ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ប្រកាសលេខ ៤៥២សហវ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ស្តីពីយន្តការលើកទឹកចិត្តជូនធុរជន មានអនុលោមភាពខ្ពស់
- សេចក្តីសម្រេចលេខ ២៧៨ អគរ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តកម្មលើក ទឹកចិត្តជូនធុរជនល្អ
- សេចក្តីសម្រេចលេខ ២៧៩ អគរចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការបង្កើតអង្គភាពគ្រប់គ្រង ធុរជនល្អ
- លិខិតលេខ ៧៩០ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តកម្មលើកទឹក ចិត្តជូន ធុរជនល្អបំផុត
ការអនុវត្តកម្មវិធីលើទឹកចិត្តដល់ធុរជនដែលមានអនុលោមភាពខ្ពស់ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីនេះត្រូវបានអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ នាឱកាសពិធីប្រគល់វិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុត នៅអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុនចំនួន ១៣ ត្រូវបាន អគរ សម្រេចផ្តល់ជាបណ្តោះអាសន្ននូវសមាជិកភាពក្រុមធុរជនល្អបំផុត។ ជាជំហានបន្ត អគរ នឹងពិនិត្យលទ្ធភាពធ្វើការជ្រើសរើសសមាជិកបន្ថែមទៀត និងឈានទៅអនុវត្តពេញលេញនូវកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត (Authorized Economic Operator-AEO) តាមជំហាននៃយុទ្ធសាស្ត្រនិងកម្មវិធីកំណែទម្រង់និងទំនើបកម្មឆ្នាំ២០១៤-២០១៨ របស់ខ្លួន។
កញ្ចប់លក្ខណៈវិនិច្ឆ័យ
ដើម្បីអាចក្លាយជាធុរជនល្អបំផុតនៅកម្ពុជា ធុរជន ឬបុគ្គលពាក់ព័ន្ធត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- ស្ថិតក្នុងបញ្ជីធុរជនចំណាត់ថា្នក់លេខ១ (Rank 1) នៃប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន នាពេលដាក់ពាក្យស្នើសុំ
- ជានីតិបុគ្គលដែមានដើមទុនចុះបញ្ជីមិនតិចជាង ១ពាន់លានរៀល
- មិនធ្លាប់ប្រព្រឹត្តបទល្មើសគយធ្ងន់ធ្ងរដោយចេតនាក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គិតត្រឹមថ្ងៃ ដាក់ពាក្យស្នើសុំ
- មិនធ្លាប់ជំពាក់បំណុលពន្ធអាករគយហួសកាលកំណត់ ឬ បំណុលផ្សេងទៀតដែលមិនអាច សងបាន
- អនុវត្តបានពេញលេញនូវកាតព្វកិច្ចគ្រប់គ្រងឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មាន ផ្សេងទៀតពាក់ ព័ន្ធនឹងការនាំចេញនាំចូលតាមបទប្បញ្ញត្តិជាធរមាន
- ត្រូវតែជាសាមាជិកនៃសហគមន៍ធុរកិច្ចណាមួយដែលមានការអនុញ្ញាត និងត្រូវមានការបញ្ជាក់ពី ប្រធាន សហគមន៍ធុរកិច្ចនោះពីភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុនិងអនុលោមភាពរបស់ធុរជន
- ត្រូវមានទំហំពាណិជ្ជកម្មនាំចេញនាំចូលប្រចាំឆ្នាំមិនតិចជាង ២លានដុល្លារអាមេរិក និងមានកាតព្វកិច្ចធ្វើរបាយការតាមទម្រង់នានាដែលកំណត់ដោយអង្គភាពគ្រប់គ្រងធុរជនល្អបំផុតនៃ អគរ ។
កញ្ចប់ប្រព្រឹត្តកម្មលើកទឹកចិត្ត
សម្រាប់ជំហានដំបូងនៃការអនុវត្តសាកល្បង (Pilot Implementation stage) ធុរជនល្អបំផុតនៅកម្ពុជា អាចទទួលបាននូវប្រព្រឹត្តកម្មអនុគ្រោះនានាដូចខាងក្រោម៖
- អាទិភាពមិនរង់ចាំតាមជួរលំដាប់លំដោយតាមគោលការណ៍មកមុនផ្តល់សេវាមុន (First-in First-out principle)ទាំងក្នុងដំណាក់កាលដាក់ឯកសារ ដំណាក់កាលត្រួតពិនិត្យទំនិញឬ ឯកសារ និង ដំណាក់អនុញ្ញាតឲ្យយកទំនិញចេញ តាមរូបភាពរហ័សនិងលទ្ធភាព ដែលអាចធ្វើទៅបាន
- អាចទទួលបាននូវការអនុញ្ញាតឲ្យជំពាក់បែបបទគយ ដោយលើកលេងការតម្កល់និមុត្តិធានា
- ការលើកលែងនីតិវិធីនៃការផ្ទៀងផ្ទាត់ជាមុននូវតម្លៃគិតពន្ធគយនិងវិញ្ញាបនបត្រប្រភពដើមទំនិញ
- ការលើកលែងកាតព្វកិច្ចអមលិខិតអនុញ្ញាតដឹកជញ្ជូនកាតព្វកិច្ចត្រាពន្ធគយ និងការកាត់បន្ថយកាតព្វកិច្ចឆ្លងម៉ាស៊ីនស្កែន
- លទ្ធភាពនៃការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival Clearance) និងការបំពេញបែបបទគយចុងទី (Destination Clearance) ក្រោមរបបគយឆ្លងកាត់ ជាដើម។
ការដាក់ពាក្យស្នើសុំជាសមាជិក
ធុរជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាសមាជិកក្រុមធុរជនល្អបំផុត ត្រូវដាក់ពាក្យ ស្នើសុំមកអគ្គនាយគយនិងរដ្ឋាករកម្ពុជា អមភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុន អមបញ្ជីម្ចាស់ភាគហ៊ុននាថ្ងៃស្នើសុំ
- ការប្រកាសពីស្ថានភាពហិរញ្ញវត្ថុ (Financial Statement) នាពីរឆ្នាំចុងក្រោយ (បើមានការតម្រូវ)
- លិខិតបញ្ជាក់ទទួលស្គាល់អនុលោមភាពពីសហគមន៍ធុរកិច្ចពាក់ព័ន្ធ
- វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែមនិង/ឬ បណ្ណប៉ាតង់ ឬ លិខិតអនុញ្ញាតប្រហាក់ប្រហែល
- ច្បាប់ចម្លងនៃអត្តសញ្ញាណបណ្ណ ឬ ឯកសារប្រហាក់ប្រហែលរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន
- ទំហំនៃការនាំចូលការនាំចេញ និងការលក់ចូលទីផ្សារក្នុងស្រុកនាឆ្នាំចុងក្រោយ។