ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ប្រកាសលេខ ៩២៨ សហវ.ប្រក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០០៨ ស្តីពីការនាំចូលបណ្តោះអាសន្នតាមរបបប្រវេសន៍កាលិក
ប្រវេសន៍កាលិក គឺជានីតិវិធីគយ ដែលអាចអនុញ្ញាតឲ្យទំនិញនាំចូលបានក្នុងដែនគយ ក្រោមល័ក្ខខ័ណ្ឌ រួចផុតពីការបង់ពន្ធនិងអាករទាំងស្រុង ឬ ភាគខ្លះ។ ទំនិញទាំងនោះត្រូវបាននាំចូលក្នុងគោលបំណង ច្បាស់លាស់ ហើយត្រូវនាំចេញទៅវិញក្នុងកម្រិតពេលវេលាជាក់លាក់មួយ និងមិនធ្វើការកែច្នៃ ឬ ផ្លាស់ប្តូរ លើកលែងតែការរំលស់ជាធម្មតាតាមការប្រើប្រាស់ (មាត្រា ៩ នៃច្បាប់ស្តីពីគយ)។
ការនាំចូលទំនិញក្រោមរបបប្រវេសន៍កាលិក អាចត្រូវបានអនុញ្ញាត ចំពោះករណីដូចខាងក្រោម ៖
- ទំំនិញសម្រាប់ដាក់តាំងបង្ហាញ ឬប្រើប្រាស់ក្នុងពីធីតាំពិព័រណ៌ កិច្ចប្រជុំឬ ព្រឹត្តិការណ៍ប្រហាក់ប្រហែល ដែលមានបរិមាណសមស្រប
- បរិក្ខារវិជ្ជាជីវៈចាំបាច់សម្រាប់អ្នកបច្ចេកទេស ឬបុគ្គលវិជ្ជាជីវៈផ្សេងៗ ដែលចូលមកព្រះរាជាណាចក្រកម្ពុជាដើម្បីបំពេញភារកិច្ច្ ឬមុខរបរឯកទេស ដោយមិនរាប់បញ្ចូលនូវបណ្តាគ្រឿងម៉ាស៊ីន គ្រឿងចក្រ និងបរិក្ខារឯកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យកម្មន្តសាលឧស្សាហកម្ម ការវេចខ្ចប់ទំនិញ អាជីវកម្មធនធានធម្មជាតិ ការកសាង ឬ ការជួសជុលអគារ ការងារដី ឬ គម្រោងប្រហាក់ប្រហែលនានា
- កុងតឺន័រ ប៉ាឡែត កញ្ចប់ គម្រូទំនិញ និងទំនិញនាំចូលផ្សេងទៀត ដែលពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្ម តែពុំមែនជាផ្នែកនៃប្រតិបត្តិការពាណិជ្ជកម្មនៅពេលដែលត្រូវបានលក់ ឬ ទិញ
- ទំំនិញនាំចូលសម្រាប់សំណូមពរនៃការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ រាប់បញ្ចូលទាំងបំណែកនៃបរិក្ខារវិទ្យាសាស្ត្រ និងសម្ភារអប់រំដែលទទួលបានការអនុញ្ញាតឲ្យនាំចូលតាមរបបប្រវេសន៍កាលិក
- ទំនិញនាំចូលសម្រាប់វិស័យកីឡាដែលប្រើប្រាស់ដោយអ្នកទេសចរ កីឡាករ អ្នកដំណើរសម្រាប់ការប្រកួតប្រជែង ការបង្ហាញ ឬ ការហ្វឹកហាត់ក្នុងដែនគយ
- សម្ភារសម្រាប់ផ្សព្វផ្សាយទេសចរ សម្រាប់ទាក់ទាញការទស្សនាប្រទេសផ្សេងៗទៀត
- ទំនិញនាំចូលដោយអ្នកដំណើរឆ្លងកាត់ព្រំដែនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
- ទំនិញនាំចូលសម្រាប់គោលបំណងមនុស្សធម៌ រាប់បញ្ជូលទាំងបរិក្ខារមន្ទីរពិសោធន៍ មន្ទីរវះកាត់ និងទំនិញជំនួយសង្គ្រោះជនរងគ្រោះដោយគ្រោះធម្មជាតិ និងមហន្តរាយប្រហាក់ប្រហែល
- មធ្យោបាយដឹកជញ្ជូនមនុស្ស និងទំនិញ សម្រាប់គោលបំណងពាណិជ្ជកម្ម ដូចជានាវា អាកាសយាន្តយានយន្តផ្លូវគោគ ឬ ផ្លូវដែក ដែលប្រើប្រាស់ក្នុងចរាចរដឹកជញ្ជូនជាអន្តរជាតិ រាប់បញ្ចូលទាំងគ្រឿង បន្លាស់ គ្រឿងបន្សំ និងបរិក្ខារផ្សេៗ ទោះបីជាមិនយកកម្រៃក្តី។
ដើម្បីនាំចូលទំនិញតាមរបបប្រវេសន៍កាលិក ត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖
- ត្រូវដាក់ពាក្យសុំការអនុញ្ញាតជាមុនពីរដ្ឋបាលគយ ដោយបញ្ជាក់ឲ្យបានច្បាស់លាស់ នូវប្រភេទទំនិញ បរិមាណ តម្លៃ គោលបំណងនៃការនាំទំនិញចូល អត្តសញ្ញាណរបស់ម្ចាស់ទំនិញ រយៈពេលនៃការទទួលបានរបបប្រវេសន៍កាលិក និងកាលបរិច្ឆេទនៃការនាំចេញទៅវិញ ។
- ការនាំចូលទំនិញតាមរបបប្រវេសន៍កាលិក ជាកម្មវត្ថុនៃការតម្កល់ប្រតិវេទន៍គយ និងអាចតម្រូវឲ្យតម្កល់និមុត្តិធានា។ និមុត្តិធានានេះ អាចនឹងត្រូវលប់ចោល ឬ បង្វិលសងវិញនៅពេលដែលមានការបញ្ជាក់ថាទំនិញត្រូវបាននាំចេញទៅវិញ
- ចំពោះបណ្តាគ្រឿងម៉ាស៊ីន គ្រឿងចក្រ និងបរិក្ខារឯកទេស សម្រាប់ការប្រើប្រាស់ក្នុងវិស័យកម្មន្តសាលឧស្សាហកម្ម ការវេចខ្ចប់ទំនិញ អាជីវកម្មធនធានធម្មជាតិ ការសាងសង់ ឬ ការជួសជុលអគារ ការងារដី ឬគម្រោងប្រហាក់ប្រហែលនានា អាចត្រូវបានអនុញ្ញាតដោយ រដ្ឋបាលគយឲ្យនាំចូលតាមរបបប្រវេសន៍កាលិកសម្រាប់រយៈពេលកំណត់មួយ។ កាតព្វកិច្ចពន្ធ និងអាករលើទំនិញនាំចូលតាមរបបប្រវេសន៍កាលិកនេះ ត្រូវជាប់តាមអត្រាបន្ថយស្មើនឹង ២០% នៃកាតព្វកិច្ចពន្ធនិងអាករដែលត្រូវជាប់តាមតារាងពន្ធគយជាធរមាន សម្រាប់រយៈពេលមួយឆ្នាំ។ ក្នុងករណីដែលរយៈពេលកំណត់ក្នុងរបបប្រវេសន៍កាលិកតិចជាងមួយឆ្នាំកាតព្វកិច្ចពន្ធនិងអាករដែលត្រូវជាប់ ត្រូវគិតតាមខែនីមួយៗតាមអត្រាបន្ថយស្មើនឹងពីរ (២)ភាគរយនៃប្រាក់ពន្ធ និងអាករសរុបលើទំនិញទាំងនេះ
- ទំនិញនាំចូលបណ្តោះអាសន្នតាមបបប្រវេសន៍កាលិក ត្រូវនាំចេញទៅវិញក្នុងរយៈពេលមួយឆ្នាំគិតពីថ្ងៃ ដែល ទំនិញត្រូវបាននាំចូល។ រយៈពេលកំណត់នេះ អាចត្រូវបានពន្យា ដោយរដ្ឋបាលគយ ប្រសិនបើមានការស្នើសុំជាលាយល័ក្ខណ៍អក្សរមុនពេលផុតរយៈពេលកំណត់ ដោយមានបញ្ជាក់ហេតុផលនៃសំណើនេះ។