សេចក្តីផ្តើម

វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញ ដែលបាន​ផលិត ឬ បានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូល នៃឯកសារ នាំចូល ដែល​ប្រទេសនាំចូលបានតម្រូវ។

នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះ អ្នកនាំចេញ ឬ តំណាង​ទទួល​​​សិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យ ជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម ទំនិញដោយភ្ជាប់​មក​ជាមួយ នូវឯកសារគាំទ្រ ត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ​ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់​​ការចេញ វិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ។

វិញ្ញាបនបត្រ បញ្ជាក់​ប្រភព​ដើមទំនិញ មានពីរប្រភេទគឺ៖​

 • មិនទទួលបានភាពអនុគ្រោះពន្ធនិង
 • ទទួលបានភាពអនុគ្រោះពន្ធ​។

ប្រទេសដែលតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ

កម្ពុជា វិញ្ញាបនបត្របញ្ជាក់​ ប្រភពដើមទំនិញ ទទួលបានអត្រាពន្ធអនុគ្រោះក្នុងទម្រង់ផ្សេងៗ ដូចជា៖

 • អាស៊ាន-អូស្រ្តាលី-ញ៉ូវហ្សីលែន៖ ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ ទម្រង់​AANZ
 • ចិន: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់AC
 • ឥណ្ឌា: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់AI
 • កូរ៉េ: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់AK
 • ជប៉ុន: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់AJ
 • វៀតណាម: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់S​
 • ប្រព័ន្ធអនុគ្រោះទូទៅ ផ្នែកពាណិជ្ជកម្ម(LDC និងLLDC): ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ A​
 • អត្រាពន្ធមិនអនុគ្រោះអាចចេញបាន ដោយប្រើ​ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ ទម្រង់N

របៀបដាក់ពាក្យស្នើសុំ ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ

អ្នកនាំចេញចាំបាច់ ត្រូវដាក់ពាក្យស្នើសុំ​ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ នៅនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម។ នីតិវិធីនៃការដាក់ពាក្យ ស្នើសុំ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ អាចរកបាននៅក្នុងប្រកាសលេខ១១២ MOC/SM 2013 ស្តីពីការកែប្រែនីតិវិធី ចេញ​វិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ។

​(ប្រការទី៤)

ដាក់ពាក្សស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ត្រូវធ្វើតាមបែបបទដូចខាងក្រោម ៖

១. ការនាំចេញតាមផ្លូវទឹក

ក. ទំនិញជា សម្លៀកបំពាក់  ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងរបស់របរប្រើប្រាស់ផ្សេងទៀត(ប្រដាប់តុបតែងកាយ) ដូចជា កាបូប មួកជាដើម។ល។

 • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
 • ច្បាប់ចម្លងប័ណ្ណបើកប្រាក់ (សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
 • វិក្កយបត្រទូទាត់កម្រៃសេវាសាធារណៈ
 • វិក្កយបត្រពាណិជ្ជកម្ម
 • បញ្ជីវេចខ្ចប់
 • អញ្ញាតប័ណ្ណដឹកជញ្ជូន (Bill of Lading)
 • របាយការណ៍ត្រួតពិនិត្យរួមនៃទំនិញវាយនភ័ណ្ឌនាំចេញ ចេញដោយ អគរ និងកាំកុងត្រូល
 • ប្រតិវេទន៍គយនាំចេញពីកម្ពុជា
 • លិខិតបញ្ជាក់អ្នកតំណាងរបស់ក្រុមហ៊ុន

ខ. ផលិតផលផ្សេងទៀតក្រៅពីសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងប្រដាប់តុបតែងកាយ

 • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
 • ច្បាប់ចម្លងប័ណ្ណបើកប្រាក់ (សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
 • វិក្កយបត្រទូទាត់កម្រៃសេវាសាធារណៈ
 • វិក្កយបត្រពាណិជ្ជកម្ម
 • បញ្ជីវេចខ្ចប់
 • អញ្ញាតប័ណ្ណដឹកជញ្ជូន (Bill of Lading)
 • ប្រតិវេទន៍គយនាំចេញពីកម្ពុជា
 • វិញ្ញាបនបត្របញ្ជាក់គុណភាពទំនិញនាំចេញ ចេញដោយកំកុងត្រូល (CQ)
 • ប្រតិវេទន៍គយ ចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា (CD)
 • ឯកសារផ្សេងទៀតរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើមនៃទំនិញ
 • អាជ្ញាប័ណ្ណនាំចេញ (សម្រាប់ទំនិញដែលទាមទារឲ្យមានអាជ្ញាប័ណ្ណនាំចេញ)
 • លិខិតបញ្ជាក់អ្នកតំណាងរបស់ក្រុមហ៊ុន

គ. ទំនិញជាសិប្បកម្មតូចៗ និងកសិកម្ម

 • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
 • ច្បាប់ចម្លងប័ណ្ណបើកប្រាក់(សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ ប្រសិន មានការទាមទារដោយបទប្បញ្ញតិណាមួយ
 • វិក្កយបត្រពាណិជ្ជកម្ម
 • បញ្ជីវេចខ្ចប់
 • អញ្ញាតប័ណ្ណដឹកជញ្ជូន (Bill of Lading)
 • ប្រតិវេទន៍នាំចេញពីកម្ពុជា
 • វិញ្ញាបនបត្របញ្ជាក់គុណភាពទំនិញនាំចេញ ចេញដោយកំកុងត្រូល (CQ)
 • ប្រតិវេទន៍គយ ចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា (CD)
 • ឯកសារផ្សេងទៀតរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើមនៃទំនិញ (ករណីអង្ករ និងផលិតផលកសិកម្មដែលជាផលិតផលរសើប)
 • អាជ្ញាប័ណ្ណនាំចេញ (សម្រាប់ទំនិញដែលទាមទារឲ្យមានអាជ្ញាប័ណ្ណនាំចេញ)
 • លិខិតបញ្ជាក់អ្នកតំណាងរបស់ក្រុមហ៊ុន

ឃ. ទំនិញជាសម្លៀកបំពាក់មានព័ណ៌ចម្រុះ ព័ណ៌បៃតង (ព័ណ៌បៃតងចាស់) និងព័ណ៌បៃតង បែបទាហាន

បែបបទនិងឯកសារតម្រូវសម្រាប់នាំចេញ និងនាំចូលទំនិញប្រភេទនេះ ត្រូវគោរពតាមប្រកាស របស់ក្រសួងពាណិជ្ជកម្មជាធរមាន។

២. ការនាំចេញតាមផ្លូវអាកាស

ក. ទំនិញជាសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងរបស់របរប្រើប្រាស់ផ្សេងទៀត (ប្រដាប់តុបតែងកាយ) ដូចជា កាបូប មួក ជាដើម។ល។

 • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
 • ច្បាប់ចម្លងប័ណ្ណបើកប្រាក់ (សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
 • វិក្កយបត្រទូទាត់កម្រៃសេវាសាធារណៈ
 • វិក្កយបត្រពាណិជ្ជកម្ម
 • បញ្ជីវេចខ្ចប់
 • លិខិតបញ្ជាក់អ្នកតំណាងរបស់ក្រុមហ៊ុន

បន្ទាប់ពីនាំចេញទំនិញរួចហើយ ត្រូវដាក់ឯកសារបន្ថែមទៀតដូចជា ៖

 • អញ្ញត្តិប័ណ្ណដឹកជញ្ជូនតាមអាកាស
 • របាយការណ៍ត្រួតពិនិត្យរួមលើទំនិញវាយនភ័ណ្ឌនាំចេញេ ដោយ អគរ និងកាំកុងត្រូល
 • ប្រតិវេទន៍គយនាំចេញពីកម្ពុជា

ខ. ទំនិញជា​សិប្បកម្មតូចៗ និងកសិកម្ម

 • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
 • ច្បាប់ចម្លងប័ណ្ណបើកប្រាក់(សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ ប្រសិនមានការតម្រូវដោយបទបញ្ញតិណាមួយ
 • វិក្កយបត្រពាណិជ្ជកម្ម
 • បញ្ជីវេចខ្ចប់
 • លិខិតបញ្ជាក់អ្នកតំណាងរបស់ក្រុមហ៊ុន

បន្ទាប់ពីនាំចេញទំនិញរួចហើយ ត្រូវដាក់ឯកសារបន្ថែមទៀតដូចជា ៖

 • អញ្ញតប័ត្រដឹកជញ្ជូនតាមអាកាស
 • របាយការណ៍ត្រួតពិនិត្យរួមលើទំនិញវាយនភ័ណ្ឌនាំចេញេ ដោយ អគរ និងកាំកុងត្រូល
 • ប្រតិវេទន៍គយនាំចេញពីកម្ពុជា

៣. ទំនិញជាសម្លៀកបំពាក់ ផលិតផលវាយនភណ្ឌ និងផលិតផលធ្វើពីស្បែក និងផលិតផល ដែលដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ព្រំប្រទល់ប្រទេសកម្ពុជា​ដើម្បីដឹកជញ្ជូនបន្តទៀតនៅពេលក្រោយ តាមផ្លូវអាកាសក្នុងប្រទេសជិតខាង (ផ្លូវគោក-ផ្លូវអាកាស)

 • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
 • ច្បាប់ចម្លងប័ណ្ណបើកប្រាក់ (សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
 • វិក្កយបត្រទូទាត់កម្រៃសេវាសាធារណៈ
 • វិក្កយបត្រពាណិជ្ជកម្ម
 • បញ្ជីវេចខ្ចប់
 • របាយការណ៍ចេញដោយមន្ត្រីត្រួតពិនិត្យផលិតផល និងផលិតិផលនាំចេញតម្រូវឲ្យធ្វើការត្រួត ពិនិត្យយ៉ាងហោចណាស់៥០%នៃទំនិញនាំចេញសរុប(ចំពោះការនាំចេញទំនិញបរិមាណច្រើន) និងតម្រូវឱ្យធ្វើការត្រួតពិនិត្យយ៉ាងហោចណាស់២០%នៃទំនិញនាំចេញសរុប ចំពោះការនាំចេញ ទំនិញបរិមាណតិច​ ដែលរោងចក្រអាចផលិតបានក្នុងរយៈពេល២ថ្ងៃ។
 • លិខិតបញ្ជាក់អ្នកតំណាងរបស់ក្រុមហ៊ុន

ក្នុងអំឡុងពេល៣០ថ្ងៃយ៉ាងយូរ បន្ទាប់ពីទទួលបាន​វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ អ្នកនាំចេញ ត្រូវដាក់នូវឯកសារដូចខាងក្រោម ៖

 • អញ្ញត្តិប័ណ្ណដឹកជញ្ជូនតាមអាកាស
 • របាយការណ៍ត្រួតពិនិត្យរួមលើទំនិញវាយនភ័ណ្ឌនាំចេញេ ដោយ អគរ និងកាំកុងត្រូល
 • ប្រតិវេទន៍គយនាំចេញពីកម្ពុជា

៤. ការនាំចេញតាមផ្លូវគោក

ក. ទំនិញជាសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងរបស់របរប្រើប្រាស់ផ្សេងទៀត (ប្រដាប់តុបតែងកាយ) ដូចជា កាបូប មួក ជាដើម ៖

 • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
 • ច្បាប់ចម្លងប័ណ្ណបើកប្រាក់ (សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
 • វិក្កយបត្រទូទាត់កម្រៃសេវាសាធារណៈ
 • វិក្កយបត្រពាណិជ្ជកម្ម
 • បញ្ជីវេចខ្ចប់
 • របាយការណ៍ត្រួតពិនិត្យរួមលើផលិតផលវាយនភណ្ឌនាំចេញ ដោយ អគរ និងកាំកុងត្រូល
 • ប្រតិវេទន៍គយនាំចេញពីកម្ពុជា
 • លិខិតបញ្ជាក់អ្នកតំណាងរបស់ក្រុមហ៊ុន

ខ. ទំនិញជា​សិប្បកម្មតូចៗ និងកសិកម្ម

 • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
 • វិក្កយបត្រពាណិជ្ជកម្ម
 • បញ្ជីវេចខ្ចប់
 • អញ្ញត្តិប័ណ្ណដឹកជញ្ជូនតាមផ្លូវគោក
 • ប្រតិវេទន៍នាំចេញពីកម្ពុជា

បន្ទាប់ពីនាំចេញទំនិញរួចហើយ ត្រូវដាក់ឯកសារបន្ថែមទៀតដូចជា ៖

 • វិញ្ញាបនបត្របញ្ជាក់គុណភាពទំនិញនាំចេញ ដោយកាំកុងត្រូល (CQ)
 • ប្រតិវេទន៍គយ ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា (CD)
 • ច្បាប់ចម្លងប័ណ្ណបើកប្រាក់(សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល
 • ឯកសារផ្សេងទៀតរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើមនៃទំនិញ (ករណីអង្ករ និងផលិតផលកសិកម្មដែលជាផលិតផលរសើប)

(មាត្រាទី៥)

ពេលវេលាសរុបត្រូវបានកំណត់យ៉ាងយូរបុះផុតរយៈពេល១៦ម៉ោងនៃម៉ោងធ្វើការ សម្រាប់នាយកដ្ឋាន បច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម ការិយាល័យច្រកចេញចូលតែមួយនៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងការិយាល័យតំណាងក្រសួងពាណិជ្ជកម្មតាំងនៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហើយពេលវេលា នៃដំណើរការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញនេះ មិនបានគិតបញ្ចូលនូវពេលវេលា សម្រាប់រៀបចំឯកសារ និងបែបបទរបស់ក្រុមហ៊ុន ឬ អ្នកតំណាងតាមផ្លូវច្បាប់របស់ក្រុមហ៊ុនឡើយ។ ពេលវេលាសរុបខាងលើ គឺសម្រាប់បម្រុងបន្ថែមពីលើពេលវេលាមូលដ្ឋានរបស់មន្ត្រីរាជាការ ពាក់ព័ន្ធ ទៅនឹងការងារផលិតផល និងអាចនឹងត្រូវកែសម្រួលជាថ្មីដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងករណី ប្រព័ន្ធស្វ័យប្រព្រឹត្តិកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញត្រូវបានណែនាំជាផ្លូវការ។

(ប្រការទី៦)

ការត្រួតពិនិត្យផលិតផល និងទំនិញនាំចេញ ត្រូវធ្វើឡើងដោយមន្ត្រីបច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម នៅទីតាំងផលិតកម្ម នៅកន្លែងប្រមូលទំនិញ ឬ នៅឃ្លាំងទំនិញ ទៅតាមការស្នើសុំពីសំណាក់ក្រុមហ៊ុន ឬ អ្នកនាំចេញ តាមភាពចាំបាច់កំណត់ដោយនាយកដ្ឋានបច្ចេកទេស ដែលក្នុងនោះ ៖

 • សម្រាប់ទំនិញកសិកម្ម និងផលិតផលកែច្នៃសម្រាប់ផលិត៖ ការត្រួតពិនិត្យត្រូវធ្វើឡើងឲ្យបាន មុនការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។ ប្រសិនបើចាំបាច់ ក្រុមហ៊ុន ឬ អ្នកនាំចេញដែលធ្លាប់ទទួលបានការអនុញ្ញាតនាំចេញច្រើនដងពីមុនមកហើយ អាចធ្វើការស្នើសុំ ទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីសុំការត្រួតពិនិត្យក្រោយការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
 • សម្រាប់ទំនិញជាសម្លៀកបំពាក់ ផលិតផលវាយនភណ្ឌ ដែលធ្វើអំពីស្បែក ៖ ការត្រួតពិនិត្យ ត្រូវធ្វើឡើងបន្ទាប់ពីការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ តែមិនឲ្យលើសពី៣០ថ្ងៃ រាប់ចាប់ពីថ្ងៃចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។

(ប្រការទី៧)

ការប្រមូលចំណូលពីកម្រៃរដ្ឋបាល ត្រូវធ្វើឡើងដោយប័ណ្ណបើកប្រាក់ (សែក) នៅនាយកដ្ឋានគណនេយ្យ នៃក្រសួងពាណិជ្ជកម្ម អនុលោមតាមប្រកាសរួមលេខ៩៨៥ ក្រ.ស.ហ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីសេវាសាធារណៈផ្តល់ដោយក្រសួងពាណិជ្ជកម្ម។

ការប្រមូលចំណូលពីកម្រៃគ្រប់គ្រងការនាំចេញ (EMF) ត្រូវធ្វើឡើងគោរពតាមប្រកាសរួមរ វាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាធរមាន។

(ប្រការទី៨)

ការទូទាត់កម្រៃសេវាសាធារណៈ ត្រូវគោរពតាមប្រកាសរួមលេខ៩៨៥ ក្រ.ស.ហ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីសេវាសាធារណៈផ្តល់ដោយក្រសួងពាណិជ្ជកម្ម។

(ប្រការទី៩) 

អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ មានតួនាទីជាចំនុចស្នូល ដោយមាននាយកដ្ឋានអនុគ្រោះពន្ធ ពាណិជ្ជកម្ម (Trade Preferences Department) ជាអ្នកពិនិត្យ ស្រាវជ្រាវ និងបញ្ជាក់នូវភាពត្រឹមត្រូវ នៃវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ​ប្រសិនបើមានសំណួរពីប្រទេសនាំចូល។ នីតិវិធីលម្អិតពាក់ព័ន្ធ ទៅនឹងការត្រួតពិនិត្យ និងការរៀបចំបញ្ជាក់ឯកសារ នឹងត្រូវកំណត់ដោយប្រកសាដោយឡែក នៃក្រសួងពាណិជ្ជកម្ម។

(ប្រការទី១០)

នីតិវិធីនៃការបន្សីគ្នានូវស្តុករវាងវត្ថុធាតុដើមនាំចូល និងទំនិញនាំចេញ ត្រូវធ្វើឡើង នៅនាយកដ្ឋានអនុគ្រោះពន្ធពាណិជ្ជកម្ម អនុលោមតាមអនុក្រឹតលេខ៩១ អនក្រ.បក ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៧ តាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម លេខ០០៥១ ក្រព/សម ចុះថ្ងៃទី១០​ ខែមករា ឆ្នាំ២០១១ និងគោលការណ៍សម្រួលពាណិជ្ជកម្ម នៃ​រាជរដ្ឋាភិបាល។

(ប្រការទី១១)

អ្នកនាំចេញត្រូវរួសរាន់ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងបំពេញកាតព្វកិច្ចបង់ប្រាក់ចូលថវិកាជាតិ មិនឲ្យលើសពីសាម (៣០)ថ្ងៃបន្ទាប់ពីទំនិញត្រូវបាននាំចេញ រាប់ចាប់ពីថ្ងៃដែលបានកត់ត្រាចូលក្នុងរបាយការណ៍ត្រួតពិនិត្យរួម ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានកាំកុងត្រូល។

អ្នកនាំចេញដែលយឺតយ៉ាវក្នុងការបំពេញបែបបទស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ត្រូវទទួលការផាកពិន័យ ឬ ផ្អាកការនាំចេញជាបណ្តោះអាសន្ន។ ក្រសួងពាណិជ្ជកម្មនឹងធ្វើការពិនិត្យមើលលទ្ធភាពថាអាចអនុញ្ញាតម្តងទៀតដែរឬ ទេចំពោះការនាំចេញ នៅពេលអ្នកនាំចេញបានបំពេញបែបបទស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងបានទូទាត់ បំណុលចូលក្នុងថវិកាជាតិ ព្រមទាំងបង់ប្រាក់ពិន័យរួចរាល់។

កម្រៃសេវានៃការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ​

ជាទូទៅក្រុមហ៊ុនទាំងឡាយ ដែលដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ ចាំបាច់ត្រូវបង់ កម្រៃសេវាសាធារណៈ និងសេវាគ្រប់គ្រងការនាំចេញ (Export Mangement Fee-EMF) ដូចមានបង្ហាញជូន ខាងក្រោមនេះ៖ ​

C/O កម្រៃសេវាសាធារណៈ កម្រៃ EMF
ទម្រង់N 38ដុល្លា យោងឧបសម្ព័ន្ធទី១ប្រកាស១៦៤៣​ សហវ.ប្រក.ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការកែប្រែកម្រងសេវាសាធារណៈ
ទម្រង់A 58ដុល្លា
ទម្រង់ផ្សេងៗ 58ដុល្លា

សម្រាប់ផលិតផល សម្លៀកបំពាក់ ក្រោម ចំនួន ២.០០០ ​ឬ គ្រឿងពាក់នៅនឹងជើង ក្រោម​ ២០០ គូ

C/O កម្រៃសេវាសាធារណៈ កម្រៃ EMF
ទម្រង់ N 18 ដុល្លា យោងឧបសម្ព័ន្ធទី១ប្រកាស១៦៤៣​ សហវ.ប្រក.ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការកែប្រែកម្រងសេវាសាធារណៈ
ទម្រង់ A 23ដុល្លា
ទម្រង់ផ្សេងៗ 23ដុល្លា

EMF ប្រែប្រួលតាមផលិតផល និងការលើកលែង ចំពោះការនាំចេញផលិតផល គិតតាមតម្លៃក្រោម ៦.០០០​អឺរ៉ូ សម្រាប់បណ្តាប្រទេសអឺរ៉ុប និងក្រោម ៨០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់បណ្តាប្រទេស ផ្សេងទៀត។

កាលវិភាគដំណើរការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម

ក្រសួងពាណិជ្ជកម្ម បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មនេះឡើង ដើម្បីសម្របសម្រួលវិស័យឯកជន។ ផ្នែកមួយសំខាន់ ក្នុងចំណោម ផ្នែកសំខាន់ៗ ជាច្រើននៃប្រព័ន្ធស្វ័យប្រវត្តិកម្ម គឺការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ តាមអនឡាញ។ ការដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញតាមអនឡាញ ឋិតក្នុងដំណើរការសាកល្បង ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ សម្រាប់ក្រុមហ៊ុនទាំងឡាយ ដែលចុះឈ្មោះ ក្នុងគម្រោងសាកល្បងនេះ។ ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃវិញ្ញាបនបត្រ​ បញ្ជាក់​ប្រភពដើមទំនិញ រំពឹងថា នឹងដាក់ឲ្យដំណើរការ ពេញលេញនាឆមាសទី២ ឆ្នាំ២០១៤។ យើងខ្ញុំសូមលើកទឹកចិត្ត ដល់ក្រុមហ៊ុននាំចេញ ទាំងអស់ អញ្ជើញមកចុះឈ្មោះ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ។

ព័ត៌មានទំនាក់ទំនង

http://www.moc.gov.kh/en-us/certificate-of-origin