ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ

  • ច្បាប់ស្តីពីវិនិយោគ​នៃព្រះរាជាណាចក្រកម្ពុជា​ ដែលប្រកាសអោយប្រើ​ដោយព្រះរាជក្រម​លេខ​ ០៣​ នស​ ចុះថ្ងៃទី​០៥​ ខែ​សីហា​ ឆ្នាំ​១៩៩៤
  • សារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំរួចពន្ធឧបករណ៍សម្ភារ នាំចូល ក្នុងក្របខ័ណ្ឌជំនួយឥតសំណង ឥណទាន និងជំនួយមនុស្សធម៌
  • ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
  • អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពី វិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
  • ច្បាប់ស្តីពីគយ ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧
  • អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
  • ប្រកាសលេខ ១១៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការកំណត់មុខទំនិញដែលត្រូវលើកលែងពន្ធ និងអាករ
  • អនុក្រឹត្យលេខ ២០៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១ ស្តីពីការកែសម្រួលលើកំណត់សម្គាល់ II ឧបសម្ព័ន្ធ ២ នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
  • ប្រកាសអន្តរក្រសួងលេខ ៥៨១ សហវ និងលេខ ១២៧៦ ក.អ.ក/គ.ជ.នា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំនាំចូលឧបករណ៍ សម្ភារ គ្រឿងចក្រ យានយន្ត និងផលិតផលតេលសិលា ដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង
  • ប្រកាសលេខ ៣១១ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការអនុវត្តអាករលើតម្លៃ បន្ថែមចំពោះឧស្សាហកម្មគាំទ្រ ឬ អ្នកចុះកិច្ចសន្យា ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឬ សេវាសម្រាប់បម្រើឲ្យការ នាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរនិងការបូបដៃ និងឧស្សាហកម្មផលិតមួក
  • លិខិតប្រគល់សិទ្ធិលេខ ០០៥ សហវ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៥

ទំនិញជាកម្មវត្ថុនៃការស្នើសុំលិខិតអនុញ្ញាតគយ

ទំនិញនាំចូល/នាំចេញ ដែលតម្រូវ​ឲ្យស្នើសុំលិខិតអនុញ្ញាតគយ​ នៅ អគរ​ ​មានដូចខាងក្រោម៖​

  • ទំនិញគ្រប់ប្រភេទ​ ដែលនាំចូល​ដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ (គ.ល.គ)​ ដែលស្ថិតនៅខាងក្រៅ​ តំបន់រួចពន្ធនានា​ និងដែលពន្ធ​ និង/ឬ​អាករ​ជាបន្ទុករបស់រដ្ឋ​
  • ទំនិញនាំចូល/នាំចេញ​គ្រប់ប្រភេទ ដែលមាននៅក្នុង​បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិត កំណត់ក្នុងការនាំចូលនិងនាំចេញ​ នៃឧបសម្ព័ន្ធ​ ១ នៃអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់​​
  • ទំនិញនាំចូលគ្រប់ប្រភេទ ដែលពន្ធនិងអាករ​ជាបន្ទុករបស់រដ្ឋ​ ក្រោមក្របខ័ណ្ឌ វិនិយោគសាធារណៈ​
  • ទំនិញនាំចូល​គ្រប់ប្រភេទ ដែលពន្ធនិងអាករ​ជាបន្ទុករបស់រដ្ឋ​ ក្រោមក្របខ័ណ្ឌជំនួយឥតសំណង ឥណទាន និងជំនួយមនុស្សធម៌
  • ទំនិញនាំចូល​គ្រប់ប្រភេទ ដែលពន្ធនិងអាករ​ជាបន្ទុករបស់រដ្ឋ​ និងដែលនាំចូល​សម្រាប់បេសកកម្មការទូត ឬបេសកកម្ម​កុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ និងប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិក
  • ទំនិញនាំចូល​គ្រប់ប្រភេទ ដែលពន្ធនិងអាករ​ជាបន្ទុករបស់រដ្ឋ​​ និង​ដែលជា​​សម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារប្រើប្រាស់​ផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផ្សេងទៀតលើកលែងយានយន្ត ដែលនាំចូលដោយបុគ្គលដែលផ្លាស់ទីលំនៅស្ថានមកកម្ពុជា
  • ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតគយ

ក.ការនាំចូលទំនិញដោយ​ គ.ល.គ

បុគ្គលដែលស្នើសុំលិខិតអនុញ្ញាតគយ​ ដើម្បីនាំចូលទំនិញបម្រើឲ្យផលិតកម្មរបស់គ.ល.គ​ ដែលពន្ធនិងអាករ​ជាបន្ទុក​ របស់រដ្ឋ​ ត្រូវ​៖

  • មានបញ្ជីមេនៃមុខទំនិញដែលនាំចូលសម្រាប់បម្រើផលិតកម្មរបស់គ.ល.គ និងដែលបានអនុញ្ញាត​ដោយ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក)/គណៈកម្មាធិការវិនិយោគកម្ពុជា​ (គ.វ.ក)
  • ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតគយ នៅ អគរ (នាយកដ្ឋានរបប​គយ​) ដោយ​ភ្ជាប់មកជាមួយនូវ​វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និងឯកសារដឹកជញ្ជូន ​លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត​ក្នុងករណីចាំបាច់​។

ខ.ការនាំចូលទំនិញ ដែលមាននៅក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់

ដើម្បីនាំចូលទំនិញដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ ត្រូវអនុវត្តដូចខាងក្រោម៖

  • ​ត្រូវមានអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ឬ វិញ្ញាបនបត្រផ្សេងៗ ព្រមទាំងឯកសារគតិយុត្តិដែលមាន​ទម្រង់ប្រហាក់ប្រហែលជាមុន ឬ ស្ថិតក្រោមប្រព្រឹត្តិកម្មដោយឡែក​មួយចំនួនពីអាជ្ញាធរ​មាន​សមត្ថកិច្ចរបស់រាជរដ្ឋាភិបាលរួមមាន ក្រសួង ស្ថាប័ន ឬ អង្គភាពជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ
  • ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតគយ នៅអគរ (នាយកដ្ឋានរបប​គយ​) ដោយ​​ភ្ជាប់មកជាមួយ​នូវ​វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន ​លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត​ក្នុងករណីចាំបាច់​។

គ.ការនាំចូលទំនិញ ក្រោមក្របខ័ណ្ឌវិនិយោគសាធារណៈ

  • ក្រោមក្របខ័ណ្ឌវិនិយោគសាធារណៈ (ជំនួយឥតសំណង)

បុគ្គល​ដែលស្នើសុំ​លិខិតអនុញ្ញាតគយ​ ដើម្បីនាំចូលទំនិញដែលពន្ធនិងអាករ​ជាបន្ទុករបស់រដ្ឋ​ក្រោម ក្របខ័ណ្ឌវិនិយោគសាធារណៈ ដោយប្រើប្រាស់ជំនួយឥតសំណង​ ត្រូវ៖

  1. មានបញ្ជីមេនៃមុខទំនិញ ដែលនាំចូលសម្រាប់បម្រើផលិតកម្មរបស់គម្រោងវិនិយោគ​​សាធារណៈ​ និងបានអនុញ្ញាត​ដោយក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក)/គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ (ក.អ.ក/គ.ជ.នា)
  2. ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតគយ នៅ អគរ​ (នាយកដ្ឋានរបប​​គយ​) ដោយ​ភ្ជាប់មកជាមួយ នូវ​វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន ​លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត​ក្នុងករណីចាំបាច់​។
  • ក្រោមក្របខ័ណ្ឌវិនិយោគសាធារណៈ​ (ឥណទាន)

បុគ្គល​ដែលស្នើសុំ​លិខិតអនុញ្ញាតគយ​ ដើម្បីនាំចូលទំនិញដែលពន្ធនិងអាករ​ជាបន្ទុករបស់រដ្ឋ​ក្រោមក្របខ័ណ្ឌវិនិយោគសាធារណៈ ដោយប្រើប្រាស់ឥណទានត្រូវ៖

  1. មានបញ្ជីមេនៃមុខទំនិញ ដែលនាំចូលបម្រើផលិតកម្ម​របស់គម្រោងវិនិយោគសាធារណៈ​ និងបានអនុញ្ញាតដោយ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  2. ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតគយ នៅ អគរ (នាយកដ្ឋានរបបគយ​) ដោយ​ភ្ជាប់មកជាមួយ នូវ​វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន ​លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត​ក្នុងករណីចាំបាច់​។

ឃ.ការនាំចូលទំនិញ ក្រោមក្របខ័ណ្ឌជំនួយឥតសំណង ឥណទាន និងជំនួយមនុស្សធម៌

  • ការនាំចូលទំនិញក្រោមក្របខ័ណ្ឌជំនួយឥតសំណង​ (ទ្វេភាគី ពហុភាគី អង្គការមិនមែន រដ្ឋាភិបាល)

មុនការស្នើសុំលិខិតអនុញ្ញាតគយនាំចូល ដើម្បីនាំចូលឧបករណ៍ សម្ភារ គ្រឿងចក្រ យានយន្ត និង ផលិតផលតេលសិលាដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងសម្រាប់ អនុវត្តគម្រោង ឬ បម្រើក្នុងការិយាល័យរបស់ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ ភ្នាក់ងារអនុវត្តគម្រោង (រួមមាន ក្រសួងនិងស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា និង/ឬ ស្ថាប័នផ្តល់ហិរញ្ញប្បទានឥតសំណងនៃដៃគូ អភិវឌ្ឍន៍ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល) អ្នកអនុវត្តគម្រោង​ ត្រូវស្នើសុំការអនុញ្ញាតឲ្យ នាំចូលដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍ (ក.អ.ក/គ.ជ.នា)។

បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យនាំចូលទំនិញដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ​ ពី​ក.អ.ក/គ.ជ.នា អ្នកនាំចូលខាងលើ​ ត្រូវស្នើសុំលិខិតអនុញ្ញាតគយនៅ អគរ (នាយកដ្ឋានរបបគយ​)​ ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់នានា​រួមមាន៖

  1. លិខិតអនុញ្ញាតឲ្យនាំចូលទំនិញ​ដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ​ពី​ក.អ.ក/គ.ជ.នា
  2. លិខិតស្នើសុំការអនុញ្ញាតឲ្យនាំចូលដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ​ពី​ក.អ.ក/គ.ជ.នា
  3. វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន​ លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត​ក្នុងករណីចាំបាច់​។
  • ការនាំចូលទំនិញ​ក្រោមក្របខ័ណ្ឌឥណទាន និងជំនួយមនុស្សធម៌

មុនការស្នើសុំលិខិតអនុញ្ញាតគយនាំចូល ដើម្បីនាំចូលឧបករណ៍ សម្ភារ ដោយពន្ធនិងអាករជាបន្ទុក របស់រដ្ឋក្នុងក្របខ័ណ្ឌ​ឥណទាន ឬ ជំនួយមនុស្សធម៌ ភ្នាក់ងារអនុវត្តគម្រោង ឬ សាមីស្ថាប័នទទួលជំនួយ ត្រូវបំពេញទម្រង់បែបបទស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេច។

បន្ទាប់ពីទទួលបានការអនុញ្ញាត ​ពី​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ភ្នាក់ងារ​អនុវត្តគម្រោង ឬ សាមីស្ថាប័ន​ទទួលជំនួយ​​ខាងលើ​ ត្រូវស្នើសុំលិខិតអនុញ្ញាតគយនៅអគរ (នាយកដ្ឋានរបប​គយ​)​ ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់នានា​រួមមាន៖

  1. លិខិតអនុញ្ញាតឲ្យនាំចូលទំនិញ​ដោយពន្ធនិងអាករជាបន្ទុក របស់រដ្ឋ​ពី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ឬ លិខិតស្នើសុំ​ការអនុញ្ញាតឲ្យនាំចូលដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ​ ដែលមាន​ចំណារ ឯកភាព ពីឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  2. ឯកសារត្រូវភ្ជាប់ជាមួយរួមមាន វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ និង ឯកសារដឹកជញ្ជូន​ លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត​ក្នុងករណីចាំបាច់​។

ង.ការនាំចូលទំនិញ សម្រាប់បេសកកម្មការទូត ឬ បេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀត

  • អង្គការនានា ឬ បុគ្គល​ដែលមានបំណងស្នើសុំការលើកលែងពន្ធ និងអាករលើទំនិញនាំចូល សម្រាប់បេសកកម្មការទូត ឬបេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាល​ផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារ ជាផ្លូវការ និងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិកផ្លូវការនៃបេសកកម្ម និងអង្គការ ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  • តាមសំណើខាងលើ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដាក់សំណើសុំនាំចូល​ទំនិញដោយពន្ធអាករជាបន្ទុករដ្ឋ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពីនិត្យនិងសម្រេច (អគរ នឹងពិនិត្យ សម្រេចលើលិខិតស្នើសុំនេះ ក្នុងនាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមលិខិតប្រគល់សិទ្ធិលេខ០០៥ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)
  • បន្ទាប់ពីទទួលបានការឯកភាពពីថ្នាក់ដឹកនាំអគរ អ្នកស្នើសុំ ត្រូវស្នើសុំលិខិតអនុញ្ញាតគយ នៅអគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយ នូវវិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ ឯកសារដឹកជញ្ញូន លិខិតផ្ទេរសិទ្ធិសម្រាប់បុគ្គលតំណាង និងឯកសារពាក់ព័ន្ធ​ផ្សេងទៀតក្នុងករណីចាំបាច់។

ច.ការនាំចូលទំនិញ ដែលជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផ្សេងទៀតលើកលែងយានយន្ត ក្នុងករណីផ្លាស់ទីលំនៅស្ថាន

  • អ្នកស្នើសុំ ត្រូវដាក់លិខិតស្នើសុំនាំចូលទំនិញដោយពន្ធអាករជាបន្ទុករដ្ឋ ទៅជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
  • អគរ នឹងពិនិត្យ សម្រេចលើលិខិតស្នើសុំនេះ ក្នុងនាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមលិខិត​ប្រគល់សិទ្ធិលេខ០០៥ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បន្ទាប់ពីទទួលបានការឯកភាពពីថ្នាក់ដឹកនាំអគរ អ្នកស្នើសុំត្រូវស្នើសុំលិខិតអនុញ្ញាតគយនៅ​​ អគរ (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយរួមមាន វិក្កយបត្រ​ទំនិញ បញ្ជីវេចខ្ចប់​និង ឯកសារដឹកជញ្ជូន​ លិខិតប្រគល់សិទ្ធិសម្រាប់អ្នកតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត​​ក្នុងករណីចាំបាច់​។