ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

  • សារាចរណែនាំ លេខ០០៩​ សហវ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងទំនិញនាំចូល គ្មានលក្ខណៈពាណិជ្ជកម្ម​

ទំនិញគ្មានលក្ខណៈពាណិជ្ជកម្ម គឺជាទំនិញដែលត្រូវបាននាំចូលម្តងម្កាលដោយអ្នកដំណើរ ឬ ត្រូវ​បាន នាំចូលដោយប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាអចិន្រ្តៃយ៍ក្នុងតំបន់ព្រំដែន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬ ប្រើប្រាស់ក្នុងតំបន់ព្រំដែន។ ការនាំចូលទំនិញគ្មានលក្ខណៈពាណិជ្ជកម្មត្រូវអនុវត្តដូចខាងក្រោម៖

  1. ការនាំចូលម្តងម្កាលរបស់អ្នកដំំណើរ ដែលត្រូវចាត់ទុកថាគ្មានលក្ខណៈពាណិជ្ជកម្ម ត្រូវបំពេញ បែបបទគយតាមច្បាប់ជាធរមាន ដោយត្រូវបង្ហាញនូវលិខិតឆ្លងដែន ដែលមានបញ្ជាក់ ពីការចេញ-ចូលប្រទេសពីស្ថាប័នមានសមត្ថកិច្ចច្រកទ្វារ ហើយត្រូវប្រថាប់ត្រា ឬ សរសេរលើបង្កាន់ដៃពន្ធថា “គ្មានលក្ខណៈពាណិជ្ជកម្ម-សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន” និងពុំចាំបាច់ បិទត្រាគយឡើយ។ ក្នុងករណីដែលអ្នកដំណើរម្តងម្កាលនោះនាំចូលទំនិញហើយប្រកាសថា មានលក្ខណៈពាណិជ្ជកម្មសម្រាប់ធ្វើអាជីវកម្ម ការកំណត់តម្លៃគិតពន្ធគយត្រូវបូកបន្ថែម ២០ ភាគរយ លើតម្លៃគិតពន្ធគយជាធរមាន និងត្រូវប្រថាប់ត្រា ឬ សរសេរ លើបង្កាន់ដៃពន្ធថា “មានលក្ខណៈពាណិជ្ជកម្ម” ហើយត្រូវបិទត្រាគយជូនប្រសិនបើមុខទំនិញនោះស្ថិតក្រោមប្រព័ន្ធ ត្រាគយ ដើម្បី អាចចរាចរលើទីផ្សារបាន
  2. ចំពោះការនាំចូលរបស់ប្រជាជនដែលមានលំនៅដ្ឋានជាអចិន្រ្តៃយ៍ក្នុងតំបន់ព្រំដែន ត្រូវបំពេញ បែបបទគយតាមការកំណត់ជាធរមាន ហើយត្រូវប្រថាប់ត្រា ឬ សរសេរលើបង្កាន់ដៃពន្ធថា “សម្រាប់ចរាចរក្នុងតំបន់ព្រំដែន”។ ប្រជាជនតំបន់ព្រំដែន ដែលធ្វើអាជីវកម្មនាំចេញ-នាំចូលទំនិញ មានលក្ខណៈពាណិជ្ជកម្មសម្រាប់ចរាចរទូទាំងប្រទេសនោះ ត្រូវតែបង្កើតជាក្រុមហ៊ុនដែលមាន លេខអត្តសញ្ញាណកម្ម អាករលើតម្លៃបន្ថែម និងត្រូវមានប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ ដូចអ្នកនាំចេញ-នាំចូលធម្មតា ហើយក្នុងករណីចាំបាច់ ត្រូវអនុវត្តតាមការណែនាំខាងលើ។