ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ
- អនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ (ចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តទៅ)
- អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ (និរាករណ៍)
- អនុក្រឹត្យលេខ ២០៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីការកែសម្រួល លើកំណត់សម្គាល់ II ឧបសម្ព័ន្ធ ២ នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីដាក់ ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ (និរាករណ៍)
និយមន័យ
ទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ គឺជាទំនិញដែលស្ថិតក្រោមលក្ខខណ្ឌលើការនាំចេញ ឬនាំចូល ក្នុងគោលបំណងណាមួយដូចជា៖
- ការការពារសន្តិសុខជាតិ
- ការការពារសណ្តាប់ធ្នាប់សាធារណៈ និងស្តង់ដារនៃសុភាវធម៌ និងសីលធម៌
- ការការពារសុខភាព និងជីវិតមនុស្ស សត្វ ឬ រុក្ខជាតិ
- ការការពារបេតិកភណ្ឌជាតិ ដែលមានតម្លៃខាងសិល្បៈ ប្រវត្តិសាស្ត្រ ឬ បុរាណវត្ថុវិទ្យា
- ការអភិរក្សធនធានធម្មជាតិ
- ការតម្រូវតាមបញ្ញត្តិនានានៃច្បាប់ណាមួយជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
- ការបំពេញកាតព្វកិច្ចក្រោមធម្មនុញ្ញសហប្រជាជាតិ។
មុខទំនិញជាកម្មវត្ថុនៃការហាមឃាត់ ឬជាប់កម្រិតកំណត់លើការនាំចេញ នាំចូល និងការដឹកជញ្ជូន ឆ្លងកាត់ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១ ដល់ ៥ នៃអនុក្រឹត្យនេះ ដូចខាងក្រោម៖
- ឧបសម្ព័ន្ធ ១ បញ្ជីទំនិញហាមឃាត់
- ឧបសម្ព័ន្ធ ២ បញ្ជីទំនិញតម្រូវឱ្យមានការអនុញ្ញាតនាំចេញ ឬនាំចូល
- ឧបសម្ព័ន្ធ ៣ បញ្ជីទំនិញតម្រូវឱ្យមានវិញ្ញាបនបត្រពីប្រទេសនាំចេញ
- ឧបសម្ព័ន្ធ ៤ បញ្ជីទំនិញហាមឃាត់ឬតម្រូវឱ្យមានការអនុញ្ញាតឆ្លងកាត់អន្តរជាតិ
- ឧបសម្ព័ន្ធ ៥ កំណត់ពន្យល់សម្រាប់ការអនុវត្តបញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់
កំណត់សម្គាល់
- បញ្ជីជាឧបសម្ព័ន្ធ ២ នៃអនុក្រឹត្យនេះ មិនអនុវត្តចំពោះការនាំចេញ ឬនាំចូលដែលគ្មានលក្ខណៈពាណិជ្ជកម្មតាមរូបភាពជា ទំនិញគំរូ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ សម្ភារផ្លាស់ប្តូរលំនៅដ្ឋាន ឬ តាមរូបភាពប្រហាក់ប្រហែល។ ការលើកលែងនេះ មិនគ្របដណ្ដប់លើមុខទំនិញដែលជាប្រភេទមានហានិភ័យខ្ពស់ដល់សុខុមាលភាព សន្តិសុខ និងសុវត្ថិភាពសង្គមឡើយ។
- ផលិតផល, សំណាក ឬបំណែក ពីរុក្ខជាតិឬសត្វ ដែលមានចែងក្នុងអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទរុក្ខជាតិនិងសត្វព្រៃដែលកំពុងរងគ្រោះ (CITES) ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទោះជាមិនមានចែងក្នុងបញ្ជីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះក៏ដោយ។
- មុខទំនិញហាមឃាត់ការនាំចូល ដែលមិនអាចដាក់បញ្ចូលក្នុងបញ្ជីទំនិញនៃឧបសម្ព័ន្ធ ១ ឬមិនអាចញែកចេញពីគ្នាបាន ដោយសារហេតុផលបច្ចេកទេសនៃតារាងពន្ធគយ មានដូចខាងក្រោម៖
- រថយន្តចង្កូតស្តាំ
- ថង់ប្លាសិ្ទចស្ដើងមានដៃយួរ ដែលកម្រាស់តូចជាង ០.០៣ មីល្លីម៉ែត្រ និងរង្វាស់ទទឹងផ្នែកបាតខាងក្រោមតូចជាង ២៥០ មីល្លីម៉ែត្រ
- មុខទំនិញប្រើប្រាស់រួច រួមមាន សំបកកង់យានយន្ត អាគុយ និងថ្មពិល
- សៀវភៅសាសនា សៀវភៅនយោបាយ ស្នាដៃសិល្បៈ រូបភាពអាសអាភាស រូបភាពពាណិជ្ជកម្ម និងឯកសារបោះពុម្ពផ្សេងទៀត ដែលច្បាប់ហាមឃាត់
- ទំនិញល្មើសច្បាប់កម្មសិទ្ធិបញ្ញា (IPR Law) ឬ ទំនិញក្លែងក្លាយ។
- មុខទំនិញជាប់កម្រិតកំណត់លើការនាំចូល ដែលមិនអាចដាក់បញ្ចូលក្នុងបញ្ជីទំនិញនៃឧបសម្ព័ន្ធ ២ ដោយសារហេតុផលបច្ចេកទេសនៃតារាងពន្ធគយ មានដូចខាងក្រោម៖
- ទំនិញប្រើប្រាស់រួច រួមមាន កុំព្យូទ័រ ស្បែកជើង កាបូប ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងទូក្លាស្សេ (ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន)
- ការនាំចូលដ្រូនក្រៅពីប្រភេទនៃទីតាំងរងលេខ 8802.20.90 និង 8802.30.90 ត្រូវមានលិខិតអនុញ្ញាតពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
- ការនាំចេញនាំចូលមុខទំនិញ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមានសមត្ថកិច្ចលើសពីមួយ ត្រូវមានការអនុញ្ញាតពីក្រសួងមានសមត្ថកិច្ចណាមួយក៏បាន ដោយផ្អែកលើគោលដៅនៃការប្រើប្រាស់ទំនិញ លើកលែងតែមុខទំនិញក្នុងបន្ទាត់ពន្ធនៃជំពូក៤៤ នៃបញ្ជីឧបសម្ព័ន្ធ ២ នៃអនុក្រឹត្យនេះ។
- ប្រសិនបើមានការអនុញ្ញាតឱ្យនាំចូលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ ការនាំចូលអាចធ្វើទៅបានដោយពុំចាំបាច់មានការអនុញ្ញាតពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ចទៀតឡើយ។
- ការនាំចេញធនធានរ៉ែ ត្រូវមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងទម្រង់ប្រហាក់ប្រហែល ពីក្រសួងរ៉ែនិងថាមពល។
- ចំពោះការនាំចេញទូទៅ ប្រសិនអ្នកនាំចេញមានតម្រូវការប្រើប្រាស់ “វិញ្ញាបនបត្រ” ក្នុងទម្រង់កំណត់ណាមួយនោះ ក្រសួង/ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចេញឯកសារទាំងនោះ តាមការស្នើសុំរបស់ធុរជន ទោះបីមុខទំនិញនោះពុំមានចែងក្នុងបញ្ជីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះក៏ដោយ។
បទប្បញ្ញត្តិនៃអនុក្រឹត្យ
មាត្រា ១.-
ត្រូវបានដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ តាមតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ជាធរមាន ដូចមានចែងក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
មាត្រា ២.-
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវធ្វើបច្ចុប្បន្នភាពលេខកូដទំនិញ ក្នុងបញ្ជីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះឱ្យបានទាន់ពេលវេលា ស្របតាមការផ្លាស់ប្តូរប្រព័ន្ធសុខដុមនីយកម្មរបស់អង្គការគយពិភពលោក (WCO HS) និងការផ្លាស់ប្តូរនាមវលីនៃតារាងពន្ធគយស៊ីចង្វាក់របស់អាស៊ាន (AHTN)។
មាត្រា ៣.-
មុខទំនិញជាកម្មវត្ថុនៃការហាមឃាត់ ឬជាប់កម្រិតកំណត់លើការនាំចេញ នាំចូល និងការដឹកជញ្ជូន ឆ្លងកាត់ ត្រូវបានកំណត់ក្នុងអនុក្រឹត្យនេះ។ ការកែសម្រួលមុខទំនិញ និង/ឬ ប្រព្រឹត្តកម្មនៃទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ ត្រូវធ្វើឡើងក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មាត្រា ៤.-
ក្នុងករណីមានហានិភ័យដែលតម្រូវឱ្យមានចំណាត់ការបន្ទាន់ជាយថាហេតុ ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធអាចដាក់វិធានការជាបណ្តោះអាសន្នក្នុងការគ្រប់គ្រងការនាំចេញ នាំចូល ឬការឆ្លងកាត់នៃមុខទំនិញដែលមានហានិភ័យ ទោះបីពុំមានចែងក្នុងអនុក្រឹត្យនេះក៏ដោយ និងត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់នូវរយៈពេលនៃការអនុវត្តវិធានការទាំងនោះ ដោយមិនឱ្យលើសពី ០៦ ខែ។ វិធានការបណ្តោះអាសន្នទាំងនោះ អាចត្រូវបញ្ចប់មុនកាលកំណត់ ឬពន្យារពេល តាមស្ថានភាពជាក់ស្តែង។
មាត្រា ៥.-
អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពី ការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ និងអនុក្រឹត្យលេខ ២០៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១ ស្ដីពីការកែសម្រួលលើកំណត់សម្គាល់ II នៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យលេខ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៦.-
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តទៅ។