ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ ០៣ នស ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤
  • លិខិតលេខ ១១០ សជណ.ផស ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៩ ស្តីពីករណីអនុវត្តអាករលើតម្លៃ បន្ថែម (VAT) លើធាតុចូលដែលនាំចូលដោយរោងចក្រផលិតសំលៀកបំពាក់សម្រាប់នាំចេញ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី
  • ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
  • អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
  • ប្រកាសលេខ ១០៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងទំនិញដែលត្រូវបានលើកលែងពន្ធ និងអាករ
  • ប្រកាសលេខ ៣១១ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការអនុវត្តអាករ លើតម្លៃបន្ថែមចំពោះឧស្សាហកម្មគាំទ្រ ឬ អ្នកចុះកិច្ចសន្យា ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឬ សេវាសម្រាប់បម្រើឲ្យការ នាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរនិងការបូបដៃ និងឧស្សាហកម្ម ផលិតមួក
  • លិខិតលេខ ៣៩៣ អគរ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពីការអនុវត្តអាករពិសេស សម្រាប់ការនាំចូលទំនិញមួយចំនួន ដែលជាធាតុចូលផលិតកម្មវិស័យកាត់ដេរ ​និងឧស្សាហកម្ម ទ្រទ្រង់វិស័យកាត់ដេរ
  • លិខិតលេខ ៧៥៨ អគរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការអនុវត្តអាករពិសេស សម្រាប់ការនាំចូលទំនិញមួយចំនួនដែលជាធាតុចូលផលិតកម្ម និងឧស្សាហកម្ម ទ្រទ្រង់ផលិតកម្ម បម្រើការនាំចេញរបស់វិនិយោគិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

អនុលោមតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានតែគម្រោងវិនិយោគមានលក្ខណៈ​សម្បត្តិ គ្រប់គ្រាន់ទេ​ ដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់នេះ​។​ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​​ហៅកាត់ថា គ.​ ល. គ មានន័យថាគម្រោងវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ។ ដើម្បីទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ អ្នកវិនិយោគ​ត្រូវដាក់សំណើវិនិយោគ​នៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (ក.អ.ក)​ ឬ ​អនុគណៈកម្មាធិការវិនិយោគ ខេត្ត​​ រាជ​ធានី និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ​។​​

គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានបីប្រភេទ ១)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុក ២)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ​ ៣)គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ។

ការលើកលែងពន្ធគយ និងអាករ

ក.ការលើកលែងពន្ធគយ

អនុលោមតាមអនុក្រឹត្យលេខ ១១១ អនក្រ.បក ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តី ពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបានការ លើកលែងពន្ធគយ​ទាំងស្រុង​ ឬ ជាភាគ​ ផ្អែកលើប្រភេទ​នីមួយៗ​នៃគម្រោង​ដូចខាងក្រោម​៖

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើទីផ្សារក្នុងស្រុកៈ សំដៅដល់ គ.ល.គ ដែលមិន បម្រើឲ្យការនាំចេញ។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម និងសម្ភារសាងសង់តែប៉ុណ្ណោះ។ ក្នុងករណីដែលគម្រោងប្រភេទនេះមានលទ្ធភាពនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលផលិតបានដោយផ្ទាល់ ឬ បានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ បរិមាណធាតុចូលផលិតកម្ម ដែលបានបង់ពន្ធនាំចូលរួច យកទៅផលិតបម្រើការនាំចេញដោយផ្ទាល់ ឬ ដោយប្រយោលនោះត្រូវបានទទួលការលើកលែងពន្ធគយ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស​។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញៈ​ សំដៅដល់ គ.ល.គ ដែលបានលក់ ឬបានផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឲ្យអ្នកទិញ ឬ អ្នកទទួលនៅក្រៅ ព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធ​គ​យ​លើការ​នាំចូលសម្ភារបរិក្ខារ ផលិតកម្ម សម្ភារសាងសង់​​​ និងធាតុចូលផលិតកម្ម។ ដោយឡែក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់បម្រើឲ្យការនាំចេញ ដែលស្ថិតនៅក្រោមយន្តការភណ្ឌាគារផលិតកម្ម ក្រោ​ម​​​​​ការគ្រប់គ្រង របស់គយ​ ​ការ​លើកលែងពន្ធគយត្រូវអនុវត្តទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់​យន្ត​ការ​នោះ។ ធាតុចូលផលិតកម្ម​ដែលកែច្នៃ​ហើយមិនបាននាំចេញ ត្រូវបង់ពន្ធគយនិងអាករឡើងវិញលើធាតុចូល ផលិតកម្មនាពេលនាំចូល ក្រោយ​​ពីការ​ត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រៈ សំដៅដល់ គ.ល.គ ដែលផលិតផលរបស់ខ្លួន ១០០ (មួយរយ) ភាគរយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលតែងតែនាំចូល។ គម្រោងប្រភេទនេះ ត្រូវបានលើ​​ក​​​​​​លែង​​​​​ពន្ធ​​គ​យ​លើការនាំចូល សម្ភារ​បរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ប៉ុន្តែក្នុងករណីដែលគម្រោង​ទាំងនេះ​មិនបាន​ធ្វើ​​ការផ្គត់ផ្គង់​​ ១០០ (មួយរយ)ភាគរយ នៃផលិតផលដែលផលិតបានទៅដល់ឧស្សាហកម្មនាំចេញ ឬនាំចេញ​ដោយ​​ផ្ទា​ល់​ទេនោះ គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងនោះ ត្រូវបង់ពន្ធនិងអាករ​ឡើងវិញ លើធាតុចូលផលិតកម្មនាពេលនាំចូលនូវបរិមាណដែលមិនបានផ្គត់ផ្គង់ឲ្យឧស្សាហកម្មនាំចេញ​ ឬ នាំចេញដោយផ្ទាល់ ក្រោយពីការត្រួតពិនិត្យរបាយការណ៍​ប្រចាំ​ត្រី​មាស។

ខ.ការលើកលែងអាករ

វិស័យកាត់ដេរបម្រើឲ្យការនាំចេញ

  • អាករលើតម្លៃបន្ថែម​ លើធាតុចូលផលិតកម្ម​នាំចូល​ ត្រូវបានដាក់ជា​បន្ទុក​របស់រដ្ឋ (លិខិតលេខ ១១០ សជណ.ផស របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៩ ស្តីពីករណីអនុវត្ត អាករលើតម្លៃបន្ថែម VAT លើធាតុចូលដែលនាំចូល ដោយរោងចក្រ ផលិតសំលៀកបំពាក់សម្រាប់នាំចេញ)
  • អាករពិសេស​ លើទំនិញដែលនាំចូលជាធាតុចូលផលិតកម្ម​​សម្រាប់ឧស្សាហកម្ម ផលិតសំលៀកបំពាក់​ ត្រូវបានដាក់ជា​បន្ទុក​របស់រដ្ឋ (លិខិតលេខ ៣៩៣ អគរ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥)​។

ឧស្សាហកម្មបម្រើឲ្យការនាំចេញ

  • អាករពិសេស​ លើទំនិញដែលនាំចូលជាធាតុចូលផលិតកម្ម​​សម្រាប់ឧស្សាហកម្មគាំទ្រ​ដល់ឧស្សាហកម្ម បម្រើឲ្យការនាំចេញត្រូវបានដាក់ជា​បន្ទុក​របស់រដ្ឋ (លិខិតលេខ ៧៥៨ អគរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ របស់ អគរ )​។

ឧស្សាហកម្មគាំទ្រ​ដល់ឧស្សាហកម្មបម្រើឲ្យការនាំចេញ

  • អាករលើតម្លៃបន្ថែម​ លើទំនិញនាំចូលដែលជាធាតុចូលផលិតកម្ម​និងសម្ភារបរិក្ខារផលិតកម្ម សម្រាប់បម្រើឲ្យការផ្គត់ផ្គង់ដោយផ្ទាល់ដល់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិត ស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរ និងកាបូបដៃ និងឧស្សាហកម្មផលិតមួក ត្រូវបានចាត់ទុកជា​បន្ទុក​របស់រដ្ឋ។
  • អាករពិសេស​ លើទំនិញដែលនាំចូលជាធាតុចូលផលិតកម្ម​​សម្រាប់ឧស្សាហកម្មគាំទ្រ​ដល់ឧស្សាហកម្ម បម្រើឲ្យការនាំចេញត្រូវបានដាក់ជា​បន្ទុក​របស់រដ្ឋ (លិខិតលេខ ៣៩៣ អគរ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ​និងលិខិតលេខ ៧៥៨ អគរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥)​។

នីតិវិធីនាំចូលសម្រាប់ គ.ល.គ

ដើម្បីនាំចូលនូវសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ឬ ធាតុចូលផលិតកម្មសម្រាប់បម្រើដល់ផលិតកម្ម របស់ខ្លួនដោយ​ទទួលបាននូវការលើកលែងពន្ធ ឬ អាករ គ.ល.គ ត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖

  • អ្នកវិនិយោគ ឬ តំណាងត្រូវស្នើសុំបញ្ជីមេនៃមុខទំនិញនាំចូលបម្រើឲ្យ គ.ល.គ ពីក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា “គណៈកម្មាធិការវិនិយោគកម្ពុជា ” (ក.អ.ក“គ.វ.ក”)។
  • បន្ទាប់ពីទទួលបានការអនុញ្ញាត​ពី ក.អ.ក“គ.វ.ក” បញ្ជីមេខាងលើ ត្រូវយកមកតម្កល់ទុកនៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (នាយកដ្ឋានរបបគយ)។
  • នៅពេលនាំចូល ទំនិញ​ដែលមាននៅក្នុងបញ្ជីមេ អ្នកវិនិយោគ ឬ តំណាងត្រូវដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាតគយ មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​(នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់នានារួមមាន វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ ឯកសារដឹកជញ្ញូន លិខិតផ្ទេរសិទ្ធិសម្រាប់បុគ្គលតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត ក្នុងករណីចាំបាច់។
  • បន្ទាប់ពីទទួល​បានលិខិតអនុញ្ញាតគយ អ្នកវិនិយោគ ឬតំណាងត្រូវអនុវត្ត​នីតិវិធីនៃការបំពេញ ប្រតិវេទន៍គយ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ

ការបំពេញបែបបទបញ្ចេញទំនិញនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ

ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ​សេចក្តីណែនាំលេខ​ ៨២២ គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្ដីពីការកែសំរួល មុខសញ្ញាប្រើប្រាស់នូវប្រភេទខ្សែចំណង SEAL គយសំរាប់កិបចំណាំលើទ្វារកុងតឺន័រទំនិញ នាំចេញ ឬ នាំចូល សម្រាប់ករណីចាំបាច់នានារបស់ការិយាល័យនាំចេញ ផែស្ងួត និងសាខាគយ និងរដ្ឋាករក្រុងព្រះសីហនុ របស់ទីចាត់ការគយនិងរដ្ឋាករ។
  • សេចក្តីណែនាំលេខ ០១៦ សហវ.សជណ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៤ សេចក្តីជូនដំណឹង ស្តីពីការ កែសំរួលនីតិវិធីនាំចេញលើមុខទំនិញវាយនភ័ណ្ឌ
  • សេចក្តីណែនាំលេខ៤៦៨៣សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការបង្កើត ការិយាល័យសហព័ទ្ធរវាងអង្គភាពគយ និងរដ្ឋាករនិងកាំកុងត្រូល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • សេចក្ដីណែនាំលេខ៧៤១គរ ចុះថ្ងៃទី២០ខែកក្កដា ឆ្នាំ២០០៧ ស្តីពីទំនិញសំលៀកបំពាក់នាំចេញ ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប លក់ជូនក្រុមហ៊ុន DuPont គ្មានស្លាកសញ្ញា “ Made in Cambodia” នៅលើសំបកកាតុង របស់ទីចាត់ការគយនិងរដ្ឋាករកម្ពុជា
  • ប្រកាសលេខ ១៤៤៧ សហវ.ប្រកចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិ និងនីតិវិធីប្រតិវេទន៍គយ
  • សេចក្ដី​ណែនាំលេខ៨៣៥គរ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៨ ស្ដីពីការដកគំរូទំនិញវាយ នភ័ណ្ឌនាំចេញ របស់​ទីចាត់ការគយ និងរដ្ឋាករ
  • សេចក្ដីណែ​នាំ​​លេខ​៥៤៨អគរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្ដីពីការកំណត់ នីតិវិធីសម្រាប់ការត្រួតពិនិត្យបែបបទគយលើទំនិញវាយនភ័ណ្ឌនាំចូលត្រឡប់មកវិញ ក្រោយពី បាននាំចេញ របស់អគ្គនាយកដ្ឋានគយ និង​​រដ្ឋាករកម្ពុជា​
  • ប្រកាសលេខ ៣៨៩សហវ.ប្រកចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការរៀបចំ និងការប្រព្រិត្តទៅរបស់អង្គភាពមូលដ្ឋាននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
  • សេចក្ដីណែនាំលេខ ១១១៤ អគរ​ ចុះថ្ងៃទី២៨ ខែ​វិច្ឆិកា ​ឆ្នាំ២០១១ ស្ដីពីការកែសំរួលនីតិវិធីនិងតំរូវការឯកសារ សំរាប់ការត្រួតពិនិត្យបែបបទគយលើទំនិញវាយ នភ័ណ្ឌនិងកាត់ដេរនាំចូលត្រឡប់មកវិញក្រោយពីបាននាំចេញ​ប្រកាសលេខ ១១៥១សហវ.ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក.នីតិវិធីទូទៅសម្រាប់ការបំពេញបែបបទបញ្ចេញទំនិញនាំចេញ

សាខាគយ និងរដ្ឋាករនាំចេញមានមុខងារនិងភារកិច្ចធ្វើជាសេនាធិការ​ឲ្យ អគរ ​​​លើការងារបំពេញបែបបទ គយលើទំនិញនាំចេញស្ថិតក្រោមរូបភាពវិនិយោគ និងការងារផ្សេងទៀតដូចមានចែងក្នុងប្រការ៤ នៃប្រកាស​លេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី​១៧​ ខែមិថុនា ឆ្នាំ២០១០​។​  ការត្រួតពិនិត្យរូបវ័ន្ត​ទំនិញ​នាំ​ចេញនៅសាខាគយនិងរដ្ឋាករនាំចេញ ត្រូវធ្វើឡើងតែម្តង​រួមគ្នារវាងមន្ត្រីគយនិងរដ្ឋាករ និងមន្រ្តីកាំកុងត្រូល លើទម្រង់ឯកសារត្រួតពិនិត្យតែមួយរួមគ្នា គឺកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ (សេចក្តីណែនាំលេខ០១៦ សហវ.សជណ ចុះថ្ងៃទី១៨ ​ខែសីហា ឆ្នាំ២០០៤ សេចក្តីជូនដំណឹងស្តីពីការ កែសំរួល​នីតិវិធីនាំចេញលើមុខទំនិញវាយនភ័ណ្ឌ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ​និងសេចក្តីណែនាំលេខ ៤៦៨៣ សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការ បង្កើត​ការិយា​ល័យសហព័ទ្ធរវាងអង្គភាពគយនិងរដ្ឋាករនិងកាំកុងត្រូល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ទំនិញនាំចេញដែលជាកម្មវត្ថុនៃការធ្វើបែបបទគយនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ គឺជាទំនិញ នាំចេញ​ស្ថិតក្រោមរូបភាពវិនិយោគនៅតាម​បណ្តាសន្និធិគយបណ្ដោះអាសន្ន និង/ឬ អាជីវកម្មដ្ឋាននានា របស់វិនិយោគិន និងទំនិញនាំចេញផ្សេងទៀត តាមការកំណត់របស់ អគរ ។ ក្រោយពេលត្រួតពិនិត្យរូបវ័ន្តទំនិញផ្ទុកក្នុងកុងតឺន័ររួចរាល់ មន្រ្តីគយនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្រ្តីកាំកុងត្រូលធ្វើការ​កិបសៀលគយ និងសៀលកាំកុងត្រូលរៀងៗខ្លួន ។  សៀលគយ​​​​នាំចេញកិប នៅផ្នែកខាងស្តាំនៃទ្វារកុងតឺន័រ នឹងត្រូវកាត់ចេញ​វិញមុន​ពេល​លើកឡើងមធ្យោបាយដឹកជញ្ជូននាំចេញ ដោយមន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចនៅមាត់ច្រកចេញ ក្រោយពេលពិនិត្យផ្ទៀងផ្ទាត់លេខសៀល ជាក់ស្តែង និងឯកសារគយនាំចេញ (សេចក្តីណែនាំលេខ ​៨២២គ.រ​ ចុះថ្ងៃទី១២  ខែវិច្ឆិកា ឆ្នាំ២០០៣)។

ខ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ

អ្នកនាំចេញទំនិញទាំងអស់ត្រូវភ្ជាប់ឯកសារពាក់ព័ន្ធដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ