ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

  • សារាចរណែនាំ លេខ ០០៧ សហវ. ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងការនាំចេញ-នាំចូលទំនិញមួយចំនួនតាមរូបភាពតូច (សារាចរណែនាំនេះ បន្តអនុវត្តតាមសារាចរលេខ ០០៩ សហវ.ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងទំនិញនាំចូលគ្មានលក្ខណៈពាណិជ្ជកម្ម​ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)
    • សេវាកម្មបំពេញបែបបទគយនាំចេញ-នាំចូលទំនិញជំនួសអ្នកដទៃ អាចធ្វើទៅបាន តែដោយបុគ្គលដែលមានគុណវឌ្ឍជាជើងសារគយមួយប៉ុណ្ណោះ តាមបញ្ញត្តិជំពូក ៥ នៃច្បាប់ស្តីពីគយ។ បុគ្គលជើងសាគយ អាចប្រមូលកំរ៉ៃពីម្ចាស់ទំនិញពិត ទៅតាមការព្រមព្រៀងគ្នាជាមុន តាមករណីជាក់ស្តែង
    • សម្រួលចំពោះរូបវ័ន្តបុគ្គល ដែលធ្វើអាជីវកម្មនាំចេញ-នាំចូលតាមរូបភាពតូចតាច មានតម្លៃគិតពន្ធសមមូលត្រឹម ៣០០ ដុល្លារអាមេរិកចុះ លើមុខទំនិញរួមមាន បន្លែ ផ្លែឈើ និងកសិផលប្រហាក់ប្រហែលផ្សេងទៀត ដែលមិនស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងបញ្ជីទំនិញជាប់កម្រិតកំណត់ជាធរមាន អាចបំពេញបែបបទគយដោយខ្លួនឯងបាន ទោះបីមាន ឬ គ្មានអត្តសញ្ញាណកម្មអាករលើតម្លៃបន្ថែមក្តី ដោយគ្រាន់តែធ្វើការប្រកាសសុំ តាមទម្រង់សង្ខេប (ប្រតិវេទន៍គយសង្ខេប) និងតម្កល់នូវច្បាប់ចម្លងនៃ​អត្តសញ្ញាណប័ណ្ណ ឬ ឯកសារសំគាល់ខ្លួនផ្លូវការផ្សេងទៀត ដោយមានផ្តិតមេដៃស្តាំបញ្ជាក់ ព្រមទាំង ចុះហត្ថលេខាចំពោះមុខមន្រ្តីគយមានសមត្ថកិច្ចជាប់ជាមួយ។ ករណីដូចគ្នា ត្រូវបានអនុវត្ត សម្រាប់ការនាំចេញ -នាំចូលតាមរូបភាពតូចៗ ដើម្បីចរាចរចែកចាយក្នុងប្រទេស ទោះបីមានលក្ខណៈពាណិជ្ជកម្មក្តី ហើយតម្លៃគិតពន្ធលើមុខទំនិញទាំងនេះ ត្រូវបានកំណត់ដោយបូកបន្ថែម ១០% លើតម្លៃគិតពន្ធគយតាមបទប្បញ្ញត្តិជាធរមាន ដោយមន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចនាមាត់ច្រកបំពេញបែបបទគយតែម្តង។