ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ប្រកាសលេខ ១១៦ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីភណ្ឌាគារគយមានដែន កំណត់

ភណ្ឌាគារគយមានដែនកំណត់ គឺជាអាគារ ទីកន្លែង ឬ ទីលាន ដែលទទួលបានការអនុញ្ញាតឲ្យធ្វើសន្និធិ ទំនិញ ក្រោមការត្រួតពិនិត្យរបស់គយសម្រាប់រយៈពេលជាក់លាក់មួយ និងដោយមានបញ្ជាក់ពីពេលវេលា ច្បាស់លាស់។ ទំនិញនាំចូល និងទំនិញក្នុងស្រុកសម្រាប់នាំចេញ អាចត្រូវបានដាក់ក្នុងភណ្ឌាគារគយ មានដែនកំណត់។ ទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ ត្រូវបានព្យួរពន្ធ និងអាករដែលត្រូវជាប់។ ការហាមឃាត់ ឬការដាក់កម្រិតកំណត់នានាលើទំនិញទាំងនេះ អាចត្រូវបានលើកលែងរហូតដល់ពេល ដែលទំនិញត្រូវបានបញ្ចេញពីគយសម្រាប់ការប្រើប្រាស់ក្នុងប្រទេស ឬ ដើម្បីនាំចេញ។

ប្រភេទភណ្ឌាគារគយមានដែនកំណត់

ភណ្ឌាគារគយមានដែនកំណត់មានបីប្រភេទ៖

ប្រភេទ កៈ ភណ្ឌាគារសាធារណៈ គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬ ដោយបុគ្គល ណាមួយ។ ភណ្ឌាគារនេះត្រូវបានប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលណាមួយ ដែលមានសិទ្ធិស្រប ច្បាប់លើទំនិញ ឲ្យធ្វើសន្និធិទំនិញ រាប់បញ្ជូលទាំងអ្នកនាំចូល បុគ្គលដែលទិញទំនិញក្នុងភណ្ឌាគារនេះ ឬ បុគ្គលណាមួយផ្សេងទៀតដែលមានសិទ្ធិស្របច្បាប់លើទំនិញទាំងនេះ

ប្រភេទ ខៈ ភណ្ឌាគារឯកជន គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពី អគ្គនាយក អគរ ត្រូវបានប្រើប្រាស់ដោយឡែកដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីប្រើប្រាស់ដោយឡែក រាប់បញ្ចូលទាំងប្រតិបត្តិករអាគារលក់ទំនិញរួចពន្ធ

ប្រភេទ គៈ ភណ្ឌាគារពិសេស គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពី អគ្គនាយក អគរ សម្រាប់រក្សាប្រភេទទំនិគគ្រោះថ្នាក់ ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬ អាចត្រូវ ការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ។ ភណ្ឌាគារគយប្រភេទនេះអាចជាភណ្ឌាគារសាធារណៈ ឬ ឯកជន។

នីតិវិធីគ្រប់គ្រងទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់

  • ទំនិញអាចរក្សាទុកក្នុងភណ្ឌាគារគយមានដែនកំណត់ រហូតដល់រយៈពេលពីរ (២) ឆ្នាំគិតពីថ្ងៃចុះ បញ្ជិកាប្រតិវេទន៍គយ។ ប្រសិនបើទំនិញស្ថិតក្នុងសភាពល្អ រយៈពេលកំណត់នេះអាចត្រូវបាន ពន្យារហូតដល់ដប់ពីរ (១២) ខែដោយរដ្ឋបាលគយ តាមការស្នើសុំរបស់ប្រតិបត្តិករភណ្ឌាគារគយ មានដែនកំណត់
  • ទំនិញដែលស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានលក់ ឬ ផ្ទេរ។ អ្នកនាំចូល ឬ ម្ចាស់ ទំនិញត្រូវជូនដំណឹងជាលាយល័ក្ខណ៍អក្សរដល់រដ្ឋបាលគយពីការផ្ទេរកម្មសិទ្ធិនេះ។ ទំនិញដែល ស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានផ្ទេរទៅភណ្ឌាគារគយមានដែនកំណត់មួយ ទៀតក្រោមការត្រួតពិនិត្យគយ។ សំណុំឯកសារពាក់ព័ន្ធនឹងការផ្ទេរទំនិញនេះត្រូវដាក់ ជូនរដ្ឋបាលគយ
  • ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់សម្រាប់នាំចេញ ត្រូវជាកម្មវត្ថុនៃការតម្កល់ ប្រតិវេទន៍គយនាំចេញ ហើយពុំត្រូវជាប់ពន្ធ អាករនាំចូល ឬ នាំចេញទេ លើកលែងតែទំនិញក្នុង ស្រុក​ដែលអាចជាប់អាករនាំចេញ។ ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់ សម្រាប់ដាក់ឲ្យប្រើប្រាស់ក្នុងស្រុកត្រូវជាប់ពន្ធ និងអាករតាមអត្រាពន្ធ និងអាករជាធរមាននៃថ្ងៃចុះ បញ្ជិកាប្រតិវេទន៍គយ ដើម្បីយកទំនិញចេញពីភណ្ឌាគារ
  • ម្ចាស់ទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ដើម្បីពិនិត្យ មើលទំនិញ ដកគម្រូទំនិញ និងធ្វើប្រតិបត្តិការចាំបាច់នានា ក្នុងគោលបំណង ថែរក្សាទំនិញ ទាំងនោះដោយមិនផ្លាស់ប្តូរលក្ខណៈសំខាន់នៃទំនិញនេះ រួមមានការបាញ់ថ្នាំ សម្លាប់សត្វល្អិត ការសម្ងួត ការសម្អាត ការសាកល្បង ការដេរប៉ះស្រោមសម្បករហែក ការបិទស្លាកសម្គាល់ ការសរសេរចំណាំ ការរៀបចំកញ្ចប់ទំនិញ ឡើងវិញ ការជ្រើសរើសឬ វេចខ្ចប់ឡើងវិញជាដើម។