និយមន័យ

ការទាមទារសំខាន់បំផុតក្នុងការនាំចូលផលិតផលកសិកម្មនោះ ត្រូវតែមានសុវត្ថិភាព និងបង្កាហានិភ័យ ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។

ដើម្បីឲ្យប្រាកដថា ពិតជាធានាសុវត្ថិភាពអាហារ និងជៀសវាងបាននូវការឆ្លងរាលដាលជំងឺ សមាសភាព សត្វចង្រៃផ្សេងៗតាមរយៈសកម្មភាពពាណិជ្ជកម្ម រដ្ឋាភិបាលនៃគ្រប់ប្រទេស បានបង្កើតឡើងនូវលិខិត បទដ្ឋានច្បាប់ ដើម្បីការពារសុខភាពមនុស្ស និងសុឋភាពសត្វ (វិធានការអនាម័យ/Sanitary Measure) និងដើម្បីការពារសុខភាពរុក្ខជាតិ (វិធានការភូតគាមអនាម័យ/Phytosanitary Measure)។

ការត្រួតពិនិត្យភូតគាមអនាម័យ មានគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃ ភូតគាមអនាម័យ និងសមាសភាពចង្រៃបង្កគ្រោះថ្នាក់ពីតំបន់មួយទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ចូល-ចេញ ឬ ឆ្លងកាត់ ព្រះរាជាណាចក្រកម្ពុជា តាមគ្រប់មធ្យោបាយ ដើម្បីការពារផលិតផលកសិកម្ម និងជីវសាស្ត្រចំរុះ។

ម្ចាស់ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ដែលនាំយក ឬ ដឹកជញ្ជូនចូល-ចេញ ឬ ឆ្លងកាត់ ព្រះរាជាណាចក្រកម្ពុជា ត្រូវសុំការត្រួតពិនិត្យ និងត្រូវគោរពតាមគ្រប់វិធានភូតគាមអនាម័យ។

បណ្តាវិធានការដែលត្រូវអនុវត្ត

 • ដើម្បីការពារសត្វ រុក្ខជាតិ​ ឬ សុខភាពនៅក្នុងដែនដីនៃសមាជិក ទល់នឹងហានិភ័យបង្កឡើង ដោយការឆ្លងរាលដាល រាតត្បាតនៃសមាសភាពចង្រៃ ជំងឺសារពាង្គកាយចម្លងជំងឺ ឬ សារពាង្គកាយជាភ្នាក់ងារបង្ករោគ។
 • ដើម្បីការពារសុខភាព អាយុជីវិត​ មនុស្ស​ សត្វ ដែនដីសមាជិក ទល់នឹងហានិភ័យបង្កឡើងដោយ គ្រឿងបន្ថែមក្នុងអាហារ បន្សំជាតិពុល ឬ សារពាង្គកាយបង្ករោគក្នុងអាហារ ភេសជ្ជៈ ឬ ចំណីសត្វជាដើម។

គោលបំណង

 • ដើម្បីការពារសុខភាព អាយុជីវិតមនុស្សនៅលើដែនដីសមាជិក ទល់នឹងហានិភ័យបង្កឡើង ដោយជំងឺឆ្លងតាមសត្វ តាមរុក្ខជាតិ ឬ ផលិតផលផ្សេងៗ ដោយការឆ្លងរាលដាល នៃសមាសភាពសត្វចង្រៃ។
 • ដើម្បីបង្កា ឬ កំណត់ការខូចខាតដទៃទៀតក្នុងដែនដីសមាជិក ទល់នឹងការឆ្លងរាលដាល និងរាតត្បាតនៃសមាសភាពសត្វចង្រៃ។

កិច្ចការពារ

វិធានការអនាម័យ និងភូតគាមអនាម័យ មាចរិតជាការដាក់កំហិតចំពោះពាណិជ្ជកម្មក្នុងកំរិតចាំបាច់មួយ ត្រឹមតែឲ្យប្រាកដថាពិតជាធានាបាននូវ សុវត្ថិភាពអាហារ សុខភាពសត្វ និងសុខភាពរុក្ខជាតិ។

ទំនិញដែលជាកម្មវត្ថុត្រូវត្រួតពិនិត្យភូតគាមអនាម័យ

ទំនិញដែលជាកម្មវត្ថុនៃការត្រួតពិនិត្យរួមមាន ​៖

 • រុក្ខជាតិ បំណែករុក្ខជាតិ ផលិតផលរុក្ខជាតិ និងផលិតផលកែច្នៃពីផលិតផល
 • រុក្ខជាតិដែលអាចជាជម្រក និងចម្លងសមាសភាពចង្រៃ
 • សម្ភារវេចខ្ចប់ ឡាំងឈើ កំណាត់ឈើ ឬ មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ និងឃ្លាំងសន្និធិ
 • ដីឬ ដីដែលជាប់នឹងឬស ឬ បំណែករុក្ខជាតិ
 • កត្តាចង្រៃ ឬ សរីរៈមានប្រយោជន៍ រស់ ឬ ងាប់
 • ផលិតផលដែលគ្មានដើមកំណើតពីរុក្ខជាតិ តែអាចជាជម្រកនៃសមាសភាពចង្រៃ

ដំណើរការស្នើសុំ វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ

វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (Sanitary and Phytosanitary Certificate-SPS) ជាឯកសារចាំបាច់សម្រាប់ការនាំចេញផ្លែឈើស្រស់ បន្លែស្រស់ រុក្ខជាតិស្រស់ ត្រី​ សត្វរស់ និងផលិតផល ផ្សេងទៀត ដែលតម្រូវដោយប្រទេសនាំចូល។ វិញ្ញាបនបត្រនេះបញ្ជាក់ថា ផលិតផលនាំចេញគ្មានផ្ទុកសត្វ ល្អិតបង្កជំងឺ ឬសត្វល្អិតចង្រៃដែលអាចបំផ្លាញផលដំណាំ។ អ្នកនាំចូលត្រូវទទួលខុសត្រូវក្នុងការបំពេញទៅតាមលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ។

ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យមាន ៖

 • រុក្ខជាតិ បំណែករុក្ខជាតិ ផលិតផលរុក្ខជាតិ និងផលិតផលកែច្នៃពីផលិតផល
 • រុក្ខជាតិដែលអាចជាជម្រក និងចម្លងសមាសភាពចង្រៃ
 • សម្ភារវេចខ្ចប់ ឡាំងឈើ កំណាត់ឈើ ឬ មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ និងឃ្លាំងសន្និធិ
 • ដីឬ ដីដែលជាប់នឹងឬស ឬ បំណែករុក្ខជាតិ
 • កត្តាចង្រៃ ឬ សរីរៈមានប្រយោជន៍ រស់ ឬ ងាប់
 • ផលិតផលដែលគ្មានដើមកំណើតពីរុក្ខជាតិ តែអាចជាជម្រកនៃសមាសភាពចង្រៃ

បញ្ជីមុខទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ម្ចាស់ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យតាមនីតិវិធីដូចខាងក្រោម ៖

 • ត្រូវធ្វើប្រតិវេទន៍ទំនិញឲ្យបានត្រឹមត្រូវ
 • ត្រូវមានវិញ្ញាបនបត្រភូតគាមអនាម័យ
 • ត្រូវវេចខ្ចប់ទំនិញ និងធានាសុវត្ថិភាព មិនឲ្យធ្លុះធ្លាយ ឬ កំពប់រាយប៉ាយតាមផ្លូវក្នុងពេលដឹកជញ្ជូន
 • ត្រូវទុកដាក់ ឬ ដឹកទំនិញតាមទិសដៅកំណត់របស់សមត្ថកិច្ចភូតគាមអនាម័យ។ ក្នុងករណីមានការ ដឹកជញ្ជូន រក្សាទុក ឬ ដាក់ទំនិញខុសពីទិសដៅកំណត់ ត្រូវសុំការអនុញ្ញាតិពីសមត្ថកិច្ច ភូតគាមអនាម័យ។

មុនរយៈពេល១០ថ្ងៃ មុននាំទំនិញចេញ រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលដែលជាម្ចាស់ទំនិញត្រូវដាក់ពាក្យស្នើសុំ ត្រួតពិនិត្យភូតគាមអនាម័យមកសមត្ថកិច្ចភូតគាមអនាម័យដែលនៅជិតបំផុត ហើយត្រូវបង្កលក្ខណៈ ងាយស្រួលដល់ការត្រួតពិនិត្យភូតគាមអនាម័យ។ ក្នុងរយៈពេលនេះ សមត្ថកិច្ចភូតគាមអនាម័យត្រូវបញ្ចប់ ការត្រួតពិនិត្យ និងការអនុវត្តន៍វិធានភូតគាមអនាម័យឲ្យបានចប់សព្វគ្រប់។

ចំពោះទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ដែលមិនសមស្របតាមល័ក្ខខ័ណ្ឌ ភូតគាមអនាម័យ​ នៃប្រទេសនាំចូល ម្ចាស់ទំនិញត្រូវអនុវត្តតាមវិធានភូតគាមអនាម័យនៃប្រទេសនាំចូល នោះ។

ការចំណាយលើវិធានភូតគាមអនាម័យខាងលើ ជាបន្ទុករបស់ម្ចាស់ទំនិញ។

រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលដែលបានស្នើសុំធ្វើការត្រួតពិនិត្យភូតគាមអនាម័យលើទំនិញរបស់ខ្លួន ត្រូវបង់សោហ៊ុយសេវាកម្មត្រួតពិនិត្យភូតគាមអនាម័យ។ ​ប្រសិនបើស្នើឲ្យធ្វើការកម្ចាត់សមាភាពចង្រៃនោះ ត្រូវបង់សោហ៊ុយសេវាកម្មកម្ចាត់សមាសភាពចង្រៃនោះ។​ សោហ៊ុយសេវាកម្មទាំងនេះត្រូវបង់ចូលថវិកាជាតិ តាមរយៈសមត្ថកិច្ចភូតគាមអនាម័យ។

សោហ៊ុយសេវាកម្មត្រួតពិនិត្យភូតគាមអនាម័យ និងសោហ៊ុយសេវាកម្មកម្ចាត់សមាសភាពចង្រៃ ត្រូវកំណត់ ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Cambodia Pest Control Source ​ជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តល់សេវាគ្រប់គ្រងសត្វល្អិត និងធុបទកម្ម (Fumigation)របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដំណើរការស្នើសុំវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ

ជំហានទី១ ដាក់ពាក្យសុំដាក់ពាក្យស្នើសុំវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ និងសុំឲ្យមន្ត្រីនាយកដ្ឋានក្សេត្រសាស្ត្រនិងបង្កើនគុណភាពដីកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការត្រួតពិនិត្យទំនិញរបស់លោកអ្នក។ លោកអ្នកត្រូវបង្ហាញបញ្ជីវេចខ្ចប់ វិក្កយបត្រ ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងពាក្យស្នើសុំ។
ជំហានទី២ គោរពតាមការណែនាំបន្ទាប់មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការវាយតម្លៃពីហានិភ័យ ដោយផ្អែកលើហានិភ័យរបស់ផលិតផល​ដែលរងការបំផ្លាញពីសត្វល្អិត ប្រវត្តិរបស់ក្រុមហ៊ុន ប្រភពដើមរបស់ផលិតផល។ បន្ទាប់មក ក្រសួងនឹងធ្វើការណែនាំ និងប្រាប់ពីល័ក្ខខ័ណ្ឌនាំចេញផលិតផលទាំងនេះពីប្រទេសកម្ពុជា។
ជំហានទី៣ កំណត់ពីការទាមទារធ្វើអធិការកិច្ច និងការធ្វើតេស្តដោយប្រទេសនាំចូលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការពិនិត្យថា តើប្រទេសនាំចូលទាមទារធ្វើតេស្ត និងអធិការកិច្ចអ្វីខ្លះ។ បន្ទាប់មក ក្រសួងនឹងរៀបចំធ្វើអធិការកិ្ច និងតេស្តទៅតាមការទាមទារទាំងនោះ។
ជំហានទី៤ រៀបចំធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ប្រសិនបើចាំបាច់ ក្រសួងនឹងរៀបចំធ្វើតេ្សតនៅក្នុងមន្ទីរពិសោធន៍ យ៉ាងហោចណាស់ឲ្យបានមុនការនាំចេញចំនួន១៥ថ្ងៃ (គិតថ្ងៃធ្វើការប៉ុណ្ណោះ)។ ក្រសួងរៀបចំធ្វើតេស្តដែលចាំបាច់ទាំងអស់ ប៉ុន្តែលោកអ្នកគួរធ្វើការជូនដំណឹងជាមុន។
ជំហានទី៥ ធ្វើធុបទកម្មទំនិញនាំចេញប្រសិនបើចាំបាច់ ក្រសួងនឹងមានរៀបចំធ្វើធូបទកម្ម យ៉ាងហោចណាស់ឲ្យបានមុនការនាំចេញចំនួន១៥ថ្ងៃ (គិតថ្ងៃធ្វើការប៉ុណ្ណោះ)។ ដំណើរការធូបទកម្មត្រូវចំណាយពេលចំនួន៩៦ម៉ោង។ ក្រសួងនឹងធ្វើការត្រួតពិនិត្យក្រោយពេលធ្វើធូបទកម្ម ដើម្បីកំណត់ថាតើចាំបាច់ត្រូវធ្វើធូបទកម្មម្តងទៀតដែរឬ ទេ។
ជំហានទី៦ នាំចេញផលិតផលបន្ទាប់មក ក្រសួងនឹងចេញវិញ្ញាបនបត្រធូបទកម្ម (Fumigation Certificate) វិញ្ញាបនបត្រនេះបញ្ជាក់ពីប្រភេទទំនិញ ការបរិច្ឆេទ និងប្រភេទថ្នាំដែលប្រើនៅពេលធ្វើប្រព្រឹត្តកម្ម។ ក្រោយពីលោកអ្នកទទួលបានវិញ្ញាបនបត្រធូបទកម្ម មានន័យថាទំនិញរបស់លោកអ្នកបានទទួលការពិនិត្យអនាម័យ និងភូតគាមអនាម័យ និងអាចធ្វើការនាំចេញបានហើយ។

កំណត់សម្គាល់

 • ការធ្វើរោគវិនិច្ឆ័យ ត្រូវចំណាយពេលរង់ចាំ ពី១ថ្ងៃ ដល់ ៥ថ្ងៃ
 • ការធ្វើធូបទកម្ម ត្រូវចំណាយពេលរង់ចាំ ពី៣ថ្ងៃ ដល់ ៧ថ្ងៃ

ព័ត៌មានបន្ថែមសម្រាប់ការងារភូតគាមអនាម័យ

សូមអានការណែនាំស្តីពីនីតិវិធីសុំវិញ្ញាបនបត្រភូតគាមអនាម័យ​ (សម្រាប់ការនាំចេញ​ ឬ បន្តការនាំចេញ)​ ឬ សូមពិនិត្យមើលគេហទំព័រនៃអនុសញ្ញាការពារដំណាំអន្តរជាតិ ៖

http://www.ippc.int/ipp/en/default.jsp

ឬ គេហទំព័រស្តីពីវិធានការអនាម័យ និងភូតគាមអនាម័យ របស់អង្គការពាណិជ្ជកម្មពិភពលោក​ ៖

http://www.wto.org/english/tratpo_e/sps_tratp_e.htm

ឬ សូមទំនាក់ទំនងផ្ទាល់អគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ) អាស័យដ្ឋាន: អាគារលេខ៥៤បេ-49អេស ផ្លូវលេខ៣៩៥ កែងផ្លូវលេខ៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទូរស័ព្ទលេខ: (៨៥៥) ២៣​ ៨៨៥ ៤៨២

ទូរសាលេខ: (៨៥៥) ២៣​ ២៣៨ ៨៣២/២៦៧

សារអេឡិចត្រូនិក: ppspsdcam@online.com.kh

ឧបសម្ព័ន្ធ

ក.  ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងនីតិវិធីបញ្ចេញទំនិញពីគយ

ខ.  បញ្ជីរាយនាមមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ

គ.  បញ្ជីតម្លៃនៃកម្រៃសេវា

ឃ.  តារាងទំនាក់ទំនងតាមក្រសួងពាក់ព័ន្ធនានា