ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ប្រកាសលេខ ៣៨៧សហវ គរចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ស្តីពីការកំណត់តម្លៃ គិតពន្ធគយលើទំនិញនាំចូល របស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ

និយមន័យតម្លៃគិតពន្ធគយ

តម្លៃគិតពន្ធគយលើទំនិញនាំចូល គឺជាតម្លៃចម្លងការ មានន័យថា ជាថ្លៃដែលបានទូទាត់ ឬ នឹងត្រូវទូទាត់ ពិតប្រាកដ លើទំនិញដែលបានលក់សម្រាប់នាំចេញមកកម្ពុជា។ ការ​ប្រកាសតម្លៃគិតពន្ធគយនៃទំនិញ នាំចូល ត្រូវអនុលោមតាម​បញ្ញត្តិមាត្រា ១៨ ចំនុច “ខ” នៃច្បាប់ស្តីពីគយនិងបញ្ញត្តិប្រកាសលេខ ៣៨៧ សហវ.គរ ចុះថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ស្តីពីការកំណត់តម្លៃគិត ពន្ធគយលើទំនិញនាំចូល។ តម្លៃគិតពន្ធគយនៃទំនិញនាំចូល ត្រូវប្រកាសជាប្រាក់រៀល (មាត្រា២៣ នៃច្បាប់ស្តីពីគយ)។

វិធីសាស្ត្រ​គណនា​តម្លៃ​គិត​ពន្ធ​គយ​ មាន​បកស្រាយ​តាម​របៀប​សាមញ្ញនៅ​ក្នុង Brochure ស្តី​ពី​ការកំណត់​តម្លៃ​គិត​ពន្ធ​គយ ដែល​អាច​ស្វែង​រក​បាន​នៅ​ អគរ។

ការធ្វើវិមជ្ឈការការងារតម្លៃគិតពន្ធគយ

ការធ្វើវិមជ្ឈការតម្លៃគិតពន្ធគយ មាន​គោលបំណងបង្កភាពងាយស្រួលបន្ថែមទៀតដល់ការ​នាំចេញ នាំចូល​តាម​រយៈ​ការ​កាត់​បន្ថយពេល​វេលា និង​ការ​ចំណាយ​ពាក់​ព័ន្ធ​នឹង​ការ​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពីគយ។ គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៥ ការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ត្រូវ​បាន​ធ្វើវិមជ្ឈការទៅ​បណ្តា​​អង្គភាព​គយ​និង​រដ្ឋាករ​មូលដ្ឋាននានា​នៅតាមមាត់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា លើកលែង​តែ​សាខា​គយនិង​រដ្ឋាករ​កំពង់​ផែ​ក្រុង​ព្រះសីហនុ និង​កំពង់​ផែ​ភ្នំពេញ។ មានន័យ​ថា រាល់ការ​នាំចូល​តាមមាត់​ច្រកនានា​ក្រៅ​ពី​កំពង់​ផែ​អន្តរជាតិ​ទាំង​ពីរ​ខាងលើ ធុរជនអាច​ទៅ​ផ្ទៀង​ផ្ទាត់​​តម្លៃ​​​គិត​ពន្ធ​គយ​នៅ​តាម​អង្គភាព​គយ​និង​រដ្ឋាករ​មូលដ្ឋាន​​តែម្តង លើកលែង​តែ​ការ​នាំចូល​​មុខ​ទំនិញ​​មាន​​ហានិភ័យ​​ខ្ពស់​មួយ​ចំនួន​ ដូចជា មុខទំនិញប្រើរួច យានយន្តគ្រប់ប្រភេទ សម្ភារបរិក្ខារទូរគមនាគមន៍ ផលិតផលតេលសិសា និងបរិក្ខារល្បែង ជាដើម ដែល​ជា​កម្មវត្ថុ​នៃ​ការ​ផ្ទៀង​ផ្ទាត់​តម្លៃ​គិត​ពន្ធ​គយ​នៅ​ទីចាត់​ការ​កណ្តាល (នាយកដ្ឋាន​ផែនការ បច្ចេកទេស និង​កិច្ច​ការ​អន្តរជាតិ)។​ អគរ បាន​និង​កំពុងពិនិត្យ​លទ្ធភាព​នៃ​ការ​ធ្វើ​វិមជ្ឈការ​នេះ ឲ្យ​មាន​ភាពគ្រប​ដណ្តប់​ពេញលេញ នៅ​គ្រប់​អង្គភាព​គយ​និង​រដ្ឋាករ​​មូលដ្ឋាន​ទូទាំង​ប្រទេស។

នីតិវិធីនៃ​ការ​ផ្ទៀង​ផ្ទាត់​តម្លៃគិតពន្ធគយ

ក.ទីកន្លែង៖

  • អង្គភាពតម្លៃគិតពន្ធគយ នៅតាមសាខា និងការិយាល័យគយនិងរដ្ឋាករមូលដ្ឋាន (ក្នុងក្របខ័ណ្ឌ​វិមជ្ឈការ)
  • នាយកដ្ឋាន​ផែនការ បច្ចេកទេស និង​កិច្ច​ការ​អន្តរជាតិ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា

ខ.ការដាក់​ឯកសារ​ស្នើ​សុំ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ៖

ដើម្បី​ដាក់​ឯកសារ​នាំចេញនាំចូល ឲ្យ​មន្ត្រី​គយ​​និង​រដ្ឋាករមាន​សមត្ថកិច្ច​​ធ្វើ​ការ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធ​គយ ធុរជន​ពាក់​ព័ន្ធត្រូវបំពេញ​ប្រតិវេទន៍​តម្លៃ​គិត​ពន្ធ​គយ ដោយ​អម​ភ្ជាប់​ជាមួយ​នូវ​បណ្តា​ឯកសារ​គាំទ្រ​ ដូចជា៖

  • វិក្កយបត្រ​ពាណិជ្ជកម្ម បញ្ជីវេចខ្ចប់ និងអញ្ញត្តិប័ណ្ណ ចំនួន ៣ ច្បាប់
  • វិញ្ញាបនបត្រចុះ​បញ្ជីអាករ​លើ​តម្លៃ​បន្ថែម ប័ណ្ណប៉ាតង់ លិខិត​ផ្ទេរសិទ្ធិ អត្ត​សញ្ញាណបណ្ណ ឬលិខិត​ឆ្លងដែន​ម្ចាស់​ទំនិញនិង​អ្នក​តំណាង
  • លិខិតអនុញ្ញាត (ប្រសិនបើតម្រូវ)

ក្នុង​ករណីខ្លះ ​មន្ត្រី​គយ​មានសមត្ថកិច្ច​អាច​តម្រូវឲ្យ​ធុរជន​ពាក់​ព័ន្ធ​ផ្តល់​ឯកសារ​គាំទ្រ​បន្ថែម​ទៀត ដូច​ជា៖

  • កិច្ច​សន្យាលក់ ប័ណ្ណបញ្ជា​ទិញ លិខិត​បញ្ជាក់​ប្រតិបត្តិការ​តាម​ធនាគារ តារាង​តម្លៃ​សាធារណៈ និង​ឯកសារ​​ផ្សេង​ទៀតដែលពាក់​ព័ន្ធ​នឹង​កិច្ច​ចម្លង​ការ ឬការ​ទូទាត់
  • ឯកសារ​ដែល​បញ្ជាក់​​ពី​អត្តសញ្ញាណ​ ឬ ​យថាប្រភេទ​លម្អិត​​ច្បាស់លាស់នៃទំនិញ

គ.ឯកសារ​ត្រឹម​ត្រូវគឺ​ជា​ឯកសារ​ដែល៖

  • បាន​បំពេញ​ដោយ​ត្រឹម​ត្រូវ​គ្រប់​ប្រឡង់​ព័ត៌មាន
  • ពុំមាន​ភាព​មិន​ប្រក្រតីឬ ​ការ​កោសលុប​
  • មាន​បោះ​ត្រា​បញ្ជាក់​របស់​ក្រុមហ៊ុន​ម្ចាស់​ទំនិញចំពោះ​ឯកសារ​ច្បាប់​ចម្លង។ល។

ឃ.បុគ្គលដែល​មាន​នីតិសម្បទា​ស្នើសុំ៖

  • ម្ចាស់ក្រុមហ៊ុន​ស្នើសុំ​នាំចូល ឬ
  • បុគ្គលិករបស់ក្រុមហ៊ុនស្នើសុំនាំចូល ដែលមានទទួលសិទ្ធិតំណាងពីម្ចាស់ក្រុមហ៊ុន (ត្រូវភ្ជាប់មកជាមួយនូវបណ្ណសំគាល់បុគ្គលិកក្រុមហ៊ុន)
  • នីតិបុគ្គល ឬ បុគ្គលដែល​មាន​នីតិសម្បទាន​ជា​ជើង​សាគយ

ង.រយៈ​ពេល​នៃ​ការ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធ​គយ៖

ក្នុង​ករណី​ឯកសារ​មាន​ភាព​ត្រឹមត្រូវ​និង​គ្រប់​គ្រាន់ ការ​ផ្ទៀងផ្ទាត់​និង​ការសម្រេច​លើតម្លៃ​គិត​ពន្ធ​គយ​នឹងធ្វើឡើង​ក្នុង​រង្វង់​ពី ​១ ទៅ ២ថ្ងៃ​ធ្វើការ។ ក្នុង​ករណី​មិន​អាច​ធ្វើ​បាន​ដោយ​ប្រការណាមួយ មន្ត្រី​គយ​និង​រដ្ឋាករ​មានសមត្ថកិច្ច នឹង​ចុះ​អាទិសង្កេត​នៅ​លើឯកសារ​ពាក់​ព័ន្ធបញ្ជាក់​ពីមូលហេតុ​នៃ​ការ​យឺតយ៉ាវ​ក្នុង​ការ​ចេញ​សេចក្តី​សម្រេច​នេះ។

ច.យន្តការឧទ្ធរណ៍នៃតម្លៃគិតពន្ធគយ៖

​          បុគ្គលណាដែលមិនពេញចិត្តចំពោះការសម្រេច​​របស់​មន្ត្រី​គយ​មានសមត្ថកិច្ចលើតម្លៃគិតពន្ធគយ អាចធើ្វការ​តវ៉ាជាលាយលក្ខណ៍អក្សរ ទៅ អគរ ស្រប​តាម​បញ្ញត្តិមាត្រា​២៤ នៃច្បាប់ស្តីពីគយ។

ឆ.មធ្យោបាយ​ទំនាក់​ទំនង៖

ក្នុងករណីមានចម្ងល់ពីវិធីសាស្ត្រគណនា ឬ ​នីតិវិធី​នៃ​ការ​ផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ បុគ្គលពាក់​ព័ន្ធអាច សាកសួរព័ត៌មាននៅនាយកដ្ឋានផែនការ បច្ចេកទេសនិងកិច្ចការអន្តរជាតិ នៃ​ អគរ។