វិធានបញ្ជាក់ជាមុន (Advance Ruling) ត្រូវបានបង្កើតនិងដាក់អោយអនុវត្តនៅកម្ពុជានាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីធានាថា ប្រតិវេទន៍គយត្រូវបានប្រកាសត្រឹមត្រូវស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយជាធរមាន។

និយមន័យ

វិធានបញ្ជាក់ជាមុន គឺជាសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរដែលចេញដោយ អគរ  ស្តីពី (ក) ចំណាត់ ថ្នាក់ទំនិញតាមតារាងពន្ធគយ (ខ)ការបកស្រាយនិងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់ តម្លៃគិតពន្ធគយនៃទំនិញ ឬ (គ) ដើមកំណើតទំនិញ ដែលនឹងត្រូវនាំចូល ឲ្យទៅបុគ្គលណាមួយនៅពេល មានការស្នើសុំ។ វិធានបញ្ជាក់ជាមុន នឹងមានលក្ខណៈគតិយុត្តិ​​ចំ​​ពោះ​អាជ្ញាធរគយ ចាប់ពីថ្ងៃវិធាននេះចូល ជាធរមាន។

បុគ្គលដែលមានសិទ្ធិស្នើសុំវិធានបញ្ជាក់ជាមុន (អ្នកស្នើសុំ)

  • អ្នក​​នាំចូល
  • អ្នក​ផលិត​ទំនិញ​
  • ឬ ​បុគ្គល​ដែល​បាន​ទទួល​សិទ្ធិ​​ក្នុង​ការ​​​នាំចូល​ទំនិញ​​​ដែល​​ជា​កម្ម​វត្ថុ​​​នៃ​ការ​ស្នើសុំ​។

ការិយាល័យទទួលបន្ទុកវិធានបញ្ជាក់ជាមុន

ការិយាល័យចំនួនពីរទទួលបន្ទុកវិធានបញ្ជាក់ជាមុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ (ផបក) នៃអគរ៖

  • ការិយាល័យផែនការនិងគោលនយោបាយ​សម្រាប់ការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ និងដើមកំណើតទំនិញ
  • ការិយាល័យបច្ចេកទេសគយ សម្រាប់ការកំណត់តម្លៃគិតពន្ធគយ។

នីតិវិធីក្នុងការស្នើសុំវិធានបញ្ជាក់ជាមុន

ក្នុងការស្នើសុំវិធានបញ្ជាក់ជាមុន អ្នកស្នើសុំត្រូវយល់ដឹងពីខ្លឹមសារនានានៃការស្នើសុំ និងបំពេញរាល់ ព័ត៌មានទាំងអស់នៃពាក្យស្នើសុំ ជាភាសាខ្មែរ ឬ អង់គ្លេស ព្រមទាំងចុះហត្ថលេខាបញ្ជាក់ផងដែរ។ ទម្រង់នៃពាក្យស្នើសុំវិធានបញ្ជាក់ជាមុន រួមមាន៖

  • AR-TC Form 1 សម្រាប់ការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ
  • AR-CV Form 1 សម្រាប់ការកំណត់តម្លៃគិតពន្ធគយ
  • AR-OG Form 1 សម្រាប់ការកំណត់ដើមកំណើតទំនិញ។

ពាក្យស្នើសុំវិធានបញ្ជាក់ជាមុនមួយច្បាប់ ប្រើបានសម្រាប់តែទំនិញតែមួយ ឬ សម្រាប់​តែ​​​កិច្ច​ចម្លង​​ការ​​​នាំចូល​មួយ​ប៉ុណ្ណោះ។ អ្នកស្នើសុំត្រូវបញ្ជូនពាក្យស្នើសុំ និងឯកសារចាំបាច់នានា ដោយ​ផ្ទាល់ទៅកាន់ ការិយាល័យ​ទទួលបន្ទុក។ ក្នុងករណីដែលអ្នកស្នើសុំជាបុគ្គលដែលបានទទួលសិទ្ធិត្រូវដាក់ភ្ជាប់លិខិត ផ្ទេរសិទ្ធិមកជា​មួយ​ពាក្យស្នើសុំ។

ឯកសារ​ចាំបាច់​នានា​សម្រាប់ភ្ជា​ប់ជាមួយពាក្យ​ស្នើ​សុំ៖

  • ឯកសារច្បាប់ចម្លង និងមានការបោះត្រាទទួលស្គាល់ពីក្រុមហ៊ុនស្នើសុំដែលបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុននិងអ្នកស្នើសុំ មានជាអាទិ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ប័ណ្ណប៉ាតង់ លិខិតផ្ទេរសិទ្ធិ អត្តសញ្ញាណប័ណ្ណឬ លិខិតឆ្លងដែន
  • ទំនិញគំរូ ឬ ឯកសារគាំទ្រដើម្បីពិព័ណ៌នាជាក់លាក់ពីលក្ខណៈរបស់ទំនិញដែលត្រូវស្នើសុំ មានដូចជា កាតាឡុក វិធីផលិត វិធីប្រើ បញ្ជីធាតុផ្សំ ដំណើរការផលិតកម្ម
  • ឯកសារបញ្ជាក់ការទិញលក់ និងកិច្ចចម្លងការពាក់ព័ន្ធការនាំចូល មានដូចជា លិខិតបញ្ជាទិញ កិច្ចសន្យា វិក្កយបត្រ ប័ណ្ណឥណទាននៃការទិញលក់ទំនិញជាកម្មវត្ថុនៃការស្នើសុំ។

ដំណើរការពាក្យស្នើសុំវិធានបញ្ជាក់ជាមុន

ក្រោយពីទទួលបានព័ត៌មានចាំបាច់គ្រប់គ្រាន់​ អគរ នឹងផ្តល់ជូនអ្នកស្នើសុំនូវសេចក្តីសម្រេចស្តីពីវិធាន បញ្ជាក់ជាមុនជាលាយលក្ខណ៍អក្សរ ព្រមទាំងផ្តល់ការពន្យល់ពីមូលហេតុ ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃធ្វើការសម្រាប់វិធានបញ្ជាក់ជាមុនលើការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ និងដើមកំណើតទំនិញ និង ក្នុងរយៈពេលកៅសិប (៩០)ថ្ងៃធ្វើការ សម្រាប់វិធានបញ្ជាក់ជាមុនលើតម្លៃគិតពន្ធគយ។ ប្រសិនបើ ព័ត៌មានចំាបាច់នានាមិនត្រូវបានផ្តល់គ្រប់គ្រាន់ជាមួយពាក្យស្នើសុំ អគរ នឹងចេញប្រវេសន៍​ស្នើឲ្យផ្តល់ ព័ត៌មានបន្ថែម ហើយរយៈពេលកំណត់ដើម្បីចេញសេចក្តីសម្រេចនេះ មិនរាប់បញ្ចូលរយៈពេលរង់ចាំ ព័ត៌មានបន្ថែមទេ។ ក្នុងន័យនេះ អ្នកស្នើសុំមាន រយៈពេលសាមសិប (៣០)ថ្ងៃធ្វើការ (ឬអាចវែងជាងនេះ ប្រសិនបើមានចែងក្នុងប្រវេសន៍) គិតពីថ្ងៃចេញប្រវេសន៍ ដើម្បីផ្តល់ព័ត៌មានបន្ថែម ឬ បំពេញកាតព្វកិច្ច ផ្សេងទៀតតាមការតម្រូវ។ ប្រសិនបើមិនមានការឆ្លើយតបនឹងប្រវេសន៍ក្នុងរយៈពេលនេះ ការពិនិត្យពាក្យ ស្នើសុំវិធានបញ្ជាក់ជាមុននឹងត្រូវបញ្ឈប់ ហើយចាត់ទុកថាពាក្យស្នើសុំនេះត្រូវបានដកហូត។

កត្តាមួយចំនួនដែលវិធានបញ្ជាក់ជាមុនមិនអាចផ្តល់ជូនចំពោះករណីដូចខាងក្រោម៖

  • នៅពេលដែលកម្មវត្ថុនៃការស្នើសុំមិនមានលក្ខណៈជាក់ស្តែងឬ ជាការឧបមា
  • នៅពេលដែលអ្នកស្នើសុំមិនបានផ្តល់ព័ត៌មាន ឬឯកសារគ្រប់គ្រាន់ ដើម្បីឲ្យអគរ អាចធ្វើសេចក្តី សម្រេចតាមការស្នើសុំ ចំពោះទំនិញជាកម្មវត្ថុនៃការស្នើសុំបាន
  • នៅពេលទំនិញដែលជាកម្មវត្ថុនៃការស្នើសុំ ស្ថិតក្នុងការបដិសេធ ឬ ដំណើរការឧទ្ធរណ៍ ដូចមានចែងក្នុងមាត្រា២៤ នៃច្បាប់ស្តីពីគយ
  • នៅ​ពេល​ដែលមានករណី​វិវាទកំពុងតែកើត​ឡើង ឬ បម្រុង​នឹង​កើត​ឡើង​រវាងភាគី​នានា​​ដែល​មាន​ការ ពាក់ព័ន្ធ​នឹងចំណាត់ថ្នាក់​ទំនិញ​តាម​តារាង​ពន្ធគយ កិច្ចចម្លងការនាំចូល និង​ដើមកំណើតទំនិញដែល​ជា​កម្មវត្ថុ​នៃ​ការ​ស្នើ​សុំ
  • នៅពេលដែលទំនិញជាកម្មវត្ថុនៃការស្នើសុំ ស្ថិតក្នុងដំណើរការត្រួតពិនិត្យលើឯកសាររដ្ឋបាល តែមួយ
  • ឬនៅពេលដែលការស្នើសុំវិធានបញ្ជាក់ជាមុនពាក់ព័ន្ធនឹងការនាំចូលដែលបានកើតឡើងរួចហើយ
  • ក្នុងករណី​​ដែលទំនិញ​នៃកិច្ចចម្លងការ​​​នាំចូលជា​​កម្ម​វត្ថុនៃ​​​ការលើក​លែង​​ពន្ធ​​ ឬ ​អាករ​ទាំង​​​ស្រុង
  • ក្នុងករណី​​ដែលទំនិញ​នៃកិច្ចចម្លងការ​​​ជា​​កម្ម​វត្ថុនៃ​​​ការស្នើ​សុំ ឬ​កិច្ច​ចម្លង​ការ​ប្រហាក់​​ប្រហែល​គ្នា ស្ថិត​ក្នុង​ដំណើរការ​សវនកម្ម​ក្រោយ​ពេលបញ្ចេញ​ទំនិញ​ពី​គយ  ដូច​មាន​ចែង​​ក្នុងមាត្រា​៥៧ នៃច្បាប់ស្តីពីគយ
  • ក្នុងករណីដែលការស្នើសុំ តម្រូវ​ឲ្យ​មាន​ការបកស្រាយបញ្ញត្តិនៃច្បាប់​និង/ឬ​បទប្បញ្ញតិ្ត​​ណាផ្សេ​ង ក្រៅពី​ច្បាប់​និង​បទប្បញ្ញតិ្តដែលពាក់​ព័ន្ធនឹងការកំណ​ត់​តម្លៃ​គិតពន្ធគយ
  • ក្នុងករណីដែលកិច្ចចម្លងការនាំចូល​ជា​កម្ម​វត្ថុ​នៃ​ការ​ស្នើ​សុំ ជាប្រតិ្តបត្តិការល្មើស​នឹង​ច្បាប់​​ ឬបទប្បញ្ញតិ្ត​ជា​ធរមាន
  • ក្នុងករណីដែលកិច្ចចម្លងការនាំចូល​ជា​កម្ម​វត្ថុ​នៃ​ការ​ស្នើ​សុំ​មាន​លក្ខណៈ​មិន​សម​ហេតុ​​​ផល ដែល​អាច​ចាត់ទុកជា​ការអនុវត្តធុរកិច្ច​​ធម្មតា​ (ឧទាហរណ៍​៖ កិច្ច​ចម្លង​ការ​នាំ​ចូល​មួយ​ដែលតម្លៃទំនិញ​ទាបជាងថ្លៃផលិតកម្ម)
  • ក្នុងករណីដែលការសើ្នសុំវិធាន​បញ្ជាក់​ជាមុន​ គ្រប​ដណ្តប់​តែ​មួយ​ផ្នែក​នៃ​កិច្ច​ចម្លង​ការ​​នាំ​ចូល​ជា​កម្មវត្ថុ​នៃ​ការ​ស្នើ​សុំនោះ
  • ក្នុងករណីដែលស្ថានភាពជាក់ស្តែងនៃកិច្ចចម្លងការនាំចូល ត្រូវ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​តាម​រយៈ​​​ការ​ធ្វើសវនកម្ម និងការសាកសួរ​ចំពោះភាគីពាក់ព័ន្ធផ្សេងទៀត។

សុពលភាពរបស់វិធានបញ្ជាក់ជាមុន

វិធាន​បញ្ជាក់​​​​​ជា​មុន មាន​សុពលភាព​​រយៈ​ពេល​បី (៣)ឆ្នាំ​គិត​ពី​​ថ្ងៃ​​ចេញ​សេចក្តី​សម្រេច។ ប៉ុន្តែ វិធាន​នេះ​នឹងអស់​សុពល​ភាព​​មុន​ពេល​កំណត់ ក្នុងករណី ដែលកត្តានានាពាក់ព័ន្ធនឹងទំនិញនាំចូលជាក់ស្តែង មានលក្ខណៈខុសគ្នានឹងអ្វីដែលបានបង្ហាញនៅក្នុងពាក្យស្នើសុំវិធានបញ្ជាក់ជាមុន ឬ ក្នុងករណីមានការ​ធ្វើវិសោធនកម្ម​ច្បាប់ឬ ​បទ​ប្បញ្ញត្តិ​​​ជាធរមានដែលប៉ះពាល់ដល់វិធានបញ្ជាក់ជាមុន  ឬ ក្នុង​ករណីដែល​​អគ្គនាយកដ្ឋាន​គយ​និង​​រដ្ឋាករ​​​កម្ពុជា​​ផ្តល់សេចក្តី​សម្រេច​លើ​ការកែតម្រូវ ឬ ការដកហូត​វិធាន​បញ្ជាក់ជាមុន​ ឬ ក្នុងករណី​ដែល​វិធា​ន​នេះ ​​ត្រូវ​បាន​កែ​តម្រូវ​​​បន្ទាប់​ពី​មាន​ការពិនិត្យ​ឡើង​វិញ​​។

ដើម្បី​ទទួល​បាន​នូវផលប្រយោជន៍​​​ពី​វិធាន​បញ្ជាក់​​ជាមុន​នាពេល​នាំចូល​ ច្បាប់​ចម្លង​នៃ​សេចក្តី​​​សម្រេច​ស្តី​ពី​វិធាន​បញ្ជាក់​​​​ជាមុន​​ត្រូវ​ដាក់​ភ្ជាប់​ជាមួយ​នឹងឯកសារ​រដ្ឋបាល​តែ​មួយ (SAD) ក្នុង​​​​ពេល​បំពេញ​បែបបទ​គយ។

ការពិនិត្យឡើងវិញនូវវិធានបញ្ជាក់ជាមុន

ដើម្បី​ជំទាស់​នឹង​វិធាន​​បញ្ជាក់​​ជាមុន អគរ​ តម្រូវឲ្យអ្ន​ក​ស្នើ​សុំ​ ដាក់​ពាក្យ​ស្នើ​សុំ​​​ពិនិត្យ​ឡើង​វិញ​​នូវវិធាន បញ្ជាក់ជាមុន​ ដោយផ្ទាល់ នៅការិយាល័យទទួលបន្ទុក ក្នុងអំឡុងពេល៤៥ថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទនៃការចេញសេចក្តីសម្រេចវិធានបញ្ជាក់ជាមុន។ ទម្រង់នៃពាក្យស្នើសុំពិនិត្យឡើងវិញ រួមមាន៖

  • AR-TC Form 4 សម្រាប់វិធានបញ្ជាក់ជាមុនលើការចាត់ថ្នាក់ទំនិញ
  • AR-CV Form 4 សម្រាប់វិធានបញ្ជាក់ជាមុនលើតម្លៃគិតពន្ធគយ
  • AR-OG Form 4 សម្រាប់វិធានបញ្ជាក់ជាមុនលើដើមកំណើតទំនិញ

អ្នកស្នើសុំត្រូវបំពេញនូវរាល់ព័ត៌មាននៃពាក្យស្នើសុំ ជាភាសាខ្មែរឬ អង់គ្លេស រួចចុះហត្ថលេខាបញ្ជាក់ និងភ្ជាប់ច្បាប់ចម្លងនៃវិធានបញ្ជាក់ជាមុនដែលជាកម្មវត្ថុនៃការជំទាស់ ព្រមទាំងផ្តល់ហេតុផលជាលាយ​លក្ខណ៍​អក្សរ ដើម្បីគាំទ្រដល់ការជំទាស់នេះ។

ពាក្យស្នើសុំនឹងឆ្លងកាត់ដំណើរការនៃការពិនិត្យទៅតាមនីតិវិធីដូចមានចែងក្នុងកថាខណ្ឌទី១ នៃចំនុចដំណើរការពាក្យស្នើសុំវិធានបញ្ជាក់ជាមុន។ ក្រោយពីការពិនិត្យវាយតម្លៃ ការិយាល័យ​ទទួលបន្ទុកនឹងចេញនូវសេចក្តីសម្រេចលើសំណើនេះ ហើយដែលសេចក្តីសម្រេចនេះអាចប្រើជំនួសវិធាន បញ្ជាក់ជាមុនដែលជាកម្មវត្ថុនៃការជំទាស់នោះបាន។

ការផ្សព្វផ្សាយវិធានបញ្ជាក់ជាមុន

ក្នុង​គោល​បំណង​បង្កើន​តម្លាភាព​ វិធាន​​បញ្ជាក់​​ជាមុន​អាច​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​​​មធ្យោបាយ​​​មួយ​ចំនួន ដូចជា​តាម​ប្រព័ន្ធអ៊ីនធឺណេតជា​ដើម ​​ (គេហ៍ទំព័រ customs.gov.kh / advance_ruling _decisions) ជា​មួយ​នឹងព័ត៌មានមួយចំនួនដែលមិនពាក់ព័ន្ធផ្ទាល់នឹងអត្តសញ្ញាណរបស់អ្នកស្នើសុំ។ អ្នក​​ស្នើសុំត្រូវ​ជូន​ដំណឹង​ដល់​​ អគរ ​អំពី​ព័ត៌មាន​សម្ងាត់​ដែល​មាន​នៅ​ក្នុង​ពាក្យ​​ស្នើ​សុំ​​វិធាន​បញ្ជាក់​​​ជាមុន  ឬ ​នៅ​ក្នុងពាក្យ​ស្នើ​សុំ​​​ពិនិត្យ​​ឡើង​វិញ​លើ​វិធានបញ្ជាក់​​​ជា​មុន​​ ដើម្បី​​​ធានា​​ថាព័ត៌មានទាំង​នេះ​​​នឹង​មិន​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។