ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ​ប្រកាស​លេខ​ ៩២៨ សហវ.ប្រក​ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០០៨ ស្តីពី​ការនាំចូល​បណ្តោះអាសន្ន​តាមរបបប្រវេសន៍កាលិក​

ប្រវេសន៍កាលិក​ គឺជានីតិវិធីគយ​ ដែលអាចអនុញ្ញាត​​ឲ្យទំនិញនាំចូលបាន​ក្នុងដែនគយ​ ក្រោមល័ក្ខខ័ណ្ឌ រួចផុតពីការបង់ពន្ធនិងអាករទាំងស្រុង​ ឬ ​ភាគខ្លះ។​ ទំនិញ​ទាំងនោះ​​ត្រូវបាន​នាំចូល​ក្នុងគោលបំណង ច្បាស់លាស់ ហើយ​ត្រូវនាំចេញទៅវិញក្នុង​កម្រិត​ពេលវេលាជាក់លាក់មួយ និងមិនធ្វើការកែច្នៃ ឬ ផ្លាស់ប្តូរ លើកលែងតែការរំលស់ជាធម្មតាតាម​ការ​ប្រើ​ប្រាស់ (មាត្រា​ ៩​ នៃច្បាប់ស្តីពីគយ)​​។

ការនាំចូលទំនិញក្រោម​របបប្រវេសន៍កាលិក អាចត្រូវបានអនុញ្ញាត​ ចំពោះករណីដូចខាងក្រោម ៖

  • ទំំនិញសម្រាប់ដាក់តាំងបង្ហាញ ឬប្រើប្រាស់ក្នុងពីធីតាំពិព័រណ៌ កិច្ចប្រជុំឬ ព្រឹត្តិការណ៍​ប្រហាក់ប្រ​​ហែល ដែលមានបរិមាណសមស្រប
  • បរិក្ខារវិជ្ជាជីវៈចាំបាច់សម្រាប់អ្នកបច្ចេកទេស ឬបុគ្គលវិជ្ជាជីវៈផ្សេងៗ ដែលចូលមកព្រះរាជាណា​ចក្រ​កម្ពុជា​ដើម្បីបំពេញភារកិច្ច្ ឬមុខរបរឯកទេស ដោយ​មិនរាប់បញ្ចូលនូវបណ្តា​គ្រឿងម៉ា​ស៊ីន គ្រឿងចក្រ​ និងបរិក្ខារឯកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យកម្មន្តសាលឧស្សាហកម្ម ការវេច​ខ្ចប់​​​ទំនិញ អាជីវកម្ម​​ធនធានធម្មជាតិ ការកសាង ឬ ការជួសជុលអគារ ការងារដី ឬ គម្រោងប្រហាក់​​ប្រហែល​នានា
  • កុងតឺន័រ ប៉ាឡែត កញ្ចប់ គម្រូទំនិញ និងទំនិញនាំចូលផ្សេងទៀត ដែលពាក់ព័ន្ធ​នឹង​ប្រតិ​បត្តិ​ការពាណិជ្ជកម្ម តែពុំមែនជាផ្នែកនៃប្រតិបត្តិការពាណិជ្ជកម្មនៅពេលដែលត្រូវបានលក់ ឬ ទិញ
  • ទំំនិញនាំចូលសម្រាប់សំណូមពរនៃការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ រាប់បញ្ចូល​ទាំង​បំណែក​​នៃ​​បរិក្ខារ​​វិទ្យាសាស្ត្រ និងសម្ភារអប់រំដែលទទួលបានការអនុញ្ញាតឲ្យនាំចូលតាមរបប​​​​​​​​ប្រវេ​ស​ន៍​​​​​​​​កាលិក
  • ទំនិញនាំចូលសម្រាប់វិស័យកីឡាដែលប្រើប្រាស់ដោយអ្នកទេសចរ កីឡាករ អ្នកដំណើរ​សម្រា​ប់​​ការប្រកួត​ប្រជែង ការបង្ហាញ ឬ ការហ្វឹកហាត់ក្នុងដែនគយ
  • សម្ភារសម្រាប់ផ្សព្វផ្សាយទេសចរ សម្រាប់ទាក់ទាញការទស្សនាប្រទេសផ្សេងៗទៀត
  • ទំនិញនាំចូលដោយអ្នកដំណើរឆ្លងកាត់ព្រំដែនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
  • ទំនិញនាំចូលសម្រាប់គោលបំណងមនុស្សធម៌ រាប់បញ្ជូលទាំងបរិក្ខារមន្ទីរពិសោធន៍ មន្ទីរវះ​កាត់ និង​ទំនិញ​ជំនួយសង្គ្រោះជនរងគ្រោះដោយគ្រោះធម្មជាតិ និងមហន្តរាយប្រហាក់ប្រហែល
  • មធ្យោបាយដឹកជញ្ជូនមនុស្ស និងទំនិញ សម្រាប់គោលបំណងពាណិជ្ជកម្ម ដូចជានាវា អាកា​ស​យាន្ត​យានយន្ត​​ផ្លូវគោគ ឬ ផ្លូវដែក ដែលប្រើប្រាស់ក្នុងចរាចរដឹកជញ្ជូនជាអន្តរជាតិ ​រាប់បញ្ចូល​ទាំងគ្រឿង បន្លាស់ គ្រឿងបន្សំ និងបរិក្ខារផ្សេៗ ទោះបីជាមិនយកកម្រៃក្តី។

ដើម្បីនាំចូលទំនិញតាមរបបប្រវេសន៍កាលិក ត្រូវ​អនុវត្តតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖

  • ត្រូវដាក់ពាក្យសុំការអនុញ្ញាតជា​មុន​ពីរដ្ឋបាលគយ ដោយបញ្ជាក់ឲ្យបានច្បាស់លាស់ នូវប្រភេទទំនិញ បរិមាណ តម្លៃ គោលបំណងនៃការ​នាំ​​ទំនិញចូល អត្តសញ្ញាណរបស់ម្ចាស់ទំនិញ រយៈពេលនៃការទទួល​បាន​របបប្រវេសន៍កាលិក និង​កាល​បរិ​ច្ឆេទនៃការនាំចេញទៅវិញ ។​
  • ការនាំចូល​ទំនិញតាមរបបប្រវេសន៍កាលិក ជាកម្មវត្ថុនៃការ​តម្កល់ប្រតិវេទន៍គយ និង​អាចតម្រូវឲ្យតម្កល់​និមុត្តិ​ធានា។ និមុត្តិធានានេះ អាចនឹងត្រូវលប់ចោល ឬ បង្វិលសងវិញ​នៅ​ពេលដែលមានការបញ្ជាក់ថា​ទំនិញ​ត្រូវបាន​នាំចេញទៅវិញ
  • ចំពោះបណ្តាគ្រឿងម៉ាស៊ីន គ្រឿងចក្រ និងបរិក្ខារឯកទេស សម្រាប់ការប្រើប្រាស់ក្នុងវិស័យ​កម្មន្ត​សាល​ឧស្សាហកម្ម ការវេចខ្ចប់ទំនិញ អាជីវកម្មធនធានធម្មជាតិ ការសាងសង់ ឬ ការជួសជុលអគារ ការងារដី ឬ​គម្រោងប្រហាក់ប្រហែលនានា អាចត្រូវបានអនុញ្ញាតដោយ រដ្ឋបាលគយឲ្យនាំចូលតាម​របប​ប្រវេសន៍​កាលិកសម្រាប់រយៈពេលកំណត់មួយ។ កាតព្វកិច្ចពន្ធ និងអាករលើទំនិញ​នាំចូ​ល​​​តាមរបបប្រវេសន៍​កាលិក​នេះ ត្រូវជាប់តាមអត្រាបន្ថយ​ស្មើនឹង ២០% នៃកាតព្វកិច្ចពន្ធនិងអាករដែលត្រូវ​ជាប់​​​តាម​​​​​​តារាង​ពន្ធគយ​ជាធរមាន សម្រាប់រយៈពេលមួយឆ្នាំ។ ក្នុង​ករណីដែលរយៈពេលកំណត់ក្នុងរបបប្រវេសន៍កាលិក​​តិចជាងមួយឆ្នាំកាតព្វកិច្ចពន្ធនិងអាករ​ដែល​​​​​​​​ត្រូវជាប់ ត្រូវគិតតាមខែនីមួយៗតាមអត្រាបន្ថយស្មើនឹងពីរ​ (២)ភាគរយ​នៃប្រាក់ពន្ធ និងអាករសរុបលើ​ទំនិញទាំងនេះ
  • ទំនិញនាំចូលបណ្តោះអាសន្នតាមបបប្រវេសន៍កាលិក ត្រូវនាំចេញទៅវិញក្នុងរយៈពេលមួយឆ្នាំ​គិតពីថ្ងៃ​ ដែល ​ទំនិញ​ត្រូវបាននាំចូល។ រយៈពេលកំណត់នេះ អាចត្រូវបានពន្យា ដោយរដ្ឋបាលគយ ប្រសិនបើមាន​ការស្នើសុំជាលាយល័ក្ខណ៍អក្សរមុនពេលផុតរយៈពេលកំណត់ ដោយមានបញ្ជាក់ហេតុផល​នៃ​សំណើ​នេះ។