ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
- ព្រះរាជក្រមលេខ នស/រកម/០៧០២/០១២ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០២ ស្តីពីវិស័យប្រៃសណីយ៍
- ប្រកាសលេខ ១៨៣បទប្រក ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៩៧ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីការដាក់អោយប្រើប្រាស់បទដ្ឋានប្រៃសណីយ៍
- លិខិតលេខ ៩១២គ.រ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៦ របស់ទីចាត់ការគយនិងរដ្ឋាករ ស្តីពីការកំណត់ ជាបណ្តោះអាសន្ន នូវបរិមាណសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ ដែលអាចយកតាមខ្លួនបាន ដោយមិនជាប់ពន្ធនិងអាករផ្សេងៗ
- ប្រកាសលេខ ១៤៤៧សហវប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៏គយ
- ប្រកាសលេខ ១០៦សហវប្រក ចុះថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី សន្និធិគយបណ្តោះអាសន្ន
- ប្រកាសលេខ ៥៦៩សហវប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការត្រួតពិនិត្យទំនិញនាំចេញ ទំនិញនាំចូល និងមធ្យោបាយដឹកជញ្ចូន។
- សារាចរណែនាំលេខ ០០៤សហវ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីនីតិវិធីគយលើទំនិញតម្លៃទាប
- លិខិតលេខ ៧៧៣អគរ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកំណត់បរិមាណទំនិញ ឬសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ដែលអាចយកតាមខ្លួនបាន ដោយលើកលែងពន្ធនិងអាករផ្សេងៗ របស់អ្នកដំណើរ អ្នកបម្រើការតាមមធ្យោបាយដឹកជញ្ជូន និងជនទាំងឡាយដែលឆ្លងកាត់ព្រំដែន
សន្និធិគយបណ្តោះអាសន្ន
រាល់ទំនិញនាំចេញ នាំចូលទោះជាជាប់ពន្ធនិងអាករ ឬត្រូវបានលើកលែងពន្ធ និងអាករក្តី ទំនិញទាំងនេះ ត្រូវតែជាកម្មវត្ថុនៃការប្រកាសគយ (មាត្រា១០ នៃច្បាប់ស្តីពីគយ)។ ទំនិញនាំចូលដោយសេវាកម្ម បញ្ញើប្រៃសណីយ៍ត្រូវបានថែរក្សាទុកនៅក្នុងសន្និធិគយបណ្តោះអាសន្នក្រោមការគ្រប់គ្រងដោយសមត្ថកិច្ចគយរង់ចាំការបំពេញបែបបទ ក្នុងគោលបំណងដើម្បីជាសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ឬ ក្នុងគោលបំណងផ្សេង ទៀត។
ការបំពេញបែបបទគយ
រាល់ទំនិញនាំចេញ នាំចូលទោះជាជាប់ពន្ធនិងអាករ ឬ ត្រូវបានលើកលែងពន្ធ និងអាករក្តី ទំនិញទាំងនេះ ត្រូវតែជាកម្មវត្ថុនៃការធ្វើប្រតិវេទន៍គយ (មាត្រា២៩ នៃច្បាប់ស្តីពីគយ)។
ការបំពេញបែបបទក្នុងពេលផ្ញើ ម្ចាស់ឬ តំណាងត្រូវបំពេញបែបបទនៅលើប័ណ្ណផ្ញើ និងលិខិតប្រកាសគយតាមគំរូ CP72សម្រាប់បញ្ញើ ប្រៃសណីយ៍ភ័ណ្ឌ (បញ្ញើធម្មតា) និង CN22សម្រាប់បញ្ញើឆាប់រហ័ស EMS ដែលនឹងត្រូវបិតភ្ជាប់នៅលើកញ្ចប់បញ្ញើ។
កញ្ចប់បញ្ញើដែលពុំមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិអំពីការលើកលែងពន្ធនិងអាករ និងមានតម្លៃលើស ពីចំនួនដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិ ត្រូវជាប់កាតព្វកិច្ចពន្ធនិងអាករ។ (សូមយោងបន្តទៅចំនុច ១.២.៥ ស្តីពីការលើកលែង ការលើកលែងជាភាគនិងការបង្វិលសងវិញនូវពន្ធនិងអាករ និងចំនុច២.៤.៣ ស្តីពីនីតិវិធីគយលើទំនិញតម្លៃទាប De Minimis)។ ម្ចាស់ទំនិញ ឬតំណាងត្រូវបំពេញប្រតិវេទន៍គយ ដែលត្រូវធ្វើឡើង ជាលាយល័ក្ខណ៍អក្សរ ឬ តាមមធ្យោបាយអេឡិកត្រូនិក និង ត្រូវចុះនូវរាល់សូចនា ចាំបាច់នានា។ ឯកសារភ្ជាប់ ជាមួយប្រតិវេទន៍គយ រួមមានវិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូនក្នុងករណីចាំបាច់ និវេទន៍ប័ណ្ណ អាជា្ញប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រដើមកំណើតទំនិញ វិញ្ញាបនបត្រធានារ៉ាប់រង និងឯកសារពាក់ព័ន្ធផ្សេងទៀត។
ការត្រួតពិនិត្យទំនិញ
ទំនិញនាំចេញ នាំចូលទាំងអស់ ទោះបីជា ឬ មិនមែន ជាកម្មវត្ថុ នៃការជាប់ពន្ធ និងអាករក្តី ដែលនាំចូល ឬ ចេញពីដែនគយ ជាកម្មវត្ថុនៃការត្រួតពិនិត្យគយ ( មាត្រា៥៦ នៃច្បាប់ស្តីពីគយ)។ ការត្រួតពិនិត្យកញ្ចប់ ប្រៃសណីយ៍ ដោយមន្រ្តីគយប្រព្រឹត្តទៅដោយមានវត្តមានមន្រី្តប្រៃសណីយ៍ ឬ ម្ចាស់ទំនិញ ឬ តំណាងម្ចាស់។
ការត្រួតពិនិត្យនឹងមិនត្រូវធ្វើលើបណ្តាកញ្ចប់ប្រៃសណយ៍ទាំងឡាយដូចជា៖
ក. កញ្ចប់បញ្ញើ ដោយបេសកកម្មកុងស៊ុល ឬ ការទូតបរទេស ឬ គណៈប្រតិភូផ្លូវការនៃរដ្ឋាភិបាលបរទេស
ខ. ប្រៃសណីយ៍បត្រនិងលិខិតដែលមានតែសារផ្ទាល់ខ្លួនអក្សសាស្រ្តសម្រាប់មនុស្សពិការភ្នែក
គ. ឯកសារបោះពុម្ពដែលមិនមែនជាកម្មវត្ថុនៃការជាប់ពន្ធ
ឃ.កញ្ចប់ប្រៃសណីយ៍ដែលដឹកជញ្ជូនឆ្លងកាត់ជាអន្តរជាតិ។