ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

  • ប្រកាសលេខ ៤៥២សហវ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ស្តីពីយន្តការលើកទឹកចិត្តជូនធុរជន មានអនុលោមភាពខ្ពស់
  • សេចក្តីសម្រេចលេខ ២៧៨ អគរ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តកម្មលើក ទឹកចិត្តជូនធុរជនល្អ
  • សេចក្តីសម្រេចលេខ ២៧៩ អគរចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការបង្កើតអង្គភាពគ្រប់គ្រង ធុរជនល្អ
  • លិខិតលេខ ៧៩០ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការផ្តល់ប្រព្រឹត្តកម្មលើកទឹក ចិត្តជូន ធុរជនល្អបំផុត

ការ​អនុវត្ត​កម្មវិធី​លើទឹក​ចិត្ត​ដល់​ធុរជន​ដែល​មាន​អនុលោម​ភាព​ខ្ពស់ គឺ​ជា​ផ្នែក​មួយ​នៃការ​អនុវត្ត​គោលនយោបាយ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ កម្មវិធីនេះត្រូវ​បាន​អនុវត្ត​ជាផ្លូវការ​ចាប់​ពីថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០១៤ នាឱកាស​ពិធីប្រគល់​​វិញ្ញា​បន​បត្រ​​​សមាជិកក្រុម​ធុរជនល្អបំផុត នៅ​អគ្គនាយកដ្ឋាន​គយ​និង ​រដ្ឋាករ​កម្ពុជា។ គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុនចំនួន ១៣ ត្រូវបាន អគរ ​សម្រេចផ្តល់ជាបណ្តោះអាសន្ននូវសមាជិកភាពក្រុមធុរជនល្អបំផុត។ ជា​ជំហាន​បន្ត អគរ នឹង​ពិនិត្យ​លទ្ធភាពធ្វើ​ការ​ជ្រើសរើសសមាជិកបន្ថែម​ទៀត និង​ឈាន​ទៅ​អនុវត្ត​ពេញលេញ​នូវ​កម្មវិធី​ប្រតិបត្តិករ​សេដ្ឋកិច្ច​មានការ​អនុញ្ញាត (Authorized Economic Operator-AEO) តាម​ជំហាន​នៃ​យុទ្ធសាស្ត្រ​និង​កម្មវិធី​កំណែទម្រង់​និង​ទំនើបកម្ម​ឆ្នាំ២០១៤-២០១៨ របស់​ខ្លួន។

កញ្ចប់លក្ខណៈវិនិច្ឆ័យ

ដើម្បី​អាច​ក្លាយ​ជាធុរជន​ល្អ​បំផុតនៅ​កម្ពុជា ធុរជន ឬ​បុគ្គល​ពាក់​ព័ន្ធ​ត្រូវមាន​លក្ខណៈសម្បត្តិដូច​ខាងក្រោម៖

  • ­ស្ថិត​ក្នុង​បញ្ជីធុរជន​ចំណាត់​ថា្នក់​លេខ១ (Rank 1) នៃប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន នាពេលដាក់ពាក្យស្នើសុំ
  • ជានីតិបុគ្គលដែមានដើមទុនចុះបញ្ជីមិនតិចជាង ១ពាន់លានរៀល
  • មិនធ្លាប់ប្រព្រឹត្តបទល្មើសគយធ្ងន់ធ្ងរដោយចេតនាក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គិតត្រឹមថ្ងៃ ដាក់ពាក្យស្នើសុំ
  • មិនធ្លាប់ជំពាក់បំណុលពន្ធអាករគយហួសកាលកំណត់ ឬ បំណុលផ្សេងទៀតដែលមិនអាច សងបាន
  • អនុវត្តបានពេញលេញនូវកាតព្វកិច្ចគ្រប់គ្រងឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មាន ផ្សេងទៀតពាក់ ព័ន្ធនឹងការនាំចេញនាំចូលតាមបទប្បញ្ញត្តិជាធរមាន
  • ត្រូវតែជាសាមាជិកនៃសហគមន៍ធុរកិច្ចណាមួយដែលមានការអនុញ្ញាត និងត្រូវមានការបញ្ជាក់ពី ប្រធាន សហគមន៍ធុរកិច្ចនោះពីភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុនិងអនុលោមភាពរបស់ធុរជន
  • ត្រូវមានទំហំពាណិជ្ជកម្មនាំចេញនាំចូលប្រចាំឆ្នាំមិនតិចជាង ២លានដុល្លារអាមេរិក និងមានកាតព្វកិច្ចធ្វើរបាយការតាមទម្រង់នានាដែលកំណត់ដោយអង្គភាពគ្រប់គ្រងធុរជនល្អបំផុតនៃ អគរ ។

កញ្ចប់ប្រព្រឹត្តកម្មលើកទឹកចិត្ត

សម្រាប់ជំហាន​ដំបូង​នៃការអនុវត្តសាកល្បង (Pilot Implementation stage) ធុរជន​ល្អ​បំផុតនៅ​កម្ពុជា អាចទទួល​បាន​នូវ​ប្រព្រឹត្តកម្ម​អនុគ្រោះនានាដូច​ខាងក្រោម៖

  • អាទិភាពមិនរង់ចាំតាមជួរលំដាប់លំដោយតាមគោលការណ៍មកមុនផ្តល់សេវាមុន (First-in First-out principle)ទាំងក្នុងដំណាក់កាលដាក់ឯកសារ ដំណាក់កាលត្រួតពិនិត្យទំនិញឬ ឯកសារ និង ដំណាក់អនុញ្ញាតឲ្យយកទំនិញចេញ តាមរូបភាពរហ័សនិងលទ្ធភាព ដែលអាចធ្វើទៅបាន
  • អាចទទួលបាននូវការអនុញ្ញាតឲ្យជំពាក់បែបបទគយ ដោយលើកលេងការតម្កល់និមុត្តិធានា
  • ការលើកលែងនីតិវិធីនៃការផ្ទៀងផ្ទាត់ជាមុននូវតម្លៃគិតពន្ធគយនិងវិញ្ញាបនបត្រប្រភពដើមទំនិញ
  • ការលើកលែងកាតព្វកិច្ចអមលិខិតអនុញ្ញាតដឹកជញ្ជូនកាតព្វកិច្ចត្រាពន្ធគយ​ និងការកាត់បន្ថយកាតព្វកិច្ចឆ្លងម៉ាស៊ីនស្កែន
  • លទ្ធភាពនៃការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival Clearance) និងការបំពេញបែបបទគយចុងទី (Destination Clearance) ក្រោមរបបគយឆ្លងកាត់ ជាដើម។

ការដាក់ពាក្យស្នើសុំជាសមាជិក

ធុរជនដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជាសមាជិកក្រុមធុរជនល្អបំផុត ត្រូវដាក់ពាក្យ ស្នើសុំមកអគ្គនាយគយនិងរដ្ឋាករកម្ពុជា អមភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

  • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុន អមបញ្ជីម្ចាស់ភាគហ៊ុននាថ្ងៃស្នើសុំ
  • ការប្រកាសពីស្ថានភាពហិរញ្ញវត្ថុ (Financial Statement) នាពីរឆ្នាំចុងក្រោយ (បើមានការតម្រូវ)
  • លិខិតបញ្ជាក់ទទួលស្គាល់អនុលោមភាពពីសហគមន៍ធុរកិច្ចពាក់ព័ន្ធ
  • វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែមនិង/ឬ បណ្ណប៉ាតង់ ឬ លិខិតអនុញ្ញាតប្រហាក់ប្រហែល
  • ច្បាប់ចម្លងនៃអត្តសញ្ញាណបណ្ណ ឬ ​​​​ឯកសារប្រហាក់ប្រហែលរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន
  • ទំហំនៃការនាំចូលការនាំចេញ និងការលក់ចូលទីផ្សារក្នុងស្រុកនាឆ្នាំចុងក្រោយ។