ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ច្បាប់ស្តីពីគយ ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០០៧
  • ប្រកាសលេខ ១១៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពី ការកំណត់មុខទំនិញដែល ត្រូវលើកលែងពន្ធ និងអាករ
  • ប្រកាសលេខ ១០៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងទំនិញដែលត្រូវ​ បានលើកលែងពន្ធ និងអាករ

ការកំណត់មុខ​ទំនិញដែលត្រូវលើកលែងពន្ធ និងអាករ

អនុលោមទៅតាម​បញ្ញត្តិមាត្រា២៦​ នៃច្បាប់ស្តីពីគយ​ ការលើកលែងពន្ធនិងអាករ​ ត្រូវបានផ្តល់ជូន​ចំពោះ​ទំនិញ​និងអ្នកនាំចូល​ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

ក.  ទំនិញសម្រាប់បេសកកម្មការទូត ឬ បេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហ ប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ ដោយមានការបញ្ជាក់ពីប្រធាន បេសកកម្ម និងពីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ

ខ.  ទំនិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិកផ្លូវការនៃបេសកកម្ម និងអង្គការដូចបានរៀបរាប់នៅក្នុង វាក្យខណ្ឌ ក នៃប្រការនេះ។ ការអនុវត្តនូវវាក្យខណ្ឌនេះ និងវាក្យខណ្ឌ ក នៃប្រការនេះត្រូវផ្អែកលើ គោលការណ៍ច្បាប់អន្តរជាតិ  និងគោលការណ៍បដិការ រវាង រដ្ឋាភិបាលពាក់ព័ន្ឋ

គ. ទំនិញមានដើមកំណើតកម្ពុជា ឬ ទំនិញនាំចូលដែលបានបង់ពន្ឋ និងអាកររួច ដែលចេញពីដែនគយ ហើយត្រូវនាំចូលត្រឡប់​ ពីបរទេសមកវិញដោយពុំមានការបង្កើនតម្លៃ

ឃ.  ទំនិញដែលត្រូវលើកលែងពន្ឋ និងអាករក្រោមបញ្ញត្តិនៃច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា

ង.  ទំនិញជាអំណោយសម្រាប់មនុស្សធម៌ ទំនិញសម្រាប់ការស្រាវជ្រាវ និងគោលបំណងវិទ្យាសាស្ត្រ ទំនិញគំរូ និងទំនិញតាំងពិព័រណ៍ដែលគ្មានតម្លៃពាណិជ្ជកម្ម មឈូសដែលមានសាកសពមនុស្ស

ច. ទំនិញនាំចូលដែលមានតម្លៃ និងបរិមាណច្បាស់លាស់មួយចំនួនតាមការកំណត់របស់អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលនាំចូលដោយអ្នកដំណើរ អ្នកបម្រើការតាមមធ្យោបាយ ដឹកជញ្ជូន និងជនទាំងឡាយដែលឆ្លងកាត់ព្រំដែន​

ឆ.   ទំនិញដែលចូលក្នុងដែនគយសម្រាប់ឆ្លងកាត់ ឬ ផ្ទេរមធ្យោបាយដឹកជញ្ជូន

ជ.  សម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផ្សេងទៀតលើកលែងតែយានយន្ត ដែលនាំចូលដោយ បុគ្គលដែលផ្លាស់ប្តូរលំនៅ ស្ថានមកកម្ពុជាក្នុងបរិមាណដែលកំណត់ដោយអគ្គនាយក នៃអគ្គនាយកដ្ឋានគយ  និងរដ្ឋាករកម្ពុជា

ឈ. បរិក្ខារឧស្សាហកម្ម និងសម្ភារផ្សេងទៀតដែលជាតម្រូវការសម្រាប់ប្រតិបត្តិការ និងការថែរក្សាបរិក្ខារ ទាំងនេះ ដែលប្រើប្រាស់នៅក្នុងសមុទ្រសម្រាប់ការរុករក និងទាញយកផលិតផលតេលសិលា និង សារ ធាតុខនិជនិងសរីរាង្គផ្សេង ទៀតតាមការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ញ.  ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បុគ្គលដែលនាំចូលទំនិញក្រោមបញ្ញត្តិនៃកថាខណ្ឌខាងលើត្រូវផ្តល់នូវឯកសារជាភស្តុតាងដល់ រដ្ឋបាលគយថា ទំនិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានការលើកលែងពន្ធ និងអាករ។

អង្គការនានា និងបុគ្គល​ ដែលមានបំណងស្នើសុំការលើកលែងពន្ធ និងអាករលើទំនិញនាំចូលក្រោម បញ្ញត្តិកថាខណ្ឌ ក និង កថាខណ្ឌ ខ ខាងលើត្រូវមានការអនុញ្ញាតជាមុនពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្របតាមនីតិវិធីជាធរមាន។

​បុគ្គលដែលមានបំណងនាំចូលទំនិញក្រោមបញ្ញត្តិនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវ អនុវត្តតាមនីតិវិធី និង​បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ការលើកលែងជាភាគនូវពន្ធ និងអាករនាំចូល ត្រូវបានផ្តល់ចំពោះមុខទំនិញ និងអ្នកនាំចូលមួយចំនួនស្រប តាមបញ្ញត្តិមាត្រា ២៧ នៃច្បាប់ស្តីពីគយ។ ទំនិញដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូល មានដូចខាងក្រោម ៖

  • ទំនិញ និងសម្ភារដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូលក្រោមបញ្ញត្តិនៃច្បាប់ ណាមួយជាធរមាន
  • ពូជដំណាំ និងពូជសត្វសម្រាប់កសិកម្ម
  • ទំនិញដែលនឹងត្រូវទទួលការជួសជុល ការកែច្នៃ ឬ ពិសោធន៍
  • ទំនិញដែលបាននាំចូលវិញតាមសភាពដើម
  • ទំនិញដែលនាំចូលដោយរដ្ឋាភិបាលដើម្បីជាប្រយោជន៍សាធារណៈ និងទំនិញនាំចូលសម្រាប់របបប្រវេសកាលិក
  • ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
  • បុគ្គលដែលនាំចូលទំនិញក្រោមបញ្ញត្តិនៃប្រការនេះត្រូវផ្តល់នូវឯកសារជាភស្តុតាងដល់រដ្ឋបាលគយថា ទំនិញមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានការលើកលែងជាភាគនូវពន្ធ និងអាករ។

ការគ្រប់គ្រង​​ទំនិញដែលបានលើកលែងពន្ធ និងអាករ

ទំនិញនាំចូលដោយលើកលែងពន្ធ និងអាករនាំចូលក្រោមបញ្ញត្តិនៃវាក្យខណ្ឌ ក កថាខណ្ឌទី ១ មាត្រា ២៦ នៃច្បាប់ស្តីពីគយ សម្រាប់បេសកកម្មការទូត ឬ បេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ របស់ខ្លួន និងបុគ្គលិករបស់អង្គការទាំងនេះ ត្រូវនាំចេញទៅវិញបន្ទាប់ពីបញ្ចប់បេសកម្មរបស់ខ្លួន។

ទំនិញទាំងនេះព្រមទាំងទំនិញផ្សេងទៀតក្រោមបញ្ញត្តិកថាខណ្ឌទី ១ មាត្រា ២៦ នៃច្បាប់ស្តីពីគយ មិនត្រូវបានអនុញ្ញាតឲ្យលក់ ផ្ទេរ បង្វែរទៅប្រើប្រាស់អ្វីផ្សេងពីគម្យដ្ឋានដែលបានអនុគ្រោះ ឬ បោះបង់ចោលដោយគ្មានការអនុញ្ញាតជាមុនពីរដ្ឋបាលគយឡើយ ។

អង្គការ ឬបុគ្គលនានាដែលមានបំណងលក់ ផ្ទេរ បង្វែរទៅប្រើប្រាស់អ្វីផ្សេងពីគម្យដ្ឋានដែលបានអនុគ្រោះ ឬបោះបង់ចោលទំនិញដែលបាននាំចូលដោយលើកលែង ឬ លើកលែងជាភាគនូវពន្ធ និងអាករ      នាំចូលត្រូវស្នើសុំការអនុញ្ញាតជាមុនពីរដ្ឋបាលគយស្របតាមនីតិវិធីដូចខាងក្រោម ៖

  • ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតមករដ្ឋបាលគយ ដោយបញ្ជាក់ឲ្យបានច្បាស់លាស់ពីរបៀបនៃការប្តូរគម្យដ្ឋាន ឬ ការប្តូរកម្មសិទ្ធិលើទំនិញនេះ។ ច្បាប់ចម្លងនៃពាក្យស្នើសុំនេះត្រូវផ្ញើជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់ទំនិញដែលនាំចូលក្រោមបញ្ញត្តិ កថាខណ្ឌទី ១ ប្រការ ១ នៃប្រកាសលេខ ១០៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងទំនិញដែលត្រូវបានលើកលែងពន្ធ និងអាករ
  • ពាក្យស្នើសុំត្រូវអមដោយបញ្ជីទំនិញ និងឯកសារនាំចូលព្រមទាំងឯកសារផ្សេងទៀតប្រសិនបើមាន។ ទំនិញមិន​ត្រូវបានអនុញ្ញាតឲ្យលក់ ផ្ទេរ ឬបង្វែរ មុនពេលទទួលបានការអនុញ្ញាតពីរដ្ឋបាលគយឡើយ
  • កម្មសិទ្ធិករថ្មីត្រូវទទួលខុសត្រូវលើការបង់ពន្ធ និងអាករជូនរដ្ឋបាលគយតាមនីតិវិធីគយជាធរមាន។ ទំនិញមិនត្រូវបានប្រគល់ជូនកម្មសិទ្ធិករថ្មី ដោយគ្មានការអនុញ្ញាតជាមុនពីរដ្ឋបាលគយ និងមុនពេលបង់ពន្ធ និងអាករដែលជាប់ ឬ ទទួលបានការលើកលែងពន្ធជាថ្មីពីស្ថាប័នមានសមត្ថកិច្ច
  • រដ្ឋបាលគយត្រូវគិតគូរពីល័ក្ខខ័ណ្ឌជាក់សែ្តង និងសភាពនៃទំនិញទាំងនោះនាពេលប្រគល់ទទួល និងអាចកែសម្រួលតម្លៃគិតពន្ធគយតាមនេះ។

ទំនិញដែលមានប្រភពក្នុងដែនគយ ឬ ដែលបាននាំចូលដោយបង់ពន្ធនិងអាកររួច ឬ ដែលនាំចូល      ត្រឡប់មកវិញពីបរទេសដោយពុំមានបន្ថែមតម្លៃ ត្រូវបានអនុញ្ញាតឲ្យលក់ ផ្ទេរ បង្វែរទៅប្រើប្រាស់ ឬ បោះបង់ចោលដោយពុំចាំបាច់មាន ការអនុញ្ញាតជាមុនពីរដ្ឋបាលគយឡើយ ។

អង្គការ ឬ បុគ្គលនានាដែលមានបំណងបោះបង់ចោលទំនិញដែលបាននាំចូលដោយលើកលែងពន្ធ និងអាករនាំចូល ត្រូវស្នើសុំ​ការអនុញ្ញាតជាមុនពីរដ្ឋបាលគយ។ ការស្នើសុំត្រូវអមដោយបញ្ជីទំនិញ និងឯកសារនាំចូលព្រមទាំងឯកសារពាក់ព័ន្ធផ្សេងទៀត។​ការបោះបង់ចោលទំនិញអាចធ្វើឡើងតែក្រោយ ពេលមានការអនុញ្ញាតពីរដ្ឋបាលគយ។ រដ្ឋបាលគយអាចឃ្លាំមើលការបោះបង់ចោល ឬ ការបំផ្លាញទំនិញ ទាំងនេះ។