ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

  • អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
  • ​អនុក្រឹត្យលេខ ២០៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីការកែសម្រួលលើកំណត់សម្គាល់ II ឧបសម្ព័ន្ធ ២ នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីដាក់ ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់

ទំនិញ​ហាមឃាត់និងទំនិញ​ជាប់​កម្រិត​កំណត់​ គឺជាទំនិញមានចែងក្នុងបញ្ជីឧបសម្ព័ន្ធ​ ១ នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់។

និយមន័យ

          ទំនិញ​ហាមឃាត់និងទំនិញ​ជាប់​កម្រិត​កំណត់​ គឺជាទំនិញដែល​ស្ថិត​ក្រោម​ល័ក្ខខ័ណ្ឌលើ​ការ​នាំ​ចេញ ឬនាំ​ចូល  ក្នុងគោលបំណងណាមួយដូចជា៖

  • ការការពារ​សន្តិសុខ​ជាតិ
  • ការការពារ​សណ្តាប់​ធ្នាប់​សាធារណៈ និង​ស្តង់ដារនៃ​​សុភាវធម៌ និង​សីលធម៌
  • ការការពារសុខភាព​ និង​ជីវិត​មនុស្ស​ សត្វ ឬ រុក្ខជាតិ
  • ការការពារ​បេតិកភណ្ឌជាតិ ដែលមាន​តម្លៃ​ខាង​សិល្បៈ ប្រវត្តិសាស្ត្រ ឬ ​បុរាណវត្ថុ​វិទ្យា
  • ការ​អភិរក្ស​ធនធាន​ធម្មជាតិ
  • ការ​តម្រូវ​តាម​បញ្ញត្តិ​នានា​នៃ​ច្បាប់​ណាមួយ​ជាធរមាន​នៃ​ព្រះរាជាណាចក្រកម្ពុជា
  • ការបំពេញ​កាតព្វកិច្ចក្រោម​ធម្មនុញ្ញសហប្រជាជាតិ។

ការនាំចេញឬ នាំចូលទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់​​ជាកម្មវត្ថុនៃ ៖

  • ការហាមឃាត់​ដាច់ខាត​មិន​ឲ្យ​ធ្វើការ​នាំ​ចេញ ឬ ​នាំចូល
  • ការ​អនុញ្ញាត​ឲ្យ​នាំចេញ ឬ ​នាំចូល​ដោយ​តម្រូវ​ឲ្យមាន​អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ឬ ​វិញ្ញាបនបត្រ​ផ្សេងៗ ព្រមទាំង​ឯកសារគតិយុត្តិ​ដែលមាន​ទម្រង់ប្រហាក់​ប្រហែល​ជា​មុន ឬ ស្ថិត​ក្រោម​ប្រ​ព្រឹត្តិ​កម្ម​ដោយ​ឡែក​មួយ​ចំនួន​​ពី​អាជ្ញាធរមាន​សមត្ថ​កិច្ច​​របស់​រាជ​​​រដ្ឋា​​ភិបាល​រួមមាន ក្រសួង ស្ថាប័ន ឬ ​អង្គភាព​ជំនាញ​មាន​សមត្ថកិច្ចពាក់ព័ន្ធ​​ស្រប​តាម​ច្បាប់ ឬ ​បទ​ប្បញ្ញត្តិ​នានា​ជា​ធរមាននៃ​ព្រះរាជាណាចក្រកម្ពុជា។

កំណត់​សម្គាល់

១-ទំនិញក្នុងបញ្ជីឧបសម្ព័ន្ធ ១ នៃអនុក្រឹត្យលេខ​ ២០៩​ អនក្រ​.បក ​មិន​​អនុវត្ត​ចំពោះ​​​ការ​នាំ​ចេញ ឬ ​នាំចូល​ដែលគ្មាន​​លក្ខណៈ​ពាណិជ្ជកម្មតាម​រូបភាព​ជា ទំនិញ​គំរូ សម្ភារ​​ប្រើប្រាស់​ផ្ទាល់​ខ្លួនរបស់​អ្នក​ធ្វើដំណើរ សម្ភារ​ផ្លាស់​ប្តូរ​លំនៅដ្ឋាន ឬ ករណីតាម​រូបភាព​ប្រ​ហាក់​ប្រហែល ព្រមទាំងការនាំចេញមានលក្ខណៈ ពាណិជ្ជកម្មនូវផលិតផលផលិតពីឈើ (ឈើដាំក្នុងស្រុក) ឫស្សី ផ្តៅ ដើមត្នោត កក់ ឬ រពាក់ ជាស្នាដៃ សិប្បករសម្រាប់ប្រើក្នុងលំនៅដ្ឋាន វត្ថុតុបតែងលម្អ និងរូបចម្លាក់ផ្សេងៗដែលមានកម្រិតខ្នាតតិច ជាង៥គីឡូក្រាមក្នុងមួយឯកតា។ ការ​លើកលែង​នេះ​ មិន​អនុវត្តចំពោះ​មុខ​ទំនិញ​ដែល​ស្ថិត​ក្រោម​មុខ​សញ្ញា​ហាមឃាត់​ដាច់ខាត​​ក្នុង​ការ​នាំចេញ​ នាំចូល​​ ឬ ​ប្រភេទ​​មាន​ហានិភ័យ​ខ្ពស់​ដល់​សុវត្ថិភាព​សាធារណៈ (យោងអនុក្រឹត្យលេខ២០៨ អនក្រ​.បក​ ចុះថ្ងៃទី​០៨​ ខែ​កញ្ញា​ ឆ្នាំ​២០១១​)។

២-ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​​ដែល​ស្ថិត​ក្នុង​បញ្ជី​សាយ​តេស ប៉ុន្តែ​មិន​មាន​បញ្ជាក់​ច្បាស់​​ក្នុង​តារាង​​នេះ​ដោយ​ហេតុផល​បច្ចេកទេស​នោះ ត្រូវ​មាន​លិខិត​​អនុញ្ញាត​​​សាយ​តេស​។

៣-ទំនិញ​​ហាមឃាត់ និង​ទំនិញ​ជាប់​កម្រិតផ្សេងទៀត ក្រៅពីទំនិញក្នុងបញ្ជីឧបសម្ព័ន្ធ ១ នៃអនុក្រឹត្យលេខ​ ២០៩​ អនក្រ​.បក មានដូច​ខាងក្រោម ៖

  • រថយន្តចង្កូត​ស្តាំ
  • ​​ទំនិញ​​​​ប្រើ​រួច​​មួយចំនួន​ដូចជា កំព្យូទ័រ ស្បែកជើង កាបូប អាគុយ ជាដើម
  • សៀវភៅ​សាសនា សៀវភៅ​នយោបាយ រូបភាព​អាស​អាភាស រូបភាពពាណិជ្ជកម្ម​ និង​ឯកសារ​បោះ​ពុម្ព​ដែល​ច្បាប់​​ហាម​ឃាត់​ផ្សេង​ទៀត
  • ទំនិញ​ល្មើស​ច្បាប់​កម្មសិទ្ធិ​បញ្ញា (IPR Law) ឬ ទំនិញ​ក្លែង​ក្លាយ និង​ទំនិញ​​ល្មើស​សិទ្ធិ​ផ្តាច់​មុខ

៤-បរិក្ខារ ឬ ឧបករណ៍​បច្ចេកទេស​បម្រើ​ឲ្យ​​ការ​ហោះ​ហើរ ត្រូវមាន​ការ​ឯកភាព​ជាមុន​ពី​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ី​វិល។

៥-ឧបករណ៍​ត្រ​ជាក់​​ប្រភេទ​ប្រើ​រួចគ្រប់​ប្រភេទ ឬ ​ប្រភេទ​ថ្មីដែល​ប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រ​ទាប់​អូហ្សូន ត្រូវ​មាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ពីក្រសួង​បរិស្ថាន។

៦-ទំនិញ​នាំចូល​ត្រូវ​គោរព​តាម​វិធាន​ស្តង់​ដារ​ឧស្សាហកម្ម​កម្ពុជា និង​វិធាន​គុណភាព​ និង​សុវត្ថិភាព​

៧-ចំពោះពូជដំណាំ ឬ ​គ្រាប់ពូជផ្សេងទៀត​ដែល​ពុំមាន​ចែង​ក្នុង​បញ្ជីនេះ ត្រូវ​ទទួល​នូវ​ប្រព្រឹត្តកម្ម​ដូច​គ្នា​ជាមួយ​ពូជ​ដំណាំ​ ឬ ​គ្រាប់ពូជក្នុង​បញ្ជី​នេះ​ដែរ ស្របតាម​បទប្បញ្ញត្តិ​ជា​ធរមានពាក់​ព័ន្ធ​នឹង​សម្ភារ​កសិកម្ម។

៨-ចំពោះ​​ប្រភេទ​ទំនិញ​នាំ​ចេញ​ណា ​ដែល​ប្រទេស​នាំ​ចូល​តម្រូវ​ឲ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​​​សុខ​ភាព​សត្វ វិញ្ញា​បនប័ត្រ​ភូតគាម​អនា​ម័យ វិញ្ញា​បនប័ត្របញ្ជាក់គុណភាពផ្នែក​រោគ​សាស្ត្រជលផល ឬ ​វិញ្ញាបនបត្រ​ផ្សេងៗ​ទៀត​ អ្នក​នាំ​ចេញ​ត្រូវ​​ស្នើសុំ​​វិញ្ញាបនបត្រ​ទាំង​​នោះទៅ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ ឬ ​ក្រសួង​ ស្ថាប័ន​មាន​សមត្ថកិច្ច​ដទៃ​ទៀត​​ ​ស្រប​តាម​ការតម្រូវ​​​នៃ​ប្រទេស​នាំ​ចូលនោះ​។

៩-ចំពោះការ​នាំ​ចេញ​ធនធាន​រ៉ែ ត្រូវ​មានការ​​អនុញ្ញាត្ត​ឲ្យ​នាំ​ចេញ​ពីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​។

១០-ចំពោះ​ទំនិញ​ក្នុង​ជំពូកទី​ ២៨ និង​ជំពូកទី ២៩ ណា​ដែល​​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ និង/ឬ ​ដែល​មាន​ចែង​ក្នុង​បញ្ជី​នៃ​សារធាតុ​ផ្សំ​គ្រឿង​ញៀន បញ្ជី​នៃ​សារធាតុ​ប៉ះ​ពាល់​ដល់​សរសៃប្រសាទ និង​បញ្ជី​​គ្រឿង​ញៀន ត្រូវ​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​សុខា​ភិបាល។ ដោយ​ឡែកចំពោះ​ទំនិញក្នុង​ជំពូកទី​ ២៨ និង​ជំពូកទី ២៩ ​ណា​ដែល​ពុំ​មាន​ចែង​ក្នុង​បញ្ជី​ទាំងបី​​នេះ ​ត្រូវមាន​លិខិត​អនុញ្ញាតពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​។​

១១-ចំពោះបសុឱសថដែល​ពុំមាន​ចែង​ច្បាស់លាស់​នៅ​ក្នុង​បញ្ជីនេះ ត្រូវមានលិខិត​អនុញ្ញាត​​ពី​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ។

១២-ប្រសិន​បើមាន​ការអនុញ្ញាត​ឲ្យនាំចេញ ឬ នាំចូល​ពីក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ការ​នាំចេញ ឬ នាំចូល​អាចធ្វើ​ទៅបាន ​ដោយ​ពុំចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ ឬ ​ស្ថាប័ន​មាន​សមត្ថកិច្ច​​​ផ្សេងទៀត​ឡើយ លើក​លែង​តែ​ទំនិញ​ដែល​​ស្ថិត​ក្រោម​កម្រិត​កំណត់​នៃ​ការ​ដឹក​ជញ្ជូន​ ដោយ​ហេតុផល​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ។

១៣-យោង​តាម​សំណូមពរ​​នៃ​ការ​គ្រប់គ្រង​ ត្រួតពិនិត្យ​​​ជាក់​ស្តែង ការ​ធ្វើ​វិមជ្ឈការ​ការងារ និងលទ្ធភាព​នៃ​ប្រព័ន្ធ​តភ្ជាប់​ព័ត៌មានទំនិញ​​ក្នុង​បញ្ជីនេះ​ ដែល​ទទួល​បាន​ការ​អនុញ្ញាត​​ឲ្យ​នាំចេញ ឬ នាំចូល​រួច​ហើយ​ពី​​​ក្រសួង​ ស្ថាប័ន​មាន​សមត្ថកិច្ច​ តាម​រូបភាព​ជា​កញ្ចប់​សម្រាប់​ការ​នាំចេញ ឬ ​នាំចូល​ច្រើន​ដង និង/​ឬតាម​មាត់​ច្រក​លើស​ពីមួយ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ ត្រួត​ពិនិត្យ​​ដោយ​ឡែក​ជា​បណ្តោះ​អាសន្ន​ពី​​ទីចាត់ការគយ និង​រដ្ឋាករ និង​/ឬ​ពី​នាយកដ្ឋាន​កាំ​កុង​ត្រូល។