នាព្រឹកថ្ងៃចន្ទ ០៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០  នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាន់ទី១៨ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Yasuhisa Ojima អ្នកតំណាងរបស់ IMF ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត Nagy Janos អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ និងជាប្រធានក្រុមអ្នកជំនាញការ IMF អមដោយអ្នកជំនាញការជាសហការី បានធ្វើបទបង្ហាញសង្ខេបស្តីពីលទ្ធផលបេសកកម្មរបស់គណៈប្រតិភូIMF ចាប់តាំងពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងផ្តល់ជូននូវសេចក្តីព្រាងរបាយការណ៍ដើម្បីឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផ្តល់ធាតុចូល និងកែសម្រួលបន្ថែមជាយថាហេតុ។

អនុលោមតាមគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសឯកសារ យុទ្ធសាស្រ្តកំណែទម្រង់និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ អ្នកជំនាញការIMFបានរៀបចំសេចក្តីព្រាង របាយការណ៍ដែលផ្តោតលើចំណុចសំខាន់មួយចំនួនដូចជា ១)ការអនុវត្តយុទ្ធសាស្រ្តគយស្តីពី​អនុលោមភាព និងការអនុវត្តច្បាប់ឆ្នាំ ២០២០-២០២៣ ដែលអគរបានកសាង និងកំពុងដាក់ឱ្យអនុវត្ត ២)ការអភិវឌ្ឍយុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មាន ៣)ការពង្រឹងបន្ថែមទៀតលើយុទ្ធសាស្រ្តគ្រប់គ្រង និង​កសាងសមត្ថភាពមន្រ្តីគយនិង រដ្ឋាករ និង៤)​កំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធស្ថាប័ន។​ល។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការផ្តល់ជំនួយបច្ចេកទេសជូនអគរ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា ចាប់​តាំងពីឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនេះ ឯកឧត្តមបានធ្វើការឆ្លើយតបដោយផ្តល់ធាតុចូលតាមចំណុចពាក់ព័ន្ធនីមួយៗ ដើម្បីឱ្យសេចក្តីព្រាងរបាយការណ៍អមដោយអនុសាសន៍របស់ក្រុមអ្នកជំនាញការ IMF ឆ្លុះបញ្ចាំងកាន់តែសមស្របទៅនឹងសភាពការជាក់ស្តែងរបស់កម្ពុជា។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងក្រុមអ្នកជំនាញការ IMF បានឯកភាពគ្នាទុករយៈពេល២សប្តាហ៍ ដើម្បីឱ្យមន្រ្តីគយនិងរដ្ឋាករពាក់ព័ន្ធអាចផ្តល់ ធាតុចូលបន្ថែមទៀតតាមរយៈសារអេឡិចត្រូនិកតាមការចាំបាច់ ដើម្បីប្រមូលផ្តុំធាតុចូលចុងក្រោយ មុននឹងផ្សព្វផ្សាយរបាយការណ៍នេះជាផ្លូវការ។

photo_2020-02-18_14-17-21 DSC03121 DSC03117 DSC03115 DSC03114 DSC03112

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត