ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ ០៣ នស ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤
- សារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំរួចពន្ធឧបករណ៍សម្ភារ នាំចូល ក្នុងក្របខ័ណ្ឌជំនួយឥតសំណង ឥណទាន និងជំនួយមនុស្សធម៌
- ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
- អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពី វិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- ច្បាប់ស្តីពីគយ ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧
- អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
- ប្រកាសលេខ ១១៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការកំណត់មុខទំនិញដែលត្រូវលើកលែងពន្ធ និងអាករ
- អនុក្រឹត្យលេខ ២០៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីការកែសម្រួលលើកំណត់សម្គាល់ II ឧបសម្ព័ន្ធ ២ នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
- ប្រកាសអន្តរក្រសួងលេខ ៥៨១ សហវ និងលេខ ១២៧៦ ក.អ.ក/គ.ជ.នា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំនាំចូលឧបករណ៍ សម្ភារ គ្រឿងចក្រ យានយន្ត និងផលិតផលតេលសិលា ដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង
- ប្រកាសលេខ ៣១១ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការអនុវត្តអាករលើតម្លៃ បន្ថែមចំពោះឧស្សាហកម្មគាំទ្រ ឬ អ្នកចុះកិច្ចសន្យា ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឬ សេវាសម្រាប់បម្រើឲ្យការ នាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរនិងការបូបដៃ និងឧស្សាហកម្មផលិតមួក
- លិខិតប្រគល់សិទ្ធិលេខ ០០៥ សហវ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៥
ទំនិញជាកម្មវត្ថុនៃការស្នើសុំលិខិតអនុញ្ញាតគយ
ទំនិញនាំចូល/នាំចេញ ដែលតម្រូវឲ្យស្នើសុំលិខិតអនុញ្ញាតគយ នៅ អគរ មានដូចខាងក្រោម៖
- ទំនិញគ្រប់ប្រភេទ ដែលនាំចូលដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលស្ថិតនៅខាងក្រៅ តំបន់រួចពន្ធនានា និងដែលពន្ធ និង/ឬអាករជាបន្ទុករបស់រដ្ឋ
- ទំនិញនាំចូល/នាំចេញគ្រប់ប្រភេទ ដែលមាននៅក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិត កំណត់ក្នុងការនាំចូលនិងនាំចេញ នៃឧបសម្ព័ន្ធ ១ នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
- ទំនិញនាំចូលគ្រប់ប្រភេទ ដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ក្រោមក្របខ័ណ្ឌ វិនិយោគសាធារណៈ
- ទំនិញនាំចូលគ្រប់ប្រភេទ ដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ក្រោមក្របខ័ណ្ឌជំនួយឥតសំណង ឥណទាន និងជំនួយមនុស្សធម៌
- ទំនិញនាំចូលគ្រប់ប្រភេទ ដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ និងដែលនាំចូលសម្រាប់បេសកកម្មការទូត ឬបេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ និងប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិក
- ទំនិញនាំចូលគ្រប់ប្រភេទ ដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋ និងដែលជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផ្សេងទៀតលើកលែងយានយន្ត ដែលនាំចូលដោយបុគ្គលដែលផ្លាស់ទីលំនៅស្ថានមកកម្ពុជា
- ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតគយ
ក.ការនាំចូលទំនិញដោយ គ.ល.គ
បុគ្គលដែលស្នើសុំលិខិតអនុញ្ញាតគយ ដើម្បីនាំចូលទំនិញបម្រើឲ្យផលិតកម្មរបស់គ.ល.គ ដែលពន្ធនិងអាករជាបន្ទុក របស់រដ្ឋ ត្រូវ៖
- មានបញ្ជីមេនៃមុខទំនិញដែលនាំចូលសម្រាប់បម្រើផលិតកម្មរបស់គ.ល.គ និងដែលបានអនុញ្ញាតដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)/គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក)
- ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតគយ នៅ អគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយនូវវិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និងឯកសារដឹកជញ្ជូន លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់។
ខ.ការនាំចូលទំនិញ ដែលមាននៅក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
ដើម្បីនាំចូលទំនិញដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ ត្រូវអនុវត្តដូចខាងក្រោម៖
- ត្រូវមានអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ឬ វិញ្ញាបនបត្រផ្សេងៗ ព្រមទាំងឯកសារគតិយុត្តិដែលមានទម្រង់ប្រហាក់ប្រហែលជាមុន ឬ ស្ថិតក្រោមប្រព្រឹត្តិកម្មដោយឡែកមួយចំនួនពីអាជ្ញាធរមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលរួមមាន ក្រសួង ស្ថាប័ន ឬ អង្គភាពជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ
- ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតគយ នៅអគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយនូវវិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់។
គ.ការនាំចូលទំនិញ ក្រោមក្របខ័ណ្ឌវិនិយោគសាធារណៈ
- ក្រោមក្របខ័ណ្ឌវិនិយោគសាធារណៈ (ជំនួយឥតសំណង)
បុគ្គលដែលស្នើសុំលិខិតអនុញ្ញាតគយ ដើម្បីនាំចូលទំនិញដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋក្រោម ក្របខ័ណ្ឌវិនិយោគសាធារណៈ ដោយប្រើប្រាស់ជំនួយឥតសំណង ត្រូវ៖
- មានបញ្ជីមេនៃមុខទំនិញ ដែលនាំចូលសម្រាប់បម្រើផលិតកម្មរបស់គម្រោងវិនិយោគសាធារណៈ និងបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)/គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ (ក.អ.ក/គ.ជ.នា)
- ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតគយ នៅ អគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយ នូវវិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់។
- ក្រោមក្របខ័ណ្ឌវិនិយោគសាធារណៈ (ឥណទាន)
បុគ្គលដែលស្នើសុំលិខិតអនុញ្ញាតគយ ដើម្បីនាំចូលទំនិញដែលពន្ធនិងអាករជាបន្ទុករបស់រដ្ឋក្រោមក្របខ័ណ្ឌវិនិយោគសាធារណៈ ដោយប្រើប្រាស់ឥណទានត្រូវ៖
- មានបញ្ជីមេនៃមុខទំនិញ ដែលនាំចូលបម្រើផលិតកម្មរបស់គម្រោងវិនិយោគសាធារណៈ និងបានអនុញ្ញាតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតគយ នៅ អគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយ នូវវិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់។
ឃ.ការនាំចូលទំនិញ ក្រោមក្របខ័ណ្ឌជំនួយឥតសំណង ឥណទាន និងជំនួយមនុស្សធម៌
- ការនាំចូលទំនិញក្រោមក្របខ័ណ្ឌជំនួយឥតសំណង (ទ្វេភាគី ពហុភាគី អង្គការមិនមែន រដ្ឋាភិបាល)
មុនការស្នើសុំលិខិតអនុញ្ញាតគយនាំចូល ដើម្បីនាំចូលឧបករណ៍ សម្ភារ គ្រឿងចក្រ យានយន្ត និង ផលិតផលតេលសិលាដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងសម្រាប់ អនុវត្តគម្រោង ឬ បម្រើក្នុងការិយាល័យរបស់ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ ភ្នាក់ងារអនុវត្តគម្រោង (រួមមាន ក្រសួងនិងស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា និង/ឬ ស្ថាប័នផ្តល់ហិរញ្ញប្បទានឥតសំណងនៃដៃគូ អភិវឌ្ឍន៍ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល) អ្នកអនុវត្តគម្រោង ត្រូវស្នើសុំការអនុញ្ញាតឲ្យ នាំចូលដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍ (ក.អ.ក/គ.ជ.នា)។
បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យនាំចូលទំនិញដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ពីក.អ.ក/គ.ជ.នា អ្នកនាំចូលខាងលើ ត្រូវស្នើសុំលិខិតអនុញ្ញាតគយនៅ អគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់នានារួមមាន៖
- លិខិតអនុញ្ញាតឲ្យនាំចូលទំនិញដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋពីក.អ.ក/គ.ជ.នា
- លិខិតស្នើសុំការអនុញ្ញាតឲ្យនាំចូលដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋពីក.អ.ក/គ.ជ.នា
- វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់។
- ការនាំចូលទំនិញក្រោមក្របខ័ណ្ឌឥណទាន និងជំនួយមនុស្សធម៌
មុនការស្នើសុំលិខិតអនុញ្ញាតគយនាំចូល ដើម្បីនាំចូលឧបករណ៍ សម្ភារ ដោយពន្ធនិងអាករជាបន្ទុក របស់រដ្ឋក្នុងក្របខ័ណ្ឌឥណទាន ឬ ជំនួយមនុស្សធម៌ ភ្នាក់ងារអនុវត្តគម្រោង ឬ សាមីស្ថាប័នទទួលជំនួយ ត្រូវបំពេញទម្រង់បែបបទស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេច។
បន្ទាប់ពីទទួលបានការអនុញ្ញាត ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភ្នាក់ងារអនុវត្តគម្រោង ឬ សាមីស្ថាប័នទទួលជំនួយខាងលើ ត្រូវស្នើសុំលិខិតអនុញ្ញាតគយនៅអគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់នានារួមមាន៖
- លិខិតអនុញ្ញាតឲ្យនាំចូលទំនិញដោយពន្ធនិងអាករជាបន្ទុក របស់រដ្ឋពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬ លិខិតស្នើសុំការអនុញ្ញាតឲ្យនាំចូលដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ដែលមានចំណារ ឯកភាព ពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ឯកសារត្រូវភ្ជាប់ជាមួយរួមមាន វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់។
ង.ការនាំចូលទំនិញ សម្រាប់បេសកកម្មការទូត ឬ បេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀត
- អង្គការនានា ឬ បុគ្គលដែលមានបំណងស្នើសុំការលើកលែងពន្ធ និងអាករលើទំនិញនាំចូល សម្រាប់បេសកកម្មការទូត ឬបេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារ ជាផ្លូវការ និងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិកផ្លូវការនៃបេសកកម្ម និងអង្គការ ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- តាមសំណើខាងលើ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដាក់សំណើសុំនាំចូលទំនិញដោយពន្ធអាករជាបន្ទុករដ្ឋ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពីនិត្យនិងសម្រេច (អគរ នឹងពិនិត្យ សម្រេចលើលិខិតស្នើសុំនេះ ក្នុងនាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមលិខិតប្រគល់សិទ្ធិលេខ០០៥ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)
- បន្ទាប់ពីទទួលបានការឯកភាពពីថ្នាក់ដឹកនាំអគរ អ្នកស្នើសុំ ត្រូវស្នើសុំលិខិតអនុញ្ញាតគយ នៅអគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយ នូវវិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ ឯកសារដឹកជញ្ញូន លិខិតផ្ទេរសិទ្ធិសម្រាប់បុគ្គលតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់។
ច.ការនាំចូលទំនិញ ដែលជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផ្សេងទៀតលើកលែងយានយន្ត ក្នុងករណីផ្លាស់ទីលំនៅស្ថាន
- អ្នកស្នើសុំ ត្រូវដាក់លិខិតស្នើសុំនាំចូលទំនិញដោយពន្ធអាករជាបន្ទុករដ្ឋ ទៅជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- អគរ នឹងពិនិត្យ សម្រេចលើលិខិតស្នើសុំនេះ ក្នុងនាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមលិខិតប្រគល់សិទ្ធិលេខ០០៥ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បន្ទាប់ពីទទួលបានការឯកភាពពីថ្នាក់ដឹកនាំអគរ អ្នកស្នើសុំត្រូវស្នើសុំលិខិតអនុញ្ញាតគយនៅ អគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយរួមមាន វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់និង ឯកសារដឹកជញ្ជូន លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងករណីចាំបាច់។