ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

 • ប្រកាសលេខ ៦១៨ សហវ.ប្រក.គរ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៩ ស្តីពីការសម្រុះសម្រួលបទល្មើសគយ
 • ប្រកាសលេខ ៥៧០ សហវ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ ស្តីពីនីតិវិធីតវ៉ាប្រឆាំងកំណត់ហេតុគយ

រដ្ឋបាលគយមានសិទ្ធិសម្រុះសម្រួលចំពោះបទល្មើសគយ តាមបញ្ញត្តិមាត្រា ៧៧ នៃច្បាប់ស្តីពីគយ។  សិទ្ធិសម្រុះសម្រួលនេះ ប្រើប្រាស់ចំពោះតែការពិន័យជាប្រាក់តែប៉ុណ្ណោះ។

សិទ្ធិរដ្ឋបាលគយក្នុងការសម្រុះសម្រួលបទល្មើសគយ

 • ប្រធានការិយាល័យគយនិងរដ្ឋាករមានសិទ្ធិសម្រុះសម្រួលបទល្មើសគយគ្រប់ប្រភេទពាក់ព័ន្ធនឹងទំនិញដែលមានតម្លៃមិនលើសពីមួយលានប្រាំសែន (១.៥០០.០០០) រៀល
 • ប្រធានសាខា ឬប្រធាននាយកដ្ឋានគយនិងរដ្ឋាករ មានសិទ្ធិសម្រុះសម្រួលបទល្មើសគយ គ្រប់ប្រភេទពាក់ព័ន្ធនឹងទំនិញដែលមានតម្លៃមិនលើសពីបួនលាន (៤.០០០.០០០) រៀល
 • អគរ មានសិទ្ធិសម្រុះសម្រួលបទល្មើសគយគ្រប់ប្រភេទ។

នីតិវិធីសម្រុះសម្រួលបទល្មើសគយ

 • ក្នុងរយៈពេលសាមសិបថ្ងៃ (៣០) ថ្ងៃ គិតពីកាលបរិច្ឆេទក្នុងកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុគយផ្សេងទៀត បុគ្គលដែលពាក់ព័ន្ធនឹងកំណត់ហេតុទាំងនេះ ត្រូវចូលខ្លួន មកសម្រុះសម្រួល ប្រសិនបើមានបំណងសម្រុះសម្រួលករណីនេះដោយមិនបាច់បញ្ចូនសំណុំរឿង ទៅតុលាការមានសមត្ថកិច្ច។ សិទ្ធិ សម្រុះសម្រួល និងការកំណត់ពេលវេលានេះ ត្រូវចែងនៅក្នុងកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុផ្សេងទៀត។ ប្រសិនបើ ក្នុងរយៈពេលកៅសិបថ្ងៃ (៩០) ថ្ងៃ គិតពីកាលបរិច្ឆេទក្នុងកំណត់ហេតុល្មើស​គយ ឬ កំណត់ហេតុផ្សេងទៀត សេចក្តីសម្រេចជាផ្លូវការស្តីពីការសម្រុះសម្រួលនូវបទល្មើសគយ មិនអាចធ្វើទៅបាន រដ្ឋបាលគយត្រូវបញ្ជូនសំណុំរឿងទៅតុលាការមានសមត្ថកិច្ច
 • បុគ្គលពាក់ព័ន្ធត្រូវអនុវត្តតាមកម្រិតកំណត់ និងល័ក្ខខ័ណ្ឌនានានៃសេចក្តីសម្រេចផ្លូវការ ស្តីពីការសម្រុះសម្រួលបទល្មើសគយ រាប់បញ្ចូលទាំងការបង់ប្រាក់ពិន័យ ពន្ធ និងអាករ ដែលត្រូវជាប់ និងកាតព្វកិច្ចផ្សេងទៀតដែលមានចែងក្នុងសេចក្តីសម្រេច ក្នុងរយៈពេលកៅសិបថ្ងៃ (៩០) ថ្ងៃ គិតពីកាលបរិច្ឆេទនៃសេចក្តីសម្រេច។ ប្រសិនបើបុគ្គលពាក់ព័ន្ធខកខានអនុវត្ត តាមកម្រិតកំណត់និងល័ក្ខខ័ណ្ឌនានានៃសេចក្តីសម្រេចក្នុងរយៈពេលកំណត់នេះ ទំនិញដែល ជាកម្មវត្ថុនៃសេចក្តីសម្រេចផ្លូវការនេះត្រូវចាត់ទុកជាទំនិញគ្មានការទាមទារតាមបញ្ញត្តិមាត្រា ៥៤ និងមាត្រា ៥៥ នៃច្បាប់ស្តីពីគយ។

នីតិវិធីតវ៉ាប្រឆាំងកំណត់ហេតុគយ

 • បុគ្គលដែលត្រូវរងនូវទោសទណ្ឌ ឬ ការឃាត់ទុកនូវទំនិញ មធ្យោបាយដឹកជញ្ជូន ឬ វត្ថុផ្សេងទៀត អាចតវ៉ាជាលាយល័ក្ខណ៍អក្សរទៅ អគរ ក្នុងអំឡុងពេលសាមសិប (៣០) ថ្ងៃ ក្រោយពីបានទទួលសេចក្តីជូនដំណឹងពីទោសទណ្ឌ ឬ ការឃាត់ទុក ដោយបញ្ជាក់ ពីមូលហេតុនៃការតវ៉ា និងតម្កល់និមុត្តិធានាស្របតាមបញ្ញត្តិមាត្រា ៤១​ នៃច្បាប់ស្តីពីគយ
 • អគរ ត្រូវចេញសេចក្តីសម្រេចជាលាយល័ក្ខណ៍អក្សរលើការតវ៉ាក្នុងអំឡុងពេលហុកសិបថ្ងៃ (៦០) ថ្ងៃ គិតចាប់ពីថ្ងៃដែលទទួលពាក្យតវ៉ា បើមិនដូច្នោះទេ ការតវ៉ានោះត្រូវចាត់ទុកថា បានទទួលយល់ព្រម
 • ការតវ៉ាអាចត្រូវតម្កល់នៅតាមអង្គភាពគយនានាដូចជា (១)ការិយាល័យដែលតាក់តែង កំណត់ហេតុ ឬ កំណត់ការពិន័យ (២)សាខាគយនិងរដ្ឋាករពាក់ព័ន្ធ (៣)ការិយាល័យកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ ឬ (៤)លេខាធិការដ្ឋាន​នៃ អគរ ។ បន្ទាប់ពីបានទទួលការតវ៉ា អង្គភាពគយពាក់ព័ន្ធត្រូវបញ្ជូនលិខិតសុំតវ៉ាដោយមិនបង្អែបង្អង់ជូន អគរ
 • លិខិតសុំតវ៉ាត្រូវមានព័ត៌មានដូចតទៅ (១)នាម អាសយដ្ឋាន និងហត្ថលេខារបស់បុគ្គល ដែលតម្កល់ការតវ៉ា (២)សេចក្តីលម្អិតនៃកំណត់ហេតុបទល្មើសគយ ឬ កំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន រាប់បញ្ចូលទាំងសេចក្តីថតចម្លងកំណត់ហេតុទាំងនោះ និង (៣)សេចក្តីពន្យល់អំពីមូលហេតុនៃការតវ៉ា
 • ប្រសិនបើទំនិញឃាត់ទុកបណ្តោះអាសន្នមិនជាប់អាយ័ត ទំនិញ មធ្យោបាយដឹកជញ្ជូន ឯកសារ និងវត្ថុចាប់ឃាត់ផ្សេងទៀតមិនតម្រូវសម្រាប់ជាភ័ស្តុតាង វត្ថុឃាត់ទុកទាំងនេះអាចត្រូវបានប្រគល់ទៅម្ចាស់ ក្រោយពេលបានតម្កល់និមុត្តិធានា
 • ប្រសិនបើ អគរ មិនយល់ព្រមតាមការតវ៉ាទេ បុគ្គលដែលបានដាក់ពាក្យតវ៉ា មានសិទ្ធិតវ៉ាទៅស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត រាប់បញ្ចូលទាំងតុលាការ មានសមត្ថកិច្ច ចំពោះការសម្រេចរបស់ អគរ។ ការតវ៉ានេះត្រូវធ្វើក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីបានទទូលសេចក្តីសម្រេចរបស់​ អគរ។