ការលើកទឹកចិត្តពន្ធ​ និងអាករដល់អ្នកវិនិយោគក្នុងតំបន់

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

 • អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពី​ការ​អនុវត្តច្បាប់​វិសោធន​កម្ម នៃច្បាប់​ស្តីពី​វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
 • អនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការបង្កើត និង​​​ការ​គ្រប់​គ្រង​​​​​តំបន់​សេដ្ឋកិច្ច​​ពិសេស
 • លិខិតលេខ៣៨៤១ សហវ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៩ របស់ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ស្តីពី​ការលើកលែង​អាករលើតម្លៃបន្ថែម (VAT) សម្រាប់​វិនិយោគិន​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស (SEZ)
 • លិខិតលេខ៣៧២៥ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការបន្តព្យួរបណ្តោះនូវអាករលើតម្លៃបន្ថែម (VAT) សម្រាប់វិនិយោគិនក្នុងតំបន់ពិសេស ពិសេស (SEZ) រហូតដល់មានការសម្រេចជាថ្មី
 • លិខិតលេខ ៧៥៨ អគរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការអនុវត្តអាករពិសេស សម្រាប់ការនាំចូលទំនិញមួយចំនួនដែលជាធាតុចូលផលិតកម្ម និងឧស្សាហកម្មទ្រទ្រង់ផលិតកម្ម បម្រើឲ្យការនាំចេញ សម្រាប់គំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

ការលើកទឹកចិត្តលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ធាតុចូលផលិតកម្ម ត្រូវសម្រេច ផ្តល់ជូនដល់អ្នកវិនិយោគក្នុងតំបន់តាមសំណូមពរ និងគោលការណ៍នៃច្បាប់ ដោយសាមីអ្នកវិនិយោគ ក្នុងតំបន់នោះ ត្រូវរៀបចំបញ្ជីសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ធាតុចូលផលិតកម្មដែលត្រូវនាំចូល ទាំងនោះ ដាក់ជូនរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសពិនិត្យដែលនឹងត្រូវផ្តល់ជូននៅនឹងកន្លែង ហើយរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេសគ្រាន់តែរាយការណ៍ជូនមក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងស្ថាប័នគ្រប់គ្រង ដើម្បីជ្រាបជាព័ត៌មានប៉ុណ្ណោះ។

សិទ្ធិដែលត្រូវបានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធនឹងសម្រេចជូនអ្នកវិនិយោគក្នុងតំបន់ នៅក្នុង វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលនឹងត្រូវចេញជូនអ្នកវិនិយោគក្នុងតំបន់ ស្របតាមច្បាប់ និងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។

ក.ការលើកលែងពន្ធគយ៖ ដូចបញ្ជាក់ក្នុងចំនុច ការលើកលែងពន្ធគយ

ខ.ការលើកលែងអាករ៖

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើទីផ្សារក្នុងស្រុកៈ

 • អាករលើតម្លៃបន្ថែម​ លើសម្ភារបរិក្ខារផលិតកម្ម និងសម្ភារសាងសង់​នាំចូល​ ត្រូវបានលើកលែង (លិខិតលេខ ៣៨៤១ សហវ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៩ និងលិខិតលេខ៣៧២៥ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ )
 • គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញៈ
 • អាករលើតម្លៃបន្ថែម​ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងវត្ថុធាតុដើមនាំចូល ត្រូវបានលើកលែង (លិខិតលេខ ៣៨៤១ សហវ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៩ និងលិខិតលេខ៣៧២៥ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ )
 • អាករពិសេសលើធាតុចូលផលិតកម្ម នាំចូលត្រូវបានលើកលែង (លិខិតលេខ ៧៥៨ អគរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ របស់ អគរ )​។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រៈ​

 • អាករលើតម្លៃបន្ថែម​ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ​និងវត្ថុធាតុដើមនាំចូល​ ត្រូវបានលើកលែង (លិខិតលេខ ៣៨៤១ សហវ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៩ និងលិខិតលេខ៣៧២៥ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ )
 • អាករពិសេស លើធាតុចូលផលិតកម្ម នាំចូលត្រូវបានលើកលែង (លិខិតលេខ ៧៥៨ អគរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា)​។

នីតិវិធីនាំចូល

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ៖

 • ប្រកាសលេខ៧៣៤ សហវ.ប្រក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីនីតិវិធី​គយ​ពិសេស​សម្រាប់​អនុវត្ត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស
 • លិខិតលេខ១៣៥៨ អគរ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការសំរួលពាណិជ្ជកម្ម បន្ថែមដល់វិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេស

ក.តំបន់ដែលស្ថិតនៅជិតមាត់ច្រកព្រំដែនផ្លូវការ ឬ ស្ថិតនៅក្នុងរង្វង់ម្ភៃ (២០) គីឡូម៉ែត្រ នៃវង់អំណាចគយមណ្ឌលដីគោកជាប់ព្រំដែនគោក ឬ តំបន់ឆ្នេរសមុទ្រ (ចំនុច ៣.៤.១ នៃប្រកាសលេខ៧៣៤ សហវ.ប្រក)

១.នៅមាត់ច្រកផ្លូវការ

 • មន្រ្តីគយមានសមត្ថកិច្ចប្រចាំតំបន់ ត្រូវពិនិត្យ និងស្នើសុំការសម្រេចពី អគរ ដើម្បីកំណត់ តម្រាយផ្លូវលំហូរទំនិញដោយសេរី (seamless route) និងកំណត់រយៈពេលសមស្រប សម្រាប់ដឹកជញ្ជូនទំនិញឆ្លងកាត់ទៅ-មករវាង តសព និងមាត់ច្រកព្រំដែនផ្លូវការ
 • អ្នកនាំចូលគ្រាន់តែបង្ហាញ និងផ្តល់ជូនដល់មន្រ្តីគយមានសមត្ថកិច្ចនៅមាត់ច្រកផ្លូវការ នូវឯកសារចម្លងដែលពាក់ព័ន្ធនឹងទំនិញឆ្លងកាត់ទៅ តសព។ ឯកសាររួមមាន វិក្កយបត្រ ឯកសារដឹកជញ្ជូន ឬ ឯកសារផ្សេងទៀតដែលអាចបង្ហាញបាននូវទិន្នន័យទំនិញ ឬ ថាទំនិញនេះ ត្រូវដឹកជញ្ជូនទៅ តសព នៅជិតមាត់ច្រកផ្លូវការនេះ។

២. នៅ តសព

 • អ្នកនាំចូលត្រូវតម្កល់ឯកសារដែលអាចបង្ហាញនូវទិន្នន័យពាក់ព័ន្ធនឹងទំនិញដូចរៀបរាប់ខាងលើដល់មន្រ្តីគយមានសមត្ថកិច្ច
 • មន្រ្តីគយមានសមត្ថកិច្ច គ្រាន់តែផ្ទៀងផ្ទាត់បឋមនូវអត្តសញ្ញាណបុគ្គលពាក់ព័ន្ធ មធ្យោបាយដឹកជញ្ជូន និងឯកសារពាក់ព័ន្ធ រួចអនុញ្ញាតឲ្យទំនិញឆ្លងចូលទៅក្នុងអាជីវកម្មដ្ឋាន របស់អ្នកវិនិយោគក្នុងតំបន់ដែលពាក់ព័ន្ធ ឬ ទីតាំងផ្សេងទៀតនៃ តសព ប្រសិនបើអ្នកវិនិយោគពុំមានទីតាំងសមស្របសម្រាប់ទទួលទំនិញនេះ
 • អ្នកនាំចូលអាចចាត់ចែងរើទំនិញរបស់ខ្លួន ដើម្បីប្រើប្រាស់ ឬកែច្នៃតាមតម្រូវការនៃការវិនិយោគ របស់ខ្លួន ដោយពុំចាំបាច់មានវត្តមានមន្រ្តីគយមានសមត្ថកិច្ចឡើយ លើកលែងតែមានការតម្រូវ ជាពិសេស ពីមន្រ្តីទាំងនេះ ដើម្បីធ្វើការពិនិត្យរូបវ័ន្តលើទំនិញ ស្របតាមគោលនយោបាយ នៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ និងដោយមានការអនុញ្ញាតជាមុន ពីតំណាង អគរ ប្រចាំតំបន់
 • ក្រោយពេលរើទំនិញរួចភ្លាម អ្នកនាំចូលត្រូវតម្កល់ប្រតិវេទន៍គយលម្អិតជូនមន្រ្តីគយមានសមត្ថកិច្ច តាមនីតិវិធី​ ASYCUDA ដូចមានបញ្ជាក់ក្នុងនីតិវិធីប្រតិវេទន៍គយ ដោយបញ្ជាក់ច្បាស់លាស់ នូវមុខទំនិញដែលមាន ឬគ្មានក្នុងបញ្ជីមេដែលមានការឯកភាពពីរដ្ឋបាល តសព ឬ ពីគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា
 • មន្រ្តីគយមានសមត្ថកិច្ច ត្រូវគ្រប់គ្រង កាត់កងចេញពីបញ្ជីមេនូវមុខទំនិញដែលប្រកាសខាងលើ។ ចំពោះមុខទំនិញដែលគ្មានក្នុងបញ្ជីមេតែស្ថិតក្នុងមុខសញ្ញាត្រូវលើកទឹកចិត្តស្របតាមបញ្ញត្តិនៃអនុក្រឹត្យលេខ ១៤៨ អនក្រ.បក នោះតំណាង អគរ ប្រចាំតំបន់ មានសិទ្ធិអនុញ្ញាត ឲ្យនាំចូលដោយជំពាក់បែបបទគយនៅនឹងកន្លែង ប្រសិនបើមានការស្នើសុំ ដូចគ្នានេះពីអ្នកវិនិយោគក្នុងតំបន់។ ចំពោះមុខទំនិញផ្សេងទៀតដែលមិនស្ថិត ក្នុងមុខសញ្ញា លើកទឹកចិត្តដូចរៀបរាប់ខាងលើ គឺជាកម្មវត្ថុនៃការអនុវត្តតាមនីតិវិធីគយជាធរមាន ជាពិសេសពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ និងអាករ និងការជាប់កម្រិតកំណត់ផ្សេងៗ។

ខ.ដែលមិនស្ថិតនៅជិតមាត់ច្រកព្រំដែនផ្លូវការ ឬ មិនស្ថិតនៅក្នុងរង្វង់ម្ភៃ (២០) គីឡូម៉ែត្រ នៃវង់អំណាចគយមណ្ឌលដីគោកជាប់ព្រំដែនគោក ឬ តំបន់ឆ្នេរសមុទ្រ (ចំនុច ៣.៤.២ នៃប្រកាសលេខ ៧៣៤ សហវ.ប្រក)

១.អ្នកវិនិយោគ

 • អ្នកវិនិយោគក្នុងតំបន់ត្រូវស្នើសុំជាលាយល័ក្ខណ៍អក្សរទៅការិយាល័យគយមាត់ច្រកផ្លូវការ ដែលទំនិញរបស់ខ្លួនត្រូវបាននាំចូល ដើម្បីសុំការអនុញ្ញាតដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិពីមាត់ច្រកផ្លូវការ មក តសព ដែលខ្លួនធ្វើអាជីវកម្ម
 • លិខិតស្នើសុំដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិ ត្រូវមានការបញ្ជាក់ទទួលស្គាល់ពីមន្រ្តីគយ មានសមត្ថកិច្ចប្រចាំ តសព

២.មន្រ្តីគយប្រចាំ តសព

 • មន្រ្តីគយប្រចាំ តសព ត្រូវបញ្ជាក់ទទួលស្គាល់លើពាក្យសុំដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិ ក្នុង​​ រយៈពេល ពីរ (២) ម៉ោងធ្វើការ។

៣.មន្រ្តីគយប្រចាំមាត់ច្រកផ្លូវការ

 • ដាក់ពាក្យសុំដឹកជញ្ជូនដឹកទំនិញក្រោមរបបឆ្លងកាត់ជាតិ ដោយមានការបញ្ជាក់ទទួលស្គាល់ ពីមន្រ្តីគយប្រចាំ តសព ជូនមន្រ្តីគយប្រចាំមាត់ច្រកផ្លូវការ ដោយអមភ្ជាប់ប្រតិវេទន៍គយឆ្លងកាត់ និងឯកសារពាក់ព័ន្ធនានា
 • មន្រ្តីគយប្រចាំមាត់ច្រកផ្លូវការត្រូវផ្តល់អាទិភាពក្នុងការពិនិត្យ ផ្ទៀងផ្ទាត់បែបបទគយឆ្លងកាត់ តាមសំណើនេះ និងអនុញ្ញាតឲ្យដឹកទំនិញឆ្លងកាត់មក តសព ជាបន្ទាន់ ដោយគ្រាន់តែកិបសៀលគយ និងអមភ្ជាប់ដោយឯកសារពាក់ព័ន្ធ តាមនីតិវិធីឆ្លងកាត់ជាធរមាន។ មន្រ្តីគយមាត់ច្រកផ្លូវការយ៉ាងតិចបី (៣) នាក់ ត្រូវចាត់តាំងឲ្យទទួលបន្ទុកក្នុងការទំនាក់ទំនង និងត្រួតពិនិត្យបែបបទគយឆ្លងកាត់ជូន​អ្នកវិនិយោគ ដោយសម្រួលការងារជូនតែមួយកន្លែង ក្នុងរយៈពេលមិនលើសពីរ (២) ម៉ោងធ្វើការ គិតចាប់ពីពេលទទួលឯកសារ តាមបទប្បញ្ញតិពាក់ព័ន្ធ នឹងការឆ្លងកាត់គយជាធរមាន។

៤.មន្រ្តីគយប្រចាំ ​តសព

 • នៅពេលទំនិញឆ្លងកាត់មកដល់ តសព មន្រ្តីគយប្រចាំតំបន់ ត្រូវអនុវត្តតាមនីតិវិធី ដូចបញ្ជាក់ក្នុងចំនុច ក.២ ខាងលើ

នីតិវិធីនាំចេញ

ក.នាំចេញផ្ទាល់ពីតំបន់សេដ្ឋកិច្ចពិសេស

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ៖​

 • ប្រកាសលេខ៧៣៤ សហវ.ប្រក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីនីតិវិធី​គយ​ពិសេស​សម្រាប់​អនុវត្ត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស
 • លិខិតលេខ ១៣៥៨ អគរ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការសំរួលពាណិជ្ជកម្មបន្ថែម ដល់វិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេស

១.អ្នកវិនិយោគ

 • វិនិយោគតម្កល់ប្រតិវេទន៍គយនាំចេញតាមនីតិវិធី ASYCUDA ដូចបញ្ជាក់ក្នុងចំនុច ២.១.១ នៅការិយាល័យគយនិងរដ្ឋាករប្រចាំ តសព តាមនីតិវិធីជាធរមាន។

២.មន្រ្តីគយប្រចាំ ​តសព

 • មន្រ្តីគយប្រចាំតំបន់ពិនិត្យ ផ្ទៀងផ្ទាត់បែបបទនាំចេញ
 • ក្នុងករណីពុំមានភាពមិនប្រក្រតី មន្រ្តីគយមានសមត្ថកិច្ច ត្រូវអនុញ្ញាតឲ្យទំនិញបាននាំចេញ ជាបន្ទាន់ ដោយគ្រាន់តែកិបសៀលគយ និងអមភ្ជាប់នូវច្បាប់ចម្លងនៃឯសារនាំចេញពាក់ព័ន្ធ តាមនីតិវិធីគយជាធរមានសម្រាប់បង្ហាញជូនមន្រ្តីគយមានសមត្ថកិច្ចប្រចាំមាត់ច្រកផ្លូវការ។ ចំពោះទំនិញដែលមិនផ្ទុកក្នុងកុងតឺន័រ ត្រូវកសាងយន្តការឃ្លាំមើល។

៣.មន្រ្តីគយប្រចាំមាត់ច្រកផ្លូវការ

 • មន្រ្តីគយមានសមត្ថកិច្ចប្រចាំមាត់ច្រកផ្លូវការ ត្រូវផ្ទៀងផ្ទាត់ប្រក្រតីភាពមធ្យោបាយដឹកជញ្ជូន និងឯកសារពាក់ព័ន្ធភ្លាមដោយមិនបង្អែបង្អង់ ឬ រង់ចាំតាមលំដាប់លំដោយនោះទេ ។ ករណីពុំមានភាពមិនប្រក្រតីគួរឲ្យកត់សម្គាល់នោះទេ ត្រូវអនុញ្ញាតឲ្យទំនិញចេញជាបន្ទាន់។ ការត្រួតពិនិត្យរូបវ័ន្តលើទំនិញអាចអនុវត្តបានតែក្នុងករណីមានភាពមិនប្រក្រតីច្បាស់លាស់ និងត្រូវមានការអនុញ្ញាតជាមុនពីប្រធានអង្គភាពពាក់ព័ន្ធជាលាយល័ក្ខណ៍អក្សរ ស្របតាមគោលនយោបាយនៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ។

ខ. នាំចេញតាមរយៈផែស្ងួត

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ៖

 • លិខិតលេខ៦៥៣ អគរ ចុះថ្ងៃទី០២ ខែ​សីហា ឆ្នាំ២០១១ ស្តីពី​ការ​សម្រួលនីតិវិធីគយ សម្រាប់ការដឹក​ទំនិញ​ចេញ​​ពី​តំបន់សេដ្ឋកិច្ច​ពិសេស មក​បណ្តា​ផែស្ងួតដើម្បី​ បញ្ចូល​​​ក្នុងកុងតឺន័រ​រួមគ្នា​ជាមួយ​នឹងទំនិញផ្សេង ដើម្បី​នាំចេញ​ទៅបរទេស

១.អ្នកវិនិយោគ

 • អ្នកវិនិយោគដាក់ពាក្យស្នើសុំ (៣ច្បាប់)ទៅមន្រ្តីគយប្រចាំ តសព ដើម្បីដឹកជញ្ជូនទំនិញ ចេញពីតំបន់ ទៅផែស្ងួត​។

២.មន្រ្តីគយប្រចាំ ​តសព

 • មន្រ្តីគយប្រចាំ តសព បញ្ជាក់ទទួលស្គាល់ និងអនុញ្ញាតឲ្យដឹកឆ្លងកាត់មកបំពេញបែបបទ នៅផែស្ងួតតែម្តង ដោយទំនិញត្រូវផ្ទកក្នុងកុងតឺន័រ កិបសៀលគយ និងអមភ្ជាប់ដោយ ឯកសារពាក់ព័ន្ធ តាមមធ្យោបាយដឹកជញ្ជូន។

៣.មន្រ្តីសាខាគយនិងរដ្ឋាករនាំចេញ

 • ពេលទំនិញមកដល់ផែស្ងួត ម្ចាស់ទំនិញ ឬ តំណាងស្របច្បាប់ត្រូវរាយការណ៍ជូនមន្រ្តីគយ មានសមត្ថកិច្ចនៃសាខាគយនិងរដ្ឋាករនាំចេញភ្លាម ដើម្បីផ្ទៀងផ្ទាត់ប្រក្រតីភាពនៃសៀល និងមធ្យោបាយដឹកជញ្ជូន និងបញ្ជាក់ការមកដល់គោលដៅនៃទំនិញ
 • ក្នុងករណីមិនមានភាពមិនប្រក្រតី ត្រូវកាត់សៀល និងអនុញ្ញាតឲ្យបំពេញបែបបទគយនាំចេញភ្លាម ឬអនុញ្ញាតឲ្យរើទំនិញរក្សាទុកក្នុងឃ្លាំងផែស្ងួត​ដើម្បីរង់ចាំបំពេញបែបបទគយតាមក្រោយ ដោយដាក់ឲ្យស្ថិតក្រោមការទទួលខុសត្រូវរបស់ប្រតិបត្តិករផែស្ងួត និងរង់ចាំការបំពេញបែបបទ គយនាំចេញតាមនីតិវិធីគយជាធរមាន
 • នៅពេលបញ្ចប់ការបំពេញប្រតិវេទន៍គយនាំចេញ មន្រ្តីគយ​ធ្វើការត្រួតពិនិត្យ និងអនុញ្ញាត​ឲ្យរើទំនិញបញ្ចូលកុងតឺន័រ និងកិបសៀលគយ។

ការលក់ទំនិញចូលទីផ្សារក្នុងស្រុក

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

 • អនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការបង្កើត និង​​​ការ​គ្រប់​គ្រង​​​​​តំបន់​សេដ្ឋកិច្ច​​ពិសេស

ក.ស្នើសុំការអនុញ្ញាតពីរដ្ឋបាលតំបន់

 • ចំពោះការលក់ធាតុចេញផលិតកម្មដែលខ្វះ ឬ ខូចគុណភាព ឬ ហួសសម័យដែលមិនអាចនាំចេញ ចូលទីផ្សារក្នុងស្រុកអ្នកវិនិយោគត្រូវស្នើសុំការអនុញ្ញាតពីរដ្ឋបាលតំបន់។

ខ.តម្កល់ប្រតិវេទន៍គយលម្អិត

 • រាល់ទំនិញដែលបញ្ចេញទៅលក់នៅទីផ្សារក្នុងស្រុក ទោះបីក្នុងស្ថានភាពណាក៏ដោយ ទំនិញនោះត្រូវបំពេញបែបបទដូចជាទំនិញដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា និងត្រូវរងនូវកាតព្វកិច្ចបង់ពន្ធនាំចូល និងអាករផ្សេងៗទៀតជាធរមាន ដោយតម្កល់ប្រតិវេទន៍គយតាមប្រព័ន្ធ ASYCUDA ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ