ការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម ជាផ្នែកមួយក្នុងវិធានទី៥ នៃកញ្ចប់វិធានការកែទម្រង់មុតស្រួចចំនួន ១៧ ដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ដើម្បីជំរុញបន្ថែមការអភិវឌ្ឍ ការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងបង្កើតការងារសម្រាប់ប្រជាជន។

១- និយមន័យសហគ្រាសធុនតូចនិងមធ្យម

  • សហគ្រាសធុនតូច សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ៧០០ លានរៀល ឬ សហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬ សហគ្រាសមានចំនួននិយោជិតចាប់ពី ១០ នាក់ ដល់ ៥០ នាក់។
  • សហគ្រាសធុនមធ្យម សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀល ដល់ ៤ ០០០ លានរៀល ឬ សហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធមធ្យម ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬ សហគ្រាសមានចំនួននិយោជិតចាប់ពី ៥១ នាក់ ដល់ ១០០ នាក់។

២- លក្ខខណ្ឌដើម្បីទទួលបានការលើកទឹកចិត្តផ្នែកគយ

ដើម្បីអាចទទួលបានការលើកទឹកចិត្តផ្នែកគយ សហគ្រាសធុនតូចនិងមធ្យមត្រូវបំពេញ ០៣ ល័ក្ខខ័ណ្ឌ៖

  • បានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ឬមធ្យម
  • ជាសហគ្រាសធុនតូចនិងមធ្យម ស្ថិតក្នុងវិស័យអាទិភាព
  • បំពេញនីតិវិធីនៃការស្នើសុំការលើកទឹកចិត្តផ្នែកគយ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ចំពោះនីតិវិធីចុះបញ្ជីពន្ធដារ សហគ្រាសធុនតូចនិងមធ្យមអាចសួរនាំព័ត៌មានបន្ថែម នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

៣- វិស័យអាទិភាពដែលទទួលបានការលើកទឹកចិត្តផ្នែកគយ

ដើម្បីអាចទទួលបានការលើកទឹកចិត្តផ្នែកគយ សហគ្រាសធុនតូចនិងមធ្យមត្រូវស្ថិតក្នុងវិស័យណាមួយ ក្នុងចំណោម ០៨ វិស័យ ខាងក្រោម៖

image-SMEs3-8sectors

៤- មុខសញ្ញានៃការលើកទឹកចិត្តផ្នែកគយ

សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព អាចទទួលបានការលើកទឹកចិត្តផ្នែកគយចំពោះមុខសញ្ញា ដូចខាងក្រោម៖

  • សម្ភារបរិក្ខារផលិតកម្ម សំដៅដល់គ្រឿងម៉ាស៊ីន ឧបករណ៍ដែលបានប្រើប្រាស់ជាមូលដ្ឋានក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះមិនអាចបំប្លែងបានដោយខ្លួនឯង ឬមិនត្រូវបានប្រើប្រាស់អស់ក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីបាននាំចូល។
  • សម្ភារសាងសង់ សំដៅដល់សម្ភារសំណង់ រួមទាំងឧបករណ៍ បរិក្ខារ ដែលបានបំប្លែង ឬបានប្រើប្រាស់​ទាំងស្រុងនៅក្នុងការសាងសង់សំណង់បម្រើឱ្យផលិតកម្ម។
  • ធាតុចូលផលិតកម្ម សំដៅដល់ទំនិញ រួមទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារ បន្ទាប់បន្សំបម្រើឱ្យផលិតកម្ម ដែលត្រូវបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញ នៅក្នុងកិច្ចដំណើរ-ការផលិតកម្ម មិនឱ្យហួសរយៈពេល ២ឆ្នាំ បន្ទាប់ពីបាននាំចូល។

សម្គាល់ សម្ភារបរិក្ខារផលិតកម្ម, សម្ភារសាងសង់ និងធាតុចូលផលិតកម្ម មិនគិតបញ្ចូលនូវយានយន្ត គ្រឿង​បន្លាស់យានយន្ត ផលិតផលតេលសិលា និងសម្ភារបរិក្ខារនិងគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ។

៥- ការផ្តល់ការលើកទឹកចិត្តផ្នែកគយ

ការលើកទឹកចិត្តផ្នែកគយសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព ត្រូវបានផ្តល់ជូនដូចខាងក្រោម៖

  • សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត៖ ត្រូវបានទទួលប្រព្រឹត្តកម្មលើកលែងពន្ធគយ ដូចនឹងសហ-គ្រាសបម្រើឱ្យការនាំចេញ។
  • សហគ្រាសបម្រើឱ្យការនាំចេញ៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុផលិតកម្ម។ ក្នុងករណីធាតុចូលផលិតកម្មរបស់សហគ្រាសប្រភេទនេះ ត្រូវបានកែច្នៃហើយមិនបាននាំចេញ ត្រូវបំពេញកាតព្វកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្មនាពេលនាំចូល ក្រោយពីការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។
  • សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម សម្រាប់ផលិតផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ។ ក្នុងករណីធាតុចូលផលិតកម្មរបស់សហគ្រាសប្រភេទនេះត្រូវបានកែច្នៃ ហើយមិនបានផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ ឬមិនបាននាំចេញដោយផ្ទាល់ ត្រូវបំពេញកាតព្វកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្មនាពេលនាំចូល តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
  • សហគ្រាសបម្រើតម្រូវការក្នុងស្រុក៖ ត្រូវបានលើកលែងពន្ធគយ តែលើសម្ភារបរិក្ខារផលិតកម្ម និងសម្ភារសាងសង់។ ក្នុងករណីសហគ្រាសប្រភេទនេះ មានលទ្ធភាពនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលផលិតដោយផ្ទាល់ បរិមាណធាតុចូលផលិតកម្មដែលបានបង់ពន្ធគយរួចយកទៅបម្រើការនាំចេញដោយផ្ទាល់ ឬដោយប្រយោលនោះ ត្រូវទទួលបានការលើកលែងពន្ធគយ ក្រោយពីការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។
  • ការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារសម្រាប់ដំឡើង និងប្រើប្រាស់ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍។
  • អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម៖ ត្រូវបានទទួលបានប្រព្រឹត្តកម្មលើកលែងពន្ធគយដូចនឹងសហគ្រាសបម្រើតម្រូវការក្នុងស្រុក។

៦- និយមន័យនៃពាក្យសំខាន់ៗ

  • “សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត” សំដៅដល់សហគ្រាសដែលធ្វើការផលិតនិងផ្គត់ផ្គង់ទឹកស្អាត សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅ ឬការប្រកបអាជីវកម្ម ដោយមិនរាប់បញ្ចូលនូវសហគ្រាសផលិតទឹកសម្រាប់ទទួលទានគ្រប់ប្រភេទ។
  • “សហគ្រាសបម្រើឱ្យការនាំចេញ” សំដៅដល់សហគ្រាសធុនតូចនិងមធ្យម ដែលបានលក់ ឬផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឱ្យអ្នកទិញ ឬអ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។
  • “សហគ្រាសជាប្រភេទ​ឧស្សាហកម្មគាំទ្រ” សំដៅដល់សហគ្រាសធុនតូចនិងមធ្យម ដែល​ផលិតផលរបស់ខ្លួន ត្រូវបាន​ផ្គត់ផ្គង់​ដល់​សហគ្រាសនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់​បន្សំ​​ដែល​នាំចូល។
  • “សហគ្រាសបម្រើតម្រូវការក្នុងស្រុក” សំដៅដល់សហគ្រាសធុនតូចនិងមធ្យម ដែលមិនបម្រើឱ្យការនាំចេញ។
  • “ពន្ធគយ” សំដៅដល់ពន្ធនាំចូលដែលត្រូវយកលើទំនិញស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយ ដោយមិនរាប់បញ្ចូលនូវអាករពិសេស អាករលើតម្លៃបន្ថែម កម្រៃ ឬបន្ទុកផ្សេងទៀត។

៧- នីតិវិធីនៃការស្នើសុំការលើកទឹកចិត្តផ្នែកគយ

នីតិវិធីនៃការស្នើសុំការលើកទឹកចិត្តផ្នែកគយ មានចំនួន ០៣ ដំណាក់កាល ដូចខាងក្រោម៖

image-SMEs7-Procedures

* អង្គភាពគ្រប់គ្រងការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម (អង្គភាព ស.ត.ម) ជាជំនួយការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ) ក្នុងការអនុវត្តការលើកទឹកចិត្តផ្នែកគយ ដែលមានលេខាធិការដ្ឋាននៅនាយកដ្ឋានរដ្ឋាករ។

សូមចុចទីនេះដើម្បីទាញយកពាក្យស្នើសុំ 

៨- នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកគយ

បន្ទាប់ពីទទួលបានការសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកគយ សហគ្រាសធុនតូចនិងមធ្យមអាចយកបញ្ជីមេមុខទំនិញ ដែលទទួលបានការលើកលែងពន្ធគយ ទៅបំពេញបែបបទនាំចូលតាមល័ក្ខខ័ណ្ឌ ដូចខាងក្រោម៖

  • ករណីការនាំចូលតាមមាត់ច្រកតែមួយ៖ ត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយពុំតម្រូវឱ្យមានលិខិតអនុញ្ញាតគយឡើយ។
  • ករណីការនាំចូលតាមមាត់ច្រកលើសពីមួយ នៅក្នុងសាខាគយនិងរដ្ឋាករតែមួយ៖ ត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយត្រូវមានលិខិតអនុញ្ញាតនាំចូលដែលចេញដោយសាខាគយនិងរដ្ឋាករនោះ។
  • ករណីការនាំចូលផ្សេងពីចំណុច “១” និង “២”៖ ត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយត្រូវមានលិខិតអនុញ្ញាតនាំចូល ដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

៩- កាតព្វកិច្ចរបស់សហគ្រាសធុនតូចនិងមធ្យម

  • សហគ្រាសធុនតូចនិងមធ្យមដែលបានទទួលការលើកទឹកចិត្ត មានកាតព្វកិច្ចរក្សាឯកសារ បញ្ជីគណ-នេយ្យ កំណត់ត្រា និងព័ត៌មានផ្សេងទៀត រាប់បញ្ចូលទាំងព័ត៌មានជាទម្រង់អេឡិចត្រូនិក ពាក់ព័ន្ធនឹង​ការនាំចូល-នាំចេញ និងកិច្ចប្រតិបត្តិការអាជីវកម្មនិងផលិតកម្ម តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
  • ការលក់ ជួល ផ្ទេរ ឬបង្វែរទៅប្រើប្រាស់ផ្សេងពីគោលដៅនៃការលើកទឹកចិត្ត ឬបោះបង់ចោលនូវទំនិញដែលទទួលបានការលើកលែងពន្ធគយ សហគ្រាសធុនតូចនិងមធ្យម ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

១០- ភារកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

  • ផ្តល់ព័ត៌មាន ផ្តល់និងទទួលទម្រង់ពាក្យសុំ និងសម្របសម្រួលនីតិវិធី នៃការអនុវត្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម
  • ចុះត្រួតពិនិត្យអនុលោមភាពនៃការប្រើប្រាស់មុខទំនិញដែលទទួលបានការលើកលែងពន្ធគយ ព្រមទាំងប្រតិបត្តិការអាជីវកម្មនិងផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម តាមបទប្បញ្ញត្តិជាធរមាន
  • រៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការលើកទឹកចិត្តផ្នែកគយ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ប្រចាំត្រីមាស ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

 

សម្រាប់ព័ត៌មានបន្ថែម

ក- បទប្បញ្ញត្តិពាក់ព័ន្ធ

  • អនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព (ទាញយក )
  • អនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម (ទាញយក )
  • ប្រកាសលេខ ៥៨០ សហវ.ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការលើកទឹកចិត្ត​ផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម (ទាញយក )

ខ- ទីកន្លែងសាកសួរព័ត៌មានបន្ថែម

Add_1-6

Add_7-16

Add_17-25

គ-ខិតបណ្ណផ្សព្វផ្សាយ (ទាញយក)

SME-brochure-p1 SME-brochure-p2