នាថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២០  នៅអគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា មាន​ប្រារព្ធពិធីប្រគល់-ទទួល ឧបករណ៍និងសម្ភារបរិក្ខារអនាម័យសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid19)ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី (Australian Aid) ក្រោម​​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់ ​ឯក​ឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​គយដ្ឋាន​និង​រដ្ឋាករ​កម្ពុជា និង​ ឯក​ឧត្តម Pablo Kang ឯកអគ្គរាជទូតនៃស្ថានទូតអូស្ត្រា​លីប្រចាំកម្ពុជា ​និង លោក Nick Beresford តំណាងនិវេសនដ្ឋាន UNDP ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានសាខាគយនិងរដ្ឋាករ ការិយាល័យគយនិងរដ្ឋាករពាក់ព័ន្ធ​។

គម្រោងជំនួយរបស់ UNDP បានធ្វើការសិក្សាវាយតម្លៃនៅច្រកព្រំដែនសំខាន់ៗ សាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសាខាគយនិងរដ្ឋាករប្រៃ​សណីយ៍ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការចាំបាច់ ដែលរារាំងដល់លំហូរសកម្មភាពពាណិជ្ជកម្មឆ្លងដែន ក៏ដូចជាហានិភ័យដែលប៉ះពាល់ដល់មន្រ្តីគយជួរមុខប្រចាំនៅព្រំដែន ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ គម្រោងជំនួយនេះ បានចូលរួមចំណែកដើម្បីធានានិរន្តរភាពការបើកមាត់ច្រកព្រំដែន រួមមានសកម្មភាពពាណិជ្ជកម្មឆ្លងដែន ការនាំចេញ នាំចូលទំនិញដូចប្រក្រតី និងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រោយពីបានសិក្សាវាយតម្លៃរបស់ UNDP ពីតម្រូវការឧបករណ៍ចាំបាច់សម្រាប់ប្រើប្រាស់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) រួចមក  គម្រោងនេះត្រូវបានសម្រេចផ្តល់ឧបករណ៍និងសម្ភារបរិក្ខារអនាម័យមួយចំនួន ជូន អគរ រួមមាន (១). Sprayers, (២). Fumigation (portable), (៣). Infrared Thermometers,​ (៤). Disinfection Booths, (៥). Automatic Spraying Alcohol Sanitizer Sensor Dispenser (៦). Thermal Imaging Cameras (៧). Air Condition with Air Filter (៨). Mask – KN95, (៩). Plastic Glove, (១០). Alcohol Gel និង (១១). Disinfection chemical។ ឧបករណ៍និងសម្ភារបរិក្ខារអនាម័យទាំងនេះ នឹងធ្វើការបែងចែកឱ្យទៅទីចាត់ការកណ្តាលរបស់ អគរ សាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាគយនិងរដ្ឋាករប្រៃ​សណីយ៍ ការិយាល័យគយនិងរដ្ឋាករបាវិត ការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត និងការិយាល័យគយនិងរដ្ឋាករភ្នំដិន។

ក្នុងពិធីនេះ លោក Nick Beresford តំណាងនិវេសនដ្ឋាន UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ ការបន្តបើកព្រំដែនសម្រាប់សកម្មភាពពាណិជ្ជកម្មដែលមានសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជាសកលនេះ​គឺមានសារៈសំខាន់យ៉ាងខ្លាំង”។ បន្ថែមលើកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះ​មុ​ត​​ដើម្បីឆ្លើយតបនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ការផ្តល់ឧបករណ៍ការពារខ្លួន និងសម្ភារអនាម័យ ក៏ជួយទ្រទ្រង់ដល់សមត្ថភាពក្នុងការស្តារឡើងវិញ ព្រមទាំងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងប្រទេសជិតខាង។

ទន្ទឹមនេះ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានបង្ករការរំខានដល់ពាណិជ្ជកម្មពិភពលោកយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខស្បៀង និងការទទួលបាននូវតម្រូវការផ្គត់ផ្គង់ចាំបាច់នានា។ បន្ថែមលើការផ្តល់នូវឧបករណ៍ចាំបាច់ទាំងនេះ  រដ្ឋាភិបាលអូស្ត្រាលីក៏គាំទ្រដល់ អគរ ក្នុងការពង្រឹងនិងអនុវត្តគោលការណ៍សុខភាព និងអនាម័យនៅតាមច្រកព្រំដែនផងដែរ។ ឯកឧត្តមសង្ឃឹមថា ការផ្តល់ជំនួយនេះ នឹងធានាឱ្យមានសុខសុវត្ថិភាព និងបើកទូលាយសម្រាប់ពាណិជ្ជកម្មឆ្លងដែន ដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNDP និងរដ្ឋាភិបាលអូស្ត្រាលី  ចំពោះការឧបត្ថម្ភឧបករណ៍ និងសម្ភារបរិក្ខាអនាម័យដែលមានសារៈសំខាន់ខ្លាំងនិងចំស្ថានភាព ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការផ្ទុះឡើងការចម្លងមេរោគកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងថា អគរក៏បានដាក់អនុវត្តវិធានការគន្លឹះដែលដកស្រង់ចេញពីរបាយការណ៍របស់ UNDP និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងបន្តជំរុញកិច្ចសម្រួលពាណិជ្ជកម្មឆ្លងដែនអន្តរជាតិ។

រាជធានីភ្នំពេញថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០

photo_2020-12-17_22-00-17 photo_2020-12-17_22-00-25 photo_2020-12-17_22-00-29 photo_2020-12-17_22-00-33 photo_2020-12-17_22-00-38 photo_2020-12-17_22-00-42 photo_2020-12-17_22-00-45 photo_2020-12-17_22-00-48 photo_2020-12-17_22-00-52 photo_2020-12-17_22-00-55 photo_2020-12-17_22-20-11

ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗទៀត