នារសៀលថ្ងៃព្រហស្បតិ៍ ០៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (អពប) រៀបចំបាឋកថាស្តីពី “ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ” ក្រោមអធិបតីភាព ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំង​អំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់​ថ្នាក់នៃ អគរ។

ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពការងារអភិបាលកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តដោយជោគ​ជ័យ​នូវកម្មវិធីកំណែទម្រង់និងទំនើបកម្មរដ្ឋបាលគយនាពេលកន្លងមក ជាពិសេសការស្តែងឡើងនូវលទ្ធផលគួរឱ្យកត់សម្គាល់​ក្នុងរយៈពេល៥ឆ្នាំចុងក្រោយតាមរយៈកំណើននៃការប្រមូលចំណូលជាមធ្យមប្រមាណ១៩.៥% ក្នុង១ឆ្នាំ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៩ អគរ ប្រមូលពន្ធនិងអាករបានលើសផែនការប្រមាណជាង ៤២% ហើយបើប្រៀបធៀបនឹងឆ្នាំ២០១៤ ចំណូលពន្ធអាករដែល អគរ សម្រេចបានក្នុងឆ្នាំ២០១៩ នេះ បានកើនឡើងជាង២ដង ពី ៥.៣ទ្រីលានរៀល ដល់ ១៣ទ្រីលានរៀល ឬពីប្រមាណ ១,៣១៨.៨លានដុល្លារអាមេរិក ដល់ ៣,២១៥.២លានដុល្លារអាមេរិក។

ក្នុងបាឋកថានេះ ឯកឧត្តម ឃាង សេង បានលើកឡើងពីគោលបំណងគន្លឹះនៃច្បាប់ស្តីពីការប្រឆាំង​អំពើពុករលួយ ដើម្បីបង្ការនិងទប់ស្កាត់បុគ្គលគ្រប់រូបមិនឱ្យប្រព្រឹត្តអំពើពុករលួយតាមរយៈបាវចនា ៣ចំណុចគឺ “មិនចង់ មិនអាច និងមិនហ៊ាន ប្រព្រឹត្តអំពើពុករលួយ”។ បន្ទាប់មក ឯកឧត្តមក៏បានបង្ហាញផងដែរពីប្រវត្តិអង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័នប្រឆាំងអំពើពុករលួយ អំណាចស៊ើបអង្កេត ប្រភេទបទល្មើសពុករលួយ និងរបៀបនៃការដាក់ពាក្យបណ្តឹងជាដើម។ អង្គភាពប្រឆាំងអំពើពុករលួយបាននិងកំពុងអនុវត្តការងាររបស់ខ្លួនដែលគាំទ្រដោយច្បាប់ស្តីពីការប្រឆាំង​អំពើពុករលួយ ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ បទបង្ហាញនេះ បានរំលេចពីប្រភេទនៃបទល្មើសអំពើពុក​រលួយ ដែលមន្ត្រីរាជការសាធារណៈត្រូវយកចិត្តទុកដាក់គឺបទល្មើសស៊ី-សូក ដែលមានបទស៊ីសំណូក បទសូកប៉ាន់ បទវិតិក្រម បទជំនួញឥទ្ធិពលអកម្មនិងសកម្ម បទរំលោភអំណាច បទមានទ្រព្យសម្បត្តិ​ដោយខុសច្បាប់ និងបទទទួលផលបន្តពីបទល្មើសពុករលួយជាដើម។

ជារួម អង្គភាពប្រឆាំងអំពើពុករលួយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ច និង​នីតិរដ្ឋ ព្រមទាំងចូលរួមអនុវត្តនិងដើរតួនាទីជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងការអនុវត្តរបស់ស្ថាប័នសាធារណៈ និងបុគ្គល​​ពាក់ព័ន្ធ ដើម្បីកែលម្អសេវា កិច្ចប្រតិបត្តិការ និងប្រសិទ្ធភាពនៃការអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព សុច្ចរិតភាពស្របតាមច្បាប់និងបទប្បញ្ញត្តិ​ជាធរមាន។

បទបង្ហាញអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនាពេលនេះ បានបង្កើននូវចំណេះដឹងបន្ថែមទៀតដល់មន្ត្រីគយ​និងរដ្ឋាករគ្រប់ជាន់ថ្នាក់ នូវខ្លឹមសារ​នៃ​បទល្មើសពុករលួយ និងផលវិបាក​នៃការប្រព្រឹត្តបទល្មើសនេះ ហើយ​ប្រែក្លាយ​ជាកម្លាំងចលករជំរុញឱ្យមន្ត្រីគយនិងរដ្ឋាករទាំងអស់យកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ប្រកប​ដោយ​ជំនាញ​ និងក្រមសីលធម៌វិជ្ចាជីវៈ ដើម្បីពង្រឹងការកៀរគរចំណូលពន្ធអាករចូលថវិកាជាតិកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

នាឱកាសនេះដែរ អង្គភាពប្រឆំាងអំពើពុករលួយបានប្រគល់សៀវភៅច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអញ្ជើញទស្សនាមជ្ឈមណ្ឌលព័ត៌មានវិទ្យារបស់ អគរ ជាកិច្ចបញ្ចប់កម្មវិធី។

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត