នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៣:០០ រសៀល ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានទទួលជួបប្រជុំការងារជាមួយគណៈប្រតិភូជប៉ុនទទួល បន្ទុកការងារប្រព័ន្ធស្វ័យប្រវត្តិកម្មគយជប៉ុន (NACCS) ដឹកនាំដោយលោក Akira TAKAHASHI ក្នុងគោលបំណងពិនិត្យពិភាក្សាលើលទ្ធផលចុងក្រោយនៃការចុះបេសកកម្មសិក្សាអង្កេតនិងប្រមូលព័ត៌មាន ដែលបានអនុវត្តពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដើម្បីរៀបចំរបាយការណ៍ដាក់ជូនអង្គការ JICA សម្រាប់ពិនិត្យលទ្ធភាព និងពិចារណាក្នុងការផ្តល់គម្រោងជំនួយគាំទ្រការអភិវឌ្ឍន៍និងអនុវត្តប្រព័ន្ធបញ្ជរ តែមួយជាតិកម្ពុជា ។

ក្នុងជំនួបពិភាក្សានេះ តំណាងគណៈប្រតិភូជប៉ុនបានជម្រាបជូនអង្គប្រជុំថា ក្នុងកិច្ចដំណើរការនៃការចុះ បំពេញបេសកកម្មនាពេលកន្លងមក គណៈប្រតិភូជប៉ុន បានជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តីជំនាញ នៃក្រសួង/ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ន នីតិវិធីនៃការស្នើ សុំ និងការចេញអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតដើម្បីប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ។ ជាលទ្ធផលនៃការបំពេញបេសកកម្មនេះ គឺបានលើកជាអនុសាសន៍ជាមួយជម្រើសពិចារណាចំនួនពីរ សម្រាប់កិច្ចដំណើរការអភិវឌ្ឍន៍និងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ និងទី៣។ សម្រាប់ជម្រើសទី១ គឺការអភិវឌ្ឍនិងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដោយក្រុមអនុវត្តគម្រោងបញ្ជរជាតិ កម្ពុជា សហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីក្នុងស្រុក និងជម្រើសទី២ គឺការអភិវឌ្ឍន៍ប្រព័ន្ធស្វ័យប្រវត្តិ កម្មគយនិងប្រព័ន្ធបញ្ជរតែមួយជាតិជាកញ្ចប់ ដោយស្នើសុំប្រើប្រាស់គម្រោងជំនួយជប៉ុន ក៏ប៉ុន្តែកម្ពុជា ត្រូវទទួលបន្ទុករ៉ាប់រងការចំណាយក្នុងការថែរក្សានិងជួសជុលប្រព័ន្ធ។ ទន្ទឹមនេះ គណៈប្រតិភូក៏បានជម្រាប ជូន អំពីបទពិសោធន៍ និងការប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍន៍និងអនុវត្តប្រព័ន្ធ បញ្ជរតែមួយជាតិ របស់ប្រទេសវៀតណាម និងប្រទេសភូមា ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ប្រព័ន្ធ NACCS របស់ជប៉ុន។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត គុណ ញឹម បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមាន របស់គណៈប្រតិភូជប៉ុន ដែលបានមកបំពេញបេសកកម្មសិក្សាអង្កេតនិងប្រមូលព័ត៌មានស្តីពីការកសាង ប្រព័ន្ធបញ្ជរតែមួយនៅកម្ពុជា និងបានថ្លែងអំណរគុណផងដែរចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) ដែលបានឧបត្ថម្ភដល់ អគរ ក្នុងការបញ្ជូនមន្ត្រីនិងអ្នកជំនាញបច្ចេកទេស ទៅធ្វើទស្សនកិច្ច សិក្សាពីប្រព័ន្ធបញ្ជរតែមួយជាតិ នៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខនេះ។ ឯកឧត្តមបណ្ឌិត ក៏បាន ជម្រាបផងដែរថា អគរ ត្រូវការពេលវេលាក្នុងការពិនិត្យពិភាក្សាផ្ទៃក្នុងពាក់ព័ន្ធជម្រើសខាងលើ មុននឹង រៀបចំរបាយការណ៍ ដើម្បីដាក់ជូនប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ពិនិត្យនិង សម្រេច។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ការកសាងប្រព័ន្ធបញ្ជរតែមួយជាតិនៅកម្ពុជា អាចមាន លក្ខណៈខុសប្លែក ពីប្រទេសវៀតណាម និងប្រទេសភូមា ដោយហេតុថា កម្ពុជាមានប្រព័ន្ធស្វ័យប្រវត្តិកម្ម គយ (អាស៊ីគូដា)សម្រាប់កិច្ចដំណើរការការបញ្ចេញទំនិញពីគយ បានអនុវត្តតាំងពីឆ្នាំ ២០០៨ ដែលបច្ចុប្បន្នបាននិងកំពុងត្រូវបានកែលម្អនិងពង្រីកមុខងារបន្ថែមជាបន្តបន្ទាប់។ ចំពោះការបង្កើត ប្រព័ន្ធបញ្ជរតែមួយជាតិនៅកម្ពុជា គឺផ្តោតសំខាន់លើការកសាងប្រព័ន្ធស្វ័យប្រវត្តិកម្មនៅតាមក្រសួង/ស្ថាប័ន ជំនាញពាក់ព័ន្ធការស្នើសុំ និងការចេញអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតដើម្បីប្រើប្រាស់ក្នុងការបំពេញបែបបទ បញ្ចេញទំនិញពីគយ និងតភ្ជាប់មកប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (អាស៊ីគូដា)។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅម៉ោង ១៧:០០ នាថ្ងៃដដែល ក្រោមបរិយាកាសរីករាយ ប្រកបដោយកិច្ច សហប្រតិបត្តិការល្អ និងស្និទ្ធស្នាល។

FB_IMG_1493901469972 FB_IMG_1493901466383 FB_IMG_1493901463339 FB_IMG_1493901460215

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត