​សម្រាប់បញ្ញើ ប្រៃសណីយ៍ភ័​ណ្ឌ (បញ្ញើធម្មតា) និង CN22​សម្រាប់បញ្ញើឆាប់រហ័ស EMS ដែលនឹងត្រូវបិតភ្ជាប់នៅលើកញ្ចប់បញ្ញើ។​

កញ្ចប់បញ្ញើ​ដែលពុំមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិ​អំពីការលើកលែងពន្ធនិងអាករ និងមានតម្លៃលើស ពីចំនួនដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិ​ ត្រូវជាប់កាតព្វកិច្ចពន្ធនិងអាករ។ (សូមយោងបន្តទៅចំនុច​ ១.២.៥ ស្តីពីការលើកលែង ការលើកលែងជាភាគ​និងការបង្វិលសងវិញនូវពន្ធនិងអាករ​ និងចំនុច២.៤.៣ ស្តីពីនីតិវិធីគយលើទំនិញតម្លៃទាប​ De Minimis)។ ម្ចាស់ទំនិញ ឬតំណាងត្រូវបំពេញប្រតិវេទន៍គយ​​ ដែលត្រូវធ្វើឡើង ជាលាយល័ក្ខណ៍អក្សរ ឬ តាមមធ្យោបាយអេឡិកត្រូនិក និង ត្រូវចុះនូវរាល់សូចនា ចាំបាច់នានា។ ឯកសារភ្ជាប់ ជាមួយប្រតិវេទន៍គយ រួមមាន​វិក្កយបត្រទំនិញ  បញ្ជីវេចខ្ចប់​ និង ឯកសារដឹកជញ្ជូន​ក្នុងករណីចាំបាច់  និវេទន៍ប័ណ្ណ  អាជា្ញប័ណ្ណ  លិខិតអនុញ្ញាត  វិញ្ញាបនបត្រដើមកំណើតទំនិញ វិញ្ញាបនបត្រធានារ៉ាប់រង  និងឯកសារពាក់ព័ន្ធផ្សេងទៀត។

ការត្រួតពិនិត្យទំនិញ

ទំនិញនាំចេញ នាំចូលទាំងអស់ ទោះបីជា ឬ ​មិនមែន ជាកម្មវត្ថុ នៃការជាប់ពន្ធ និងអាករក្តី ដែលនាំចូល ឬ ចេញពីដែនគយ ជាកម្មវត្ថុនៃការត្រួតពិនិត្យគយ ( មាត្រា៥៦ នៃច្បាប់ស្តីពីគយ​)។ ការត្រួតពិនិត្យកញ្ចប់ ប្រៃសណីយ៍ ដោយមន្រ្តីគយ​ប្រព្រឹត្តទៅដោយមានវត្តមានមន្រី្តប្រៃសណីយ៍ ឬ ម្ចាស់ទំនិញ ​ឬ តំណាងម្ចាស់។

ការត្រួតពិនិត្យនឹងមិនត្រូវធ្វើលើបណ្តាកញ្ចប់ប្រៃសណយ៍ទាំងឡាយដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក. កញ្ចប់បញ្ញើ ដោយបេសកកម្មកុងស៊ុល ឬ ការទូតបរទេស ឬ គណៈប្រតិភូផ្លូវការនៃរដ្ឋាភិបាលបរទេស

ខ. ប្រៃសណីយ៍បត្រនិងលិខិតដែលមានតែសារផ្ទាល់ខ្លួនអក្សសាស្រ្តសម្រាប់មនុស្សពិការភ្នែក

គ. ឯកសារបោះពុម្ពដែលមិនមែនជាកម្មវត្ថុនៃការជាប់ពន្ធ

ឃ.កញ្ចប់ប្រៃសណីយ៍ដែលដឹកជញ្ជូនឆ្លងកាត់ជាអន្តរជាតិ។